ភ្នំពេញៈ កម្ពុជាបានបញ្ចេញប្រាក់ជិត ៣៦០ លានដុល្លារ ទៅលើការនាំចូលដែក និងដែកថែបពីក្រៅប្រទេសមកបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ដោយចំនួននេះកើនឡើងជាង ២៣ ភាគរយ បើធៀបឆ្នាំ ២០២១។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យបង្ហាញថា រយៈពេលពេញ ១ ឆ្នាំ ២០២២ ការនាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប ៣៥៩,៨១៩ លានដុល្លារ កើន ២៣,១ ភាគរយ ពីចំនួន ២៩២,៣៣៩ លានដុល្លារ ក្នុងឆ្នាំ ២០២១។ ចំនួនប្រាក់កម្ពុជាចំណាយលើការនាំចូលដែក និងដែកថែប គឺប្រមាណ ១,២ ភាគរយ ធៀបចំនួនប្រាក់នៃការនាំចូលទំនិញក្នុងឆ្នាំ ២០២២ ដែលមានចំនួន ២៩ ៩៤១,៦០ លានដុល្លារ។
ដោយឡែកប្រាក់នាំចូលដែក និងដែកថែប នៅក្នុងខែធ្នូ ឆ្នាំ ២០២២ គឺមាន ៣២,៤០៧ លានដុល្លារ កើនឡើង ២៨,៧ ភាគរយ បើធៀបខែធ្នូ ឆ្នាំ ២០២១ ដែលមាន ២៥,១៨ លានដុល្លារ។
ប្រធានគ្រប់គ្រងទូទៅសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការរើបឡើងវិញវិស័យសំណង់ធ្វើឱ្យចំនួនទឹកប្រាក់នាំចូលគ្រឿងសំណង់ រួមទាំងដែកកើនឡើងជាបន្តបន្ទាប់។ ចំនួននេះនឹងបន្តកើនឡើងថែមទៀត ក្នុងឆ្នាំ ២០២៣ នេះ ប៉ុន្តែវានឹងមិនហក់ឡើងខ្ពស់ភ្លាមៗឡើយព្រោះវិស័យនេះត្រូវការពេលបន្ថែមទៀត ស្របពេលកំណើនសេដ្ឋកិច្ចពិភពលោកក៏មិនទាន់មានស្ថិរភាពល្អផងដែរ។
លោកនិយាយថា៖ «ការកើនឡើងចំនួនទឹកប្រាក់នាំចូលដែក និងដែកថែប បញ្ជាក់ថា វិស័យសំណង់កម្ពុជាចាប់ផ្តើមមានសកម្មភាពជាសន្សឹមៗឡើងវិញហើយ»។
លោកបន្ថែមថា បច្ចុប្បន្នក្រៅពីផលិតផលក្នុងស្រុក ដែកប្រើប្រាស់ក្នុងវិស័យសំណង់ភាគច្រើននាំមកពីប្រទេសវៀតណាម ចិន និងថៃ។
អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ហ៊ុយ វណ្ណា នាពេលថ្មីៗនេះនិយាយថា វិស័យសំណង់ដែលមានសកម្មភាពនៅពេលនេះ ភាគច្រើនជាសំណង់លំនៅឋាន ខណៈសំណង់ធំៗដែលមានម្ចាស់ជាជនបរទេស គឺមិនសូវមានសកម្មភាពទេ។ វិស័យនេះនៅត្រូវការបន្ថែមទៀតទើបអាចមានសម្ទុះខ្លាំងដូចកាលពីអំឡុងមុនឆ្នាំ ២០១៩។
លោកប្រាប់ថា៖ «បើនិយាយពីស្ថានភាពវិស័យសំណង់ដែលមានវឌ្ឍនភាពពេលនេះ គឺភាគច្រើនជាគម្រោងតូចៗដែលមានដូចជាលំនៅឋានរបស់ប្រជាជនក្នុងស្រុក ខណៈសំណង់ធំៗដែលវិនិយោគដោយបរទេសគឺមានវឌ្ឍនភាពតិចតួច»។
កាលពីដើមខែធ្នូ ២០២០ មានរោងចក្រផលិតដែកថែបមួយរបស់ក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ស្ទីល ឯ.ក ដែលវិនិយោគដោយវិនិយោគិនចិនក្នុងទឹកប្រាក់ ១៦,៧ លានដុល្លារ បើកដំណើរការក្នុងខេត្តកំពង់ស្ពឺ ដែលអាចមានសមត្ថភាពផលិតដែកបាន ៥០០ ០០០ តោន ក្នុងដំណាក់កាលដំបូង។
ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រសួងបានអនុម័តឱ្យគម្រោងសាងសង់ចំនួន ៣ ៨២៧ គម្រោង ធ្លាក់ចុះ ២,៤៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៣ ៩២៥ គម្រោង។ ចំណែកទុនវិនិយោគក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២២ គឺមាន ២ ៦៣៤,៩៩ លានដុល្លារ ធ្លាក់ចុះ ៤៩,៤២ ភាគរយ ពីចំនួន ៥ ២១០,៣៦ លានដុល្លារ។ នេះបើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