ភ្នំពេញៈ ការនាំចូលដែក និងដែកថែប នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៣ មានទឹកប្រាក់ជាង ១២៩ លានដុល្លារកើនតិចតួចបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈចំនួនទឹកប្រាក់នាំចូលដែក និងដែកថែប គឺស្មើនឹង ១,៦៣ ភាគរយនៃទឹកប្រាក់ដែលកម្ពុជាចំណាយលើការនាំចូលទំនិញទាំងអស់ពីទីផ្សារអន្តរជាតិ។
តារាងស្ថិតិពាណិជ្ជកម្មនាំចូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ចាប់ពីខែមករា-មេសា ឆ្នាំ ២០២៣ កម្ពុជាបាននាំចូលដែក និងដែកថែបក្នុងទឹកប្រាក់សរុប ១២៩,០៤ លានដុល្លារកើនឡើង ៧,៧៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមានចំនួន ១១៩,៧២ លានដុល្លារ។
សម្រាប់ខែមេសា ឆ្នាំ ២០២៣ ការនាំចូលដែក និងដែកថែបមានទឹកប្រាក់ ៣៥,៧៥ លានដុល្លារ កើន ០,៣ ភាគរយធៀបខែមេសា ឆ្នាំ ២០២២ ដែលមាន ៣៥,៦៤ លានដុល្លារ។ ទឹកប្រាក់នាំចូលដែកក្នុងខែមេសា ធៀបខែមីនា ឆ្នាំ ២០២៣ គឺកើនឡើង ១,៥៤ លានដុល្លារ ស្មើនឹង ៤,៤៩ ភាគរយ។ នេះបើតាមតារាងខាងលើ។
ប្រធានគ្រប់គ្រងទូទៅសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីផលប៉ះពាល់នៃកំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសវិស័យសំណង់ដែលបណ្តាលមកពីជំងឺកូវីដ ១៩ មានភាពធូរស្រាល ប៉ុន្តែវិបត្តិសេដ្ឋកិច្ចថ្មីៗដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយ និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ុយក្រែន គឺបានដាក់សម្ពាធលើវិស័យសំណង់ជាបន្តទៀត។ នៅពេលសកម្មភាពសាងសង់មិនសូវមានសម្ទុះខ្លាំង តម្រូវការដែក និងដែកថែបសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ក៏មិនសូវកើនឡើងដែរ។ លោកបន្ថែមថា ដោយសារវិស័យសំណង់តែងត្រូវការពេលយូរជាងវិស័យផ្សេងៗទៀតសម្រាប់ការងើបឡើងវិញ ដូច្នេះការនាំចូលដែក ដែកថែប ព្រមទាំងសម្ភារសំណង់ផ្សេងៗទៀត ក៏មិនទាន់កើនឡើងវិញច្រើនដែរនាពេលនេះ។
លោកប្រាប់ថា៖ «កំណើនទឹកប្រាក់នាំចូលដែក និងដែកថែប គឺបញ្ជាក់ថាវិស័យសំណង់ និងសេដ្ឋកិច្ចកម្ពុជាកំពុងចាប់ផ្តើមងើបពីវិបត្តិ (កូវីដ ១៩)។ នៅពេលវិស័យនានាដំណើរការពេញលេញ តម្រូវការអគារស្នាក់នៅ អគារការិយាល័យ និងកន្លែងប្រើប្រាស់ផ្សេងទៀតនឹងកើនឡើង ហើយពេលនោះការនាំចូលដែក និងដែកថែបសម្រាប់ការសាងសង់នឹងមានសម្ទុះខ្លាំង»។
បើតាមលោក ស៊ីវផេង បច្ចុប្បន្នចំនួនគម្រោងវិនិយោគវិស័យសំណង់ ដែលមកដាក់ពាក្យសុំសាងសង់នៅអាជ្ញាធរ ក៏មានចំនួនកើនឡើងដែរធៀបនឹងអំឡុងឆ្នាំ ២០២១ និងឆ្នាំ ២០២២។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានឱ្យដឹងថា ដោយសារកំណើនសេដ្ឋកិច្ចពិភពលោកមិនទាន់រឹងមាំ ហើយវិស័យសំណង់ត្រូវការពេលយូរជាងវិស័យផ្សេងទៀតសម្រាប់ការងើបឡើងវិញ ដូច្នេះការកើនឡើងបន្តិចបន្តួចនៃចំនួនទឹកប្រាក់នាំចូលដែក និងដែកថែបនាពេលនេះ គឺបញ្ជាក់ឱ្យឃើញថា វិស័យនោះមិនបន្តជាប់គាំងខ្លាំងដូចកាលពីជាង ២ ឆ្នាំមុនកន្លងមកទៀតទេ។ ការនាំចូលដែកក្នុងវិស័យសំណង់អាចត្រូវការពេលបន្ថែមទៀត ខណៈផលិតកម្មនៅក្នុងប្រទេសកម្ពុជាក៏បានដំណើរការកាន់តែល្អផងដែរ។
លោកថ្លែងថា៖ «ដោយសារទីផ្សារទាំង ២ ផ្សារភ្ជាប់គ្នា (វិស័យសំណង់ និងអចលនទ្រព្យ) ដូច្នេះកំណើនការនាំចូលដែក និងដែកថែបអាចនឹងត្រូវការពេលមិនតិចជាង ១ ឆ្នាំទៀតទេ»។
យោងតាមលោក សុខនឿន ទីផ្សារអចលនទ្រព្យនៅពេលនេះមិនទាន់ល្អទេបើធៀបនឹងមុនពេលមានវត្តមានជំងឺកូវីដ ១៩ ប៉ុន្តែវាល្អគ្រាន់បើ បើធៀបទៅអំឡុងឆ្នាំ ២០២០-២០២២។
កាលពីដើមខែធ្នូ ឆ្នាំ ២០២០ មានរោងចក្រផលិតដែកថែបរបស់ក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ស្ទីល ឯ.ក ដែលវិនិយោគដោយវិនិយោគិនចិនក្នុងទឹកប្រាក់ ១៦,៧ លានដុល្លារបានបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ។ រោងចក្រនេះមានសមត្ថភាពផលិតដែកបាន ៥០០ ០០០ តោន នៅក្នុងដំណាក់កាលដំបូង។
បើយោងតាមលោក ស៊ីវផេង ដែកដែលប្រើក្នុងវិស័យសំណង់នៅកម្ពុជាភាគច្រើននាំមកពីប្រទេសវៀតណាម ចិន និងថៃ។
ឆ្នាំ ២០២២ ប្រទេសកម្ពុជាបាននាំចូលដែក និងដែកថែប ដែលមានទឹកប្រាក់សរុប ៣៥៩,៨១៩ លានដុល្លារ កើនឡើង ២៣,១ ភាគរយពីចំនួន ២៩២,៣៣៩ លានដុល្លារកាលពីឆ្នាំ ២០២១។ ចំនួនប្រាក់កម្ពុជាចំណាយលើការនាំចូលដែក និងដែកថែប គឺស្មើប្រមាណ ១,២ ភាគរយធៀបនឹងចំនួនប្រាក់នៃការនាំចូលទំនិញក្នុងឆ្នាំ ២០២២ ដែលមាន ២៩ ៩៤១,៦០ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