The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ផ្ទៃ​កន្លែង​លក់រាយ​ជាង ២០ ​ម៉ឺន​ម៉ែត្រការ៉េ ត្រូវបាន​ដាក់ចូល​ទីផ្សារ​ក្នុង​ឆ្នាំ​ ២០២២

ផ្ទៃ​កន្លែង​លក់រាយ​ជាង ២០ ​ម៉ឺន​ម៉ែត្រការ៉េ ត្រូវបាន​ដាក់ចូល​ទីផ្សារ​ក្នុង​ឆ្នាំ​ ២០២២

Content image - Phnom Penh Post
ទិដ្ឋភាព​ហាង​លក់​ទំនិញ​ជា​ច្រើន​នៅ​ក្នុង​ផ្សារទំនើបអ៊ីអន ៣។ ហុង មិនា

ផ្ទៃ​កន្លែង​លក់រាយ​ជាង ២០ ​ម៉ឺន​ម៉ែត្រការ៉េ ត្រូវបាន​ដាក់ចូល​ទីផ្សារ​ក្នុង​ឆ្នាំ​ ២០២២

​ភ្នំពេញៈ ការគ្រប់គ្រង​ការឆ្លង​រាល​ដាល​ជំងឺ​កូ​វីដ​ ១៩ ដោយ​ប្រសិទ្ធភាព និង​ការប្រកាស​បើក​ប្រទេស​ឡើងវិញ​ឆាប់រហ័ស ​(​ចាប់ពី​ពាក់​កណ្តាលខែ​​វិច្ឆិកា ឆ្នាំ​ ២០២១) បានធ្វើឱ្យ​ចំនួន​ផ្ទៃ​​ក្រឡា​កន្លែង​លក់រាយ​ (Retail) ដែល​បានបញ្ចប់​ការសាងសង់ និង​ដាក់ចូល​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ ​២០២២ មាន​ប្រមាណ​ជាង ២០០ ០០០​ ម៉ែត្រការ៉េ កើន ១៧៩ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលជា​ពេល​ពិភពលោក​នៅ​មិនទាន់​ជួប​វិបត្តិ​នានា​ដូច​ពេលបច្ចុប្បន្ន​។ គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០២២ ក្នុង​រាជធានី​ភ្នំពេញ​កន្លែង​លក់រាយ​ (Retail) មាន​ក្រឡា​ផ្ទៃ​សរុប​ជាង ៦១៣ ០០០​ ម៉ែត្រការ៉េ​។​

​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​ហ៊ុន​អចលនទ្រព្យ CBRE Cambodia ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២ មាន​គម្រោង​វិនិយោគ​កន្លែង​លក់រាយ​ចំនួន ៩ ដែល​ស្មើ​ផ្ទៃក្រឡា​សរុប​ជាង ២០០ ០០០ ​ម៉ែត្រការ៉េ​បានបញ្ចប់​ការសាងសង់ និង​ដាក់ចូល​ទីផ្សារ​។ ចំនួន​នេះ​បើ​ធៀប​ទៅនឹង​រយៈពេល​ពេញ ១ ​ឆ្នាំ​ ២០១៩ គឺ​កើនឡើង​ប្រមាណ ១៧៩ ​ភាគរយ ដោយ​នៅពេលនោះ គឺមាន​គម្រោង​សាងសង់​បញ្ចប់​ការសាងសង់​ចំនួន ៧ ស្មើនឹង​ផ្ទៃក្រឡា​ជាង ៧៣ ០០០​ ម៉ែត្រការ៉េ​។​

​ទោះបីយ៉ាងណា ការស្រាវជ្រាវ​បាន​រកឃើញថា ដោយសារ​កំណើន​ផ្ទៃ​ក្រ​ឡា​លក់រាយ​បាន​ហក់​ឡើង​ខ្ពស់​កាល​​ពី​ឆ្នាំ​ ២០២២ ស្របពេល​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​នៅ​មិនទាន់​ល្អ​ប្រសើរ​បានធ្វើឱ្យ​អត្រា​ប្រើប្រាស់​ធ្លាក់​ចុះមក​នៅត្រឹម ៧០​ ភាគរយ​ប៉ុណ្ណោះ​ បើ​ធៀប​នឹង​ឆ្នាំ ​២០១៩ ដែលមាន​រហូតដល់ ៨៩​ ភាគរយ​។​

​ការស្រាវជ្រាវ​របស់ CBRE Cambodia បាន​រកឃើញ​ទៀតថា ក្នុង​ឆ្នាំ ២០២២ កន្លែង​ជួល​លក់រាយ​ប្រភេទ Prime Shopping Mall មានតម្លៃ​ជួល​ជា​មធ្យម ២៦​ ដុល្លារ​ក្នុង​ ១​ ម៉ែត្រ​​ការ៉េ​សម្រាប់​រយៈពេល ១ ​ខែ ដែល​តម្លៃ​នេះ​បើ​ធៀប​នឹង​ឆ្នាំ ​២០១៩ គឺ​ធ្លាក់ចុះ ២០ ភាគរយ​, ប្រភេទ Community Mall មានតម្លៃ ២០​ ដុល្លារ ធ្លាក់ចុះ ១៤​ ភាគរយ​, ប្រភេទ Prime Retail Podium តម្លៃ ២០​ ដុល្លារ ធ្លាក់ចុះ ៣២​ ភាគរយ​, និង​ប្រភេទ Prime High Street (​ហាង​ទំនិញ​តាម​ផ្លូវធំៗ​) មានតម្លៃ​ជួល​ជា​មធ្យម ២៣​ដុល្លារ ធ្លាក់ចុះ ១៥​ភាគរយ​។​

