ភ្នំពេញៈ ​អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ បាន​សម្តែង​ការ​សាទរ ចំពោះ​សមិទ្ធផល​ថ្មី គឺ​ស្ពានបេតុង​ឫ​ស្សី​កែវ ដែល​ឆ្លងកាត់​ទន្លេសាប ដែល​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​ឆ្លងកាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​នេះ នឹង​ទាក់ទាញ​ការចាប់អារម្មណ៍​បន្ថែម​ពីអ្នក​វិនិយោគ លើ​អ​ចលនទ្រ​ព្យ និង​ដីធ្លី​ក្នុង​តំបន់​នេះ​។​

​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ទីភ្នាក់ងារ​អចលនវត្ថុ បាន​ប្រាប់​ឱ្យដឹងថា ការសាងសង់​ស្ពាន​នេះបានផ្តល់​ផលចំណេញ​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ត្រើយ​សងខាង កាត់បន្ថយ​ការកកស្ទះ​ចរាច​ណ៍​។ ចំណែក​ចំពោះ​វិស័យ​អចលនទ្រព្យ​វិញ នៅក្នុង​ចន្លោះ​ផ្លូវជាតិ​លេខ​ ៥ និង​លេខ ​៦ ក្នុង​តំបន់​ឫ​ស្សី​កែវ និង​ជ្រោយចង្វារ​នោះ នឹងមាន​សក្តានុពល​កា​ន់​តែ​ខ្លាំង​សម្រាប់​ការអភិវឌ្ឍ​នាពេល​អនាគត​។​

​លោក​បាន​បញ្ជាក់ទៀតថា​៖«​ការសាងសង់​ស្ពាន​ថ្មីៗ ជា​យន្តការ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត នូវ​ឥទ្ធិពល ឬក៏​សក្តានុពល ក្នុងការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ក្នុង​តំបន់​នេះ​។​ ម្យ៉ាង​ទៀត វា​នឹង​កាន់​តែមាន​ភាពងាយស្រួល សម្រាប់​ពលរដ្ឋ​ដោះស្រាយ​នូវ​បញ្ហា​កកស្ទះ​»​។​

​លោក ច្រឹ​ក សុខ​នី​ម អះអាងថា បើទោះជា​មាន​ស្ពាន​ហើយក៏​ដោយ​ក៏​តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់​នាពេល​បច្ចុប្បន្ន មិនទាន់មាន​ការឡើង​ថ្លៃ​គួរឱ្យកត់សម្គាល់​ដែរ ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​សព្វថ្ងៃនេះ មិនទាន់​អំណោយផល​ល្អ សម្រាប់​ការដោះដូរ​អចលនទ្រព្យ​នៅឡើយ​ទេ ជាពិសេស​សក្តានុពល​នៃ​ការទិញ​អចលនទ្រព្យ​។​

លោក​បាន​អះអាង​ទៀតថា​៖«​ខ្ញុំ​ជឿជាក់ ត្រឹម​២​ទៅ​៣ ឆ្នាំ​ទៀត តំបន់​ដែល​ស្ថិតនៅ​ជុំវិញ និង​កៀក​នឹង​ស្ពាន​នេះ នឹងមាន​សក្តានុពល​ខ្ពស់​ក្នុងការ​ឡើងថ្លៃ​នាពេល​ខាងមុខនេះ​»​។​

​លោកស្រី គ្រេស រចនី ហ្វុ​ង (Grace Rachny Fong) នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Cambodia ដែលជា​ក្រុមហ៊ុន​លក់ ជួល​អចលនទ្រព្យ​នៅ​កម្ពុជា ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​ផ្លូវជាតិ​លេខ​៦​អា (៦A) កំពុង​តែមាន​សក្តានុពល​ល្អ ដូច្នេះ​បន្ទាប់ពី​មាន​ស្ពានបេតុង​ឫស្សី​កែវ​នេះ វា​នឹង​ជួយ​ជំរុញ​សក្តានុពល​បន្ថែម​សម្រាប់​វិស័យ​អចលនទ្រព្យ​ក្នុង​តំបន់​នេះ​។​

