
កម្មករកំពុងធ្វើការក្នុងការដ្ឋានសំណង់ ១ កន្លែង ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ គម្រោងសាងសង់ចំនួន ៤ ២៧៥ ដែលមានទុនវិនិយោគសរុបជិត ៣ ពាន់លានដុល្លារត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុម័តឱ្យសាងសង់ក្នុងឆ្នាំ ២០២២ ដោយក្នុងចំណោមនោះ គឺមានជិត ៩០ភាគរយជាគម្រោងអភិវឌ្ឍន៍លំនៅឋាន។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកសារនិន្នាការសេដ្ឋកិច្ចសង្គម ឆ្នាំ ២០២២ របស់ក្រសួងសេដ្ឋកិច្ច ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ គម្រោងដែលទទួលបានការអនុញ្ញាតឱ្យសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានចំនួនសរុប ៤ ២៧៥ គម្រោង ធ្លាក់ចុះ ២៨គម្រោងបើធៀបនឹងឆ្នាំ ២០២១ និងមានទុនវិនិយោគសរុប ២ ៩៦៨ លានដុល្លារ ធ្លាក់ចុះ ៤៦,៨ ភាគរយ។ ក្នុងចំណោមនោះ គឺគម្រោងលំនៅឋាន ចំនួន ៣ ៧៦៨ គម្រោង ស្មើ ៨៨,១ ភាគរយនៃសំណើសុំសាងសង់សរុប កើន ៤៨ គម្រោងធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្រៅពីនោះរួមមាន អគារពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងគម្រោងផ្សេងៗទៀត។
ប្រធានគ្រប់គ្រងទូទៅសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា ទោះកម្ពុជាប្រកាសបើកប្រទេសទទួលភ្ញៀវអន្តរជាតិ (ទេសចរ និងអ្នកវិនិយោគ...) តាំងពីចុងឆ្នាំ ២០២១ ក៏ដោយ ក៏សម្ទុះនៃការវិនិយោគលើវិស័យសំណង់មិនទាន់ងើបឡើងវិញឡើយ។ សំណង់ និងអចលនទ្រព្យ គឺជាវិស័យដែលត្រូវការពេលយូរជាងវិស័យផ្សេងៗទៀតសម្រាប់ការងើបឡើងវិញ ដូច្នេះរយៈពេលត្រឹមជាង ១ ឆ្នាំ (ការបើកប្រទេសឡើងវិញ) គឺពិតជាខ្លីណាស់។ អ្វីដែលវិស័យសំណង់នៅកម្ពុជាកំពុងមានដំណើរការទៅមុខសន្សឹមៗនៅពេលនេះ គឺភាគច្រើនជាគម្រោងអភិវឌ្ឍន៍លំនៅឋានដែលមានម្ចាស់ជាវិនិយោគិនក្នុងស្រុក។
លោកនិយាយថា៖ «ក្នុងឆ្នាំ ២០២២ កន្លងមកដោយសារស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅបន្តការគំរាមកំហែងខ្លាំង ព្រមជាមួយនឹងការធ្លាក់ចុះយ៉ាងច្រើននៃភ្ញៀវបរទេសចូលមកកម្ពុជា (ធៀបមុនឆ្នាំ ២០២០) បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច ជាពិសេសវិស័យសំណង់ធំៗមិនសូវមានដំណើរការល្អឡើយ»។
លោកប្រាប់ទៀតថា គ្រប់គ្នាសុទ្ធតែដឹងថា មុនឆ្នាំ ២០១៩ វិនិយោគិនចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសំណង់នៅកម្ពុជា ដូច្នេះការត្រឡប់មកវិញរបស់ទេសចរ និងអ្នកវិនិយោគចិន ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៣ នឹងអាចជួយឱ្យវិស័យនេះបន្តដំណើរទៅមុខសន្សឹមៗឡើងវិញ ប៉ុន្តែនឹងមិនហក់ឡើងខ្លាំងភ្លាមៗទេ។
