ភ្នំពេញៈ អគ្គនាយក​និយ័ត​ករបរ​ធន​បាល​កិច្ច​​ (​ន​.​ប​.​ធ​) បាន​លើកឡើងថា វត្តមាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​លើ​វិស័យ​បរ​ធន​បាល​កិច្ច នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម លើកស្ទួយ​ធុរកិច្ច​សំណង់ និង​អចលនទ្រព្យ និង​អភិវឌ្ឍន៍​ផ្នែក​ឯកជន​នៅ​កម្ពុជា ស្របពេល​វិស័យ​បរ​ធន​បាល​កិច្ច​កំពុង​រីក​ចម្រើន​ដោយ​ទទួលបាន​ការចុះ​បញ្ជី​ត្រឹមត្រូវ​តាមច្បាប់​កើន​ដល់​ចំនួន ៥១៩​ ករណី ជាមួយ​ទំហំ​បរ​ធន​ខ្ពស់ជាង ១​ ពាន់​លាន​ដុ​ល្លារ គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣​។​

​កាលពី​ថ្ងៃទី​ ២៦ ខែឧសភា និយ័ត​ករបរ​ធន​បាល​កិច្ច និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​​ឋាន​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU)​ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការលើកកម្ពស់​ការយល់​ដឹង​ជា​សាធារណៈ និង​ការជំរុញ​ការ​​ចូលរួម​ក្នុង​វិស័យ​បរ​ធន​បាល​កិច្ច​នៅ​កម្ពុជា​។ MoU នេះ​ត្រូវបាន​ធ្វើឡើង​រវាង លោក សុខ​ ដា​រ៉ា អគ្គនាយក​នៃ​និយ័ត​ករបរ​​ធន​បាល​កិច្ច និង​លោក លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​។​

​លោក សុខ ដា​រ៉ា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា តាមរយៈ​ការចុះ MoU នេះ​ស្ថាប័ន​ទាំង​ ២​ នឹង​រួមគ្នា​ចូលរួម​លើកស្ទួយ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច កម្ពុជា​តាមរយៈ​ការផ្តល់​ថ្នាល និង​វេទិកា​គាំទ្រ​សហគមន៍​អ្នក​អភិវឌ្ឍន៍​​លំនៅឋាន ការបង្កើត​ឱកាស និង​ផ្សារភ្ជាប់​បណ្តាញ​ធុរកិច្ច​សំណង់ និង​អចលនទ្រព្យ ការ​​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​កម្ពុ​ជា និង​ការបំពេញ​តួនាទី​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ភាពជា​ដៃគូ​ដ៏​សកម្ម​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម លើកស្ទួយ​ធុរកិច្ច​សំណង់ និង​អចលនទ្រព្យ និង​អភិវឌ្ឍន៍​ផ្នែក​ឯកជន​នៅ​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​តាមរយៈ​ការចុះ​អនុស្សរណៈ​នេះ ន​.​ប​.​ធ នឹង​បង្កើត និង​ចាប់យក​កាលា​នុ​វត្ត​ភាព​យុទ្ធសាស្ត្រ​ថ្មី ឆ្លើយ​តប​នឹង​និន្នាការ​ទីផ្សារ និង​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់ បង្កើត​ប្រព័ន្ធ​គ្រប់​ជ្រុងជ្រោយ និង​ប្រ​​ព័ន្ធ​សហ​ថាមភាព (Eco-System & Synergies System) និង​សកម្មភាព​យុទ្ធសាស្ត្រ​ផ្តល់នូវ​តម្លៃបន្ថែម​ក្នុងការ​ទាក់ទាញ​នូវ​លំហូរ​មូលធន និង​ការធានា​សន្ទនីយ​ភាព​ក្នុង​ធុរកិច្ច​សំណង់ អចលនទ្រព្យ និង​អភិវឌ្ឍន៍​លំ​​នៅ​ឋាន​»​។​

​លោក​បន្ថែមថា​៖ «​ការដាក់ឱ្យ​ដំណើរការ​វិស័យ​ធន​បាល​កិច្ច​នៅ​កម្ពុជា ក៏ដូចជា និយ័ត​ករបរ​ធន​បាល​កិច្ច ជាការ​គិតគូរ​ល្អិត​ល្អន់​ប្រកបដោយ​វិចារណ​កម្ម​ច្បាស់លាស់​របស់​រដ្ឋាភិបាល​។ បរ​ធន​បាល​កិច្ច​ដែល​បាន​បង្កើត និង​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​បាន​កើន​ដល់ ៥១៩ ករណី​ជា​មួយ​ទំហំ​បរ​ធន​ជាង ១ ​ពាន់​​លាន​ដុល្លារ​ជា​លើកដំបូង​»​។​

​លោក លី ហួរ បានឱ្យដឹង​ក្នុង​ពិធី​ចុះហត្ថលេខា​ថា អនុ​ស្សរ​ណៈ​នេះ​មានបំណង​បង្កើត​នូវ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​រ​វាង​និយ័ត​ករប​រធន​បាល​កិច្ច និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំ​​នៅ​ឋាន​កម្ពុជា ក្នុង​គោលដៅ​ដើម្បី​បញ្ជ្រាប និង​លើកកម្ពស់​ការយល់ដឹង​លើ​វិស័យ​បរ​ធន​បាល​កិច្ច​នៅ​កម្ពុជា ក៏ដូចជា​ការជំរុញ​ការចូលរួម​ក្នុង​វិស័យ​បរ​ធន​បាល​កិច្ច​ពី​សំណាក់​សមា​ជិ​ក​-​សមាជិកា​នៃ​សមាគម​អ្នក​​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ដែលជា​ធុរជន និង​ជា​ក្រុមហ៊ុន​អ្នក​វិនិយោគ​ក្នុង​វិស័យ​អភិវឌ្ឍន៍​សំ​ណង់ បុរី និង​លំនៅឋាន​ឱ្យមាន​លទ្ធភាព​សមស្រប​ដើម្បី​រៀបចំខ្លួន​ក្នុងការ​ចូលរួម​ក្នុង​ទីផ្សារ​បរ​ធន​បាល​កិច្ច​នៅ​កម្ពុជា​។​

​លោក​បញ្ជាក់ថា​៖ «​ក្នុង​ក្រប​​ខ័​ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ សមាគម​អ្នក​អភិវឌ្ឍន៍​លំ​នៅ​ឋាន​កម្ពុជា​នឹងចូលរួម​ជា​មួយ​និយ័ត​ករប​រធន​បាល​កិច្ច​ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​អំពី​វិស័យ​បរ​ធន​បាល​កិច្ច​នៅ​កម្ពុជា ពិសេស​ឱ្យបាន​ទៅដល់​សមាជិក​-​សមាជិកា និង​ដៃគូ​សហប្រតិបត្តិការ​រ​បស់​ខ្លួន ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​បរ​ធន​​បាល​កិច្ច ច្បាប់ និង​បទ​ប្បញ្ញត្តិ​។​

​លោក​បន្តថា សមាគម​អ្នក​​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា មាន​វត្តមាន និង​បំពេញបេសកកម្ម​របស់​ខ្លួន​ជាង ៨ ​ឆ្នាំ​មកហើយ និង​បច្ចុប្បន្ន​មាន​សមាជិក​សរុប​៧៤​ក្រុមហ៊ុន ដែលជា​អ្នក​វិ​និ​​យោគ​លើ​វិស័យ​សំណង់ បុរី លំនៅឋាន និង​ខុន​ដូ​៕