​លោកស្រី​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ស្ពានបេតុង​ឫ​ស្សី​កែវ​នេះ ត​ភ្ជាប់​ផ្លូវជាតិ​ធំៗ​នៅ​សងខាង​ទន្លេសាប ដែល​បាន​ត​ភ្ជាប់​ខេត្ត​សក្តានុពល​មួយចំនួន ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​ទាំង២​នេះ​។​យើង​រំពឹងថា ស្ពាន​នេះ​មិន​ត្រឹមតែ​អំណោយផល​សម្រាប់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​ជួយ​ជំរុញ​សកម្មភាព​ជួញដូរ​អចលនទ្រព្យ​ឱ្យ​សកម្ម​ឡើងវិញ​ផងដែរ ក្រោយ​ស្ថានភាព​កូ​វីដ​១៩ ធូរស្រាល​»​។​

​ សូមជម្រាបថា គម្រោង​ស្ពានបេតុង​ឫស្សី​កែវ​ត្រូវបាន​វិនិយោគ​សាងសង់​នៅ​ពាក់កណ្ដាល​ឆ្នាំ២០២១ មាន​ប្រវែង ៩២២ម៉ែត្រ ទទឹង​២០,៥​ម៉ែត្រ​។ ចិញ្ចើម​ស្ពាន សម្រាប់​ថ្មើរ​ជើងមាន​ទទឹង​១,២៥​ម៉ែត្រ​សងខាង កម្ពស់​សសរ​ស្ពាន សម្រាប់​ព្យួរ​ខ្សែកាប​ធៀប​នឹង​កម្រាល​ស្ពាន​ប្រវែង​៣៤​ម៉ែត្រ បន្ថែម​ដោយ​រចនាប័ទ្មទំនើប​ដែលមាន​សសរ​ធំ​ចំនួន ៤​បង្គោល និង​មាន​កម្ពស់រហូតដល់​៤០​ម៉ែត្រ ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ ៣៥លាន​ដុល្លារ អាមេរិក​។​

​ ស្ពានបេតុង​ឫស្សី​កែវ​ដែលជា​ស្ពាន​ខ្សែកាប​ទី១​ក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវបាន​គេ​ប្រមាណ​ថា​ នឹង​ក្លាយជា​សរសៃឈាម​និង​ច្រក​សេដ្ឋកិច្ច​ដើម្បី​លើក​ត​ម្កើ​ង​ប្រជាប្រិយភាព​ក្នុង​វិស័យ​អចលន​ទ្រព្យ ការធ្វើ​ចរាចរ​ណ៍ឆ្លងកាត់​ទៅ​តំបន់​ជ្រោយចង្វារ​កាន់តែ​ងាយស្រួល កាត់បន្ថយ​គ្រោះថ្នាក់ ការកកស្ទះ និង​ជាពិសេស​ធ្វើឱ្យ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​កាន់តែ​មានតម្លៃ​ខ្ពស់ជាង​មុន។ ស្ពាន​នេះ​ផ្សារ​ភ្ជាប់ខណ្ឌ​ធំៗ​ចំនួន​២ គឺ​ខណ្ឌ​ឫស្សី​កែវ ផ្លូវជាតិ​លេខ​៥ ដោយ​ឆ្លងកាត់​តាម​រង្វង់​មូល​សុវណ្ណ​ម​ច្ឆាក្នុង​ទីក្រុង​ជ្រោយចង្វារ (​មហាវិថី OCIC) ទៅកាន់​ផ្លូវជាតិ​លេខ​៦ នៃ​ខណ្ឌ​ជ្រោយចង្វារ​។​

​ សូម​រំឭក​ដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នូវ​ស្ពានបេតុង​ឫស្សីកែវ ឆ្លង​ទន្លេសាប ស្ថិតក្នុង​ខណ្ឌ​ជ្រោយចង្វារ ចាប់ពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៣ តទៅ​។ ការដាក់ឱ្យ​ប្រើប្រាស់​បណ្តោះ​អាសន្ន​នេះ បន្ទាប់ពី​ទទួលបាន​គោលការណ៍​អនុញ្ញាត​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​៕