ភ្នំពេញៈ ​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​អចលនទ្រព្យ​នៅ​កម្ពុជា បាន​លើកឡើងថា ថ្វីដ្បិតតែ​ខេត្តក្រចេះ ជា​ខេត្ត​ដែលមាន​សក្តានុពល ​១ ​នៅ​ប្រទេស​កម្ពុជា​ក្តី ក៏​ចរន្តរ​វិនិយោគ​ផ្នែក​អចលនទ្រព្យ​នៅ​ខេត្តក្រចេះ នៅតែមាន​កម្រិត​ទាប​នៅឡើយ បើ​ធៀប​ទៅនឹង​កម្រិត​វិនិយោគ​នៃ​ខេត្ត​ដទៃទៀត​។ ទន្ទឹមគ្នានេះ អ្នកជំនាញ បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ផ្តោតលើ​ការពង្រីក​សក្តានុពល​នៃ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ចរន្ត​វិនិយោគ​មកកាន់​ខេត្ត​នេះ​ឱ្យបាន​ច្រើន​។​

បើតាម​អគ្គនាយក​ក្រុមហ៊ុន Century 21 Mekong លោក​ច្រឹ​ក សុខ​នី​ម បានបង្ហាញ​ការយល់ឃើញថា ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុ​ជានា​ប៉ុន្មាន​ចុងក្រោយ​នេះ ពិតជា​បាន​ចូលរួមចំណែក​ជួយ​សេដ្ឋកិច្ចជាតិ​។​យ៉ាងណាមិញ សម្រាប់​ខេត្តក្រចេះ លោក​មើលឃើញថា នាពេល​បច្ចុប្បន្ន​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​នេះ មិនទាន់មាន​សម្ទុះ​ខ្លាំង​ទេ ដោយសារតែ​សកម្មភាព​ជំរុញ​និង​ទាក់ទាញ​អ្នកវិនិយោគ​អចលនទ្រព្យ​ជាតិ និង​អន្តរជាតិ​នៅមានកម្រិត​នៅឡើយ​។​

លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មើលឃើញ​ការវិនិយោគ​ក្នុង​ខេត្ត​នេះ ភាគច្រើន​ផ្តោតលើ​ជា​លក្ខណៈ​ភោជនីយដ្ឋាន រមណីយដ្ឋាន និង​ក្លិប​កម្សាន្ត​ជាដើម ប៉ុន្តែ​ចំពោះ​ការវិនិយោគ​អចលនទ្រព្យ​ដោយ​ផ្តោតលើ​សំណង់​លំនៅឋាន​ដែលមាន​លក្ខណៈ​ស្តង់ដា​នៅមានកម្រិត ព្រោះ​កាលណា​បើ​ការវិនិយោគ​តែ​អចលនទ្រព្យ​ផ្ទះសំបែង​នៅ​តិច​តូច​នោះ នឹងធ្វើ​ឱ្យ​ចរន្ត​ទៅ​រស់នៅ​របស់​ប្រជាជន​ទៅកាន់​តំបន់​នេះ​មាន​តិច ហើយ​ធ្វើឱ្យ​ការអភិវឌ្ឍ​យឺតយ៉ាវ​ផងដែរ​»​។​

លោក​ថា ខេត្តក្រចេះ គឺ​ខេត្ត​១​ដែល​ភ្ជាប់​រវាង​ខេត្តកំពង់ចាម និង​ខេត្តមណ្ឌលគិរី រតនគិរី និង​ស្ទឹងត្រែង ហើយ​ខេត្ត​នេះ​ក៏​ជា​ខេត្ត​ដែលមាន​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​មាន​សក្តានុពល​ច្រើន​ផងដែរ ខណៈ​ខេត្ត​នេះ​នឹង​ត្រៀម​ស្វាគមន៍​សមិទ្ធផល​ស្ពាន និង​ផ្លូវ​សំខាន់ៗ​នាពេល​អនាគត​ថែមទៀត​។​

