ភ្នំពេញៈ កម្ពុជា​បញ្ចេញ​ប្រាក់​ចំនួន ១ ៨២៨​ លាន​ដុល្លារ​ទៅលើ​ការ​នាំចូល​សម្ភារ​សំខាន់ៗ​មួយចំនួន​ក្នុង​វិស័យ​សំណង់ កាលពី​ឆ្នាំ​ ២០២២ ដោយ​ទឹកប្រាក់​នេះ​កើនឡើង ៣,២២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១​។ ទឹកប្រាក់​នៃ​ការ​នាំចូល​សម្ភារ​សំខាន់ៗ​ក្នុង​វិស័យ​សំណង់ គឺ​ស្មើ​ប្រមាណ ៦,១ ​ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​ចំណាយ​លើ​ការ​នាំចូល​ទំនិញ​សរុប​នៅក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​ជិត ៣០ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ក្រសួងពាណិជ្ជកម្ម​។​

​តារាង​ស្ថិតិ​នាំចូល​មុខទំនិញ​សំខាន់ៗ​របស់​ក្រសួងពាណិជ្ជកម្ម បង្ហាញថា មុខទំនិញ​សំខាន់ៗ​ក្នុង​វិស័យ​សំណង់​ដែល​កម្ពុជា​នាំចូល​នៅក្នុង​ឆ្នាំ​ ២០២២ រួមមាន សម្ភារ​សំណង់ មាន​ទឹកប្រាក់ ១ ៣២៦​ លាន​ដុល្លារ ធ្លាក់ចុះ ០,៦ ​ភាគរយ​, ដែក និង​ដែកថែប ៤៧៧​ លាន​ដុល្លារ កើន ២១,៩៩ ​ភាគរយ​, និង​ស៊ីម៉ងត៍ ២៥ ​លាន​ដុល្លារ ធ្លាក់ចុះ ៤៣,១៨ ​ភាគរយ​។​

​អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៩ ខែកុម្ភៈ​ថា ឥទ្ធិពល​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​ ១៩ ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​ធំៗ និង​សង្គ្រាម​អ៊ុយ​ក្រែ​ន​រុស្ស៊ី បាន​រារាំង​ដល់​ដំណើរ​វិវឌ្ឍន៍​នៃ​វិស័យ​សំណង់​កម្ពុជា​ឆ្នាំ​ ២០២២ ឱ្យនៅ​ទ្រឹង​។

ទោះបី​ក្នុង​ឆ្នាំ​ ២០២២ នៅតាម​ការដ្ឋាន​ភាគច្រើន​សុទ្ធ​តែមាន​សកម្មភាព​សាងសង់ ប៉ុន្តែ​វា​គ្រាន់តែ​ជា​គម្រោង​ចាស់ៗ​ដែល​សាងសង់​បន្ត​ដើម្បី​បញ្ចប់​ប៉ុណ្ណោះ ខណៈ​គម្រោង​វិនិយោគ​ថ្មីៗ ជាពិសេស​គម្រោង​ដែលមាន​ម្ចាស់​ជា​វិនិយោគិន​នៅក្រៅ​ស្រុក គឺ​ស្ទើរតែ​មិនមាន​តែម្តង​។​

​លោក​បន្តទៀតថា ដោយសារ​ការរីកចម្រើន​របស់​វិស័យ​សំណង់​ត្រូវការ​ពេល​យូរ​ជាង​វិស័យ​ផ្សេងៗ ដូច្នេះ​នៅក្នុង​ឆ្នាំ ​២០២៣ នេះ​វា​នឹង​បន្ត​នៅ​ប្រហាក់ប្រហែល​ឆ្នាំ​ ២០២២ ទោះ​កំណើន​សេដ្ឋកិច្ចកម្ពុជា និង​ពិភពលោក អាច​ល្អ​ជាង​ឆ្នាំ​ ២០២២ ក៏ដោយ​។​

​លោក​បាន​ថ្លែងថា​៖ «​យោងតាម​ឯកសារ ​«​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ​ ២០២៣» និង​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​វេទិកាសាធារណៈ នាពេល​កន្លងមក ព្រមទាំង​ការសង្កេតមើល​ដោយផ្ទាល់ ខ្ញុំ​គិតថា វិស័យ​សំណង់​នៅ​កម្ពុជា​ឆ្នាំ​ ២០២៣​ នេះ​នឹង​បន្ត​ជួប​បញ្ហា​ច្រើន​ពី​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​។ នៅពេល​វិស័យ​សំណង់​ជាប់គាំង ការ​នាំចូល​សម្ភារ​សំណង់​ពី​ក្រៅប្រទេស​ក៏​មិន​កើនឡើង​ដែរ​»​។​

