
កម្មករកំពុងធ្វើការក្នុងការដ្ឋានសំណង់ ១ កន្លែង ក្នុងខណ្ឌចំការមន នាពេលកន្លងទៅ។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តសំណើសាងសង់សរុប ១ ១០០ គម្រោងក្នុងត្រីមាសទី៤ ឆ្នាំ ២០២២ ដោយកើនឡើងជិត ៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយគម្រោងទាំងអស់មានទឹកប្រាក់សរុប ១ ពាន់លានដុល្លារ។
ឯកសារព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២០ ខែមីនា បង្ហាញថា ពីខែតុលាខែធ្នូ ឆ្នាំ ២០២២ មានគម្រោងវិនិយោគវិស័យសំណង់ចំនួន ១ ១០០ គម្រោងត្រូវបានអនុម័ត កើនឡើង ៦០ គម្រោង ឬស្មើ ៥,៧៧ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ទុនវិនិយោគសម្រាប់គម្រោងទាំងអស់ខាងលើគឺ ១ ០០៩,២ លានដុល្លារ កើន ៩,៣ ភាគរយបើធៀបឆ្នាំ ២០២១ ប៉ុន្តែវានៅតែទាបជាងឆ្នាំ ២០២០។
ទិន្នន័យឱ្យដឹងទៀតថា នៅក្នុងចំណោមគម្រោងសាងសង់ដែលបានអនុម័តទាំង ១ ១០០ គឺគម្រោងសំណង់លំនៅឋានភូមិគ្រឹះ មាន ៩៤៣ សំណង់ពាណិជ្ជកម្ម ៧៣ សំណង់ឧស្សាហកម្ម ៥៥ សំណង់សាធារណៈ ១៧ និងសំណង់ទេសចរណ៍ ១២។
ឯកសារបញ្ជាក់ថា៖ «វិស័យសំណង់នៅកម្ពុជាត្រូវបានវាយតម្លៃថា នឹងមានកំណើនទាបក្នុងរង្វង់ ០,៥ ភាគរយក្នុងឆ្នាំ ២០២២ ដែលទាបជាងការព្យាករនាពាក់កណ្ដាលឆ្នាំ ស្ថិតក្នុងរង្វង់ ៣ ភាគរយ ដោយសារការបន្តនិន្នាការថមថយនៃរំហូរវិនិយោគបរទេស ពិសេសសំណង់ថ្លៃខ្ពស់ ដូចជាសំណង់បម្រើឱ្យវិស័យពាណិជ្ជកម្ម និងទេសចរណ៍»។
យោងតាមឯកសារ ការធ្លាក់ចុះចំនួនទុនវិនិយោគក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២ បើធៀបនឹងឆ្នាំ ២០២០ គឺដោយសារតែសកម្មភាពសំណង់ថ្លៃទាបមធ្យម មានកំណើនយឺត និងសំណង់ថ្លៃខ្ពស់មាននិន្នាការថមថយ។ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០ គម្រោងវិនិយោគវិស័យសាងសង់ដែលបានអនុម័តមានចំនួនសរុប ១ ១០២ គម្រោង ស្មើនឹងទុនវិនិយោគសរុប ១ ៨៨៥,៣ លានដុល្លារ។
ប្រធានគ្រប់គ្រងទូទៅសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២១ ខែមីនា ថា ការបើកប្រទេសឡើងវិញបន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ លើពិភពលោកធូរស្រាល បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងចរាចរណ៍ភ្ញៀវទេសចរអ្នកវិនិយោគងើបឡើងវិញជាបន្តបន្ទាប់។ ទិដ្ឋភាពទាំងនេះធ្វើឱ្យវិស័យសាងសង់កម្ពុជាដែលធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលប្រមាណ ២ ឆ្នាំកន្លងមកចាប់ផ្តើមកម្រើកឡើងវិញសន្សឹមៗចាប់តាំងពីចុងឆ្នាំ ២០២២ មក។