​អ្នកនាង ជិន ច័ន្ទ​ដា​លុ​ច្ស ប្រធាន​​ផ្នែក​វាយតម្លៃ​របស់​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ​១៧ ខែមករា ថា ការដាក់​ដំណើរការ​ទីតាំង​លក់រាយ​យ៉ាងច្រើន​ក្នុង​ឆ្នាំ​ ២០២២ គឺ​ដោយសារតែ​ស្ថាន​​ភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​។ ភាគច្រើន​នៃ​គម្រោង​ដែល​បើក​ដំណើរការ​ក្នុង​ឆ្នាំ​ ២០២២ គឺជា​គម្រោង​ដែល​បាន​ពន្យារ​​ពេល​តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ២០១០ រហូតដល់​ចុងឆ្នាំ​ ២០២១​។​

​អ្នកនាង​បន្ថែមថា សម្រាប់​គម្រោង​ធំៗ​ដែល​បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ​ ២០២២ រួមមាន Aeon 3 និង Chipmong Mega maill 271 ក្រៅពីនោះ​គឺមាន​លក្ខណៈ​ជា Community Mall តូចៗ​ជាច្រើន​។​

​អ្នកនាង ច័ន្ទ​ដា​លុ​ច្ស បាន​បញ្ជាក់ថា​៖ «​កំណើន​នេះ​មិនមែន​មានន័យថា គ្រប់​ដំណើរការ​របស់​ទីតាំង​លក់រាយ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​ ២០២២ មាន​ភាពល្អប្រសើរ​ជាង​នៅ​មុនពេល​ពិភពលោក​ជួប​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ នា​ឆ្នាំ ​២០១៩ នោះទេ​»​។​

​បើ​យោងតាម អ្នកនាង ច័ន្ទ​ដា​លុ​ច្ស​សម្រាប់​ស្ថានភាព​ទីផ្សារ​តម្លៃ​ជួល និង​ដំណើរការ​ហាង​លក់ទំនិញ​ក្នុង​ឆ្នាំ​ ២០២៣ នេះ​គឺអាច​នៅ​ទ្រឹង ឬ​ធ្លាក់ចុះ​តិចតួច​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ព្រោះ​បរិមាណ​ផ្ទៃ​កន្លែង​ជួល​លក់រាយ​នៅមាន​ច្រើន​រួចទៅហើយ ខណៈ​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​ធំៗ និង​អត្រា​អតិផរណា​កើនឡើង ក៏​នឹង​ជះឥទ្ធិពល​ដល់​ផែនការ​ពង្រីក ឬ​បើក​អាជីវកម្ម​ថ្មី​បន្ថែម​ដែរ​។​

​លោក សំ សុខ​នឿន ប្រធាន​សមា​គម​អចលនទ្រព្យ​សកល បាន​និយាយថា ការកើនឡើង​ផ្ទៃក្រឡា​ទីតាំង​លក់​រាយ​ក្នុង​ឆ្នាំ​ ២០២២ គឺ​ដោយសារតែ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ធំៗ​តែង​តែ​សង់​កន្លែង​លក់ទំនិញ​ភ្ជាប់​ជាមួយ​ដើម្បី​ដើរ​ស្របតាម​និន្នាការ​នៃ​កំណើនសេដ្ឋកិច្ច និង​បរិបទ​នៃ​ការរស់នៅ​ថ្មី​ដែល​ចង់​មាន​កន្លែង​លក់ទំនិញ កន្លែង​ញ៉ាំអាហារ និង​កន្លែង​កម្សាន្ត​នៅ​ជិត​។ នៅ​ឆ្នាំ ២០២៣ នេះ​ឥរិយាបថ​របស់​ប្រជាជន​ខ្មែរ​ចំពោះ Retail នឹង​កាន់​​តែ​ពេញនិយម​បន្ថែមទៀត​។​

​លោក​ប្រាប់ថា​៖ «​ខ្ញុំ​មានជំនឿថា ដោយសារ​កំណើនសេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ល្អ និង​កំណើនប្រជាជន​នៅ​ភ្នំពេញ​កាន់តែច្រើន ដូច្នេះ​តម្រូវការ​ការប្រើប្រាស់ Retail នឹងមាន​ដំណើរ​​ការ​កាន់តែ​ល្អ​»​។​

CBRE Cambodia បាន​ព្យាករ​ថា ក្នុង​ឆ្នាំ​ ២០២៣ នេះ​ផ្ទៃក្រឡា​កន្លែង​លក់រាយ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ដាក់ចូល​ទីផ្សារ​នឹងមាន​ប្រហែល ១២០ ០០០​ ម៉ែត្រការ៉េ ដែល​នឹង​ធ្វើឱ្យ​ផ្ទៃ​ក្រឡា​កន្លែង​ជួល​លក់រាយ​កើន​ដល់ ៧៣៣ ០០០​ ម៉ែត្រការ៉េ​៕

អត្ថបទគួរចាប់អារម្មណ៍