ភ្នំពេញៈ ទោះបីវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីកូវីដ ១៩ មានភាពធូរស្រាល ប៉ុន្តែវិបត្តិថ្មីៗដែលកើតពីជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន គឺនៅតែបន្តដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចសកល និងប្រទេសកម្ពុជាដដែល។ ជាក់ស្តែងក្នុងឆមាសទី ១ ឆ្នាំ ២០២៣ នេះស្ថានភាពវិស័យអចលនទ្រព្យក្នុងក្រុងព្រះសីហនុ ដែលធ្លាក់ចុះយ៉ាងគំហុកចាប់តាំងចុងឆ្នាំ ២០១៩ មក គឺមិនទាន់បានបង្ហាញពីការរីកចម្រើនឡើងវិញទេនាពេលនេះ។ នេះបើតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។
ប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំនៅខេត្តព្រះសីហនុ លោក អ៊ឹម សេងហួ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១២ ខែមិថុនា ថា ទីផ្សារទិញ-លក់អចលនទ្រព្យនៅក្រុងព្រះសីហនុពេលនេះ គឺនៅធ្លាក់ចុះច្រើនបើធៀបមុនឆ្នាំ ២០១៩ ប៉ុន្តែបើធៀបទៅអំឡុងពេលការផ្ទុះជំងឺកូវីដ ១៩ (ឆ្នាំ ២០២០-២០២២) គឺការទិញលក់ពេលនេះបានកើនចន្លោះពី ១០-២០ ភាគរយ។ បច្ចុប្បន្នការទិញ-លក់អចលនទ្រព្យ ត្រូវបានធ្វើឡើងភាគច្រើនតែរវាងប្រជាជនក្នុងស្រុកប៉ុណ្ណោះ និងមានតម្លៃទិញ-លក់ចន្លោះពី ៥០ ០០០-១០០ ០០០ ដុល្លារ ខុសគ្នាពីអំឡុងមុនឆ្នាំ ២០១៩ ដែលការទិញ-លក់ភាគច្រើនមានប្រាក់រាប់សិបម៉ឺនដុល្លារ។
លោកថ្លែងថា៖ «ទីផ្សារអចលនទ្រព្យពេលនេះធៀបនឹងមុនឆ្នាំ ២០១៩ គឺនៅស្ងប់ស្ងាត់ខ្លាំង ប៉ុន្តែវាមិនអាក្រក់ដូចអំឡុង ២-៣ ឆ្នាំកន្លងមកទេ។ អ្វីដែលគ្រាន់បើពេលនេះ គឺទីផ្សារជួលអគារសម្រាប់ស្នាក់នៅ»។
ទាក់ទងនឹងទីផ្សារជួល លោក សេងហួ បានប្រាប់ថា ការបើកទទួលភ្ញៀវបរទេសពីគ្រប់តំបន់ បានធ្វើឱ្យសម្ទុះតម្រូវការកន្លែងជួលស្នាក់នៅក្នុងក្រុងព្រះសីហនុ ងើបឡើងជាបន្តបន្ទាប់ ដោយតម្លៃក៏កើនឡើងដែរ។
លោកនិយាយថា៖ «បច្ចុប្បន្នគេសង្កេតឃើញមានជនជាតិឥណ្ឌូនេស៊ីកាន់តែច្រើនបានមកធ្វើការក្នុងក្រុងព្រះសីហនុ (កាស៊ីណូ) ដែលធ្វើឱ្យតម្រូវការកន្លែងជួលស្នាក់ និងតម្លៃកើនឡើងក្នុងរង្វង់ពី ២០-៣០ ភាគរយធៀបឆ្នាំ ២០២២»។
សម្រាប់ទីផ្សារទិញ-លក់ និងជួលអចលនទ្រព្យក្នុងខេត្តព្រះសីហនុនាពេលខាងមុខ លោក សេងហួ បានអះអាងថា ត្រូវរង់ចាំមើលបន្ទាប់ពីការបោះឆ្នោតជាតិនៅចុងខែកក្កដា ខាងមុខសិន ព្រោះមានអតិថិជនរបស់លោកជាច្រើនប្រាប់ថា គេនឹងសម្រេចចិត្តបន្ទាប់ពីបោះឆ្នោតរួច។
បើយោងតាមលោក សេងហួបច្ចុប្បន្នអចលនទ្រព្យនៅទីតាំងល្អបំផុត (អូឈើទាល [សង្កាត់លេខ ៣ និង ៤] អាចមានតម្លៃចន្លោះពី ២ ៥០០-៣ ០០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ ដោយធ្លាក់ចុះពីចន្លោះពី ៤ ៥០០-៥ ០០០ ដុល្លារកាលពីអំឡុងឆ្នាំ ២០១៨ ពេលតម្លៃអចលនទ្រព្យនៅខេត្តព្រះសីហនុកើនឡើងខ្ពស់បំផុត)។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បាននិយាយថា វិបត្តិសេដ្ឋកិច្ចសកលដែលបន្តអូសបន្លាយតាំងពីដើមឆ្នាំ ២០២០ បានធ្វើឱ្យទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុ នាពេលនេះនៅមិនទាន់បង្ហាញពីការស្ទុះឡើងវិញទេ ដោយវាត្រូវការពេលបន្ថែមទៀត ខណៈនៅមុនឆ្នាំ ២០១៩ ទីផ្សារអចលនទ្រព្យនៅទីនោះមានសម្ទុះយ៉ាងឆាប់រហ័សតាមរយៈការបណ្តាក់ទុនរបស់វិនិយោគិនចិន។
លោកបន្ថែមថា ដើម្បីឱ្យវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុងើបឡើងវិញគឺគេអាចត្រូវការពេលយ៉ាងតិច ៣ ឆ្នាំទៅមុខក្នុងការជំរុញឱ្យគម្រោងសាងសង់ដែលជាប់គាំងកន្លងមកបញ្ចប់ការសាងសង់។ វិនិយោគិនចិននឹងបន្តដើរតួសំខាន់សម្រាប់ទីផ្សារអចលនទ្រព្យក្នុងខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា៖ «សម្រាប់សកម្មភាពទិញលក់ និងតម្លៃអចលនទ្រព្យក្នុងក្រុងព្រះសីហនុ ក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ធៀបនឹងឆ្នាំ ២០២២ គឺមានការប្រែប្រួលតិចបំផុត»។
ក្នុងគោលបំណងអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យក្លាយជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» រដ្ឋាភិបាលកម្ពុជា កាលពីខែមិថុនា ឆ្នាំ ២០២១ បានសម្រេចបង្កើតគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅទីនោះឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
លោក សំ សុខនឿន បានលើកឡើងថា គម្រោងសាងសង់ដែលជាប់គាំងនាពេលកន្លងមក គឺចាប់ផ្តើមដំណើរការសាងសង់បន្តខ្លះៗហើយពេលនេះ។ លោកបញ្ជាក់ថា៖ «រដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ កំពុងខិតខំយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហា»។
ដើម្បីជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម រាជរដ្ឋាភិបាលរយៈពេល ២-៣ ឆ្នាំមកនេះបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើន ព្រមទាំងបានដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញផងដែរ៕