
លោក Lawrence Lenon (ស្តាំ) និងលោក Thierry Tea។ សហការី
ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគវិស័យអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា OCIC និងក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ CBRE Cambodia បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងការចាប់ដៃគូជាយុទ្ធសាស្ត្រ ដើម្បីជំរុញការអភិវឌ្ឍ និងបង្កើនសក្តានុពលវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសក្រុងរណបកោះពេជ្រ ឱ្យមានសម្ទុះកាន់តែខ្លាំងថែមទៀត។
ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ រវាងថ្នាក់ដឹកនាំនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំនៅកម្ពុជា OCIC ជាមួយក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យមានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក។ នៅក្នុងពិធីនេះមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាផងដែរ។
តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចព្រមព្រៀង គឺនេះជាជំហានដំបូងនៃកិច្ចសហការរវាងក្រុមហ៊ុនសេវាកម្មអចលនទ្រព្យអាមេរិក និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចម្រុះកម្ពុជា។ ការចុះ MoU នេះធ្វើឡើងក្នុងគោលបំណងបង្កើតឱកាសថ្មីៗសម្រាប់វិនិយោគិន អតិថិជន និងប្រជាជនរស់នៅក្នុងទីក្រុងភ្នំពេញ។
CBRE ដែលមានវត្តមាននៅក្នុងប្រទេសជាង ១០០ ទូទាំងពិភពលោក និងក្រុមហ៊ុន OCIC ដែលកំពុងអភិវឌ្ឍលំនៅឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតធំ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងប្រទេសកម្ពុជានារយៈពេល ២៣ ឆ្នាំមកនេះនឹងធ្វើការសហការដំណាក់កាលដំបូងជាមួយគ្នាដោយផ្តោតលើការវិវឌ្ឍនៃក្រុងរណបកោះពេជ្រ ដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ។
នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia លោក Lawrence Lenon បានប្រាប់ថា MoU នេះជាផ្នែកដ៏សំខាន់មួយក្នុងការជួយជំរុញឱ្យទីផ្សារអចលនទ្រព្យកម្ពុជា ពិសេសគម្រោងអភិវឌ្ឍន៍របស់ OCIC ឱ្យកាន់តែមានសក្តានុពលនៅលើទីផ្សារជាតិ និងអន្តរជាតិ។ ភាពជាដៃគូនេះនឹងមិនត្រឹមតែនាំមកអត្ថប្រយោជន៍សំខាន់ៗដល់អតិថិជនរបស់ក្រុមហ៊ុនទាំង ២ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរាជធានីរបស់ប្រទេសកម្ពុជាផងដែរ។
លោក Lawrence បានថ្លែងថា៖ «យើងរំពឹងថា ភាពជាដៃគូយុទ្ធសាស្ត្រជាមួយ OCIC នឹងបើកឱកាសថ្មីៗជាច្រើនសម្រាប់ក្រុមហ៊ុនទាំង ២ រួមទាំងការទទួលបានការយល់ដឹងលម្អិតអំពីទីផ្សារអចលនទ្រព្យ សេវាកម្មកាន់តែប្រសើរ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកអចលនទ្រព្យដ៏ស្មុគស្មាញ។ យើងមានជំនឿថា នឹងអាចជំរុញលទ្ធផលវិជ្ជមានសម្រាប់អតិថិជនរបស់យើង ព្រមទាំងប្រជាជនក្នុងប្រទេសកម្ពុជា»។
អនុប្រធានក្រុមហ៊ុន OCIC លោក Thierry Tea បានឱ្យដឹងថា ការអភិវឌ្ឍទីក្រុងទូទាំងពិភពលោក គឺត្រូវចំណាយពេលច្រើនទសវត្សរ៍ដើម្បីផ្លាស់ប្តូរ និងអភិវឌ្ឍន៍។ នេះជាការវិនិយោគ និងកិច្ចខិតខំប្រឹងប្រែងរយៈពេលវែង ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់អ្នកអភិវឌ្ឍន៍ចំពោះអនាគតរបស់ប្រទេស។
បច្ចុប្បន្នទីក្រុងរណបកោះពេជ្រ មានប្រជាជនរស់នៅជាង ១៥ ០០០ នាក់ និងលំនៅឋានជាង ២ ៥០០ យូនីត ដោយមានអគារចម្រុះជាច្រើនដូចជា បុរី Elite Town, អគារ GIA, Diamond Twin Tower, Morgan, Casa Meridian និងអគារការិយាល័យ Aquation និង Elysees Tower ព្រមទាំងមានហាងលក់អាហារ និងភេសជ្ជៈលំដាប់អន្តរជាតិជាច្រើនផងដែរ។
ជាមួយនឹងខុនដូថ្មីដែលមានជាង ១ ៥០០ យូនីត និងវីឡាថ្មីចំនួន ២០០ ដែលនឹងកសាងរួចក្នុងពេលឆាប់ៗ ព្រមទាំងស្ពានតភ្ជាប់ទៅកោះនរាដែលត្រូវបញ្ចប់នៅចុងឆ្នាំនេះ ទីក្រុងរណបកោះពេជ្រនឹងមានសក្តានុពលកាន់តែខ្លាំងនាពេលឆាប់ៗ។ ការអភិវឌ្ឍទីក្រុងរណបកោះពេជ្រត្រូវបានចាប់ផ្តើមធ្វើឡើងកាលពី ១៧ ឆ្នាំមុន៕