លោកបញ្ជាក់ថា៖ «ការបិទខ្ទប់នៅប្រទេសចិនក្នុងឆ្នាំ ២០២២ និងភាពមិនប្រាកដប្រជានៃកំណើនសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយ ពិសេសបញ្ហាសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឱ្យលំហូរទុនអន្តរជាតិធ្លាក់ចុះស្ទើរគ្រប់វិស័យ»។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បាននិយាយថា មូលហេតុដែលវិស័យសំណង់ និងអចលនទ្រព្យកម្ពុជារយៈពេលជាង ២ ឆ្នាំកន្លងមកនេះធ្លាក់ចុះ គឺដោយសារកំណើនសេដ្ឋកិច្ចសកលជួបនឹងបញ្ហា ដែលបណ្តាលមកពីបញ្ហាជាច្រើនដូចជា ឥទ្ធិពលជំងឺកូវីដ ១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការប្រជែងឥទ្ធិពលរវាងប្រទេសមហាអំណាចចិន-អាមេរិក ការកើនឡើងនៃតម្លៃប្រេង និងម្ហូបអាហារជាដើម។ បញ្ហាទាំងអស់នេះបានដាក់សម្ពាធយ៉ាងខ្លាំងលើគម្រោងសាងសង់ដែលត្រូវការទុនវិនិយោគច្រើន ពិសេសការវិនិយោគពីក្រៅប្រទេស។
លោកប្រាប់ទៀតថា ទន្ទឹមនឹងការស្នើសុំសាងសង់ និងសកម្មភាពនៅការដ្ឋានសាងសង់ធ្លាក់ចុះ បើងាកទៅមើលតម្រូវការរបស់អតិថិជននៅលើទីផ្សារក៏ធ្លាក់ចុះដែរ។
លោកបានអះអាងថា៖ «ឆ្នាំ២០២០-២២ គឺជាឆ្នាំដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនលើពិភពលោកបន្តទទួលរងគ្រោះពីវិបត្តិសេដ្ឋកិច្ចដែលទាញឱ្យអំណាចនៃការចំណាយរបស់ប្រជាជនធ្លាក់ចុះ។ នៅពេលការបញ្ជាទិញធ្លាក់ចុះ ល្បឿននៃការសាងសង់នឹងធ្លាក់ចុះ ឬអាចឈានដល់ផ្អាកសកម្មភាពតែម្តង»។
បើតាម សុខនឿន ក្នុងឆ្នាំ ២០២៣ នេះវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានឹងរងផលប៉ះពាល់អវិជ្ជមានបន្តទៀត។ លោកបញ្ជាក់ថា៖ «ប្រសិនមិនមានអ្នកវិនិយោគបរទេសធំៗចូលមកវិញច្រើន វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា ឆ្នាំ ២០២៣ នេះនឹងបន្តភាពអវិជ្ជមានដូចឆ្នាំ ២០២២»។
ខណៈវិបត្តិកូវីដ ១៩ និងបញ្ហាមួយចំនួនដែលកើតមុនឆ្នាំ ២០១៩ បានធ្វើឱ្យការដ្ឋានសំណង់ធំៗជាច្រើននៅខេត្តព្រះសីហនុត្រូវជាប់គាំងរហូតមកដល់ពេលនេះ ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ បានចេញលិខិតមួយជូនទៅក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រះសីហនុ ដោយដាក់ចេញនូវ «វិធានការជាកញ្ចប់» ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យម និងវែង សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចូលដែក និងដែកថែប ក្នុងទឹកប្រាក់សរុប ៣៥៩,៨១៩ លានដុល្លារ កើន ២៣,១ ភាគរយបើធៀបឆ្នាំ ២០២១។ ចំនួនប្រាក់កម្ពុជាចំណាយលើការនាំចូលដែក និងដែកថែប គឺស្មើនឹង ១,២ ភាគរយធៀបនឹងចំនួនប្រាក់នៃការនាំចូលទំនិញក្នុងឆ្នាំ ២០២២ ដែលមាន ២៩ ៩៤១,៦០ លានដុល្លារ៕