
ទិដ្ឋភាពអគារខុនដូ នៅកោះពេជ្រ។ ហេង ជីវ័ន
ភ្នំពេញៈ ខុនដូចំនួន ៥ ដែលមានបន្ទប់ស្នាក់នៅជាង ៣ ៩០០ យូនីត បានប្រកាសបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ ដែលធ្វើឱ្យចំនួនបន្ទប់ខុនដូនៅក្នុងរាជធានីភ្នំពេញ គិតត្រឹមចុងខែមីនា កន្លងទៅកើនដល់ប្រមាណ ៤៨ ៦០០ យូនីត ខណៈមានគម្រោងថ្មី ២បានប្រកាសបើកលក់។ នេះបើយោងតាមក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
របាយការណ៍ស្រាវជ្រាវរបស់ CBRE Cambodia ដែលចេញផ្សាយកាលពីសប្តាហ៍មុន ឱ្យដឹងថា ការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញរបស់ប្រទេសនានាលើពិភពលោកបន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ ១៩ ធូរស្រាល បានធ្វើឱ្យសកម្មភាពនៃការសាងសង់ថ្មី និងការបញ្ចប់គម្រោងចាស់ៗមានដំណើរទៅមុខល្អប្រសើរនាដើមឆ្នាំនេះ។ ទោះយ៉ាងណាសម្រាប់ចលនាទិញលក់អចលនទ្រព្យ គឺនៅតែបន្តភាពស្ងប់ស្ងាត់ដដែល។
បើតាម CBRE Cambodia ពីខែមករា-ខែមីនា ឆ្នាំ ២០២៣ ក្នុងរាជធានីភ្នំពេញ មានគម្រោងអភិវឌ្ឍន៍ខុនដូ ៥ បានបញ្ចប់ការសាងសង់ និងបើកឱ្យអតិថិជនចូលស្នាក់នៅ ដែលគម្រោងទាំង ៥ មានបន្ទប់ស្នាក់នៅសរុប ៣ ៩០០ យូនីត។ គម្រោងទាំងនោះគឺ ២ ជាប្រភេទតម្លៃមធ្យម (Mid Range) និង ៣ គម្រោងទៀត ជាប្រភេទតម្លៃសមរម្យ (Affordable)។
ចំណែកគម្រោង ២ ដែលប្រកាសចាប់ផ្តើមលក់ រួមមាន J Tower 3 និងគម្រោង Morgan Champs elysees (Phase 1)។ គម្រោងទាំង ២ មានបន្ទប់ស្នាក់នៅសរុបជាង ១ ៣០០ យូនីត។
យោងតាម CBRE Cambodia សម្រាប់តម្លៃលក់ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ គឺប្រហាក់ប្រហែលត្រីមាសទី ៤ ឆ្នាំ ២០២២ ដោយបន្ទប់ខុនដូប្រណីត (High-End) មានតម្លៃលក់ជាមធ្យម ២ ៦០៩ ដុល្លារក្នុង ១ ម៉ែត្រការ៉េ តម្លៃនៅដដែលធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០២២, ខុនដូតម្លៃមធ្យម (Mid-Range) ២ ០០១ ដុល្លារ ថយចុះ ០,៤ ភាគរយ និងប្រភេទតម្លៃសមរម្យ (Affordable) ១ ៣៧១ដុល្លារធ្លាក់ចុះ ០,១ ភាគរយ។
កញ្ញា ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ខែមេសាថា ការបញ្ចប់គម្រោងចំនួន ៥ និងប្រកាសបើកលក់គម្រោងថ្មីចំនួន ២ នាដើមឆ្នាំ ២០២៣ នេះមិនមែនមានន័យថា សកម្មភាពទិញ-លក់ និងតម្លៃខុនដូកើនឡើងទេ គឺវានៅត្រូវការពេលបន្ថែមទៀត។
កញ្ញា ច័ន្ទដាលុច្ស បានប្រាប់ទៀតថា សម្រាប់ឧបសគ្គដែលធ្វើឱ្យទីផ្សារខុនដូនៅកម្ពុជាបន្តភាពស្ងប់ស្ងាត់នៅពេលនេះ គឺដោយសារកត្តាធំៗចំនួន ៣ គឺភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចពិភពលោក បរិមាណផ្គត់ផ្គង់ខុនដូនៅសល់ច្រើនជាងតម្រូវការ និងការដំឡើងអត្រាការរបស់ធនាគារចំពោះប្រាក់កម្ចីដែលធ្វើឱ្យអ្នកចង់ប្រើប្រាស់ឥណទាន ត្រូវការគិតពិចារណាច្រើនជាងមុន។
កញ្ញា ច័ន្ទដាលុច្ស បញ្ជាក់ថា៖ «ការប្រកាសពីគម្រោងអភិវឌ្ឍន៍ខុនដូថ្មី ២ ខាងលើ គឺដោយសារម្ចាស់វិនិយោគមានសុទិដ្ឋិនិយមថា ទីផ្សារខុនដូនឹងមានដំណើរល្អឡើងវិញ ខណៈសកម្មភាពទិញ លក់ជាក់ស្តែងនៅពេលនេះ គឺនៅស្ងប់ស្ងាត់នៅឡើយ»។
អ្នកជំនាញខាងលើបានប្រាប់ទៀតថា កំណើននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិនាពេលនេះ គឺកំពុងផ្តល់ផលវិជ្ជមានច្រើនឱ្យអ្នកនៅក្នុងសេវាកម្មទេសចរណ៍ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ និងសំណង់ គឺនៅត្រូវការពេលបន្ថែមទៀត។
កញ្ញាអះអាងថា៖ «និន្នាការនឹងល្អឡើងវិញជាបណ្តើរ ប៉ុន្តែវានឹងមិនអាចស្ទុះឡើងវិញក្នុងឆ្នាំ ២០២៣ នេះទេ ដោយត្រូវការពេលបន្ថែមទៀត»។
និន្នាការសេដ្ឋកិច្ចសង្គម ឆ្នាំ ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ គម្រោងដែលទទួលការអនុញ្ញាតឱ្យសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានចំនួនសរុប ៤ ២៧៥ គម្រោង ធ្លាក់ចុះ ២៨គម្រោងបើធៀបនឹងឆ្នាំ ២០២១ និងមានទុនវិនិយោគសរុបចំនួន ២ ៩៦៨ លានដុល្លារ ធ្លាក់ចុះ ៤៦,៨ ភាគរយ។
នៅក្នុងចំណោមគម្រោងទាំងអស់នោះ គឺគម្រោងលំនៅឋានមានចំនួន ៣ ៧៦៨ គម្រោង ស្មើនឹង ៨៨,១ ភាគរយនៃសំណើសុំសាងសង់សរុប កើនឡើងចំនួន ៤៨ គម្រោងធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្រៅពីនោះរួមមាន អគារពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងគម្រោងផ្សេងៗទៀត៕