លោក​ច្រឹ​ក សុខ​នី​ម បន្ថែមថា ៖«​ដើម្បី​ជំរុញ​ការវិនិយោគ​មកកាន់​ខេត្ត​នេះ​ឱ្យ​កាន់តែច្រើន ទាមទារ​ឱ្យមាន​ការបោះ​ទុន​ពី​វិនិយោគិន​អន្តរជាតិ​ទៅកាន់​តំបន់​នោះ តាម​យន្តការ​ពង្រីក​សក្តានុពល​ទេសចរណ៍​ដូចជា តំបន់​ត្រី​ផ្សោត ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ឱ្យ​កាន់តែ​ល្អ ពិសេស​នៅ​តំបន់​អភិវឌ្ឍន៍ នឹង​ជះ​ឥ​ទ្ធ​ពល​ល្អ​ទៅដល់​ផ្នែក​ភោជនីយដ្ឋាន​សណ្ឋាគារ និង​វិស័យ​អចលនទ្រព្យ​ទាំងមូល​។​ហេតុនេះ ការពង្រីក​ការផ្សព្វផ្សាយ​នូវ​សក្តានុពល​ទេសចរណ៍ គឺ​គន្លឹះ​សំខាន់​មិន​ត្រឹមតែ​ជួយ​ទាក់ទាញ​វិនិយោគ​ទេ ចំណុច​នេះ​ក៏​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ផងដែរ​»​។​

កាលពីពេល​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏បាន​ណែនាំ​ជាពិសេស​ដល់​អភិបាលខេត្ត​ក្រចេះ ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​អភិរក្ស​សត្វ​ផ្សោត និង​បាន​ណែ​នាំឱ្យ​បង្កើត​តំបន់​ស្នូល​អចិន្ត្រៃយ៍ ដើម្បី​ធានា​ការពារ​សត្វ​ផ្សោត ក្នុង​បំណង​ទាក់ទាញ​អ្នកទេសចរ​មកកាន់​ខេត្ត​នេះ​ផងដែរ​។​យ៉ាងណាមិញ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ការរំពឹង​ដែរ​ថា ក្រោយ​ស្ពាន​ឆ្លងទន្លេ​មេគង្គ ខេត្តក្រចេះ និង​ផ្លូវ​ត​ភ្ជាប់​សំខាន់ៗ​ក្នុង​ខេត្តក្រចេះ បាន​សាងសង់​រួច នឹង​ទាក់ទាញ​បាន​កំណើន​វិនិយោគ​មកកាន់​ខេត្តក្រចេះ​ផងដែរ​។​

ពាក់ព័ន្ធ​នឹង​ការពង្រីក​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​នៅ​ក្នុ​ខេត្តក្រចេះ​នេះដែរ បើតាម​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​បច្ចុប្បន្ន​២០២១-២០២៥ របស់​ខេត្តក្រចេះ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៣ បានឱ្យដឹងថា ក្រសួងទេសចរណ៍ បានដាក់​ចេញ​ផែនការ​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​យ៉ាងហោចណាស់​ឱ្យបាន​ជាង​១៨​ម៉ឺន​នាក់មក​កម្សាន្ត​នៅ​ខេត្ត​នេះ ក្នុង​ឆ្នាំ​២០២៥​ខាងមុខ​។

ក្រសួង​បន្តថា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឱ្យបាន​តាម​ផែនការ​ដែល​បានកំណត់ មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ មាន​គម្រោង​ប្រែក្លាយ​ខេត្ត​ជាប់​ទន្លេមេគង្គ​មួយ​នេះ ទៅជា​ខេត្ត​គោលដៅ​ឋានសួគ៌​នៃ​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌ ព្រមទាំង​ជា​ខេត្ត​គំរូ​មាន​ភាព​ទាក់ទាញ​ជាងគេ​នៅក្នុង​តំបន់​ភូមិ​ឦសាន តាមរយៈ​ការពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍​ឱ្យ​កាន់តែ​ទាក់ទាញ មាន​បង្កើត​នូវ​ព្រឹត្តិការណ៍​ទេសចរណ៍​ប្លែក​ថ្មីៗ​បន្ថែមទៀត​។​នៅក្នុង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​២០២១-២០២៥​របស់​ខេត្ត​មាន​ចំនួន​៨ ចំណុច ដែល​នៅ​ក្នុងនោះ​រួមមាន ១.​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ២.​ការសិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍ ៣. ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្របសម្រួល​ការធ្វើដំណើ​រ​ទេសចរណ៍ ៤. សន្តិសុខ សុវត្ថិភាព​ទេសចរណ៍ និង​ការគ្រប់គ្រង​ផលប៉ះពាល់​អវិជ្ជមាន ៥. ប្រព័ន្ធ​ច្បាប់ និង​យន្តការ​គ្រប់គ្រង ៦. ការអភិវឌ្ឍ​ធនធានមនុស្ស និង​សមភាព​យេនឌ័រ ៧. ការវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ ៨. ការអភិរក្ស និង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ជាដើម​។ តាមរយៈ​ផែនការ​នេះ មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ យល់ថា ក៏​ជា​ចំណែក​សំខាន់​ជួយ​ពង្រីក​ច្រក​វិនិយោគ​ក្នុង​ខេត្ត​នេះ​៕​