
ទិដ្ឋភាពឆ្នេរសមុទ្រ និងអគារខ្ពស់ៗនៅខេត្តព្រះសីហនុ នាពេលកន្លងមក។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញៈ មន្ត្រីខេត្តបានឱ្យដឹងកាលពីម្សិលមិញថា សំណង់អគារចំនួន ៣៥៩ ក្នុងចំណោមអគារខ្ពស់ៗជាង ១ ពាន់ទីតាំង បានវិនិយោគយ៉ាងគំហុកនៅក្នុងខេត្តព្រះសីហនុមុនការ រីករាលដាលនៃជំងឺកូវីដ ១៩ ត្រូវបានផ្អាកដំណើរការសាងសង់ទាំងស្រុងរហូតមកដល់បច្ចុប្បន្ននេះ និងសំណង់អគារដែលបានសាងសង់រួចចំនួន ២៥៥ ទីតាំងមិនដំណើរការអាជីវកម្ម។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថា ក្នុងចំណោមអគារខ្ពស់ៗទាំង ១០០៦ មានតែអគារចំនួន ៣០៣ ប៉ុណ្ណោះ ដែលត្រូវបានដំណើរការអាជីវកម្មនៅពេលសព្វថ្ងៃនេះ និងអគារចំនួន ៨៩ កំពុងត្រូវបានដំណើរការសកម្មភាពសាងសង់ឡើងវិញ។
លោក គួច ចំរើន ថ្លែងថា៖ «ស្ថានភាពសាងសង់សំណង់នៅខេត្តព្រះសីហនុបានធ្លាក់ចុះយ៉ាងគំហុកចាប់តាំងតែពីដើមឆ្នាំ ២០២០ មក គឺចាប់ពីពេលជំងឺកូវីដ ១៩ បានចាប់ផ្តើមរាតត្បាត រហូតដល់មានវិធានការបិទខ្ទប់ដើម្បីបង្ការការរីករាលដាលនៃជំងឺនេះ»។
ឆ្លើយតបនឹងសំណួរដែលថាតើអាជ្ញាធរមានវិធានការបែបណាដើម្បីស្រោចស្រង់និងកែលម្អស្ថានភាពជាប់គាំងនៃការសាងសង់អគារខ្ពស់ៗនៅខេត្តព្រះសីហនុ លោក គួច ចំរើន បានអះអាងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្កើតក្រុមការងារមួយដើម្បីសិក្សា នឹងឈានទៅដាក់ចេញនូវវិធានការជួយដល់ម្ចាស់គម្រោងវិនិយោគទាំងនោះ។
លោក គួច ចំរើន និយាយថា៖ «ក្រសួងក៏បានរៀបចំដំណើរការធ្វើការប្រជុំក្នុងនាមមន្ត្រីបច្ចេកទេសច្រើនដងមកហើយ ឥឡូវនេះអាចថា ស្ថិតនៅក្នុងដំណាក់កាលដែលត្រូវសុំគោលការណ៍ថ្នាក់ដឹកនាំ ទាំងក្រសួងនិងរាជរដ្ឋាភិបាល។ អ៊ី ចឹង នឹងមានយន្តការមួយចំនួនដែលខ្ញុំមិនទាន់និយាយបានព្រោះមិនទាន់មានការសម្រេច»។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្លែងក្នុងសន្និសីទកាសែតម្សិលមិញ។ហេង ជីវ័ន
លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ជូនថា ដំណើរការនេះនៅក្នុងដំណាក់កាលហ្នឹង មានការរៀបចំ គិតគូរផ្តល់នូវភាពអនុគ្រោះមួយចំនួនដល់ទៅពួកគាត់ [ម្ចាស់អគារ ឬ អ្នកវិនិយោគ]»។
នៅក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៣ ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា កម្ពុជានឹងមិនទុកវិស័យអចលនទ្រព្យចោលនោះទេ ព្រោះវិស័យនេះ បានរួមចំណែក យ៉ាងធំដល់កំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ដែលមានប្រមាណ ១០ ភាគរយនៃផលិតផលក្នុងស្រុកសរុប។
លោក វង្ស៊ី វិស្សុត បានលើកឡើងនាពេលនោះថា វិស័យអចលនទ្រព្យទាំងមូលរបស់កម្ពុជាក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ គឺនៅយឺតនិងតឹងតែងខ្លាំងណាស់។ នៅក្នុងវេទិកានោះដែរ លោកបានអះអាងពីការបង្កើតក្រុមការងារដែល ការបង្កើតគោលនយោបាយគាំទ្រនោះនឹងមានសមាសភាពពីធនាគារជាតិដែលគ្របដណ្តប់លើឥណទាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលនឹងគ្របដណ្តប់លើផ្នែកពន្ធដារនិងសមាគមអ្នកសាងសង់ខ្លួនឯងដែលនឹងត្រូវចូលរួមទទួលខុសត្រូវ។
លោក និយាយថា៖ «យើងមានហើយកន្លែងត្រូវដោះស្រាយ ធ្វើយ៉ាងម៉េចកុំឱ្យហានិភ័យនេះរីករាលទៅដល់ភាពគ្រោះថ្នាក់ ព្រោះវានៅហានិភ័យទេ។ ហានិភ័យធំគឺ Credit Crunch (ការខ្វះឥណទាន) ដូចនេះខ្ញុំថា យើងឃើញថ្ងៃមុខយើងត្រូវអង្គុយដោះស្រាយជាមួយគ្នា»។
លោកថា កំណើនផ្នែកសំណង់និងអចលនទ្រព្យនៅប្រទេសកម្ពុជា ប្រសិនបើ មើល ១០ ឆ្នាំទៅមុខ កត្តាក្នុងស្រុកជារឿង ១ ប៉ុន្តែកត្តាផ្សេងទៀតគឺពាក់ព័ន្ធលំហូរវិនិយោគពីក្រៅប្រទេស ជាពិសេសប្រទេសចិនតែម្តង។ ក្នុងឆ្នាំ ២០២២ ទំហំវិនិយោគចិននៅកម្ពុជាមានជាង ១ ៦០០ លានដុល្លារ (ស្មើ ៤២ ភាគរយ) នៃការវិនិយោគសរុប។
លោក វង្សី វិស្សុត ថា ចិននៅតែដើរតួសំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយមិនត្រឹមតែការវិនិយោគលើវិស័យឧស្សាហកម្មប៉ុណ្ណោះទេ តែក៏វិនិយោគទៅលើវិស័យកសិកម្ម, ទេសចរណ៍ ជាពិសេសលើវិស័យសំណង់ និងអចលនទ្រព្យ។ យោងតាមលោក គួច ចំរើន បច្ចុប្បន្ននេះខេត្តព្រះសីហនុ មានជនជាតិចិនជាង ២ ម៉ឺននាក់កំពុងរស់នៅ និងប្រកបមុខរបរ៕