​ភ្នំពេញៈ កម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង ១៩២​ លាន​ដុល្លារ​នៅក្នុង​ឆមាស​ទី១ ឆ្នាំ​ ២០២៣ លើ​ការ​នាំចូល​ដែក និង​ដែកថែប​ពី​ក្រៅប្រទេស​មក​បំពេញ​តម្រូវ​ការ​ក្នុងស្រុក ដោយ​ចំនួន​នេះ​កើនឡើង​តិចតួច​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំមុន ខណៈ​ទឹក​​ប្រាក់​ខាងលើ​ស្មើនឹង​ជិត ១,៦ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​បាន​បញ្ចេញ​ទៅលើ​ការ​នាំចូល​ផលិតផល​ទាំង​អស់ពី​ទីផ្សារ​អន្តរជាតិ​។​

​ស្ថិតិ​ពាណិជ្ជកម្ម​របស់​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ប​ង្ហា​ញ​ថា ចាប់ពី​ខែមករា​-​ខែ​​មិថុនា ឆ្នាំ​ ២០២៣ ទឹកប្រាក់​ដែល​កម្ពុជា​បញ្ចេញ​លើ​ការនាំ​ចូល​ដែក និង​ដែកថែប មាន​ចំ​នួន ១៩២,២៨​ លាន​ដុល្លារ កើន​ឡើង ៣,៥ ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែលមាន ១៨៥,៧៦​លាន​ដុ​​ល្លារ​។ ចំនួន​នេះ​គឺ​ស្មើ ១,៥៧ ​ភាគរយ​នៃ​ការនាំ​ទំនិញ​ចូល​សរុប​របស់​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ដែលមាន ១២ ២២៩,១៨​ លាន​ដុល្លារ​។​

​លោក សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៣ ខែកក្កដា​ថា បើទោះបី​ការ​គំរាមកំហែង​ពី​វិបត្តិ​កូ​វីដ​ ១៩ លើ​ពិភពលោក​បានបញ្ចប់​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​កើតជា​បន្តបន្ទាប់ ពិសេស​បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​ធំៗ និង​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន គឺ​ពិតជា​បាន​បន្ត​ដាក់​សម្ពាធ​លើ​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​គ្រប់​ប្រទេស​។

លោក​បន្តថា ភាពមិន ច្បាស់ លាស់​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក​បាន​ក្លាយជា​ឧបសគ្គ​រារាំង​អ្នកវិនិយោគ​ឱ្យ​ពន្យារពេល​បញ្ចេញ​ទុន​វិ​និ​យោគ​លើ​គ្រប់​វិស័យ​។ លោក​បន្តថា ដោយសារ​វិស័យ​សំណង់ និង​អចលនទ្រព្យ តែង​ត្រូវការ​ដើមទុន និង​ពេលវេលា​ច្រើន ​(​ការសាងសង់​) ដូច្នេះ​វិស័យនេះ គឺ​ពិតជា​ត្រូវការ​ពេល​យូរ​ជាង​វិស័យ​ផ្សេងៗ​ទៀត​ដើម្បី​ងើបឡើង​វិញ​។​

​លោក​បញ្ជាក់ថា​៖ «​ការ​សាង​សង់​គម្រោង​ធំៗ និង​ការទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា​ក្នុង​ពេលនេះ គឺ​មិនសូវមាន​សកម្ម​ភាព​ដូច​មុន​ឆ្នាំ​ ២០២០ ឡើយ​។ វិស័យនេះ​ត្រូវការ​ពេល​បន្ថែមទៀត​សម្រាប់​ងើបឡើង​វិញ​។ នៅពេល​សកម្មភាព​សាងសង់​មិនមាន​សកម្មភាព តម្រូវការ​ប្រើប្រាស់​ដែក និង​សម្ភារ​សំ​​ណង់​ក៏​មិនមាន​ច្រើន​ដែរ​»​។​

​យោងតាម​លោក សុខ​នឿន ទីផ្សារ​អចលនទ្រព្យ​នៅពេល​​នេះ​មិនទាន់​ល្អ​ទេ​បើ​ធៀប​នឹង​មុនពេល​មាន​វត្តមាន​ជំងឺ​កូ​វីដ​ ១៩ ប៉ុន្តែ​វា​ល្អ​គ្រាន់បើ បើ​ធៀប​អំឡុង​ឆ្នាំ​ ២០២០-២០២២​។​

​អគ្គលេខាធិការ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា បានឱ្យដឹងថា ចាប់​តាំងពី​ឆ្នាំ​ ២០២០ មក​វិស័យ​សំណង់​នៅ​កម្ពុជា​មិនមាន​ដំ​ណើ​រ​ការល្អ​ទេ ពិសេស​គម្រោង​ធំៗ​ដែលមាន​ម្ចាស់​ជា​វិ​និ​យោ​គិ​នប​រទេស​។ ដោយសារ​មិនសូវមាន​គម្រោង​ធំៗ ដូច្នេះ​តម្រូវ​ការ​ដែក​ក្នុង​វិស័យ​សំណង់​ក៏​មិនមាន​បរិមាណ​ច្រើន​ដូច​មុន​ដែរ​។ លោក​បន្តថា អ្វី​ដែលមាន​ពេលនេះ​ភាគច្រើន​ជា​សំណង់​លំនៅឋាន​សម្រាប់​បំពេញតម្រូវការ​ប្រជាជន​ក្នុងស្រុក និង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​តែប៉ុណ្ណោះ​។​

​លោក​និយាយថា​៖ «​ដោយ​សារ​វិស័យ​សំណង់​ផ្សារភ្ជាប់​ខ្លាំង​នឹង​កំណើនសេដ្ឋកិច្ច​ពិភព​លោក ដូច្នេះ​វា​នឹងមាន​ភាពល្អ​​ប្រសើរ​ឡើងវិញ នៅពេល​សេដ្ឋ​កិច្ច​ពិភពលោក​មាន​កំណើន​។ ការនាំ​ចូល​ដែក និង​ដែកថែប នឹងមាន​កំណើន​ខ្ពស់​នៅពេល​ការដ្ឋាន​សំណង់​ធំៗ​បើក​ដំ​ណើ​រការ​កាន់តែច្រើន​»​។​

​យោងតាម​លោក វណ្ណា ដែក​ដែល​ប្រើប្រាស់​នៅក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ភាគច្រើន​នាំ​​ចូល​មកពី​ប្រទេស​វៀតណាម ចិន និង​ថៃ​។​

​របាយការណ៍​អគ្គនាយកដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចូល​ដែក និង​ដែកថែប ក្នុង​ទឹកប្រាក់​សរុប ៣៥៩,៨១៩ លាន​ដុល្លារ កើនឡើង ២៣,១​ ភាគរយ​ពី​ចំនួន ២៩២,៣៣៩ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១​។ ចំនួន​ប្រាក់​កម្ពុជា​ចំណាយ​លើ​ការនាំ​ចូល​ដែក និង​ដែកថែប គឺ​ប្រមាណ ១,២ ​ភាគរយ​ធៀប​នឹង​ចំនួន​ប្រាក់​នៃ​ការ​នាំចូល​ទំនិញ​នៅក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​សរុប ២៩ ៩៤១,៦​ លាន​ដុល្លារ​៕