ភ្នំពេញៈ ប្រទេសកម្ពុជានឹងដាក់ឱ្យដំណើរការបរធនអចលនទ្រព្យវិនិយោគ (REIT) នៅពេលណាមួយក្នុងឆ្នាំនេះ ដែលជាការវិវត្តថ្មីមួយដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់ ដែលកំពុងទាក់ទាញការវិនិយោគបានយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា (SERC) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា REIT នឹងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលទទួលបានអាជ្ញាប័ណ្ណពី SERC។ បច្ចុប្បន្នស្ថាប័នលោកបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនមួយចំនួនរួចហើយ។
លោកថ្លែងថា៖ «បរធនអចលនទ្រព្យវិនិយោគនឹងត្រូវដាក់ឱ្យដំណើរការនៅឆ្នាំនេះ ដោយវានឹងបម្រើជាផលិតផលហិរញ្ញវត្ថុថ្មីមួយដែលក្រុមហ៊ុនគ្រប់គ្រងមូលនិធិបង្កើតឡើងដើម្បីប្រមូលមូលនិធិអភិវឌ្ឍនៅក្នុងវិស័យអចលន ទ្រព្យសម្រាប់បង្កើតប្រាក់ចំណេញដល់វិនិយោគិន»។
លោកថ្លែងថា៖ «យើងជឿថាវានឹងត្រូវដាក់ឱ្យដំណើរការក្នុងឆ្នាំនេះតាមរយៈក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលទទួលបានអាជ្ញាប័ណ្ណពីយើង។ REIT ជាផលិតផលដែលត្រូវបានបង្កើតឡើងសម្រាប់ការអភិវឌ្ឍវិស័យនេះតាមរយៈការប្រមូលមូលនិធិពីវិនិយោគិន។ យើងនឹងសហការជាមួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិជុំវិញការបង្កើតនេះដើម្បីធ្វើឱ្យឧស្សាហកម្មនេះដំណើរការដោយរលូន»។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានសាទរថា គំនិតផ្តួចផ្តើមនេះនឹងជំរុញឧស្សាហកម្មនេះ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនគ្រប់គ្រងមូលនិធិអាចប្រមូលមូលនិធិពីសាធារណជន ដើម្បីធ្វើឱ្យឧស្សាហកម្មកាន់តែរីកចម្រើន។
លោកបញ្ជាក់ថា៖ «យើងគិតថា ការដាក់ឱ្យដំណើរការបរធនអចលនទ្រព្យនឹងក្លាយជាវិធានការមួយដ៏ល្អសម្រាប់អ្នកនៅក្នុងឧស្សាហកម្មអចលនទ្រព្យឱ្យមានសមត្ថភាពកាន់តែច្រើនក្នុងការប្រមូលមូលនិធិពីសាធារណជន។ RIT ដែលត្រូវបានត្រួតពិនិត្យដោយ SERC នឹងបង្កើតទំនុកចិត្តក្នុងចំណោមវិនិយោគិនសាធារណៈ និងអ្នកនៅក្នុងឧស្សាហកម្មដែលជាប់ទាក់ទងផ្សេងទៀតដែលចង់វិនិយោគក្នុងវិស័យនេះនៅកម្ពុជា»។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តគម្រោងវិនិយោគសំណង់សរុបចំនួន ៤ ២៧៥ ក្នុងឆ្នាំ ២០២២ ធ្លាក់ចុះ ២៨ គម្រោង ឬ ០,៦៥ ភាគរយធៀបនឹងឆ្នាំ ២០២១ ក្រោមដើមទុនសរុប ២ ៩៦៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៤៦,៨ ភាគរយ។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទិន្នន័យបានបង្ហាញទៀតថា វិស័យលំនៅឋានតំណាងឱ្យ ៣ ៧៦៨ នៃគម្រោង កើនឡើងពី ៣ ៧២០ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ឬ ៨៨,១៤ ភាគរយនៃចំនួនសរុបដែលកើនឡើងពី ៨៦,៤៥ ភាគរយក្នុងឆ្នាំ ២០២១។
ក្រសួងបានបែងចែកតាមប្រភេទដែលបានអនុម័តកាលពីឆ្នាំ ២០២២ គឺសំណង់លំនៅឋាន ៣ ៧៦៨, ពាណិជ្ជកម្ម ២២៨, ឧស្សាហកម្ម ១៨៤, សាធារណៈ ៥៨, ទេសចរណ៍ ៣៦, និងផ្សេងទៀត ១។ តួលេខក្នុងឆ្នាំ ២០២១ គឺលំនៅឋាន ៣ ៧២០, ពាណិជ្ជកម្ម ៣០១, ឧស្សាហកម្ម ១៨៤, សាធារណៈ ៤៧, ទេសចរណ៍ ៤៩ និងផ្សេងទៀត ២៕