
សាលាឃុំអរិក្សត្រ ជាតំបន់ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចលើកលែងពន្ធលើអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៣។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចលើកលែងពន្ធលើអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ ២០២៣ នេះ ចំពោះអចលនទ្រព្យដែលស្ថិតនៅក្នុងក្រុងទើបបង្កើតថ្មីចំនួន ៤ នៅខេត្ដកំពង់ស្ពឺ ខេត្ដកណ្ដាល និងខេត្ដកំពត។
យោងសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បញ្ជាក់ថា ត្រូវបានលើកលែងពន្ធលើអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៣ ចំពោះអចលនទ្រព្យ ដែលស្ថិតនៅក្នុងក្រុងឧដុង្គម៉ែជ័យ នៃខេត្ដកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្ដកណ្ដាល និងក្រុងបូកគោ នៃខេត្ដកំពតផងដែរ។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា៖ «ម្ចាស់អចលនទ្រព្យទាំងអស់ ដែលស្ថិតក្នុងក្រុងដូចមានកំណត់ក្នុងសេចក្តីប្រកាសខាងលើ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យ នៅសាខាពន្ធដារខេត្ត ដែលអចលនទ្រព្យស្ថិតនៅ ឬនៅនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ ប៉ុន្តែពុំមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៣»។
ក្នុងករណីអចលនទ្រព្យខាងលើ ដែលបានបង់ពន្ធលើអចលនទ្រព្យរួចហើយ ចំនួនប្រាក់ពន្ធដែលបានបង់រួចនោះ ត្រូវបានអនុញ្ញាតឱ្យធ្វើជាឥណទានយោង សម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំបន្តបន្ទាប់។
ក្រសួងគូសបញ្ជាក់ថា៖«ម្ចាស់អចលនទ្រព្យ ត្រូវស្នើសុំឥណទានពន្ធលើអចលនទ្រព្យ ដែលបានបង់រួច នៅសាខាពន្ធដារខេត្តដែលអចលនទ្រព្យស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់យកទៅកាត់កងពន្ធ លើអចលនទ្រព្យសម្រាប់ឆ្នាំជាប់ពន្ធបន្តបន្ទាប់»។
សេចក្ដីប្រកាសដដែលបានបន្ថែមថា គ្រប់អង្គភាពពាក់ព័ន្ធដែលទទួលបន្ទុក ហើយស្ថិតក្រោមឱវាទរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងខ្លួន ចាប់ពីការចុះហត្ថលេខានេះតទៅ។
ជុំវិញរឿងនេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការលើកលែងពន្ធនេះ មានហេតុផលចំនួន៣ ដោយហេតុផលទី១ អាចថា ក្រសួងរៀបចំការយកពន្ធនៅក្រុងបង្កើតថ្មីទាំងនោះ មិនទាន់រួចរាល់ ដែលមានន័យថា ការរៀបចំប្រព័ន្ធ និងការរៀបចំមន្ត្រីយកពន្ធជាដើម។
ហេតុផលទី២ ដោយសារតែរដ្ឋចង់បង្កលក្ខណៈងាយស្រួលបន្ថែមទៀត ជាពិសេសគឺរដ្ឋចង់ទាក់ទាញអ្នកវិនិយោគ អ្នកដែលធ្វើការលើអចលនទ្រព្យឱ្យមានការចាប់អារម្មណ៍ និងចង់ធ្វើការវិនិយោគលើទីតាំងទាំងនោះឱ្យបានច្រើន ពីព្រោះទីតាំងទាំងនោះ មិនយកពន្ធទេ។
ហេតុផលទី៣នោះ លោកយល់ថា រដ្ឋចង់ឱ្យទីផ្សារអចលនទ្រព្យនៅទីតាំងថ្មីទាំងនោះ អាចមានសម្ទុះកើនឡើង និងទទួលបានការចាប់អារម្មណ៍ពីសាធារណជនផ្សេងៗ មកទិញ-លក់ និងរស់នៅផងដែរ។
លោក យង់ គិមអេង មានប្រសាសន៍ថា៖ «ដូច្នេះកត្តាអចលនទ្រព្យ វាគឺជារឿងសំខាន់មួយ នៅក្នុងការអនុវត្តនៅទីក្រុងថ្មីៗដែលទើបតែបង្កើតហ្នឹង អ៊ីចឹង!ការលើកលែងពន្ធនេះ វាជួយទាក់ទាញទាំងអ្នកវិនិយោគ និងទាំងសាធារណជន មកចាប់អារម្មណ៍ទិញអចលនទ្រព្យ និងការធ្វើអាជីវកម្ម»។
បើតាមលោក គិមអេង ការលើកលែងពន្ធនេះ វាមិនមានផលប៉ះពាល់អ្វីឡើយដល់ចំណូលពន្ធរដ្ឋ ពីព្រោះប្រសិនជាអចលនទ្រព្យនៅក្រុងបង្កើតថ្មីទាំងនោះ មានអ្នកវិនិយោគ និងសាធារណជនមានការចាប់អារម្មណ៍កាន់តែច្រើនមកទិញ ឬក៏លក់ នោះប្រាកដជារដ្ឋនឹងទទួលបានចំណូលការបង់ពន្ធពីអ្នកទាំងនោះកាន់តែច្រើនផងដែរ។
សម្រាប់លោក គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា យល់ថា ការលើកលែងពន្ធនេះ វាជាការជំរុញវិស័យអចលនទ្រព្យឡើងវិញ។
លោក គី សេរីវឌ្ឍន៍ បញ្ជាក់ថា៖ «ការមិនយកពន្ធនេះ វាមិនប៉ះពាល់ដល់ចំណូលរដ្ឋទេ ព្រោះឥឡូវគ្មានប្រតិបត្តិការទិញ-លក់អចលនទ្រព្យ ដូច្នេះប្រសិនជារដ្ឋមិនយកពន្ធ ក៏គ្មានចំណូល ហើយប្រសិនជារដ្ឋយកពន្ធ ក៏គ្មានចំណូលដូចគ្នាដែរ៕