លោកបន្តថា ដោយសារមុនវត្តមានជំងឺកូវីដ ១៩ (មុនឆ្នាំ ២០២០) វិនិយោគិនចិនបានរួមចំណែកច្រើនក្នុងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា ដូច្នេះការត្រឡប់មកវិញរបស់ពួកគេ (អ្នកវិនិយោគ និងទេសចរ) នឹងជួយឱ្យវិស័យសំណង់កម្ពុជាងើបឡើងវិញ។
លោកថ្លែងថា៖ «ទោះបីជារដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសវិញតាំងពីចុងឆ្នាំ ២០២១ ប៉ុន្តែវិស័យសំណង់នៅកម្ពុជាទើបកម្រើកឡើងវិញកាលពីចុងឆ្នាំ ២០២២ ប៉ុណ្ណោះ។ ស្ថានភាពនេះនឹងបន្តភាពវិជ្ជមានទៀតក្នុងឆ្នាំ ២០២៣ នេះ ជាពិសេសការត្រឡប់មកវិញរបស់ភ្ញៀវទេសចរ និងវិនិយោគិនចិន តាំងពីដើមខែកុម្ភៈ ឆ្នាំ ២០២៣ មក»។
ក្នុងនាមជាអ្នកនៅក្នុងវិស័យសំណង់ លោក ស៊ីវផេង បានកត់សម្គាល់ឃើញថា ក្រៅពីការវិនិយោគរបស់ជនបរទេស បច្ចុប្បន្នការបណ្តាក់ទុនក្នុងវិស័យសំណង់របស់អ្នកក្នុងស្រុកក៏មានសកម្មភាពកាន់តែខ្លាំងផងដែរ។
អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ហ៊ុយ វណ្ណា ថ្មីៗនេះនិយាយថា វិស័យសំណង់តែងតែត្រូវការពេលវេលាយូរជាងវិស័យផ្សេងៗទៀតដើម្បីងើបចេញពីវិបត្តិណាមួយ ព្រោះគម្រោងសាងសង់ខ្លះត្រូវការពេលសាងសង់លើសពី ៥ ឆ្នាំក៏មាន។ ការបើកដំណើរការសេដ្ឋកិច្ចលើគ្រប់វិស័យនាពេលនេះគឺមិនទាន់អាចធ្វើឱ្យវិស័យសំណង់ហក់ឡើងវិញភ្លាមៗទេ ប៉ុន្តែវាក៏មិនធ្វើឱ្យវិស័យនេះបន្តការធ្លាក់ចុះដូចក្នុងអំឡុងនៃការរីករាលដាលខ្លាំងនៃជំងឺកូវីដ ១៩។ វិស័យនេះនៅត្រូវការពេលបន្ថែមទៀតសម្រាប់ភាពរីកចម្រើនរបស់ខ្លួនឡើងវិញ។
លោកបន្ថែមថា ចំនួនគម្រោងដែលស្នើសុំសាងសង់នារយៈពេលចុងក្រោយនេះ គឺភាគច្រើនជាសំណង់លំនៅឋានដែលមានម្ចាស់ជាវិនិយោគិនក្នុងស្រុក ចំណែកគម្រោងធំៗ ដែលមានម្ចាស់ជាវិនិយោគិនបរទេស គឺមិនសូវមានទេ។
លោកនិយាយថា៖ «ពេលនេះវិស័យសំណង់ គឺមិនទាន់ល្អឡើងវិញទេ ប៉ុន្តែវាក៏មិនស្ថិតក្នុងភាពអវិជ្ជមានដូចអំឡុងពេលប្រទេសនានាបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ នោះទេ។ វិស័យនេះត្រូវការពេលបន្ថែមទៀត»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចូលដែក និងដែកថែប ក្នុងតម្លៃសរុប ៣៥៩,៨១៩ លានដុល្លារ កើនឡើង ២៣,១ ភាគរយពី ២៩២,៣៣៩ លានដុល្លារក្នុងឆ្នាំ ២០២១។ ទឹកប្រាក់ដែលកម្ពុជាចំណាយលើការនាំចូលដែក និងដែកថែប គឺស្មើប្រមាណ ១,២ ភាគរយធៀបនឹងចំនួនប្រាក់នៃការនាំចូលទំនិញក្នុងឆ្នាំ ២០២២ ដែលមានចំនួន ២៩ ៩៤១,៦០ លានដុល្លារ៕