កំពង់ឆ្នាំងៈ សាខាពន្ធដារខេត្តកំពង់ឆ្នាំង អំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់អចលនទ្រព្យឱ្យចូលទៅបង់ពន្ធ ដើម្បីពង្រឹងការប្រមូលចំណូលពន្ធលើវិស័យអចលនទ្រព្យនៅទូទាំងខេត្ត ដែលជាចំណូលថវិកាថ្នាក់ក្រោមជាតិសម្រាប់អភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន។
នាថ្ងៃទី២៤ ខែកុម្ភ: សាខាពន្ធដារខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលក្រុងកំពង់ឆ្នាំង បានរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់។
កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានលោក ហ៊ឹង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង លោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្ត ដោយមានការចូលរួមពីអភិបាលរងក្រុង មន្ត្រីសាខាពន្ធដារខេត្ត ចៅសង្កាត់ទាំង៤ និងមេភូមិ និងស្មៀន។
បើតាមហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៥ ខែកុម្ភៈ លោក ហ៊ឹង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង បញ្ជាក់ថា កិច្ចប្រជុំនេះពិតជាមានសារ:សំខាន់សម្រាប់អាជ្ញាធរមូលដ្ឋានដើម្បីយកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានយល់ដឹងកាន់តែច្បាស់អំពីការបង់ពន្ធជូនរដ្ឋ។
មន្ទីរព័ត៌មានខេត្តបានឱ្យដឹងថា លោក វង្ស ឌីណា បានលើកឡើងនូវចំណុចប្រភេទពន្ធ ៣សំខាន់ៗ ដែលគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិអំពីការរៀបចំធ្វើពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់នៅក្នុងក្រុង ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងអំពីគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាលសម្រាប់បង់ពន្ធលើអចលនទ្រព្យ និងបម្រើដល់អត្ថប្រយោជន៍លើការងារគ្រប់គ្រង និងបង់ពន្ធអចលទ្រព្យនាពេលអនាគត។
ប្រភពដដែលបន្តថា លោក វង្ស ឌីណា ក៏បានលើកនូវបទពិសោធន៍ល្អៗមួយចំនួន ដើមី្បឱ្យអង្គប្រជុំធ្វើការឆ្លុះបញ្ចាំងទៅលើការងារបង់ពន្ធអចលនទ្រព្យនៅតាមមូលដ្ឋាន ទាំងដីធ្លីមានប័ណ្ណកម្មសិទ្ធិ និងមិនមានប័ណ្ណកម្មសិទ្ធិ និងប័ណ្ណកាន់កាប់ គឺត្រូវតែទៅបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធទៅតាមការកំណត់របស់រដ្ឋ។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «លោក វង្ស ឌីណា ក៏បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានធ្វើការផ្សព្វផ្សាយនូវច្បាប់គ្រប់គ្រងដីធ្លីងាយស្រួលក្នុងការធ្វើកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់អចលនទ្រព្យទាំងអស់ឱ្យចូលទៅបង់ពន្ធនៅសាខាពន្ធដារខេត្ត ដោយយោងតាមប្រកាសរបស់ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ ជាពិសេស ដើម្បីពង្រឹងការប្រមូលចំណូលពន្ធលើវិស័យអចលនទ្រព្យនៅទូទាំងខេត្ត ដែលជាចំណូលថវិកាថ្នាក់ក្រោមជាតិសម្រាប់អភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត»៕