​ទាក់ទង​នឹង​ចង្វាក់​ផលិតកម្ម​ស៊ីម៉ងត៍ និង​ដែក​ក្នុងស្រុក លោក វណ្ណា អះអាងថា ដោយសារ​តម្រូវការ​នៅមានកម្រិត ដូច្នេះ​ការផលិត​ក៏​មិនអាច​ច្រើន​ដែរ​។​

​លោក ជីវ ស៊ីវ​ផេង អ្នកគ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា បាន​និយាយថា ការធ្លាក់ចុះ​កំណើនសេដ្ឋកិច្ច​ពិភពលោក ព្រមទាំង​ឧបសគ្គ​នៃ​ការធ្វើដំណើរ​ចាប់តាំងពី​មាន​វត្តមាន​ជំងឺ​កូ​វីដ​ ១៩ (​ចុងឆ្នាំ ​២០១៩) បានធ្វើឱ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​ត្រូវ​ជាប់គាំង ខណៈ​ចំនួន​គម្រោង​សាងសង់​ដែល​ដាក់ពាក្យ​ស្នើសុំ​សាងសង់ និង​ទទួលបាន​ការយល់ព្រម​ពី​ក្រសួង​រៀបចំ​ដែនដី ក៏​ចុះ​ដែរ​។​

​លោក​លើកឡើងថា​៖ «​វិស័យ​សំណង់​កម្ពុជា​ត្រូវការ​ពេល​បន្ថែមទៀត​សម្រាប់​ការ​ងើបឡើង​វិញ​។ បច្ចុប្បន្ន​គម្រោង​ដែល​វិនិយោគ​ដោយ​អ្នក​នៅក្នុង​ស្រុក​កំពុង​បោះជំហាន​ទៅមុខ​កាន់តែ​លឿន​បើ​ធៀប​នឹង​កាលពីមុន​ដែលមាន​ភាគច្រើន​ជា​វិនិយោគិន​បរទេស​»​។​

​លោក​ប្រាប់ទៀតថា សម្ភារ​ដែល​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា ត្រូវបាន​នាំចូល​ពី​ប្រទេសមួយ​ចំនួន​ដូចជា ចិន វៀតណាម ថៃ ម៉ាឡេស៊ី កូរ៉េ បារាំង និង​អ៊ីតា​លី ជាដើម​។​

​ឯកសារ​ «​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​ ២០២២-២០២៣» របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ នេះ វិស័យ​សំណង់ និង​អចលនទ្រព្យ អាច​នឹងមាន​កំណើន​ក្នុង​រង្វង់ ១,១ ​ភាគរយ និង ១,២ ​ភាគរយ រៀង​គ្នា ខណៈ​វិស័យ​ផ្សេងទៀត​ដូចជា​វិស័យ​កាត់ដេរ អាចមាន​កំណើន​ ៥,៥ ​ភាគរយ​, វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ អាច​ក្នុង​រង្វង់ ១១,៧​ភាគរយ​, វិស័យ​កសិកម្ម ១,១ ​ភាគរយ​, វិស័យ​ទេសចរណ៍ (​សណ្ឋាគារ និង​ភោជនីយដ្ឋាន​) កើនឡើង​ក្នុង​រង្វង់ ៣២,៧​ ភាគរយ​, និង​វិស័យ​លក់ដុំ​រាយ អាចមាន​កំណើន​ក្នុង​រង្វង់ ៦,៥ ​ភាគរយ​។​

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ក្រសួង​បានអនុម័ត​ឱ្យ​គម្រោង​សាងសង់ ៣ ៨២៧ ​គម្រោង ធ្លាក់ចុះ ២,៤៩​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៣ ៩២៥​ គម្រោង​។ ចំណែក​ទុនវិនិយោគ​ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២២ គឺមាន​ចំនួន ២,៦៣៥ ​ពាន់​លាន​ដុល្លារ និង​ធ្លាក់ចុះ ៤៩,៤២ ​ភាគរយ​ពី​ចំនួន ៥,២១០ ​ពាន់​លាន​ដុល្លារ​៕​