
ទិដ្ឋភាពអគារមួយចំនួននៅខេត្តព្រះសីហនុ ដែលមិនទាន់សង់រួចកន្លងមក ។ ហេង ជីវ័ន
ព្រះសីហនុៈ ក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ បានជួបប្រជុំយ៉ាងហោចណាស់ ២ លើករួចមកហើយដែលនឹងឈានទៅកំណត់អត្តសញ្ញាណអគារដែលត្រូវដាក់ ដើម្បីទទួលបានកញ្ចប់អនុគ្រោះពីគោលនយោបាយរាជរដ្ឋាភិបាល។ នេះបើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុនិងជាសមាជិកក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តនេះ។
ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានភ្នំពេញប៉ុស្តិ៍ លោក ឡុង ឌីម៉ង់ បាននិយាយថា ក្រុមការងារអន្តរស្ថាប័ននេះបានប្រជុំគ្នាចំនួន២លើករួចមកហើយដើម្បីប្រមូលធាតុចូលសំខាន់ៗពីស្ថាប័នដែលពាក់ព័ន្ធទាំងអស់ ហើយក្រុមការងារអន្តរស្ថាប័ននេះក៏បានព្រាងនូវគោលនយោបាយជាច្រើនចំណុចដើម្បីដាក់ឆ្លងគណៈកម្មការគោលនយោបាយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្លងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីកែសម្រួល និងរហូតសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល។
លោកបានថ្លែងថា៖«យើងកំពុងសិក្សានិងកំណត់វាយតម្លៃថា តើអគារប្រភេទណាដែលអាចចាត់ទុកថាជាអគារជាប់គាំងដែលនឹងត្រូវទទួលផលប្រយោជន៍ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។ក្រុមការងារបានតាក់តែងសេចក្ដីព្រាងគោលនយោបាយមួយចំនួនដែលក្នុងនោះ ខ្ញុំអាចបញ្ជាក់ថា មាន២ចំណុចសំខាន់ គឺគោលនយោបាយលើកទឹកចិត្តជាកញ្ចប់ ហើយការលើកទឹកចិត្តនេះមានការលើកទឹកចិត្តផ្នែកពន្ធនិងមិនមែនពន្ធ»។
លោកបានបន្តថា៖«កិច្ចការងាររបស់យើងដំបូងបំផុតនេះ នឹងត្រូវចាប់ផ្តើមធ្វើអត្តសញ្ញាណកម្មអគារទាំងអស់ ដោយសិក្សាពីស្ថានភាពអគារទាំងនោះ ថាតើវាមានច្បាប់សាងសង់ឬក៏អត់?ឬក៏ច្បាប់សាងសង់មិនទាន់ចេញ។ បើករណីមានវិវាទ តើវាកំពុងស្ថិតក្នុងដៃតុលាការ ឬក៏នៅក្រៅប្រព័ន្ធតុលាការ»។
តាមការអះអាងរបស់លោក ឡុង ឌីម៉ង់ រហូតមកទល់ពេលនេះក្រុមការងារអន្តរស្ថាប័នដែលបានបង្កើតឡើង មិនទាន់បានកំណត់ចំនួនអគារដែលនឹងត្រូវទទួលកញ្ចប់ជំនួយគោលនយោបាយនោះទេបើទោះបីជាអភិ
បាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអះអាងថា អគារប្រមាណ៣៦០ជាប់គាំងទាំងស្រុងក៏ដោយ។
លោកឡុង ឌីម៉ង់ បានបញ្ជាក់ថា៖«យើងសល់អគារជាប់គាំងនេះដោយសារយើងបាត់បង់ទីផ្សារ។ ទីផ្សារមុនបានបាត់ ឥឡូវនេះយើងត្រូវធ្វើយ៉ាងម៉េចដើម្បីបង្កើតទីផ្សារថ្មី។ការបង្កើតទីផ្សារថ្មីពិតណាស់ត្រូវតែមានការជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាល ដើម្បីដាក់ចេញគោលនយោបាយមួយចំនួនដើម្បីចាប់ផ្តើម»។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៥ ខែកុម្ភៈ លោក គួច ចំរើន បានអះអាងថា ស្ថានភាពសាងសង់សំណង់នៅខេត្តព្រះសីហនុបានធ្លាក់ចុះយ៉ាងគំហុកចាប់តាំងតែពីដើមឆ្នាំ២០២០មក គឺចាប់ពីពេលជំងឺកូវីដ១៩បានចាប់ផ្តើមរាតត្បាត ហើយវិធានការបិទខ្ទប់ត្រូវប្រើជំនួសដើម្បីបង្ការការរីករាលដាលនៃជំងឺនេះ។
រហូតមកដល់ដើមឆ្នាំ២០២៣នេះ អគារចំនួន៨៩ កំពុងត្រូវបានដំណើរការសកម្មភាពសាងសង់ឡើងវិញ ខណៈដែលអគារចំនួន២៥៥មិនបានបើកដំណើរការអាជីវកម្មនោះទេ ទោះបីអគារទាំងនោះបានសាងសង់និងរៀបចំរួចរាល់ក្តី។នេះបើយោងតាមអភិបាលខេត្តដែលអះអាងថា នៅក្នុងចំណោមអគារខ្ពស់ៗទាំង១ ០០៦ មានតែអគារចំនួន៣០៣ ប៉ុណ្ណោះ ដែលត្រូវបានដំណើរការអាជីវកម្មនៅពេលសព្វថ្ងៃនេះ៕