​ភ្នំពេញៈ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​(CVEA) នឹងចូលរួម​កិច្ចប្រជុំ​លោក​ទី​២៥ នៃ​សមាជ​សមាគម​អ្នកវាយតម្លៃ​អាស៊ាន (AVA) នៅ​ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​ ១៨-២០ ខែកញ្ញា ក្នុង​គោល​បំណង​ផ្លាស់ប្តូរ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យ​ដែល​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​ដោយ​​សារ​តែ​ការ​ថមថយ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​។​

​លោក សន សៀ​ប ប្រធាន CVEA ដែល​បាន​ដឹកនាំ​គណៈ​​ប្រតិភូ​ទៅ​ចូលរួម​ក្នុង​សមាជ​នេះ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា សមាជ​នេះ​គឺ​តែង​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ក្នុងការ​ផ្តល់ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក ជាពិសេស​គឺ​ការផ្លាស់ប្តូរ​បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​ការ​វាយ​តម្លៃ​អចលនវត្ថុ និង​ការពង្រឹង​ធនធានមនុស្ស​។​

​លោក​ថ្លែងថា​៖ «​យើង​ចូល​​រួម​កិច្ចប្រជុំ​របស់ AVA ដោយ​សារ​យើង​គឺជា​សមាជិក ខណៈ​សមាគម​នេះ​ត្រូវបាន​បង្កើត​តាំង​ពី​ឆ្នាំ​ ១៩៨១ ដោយមាន​ទិស​ដៅ​ក្នុង​ការលើកតម្លៃ​ដល់​អ្នក​វាយតម្លៃ​អចលនទ្រព្យ​ដែលមាន​សមត្ថភាព​ក្នុងការ​វាយតម្លៃ​អចលនទ្រព្យ​ប្រកបដោយ​វិជ្ជា​ជីវៈ និង​ដើម្បី​លើកកម្ពស់​ធន​​ធាន​មនុស្ស​តាមរយៈ​ការផ្តល់​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ​ក្នុង​តំបន់​អាស៊ាន​»​។​

​លោក​បន្តថា​៖ «​គោលបំណង​ដែល​យើង​ទៅ​ចូលរួម គឺ​ដើម្បី​ចែករំលែក​បទពិសោធន៍​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការវាយតម្លៃ​វិស័យ​អចលនទ្រព្យ​។ យើង​ក៏​ទៅ​រៀនសូត្រ​ពី​គេ​ផងដែរ ដោយ​សារ​កិច្ចប្រជុំ​នេះ​គឺធ្វើឡើង​រៀង​​រាល់​ឆ្នាំ ដូច្នេះ​សម្រាប់​ប្រទេស​ណា​ពុំទាន់​មានបទពិសោធន៍​គ្រប់គ្រាន់ គឺមាន​ឱកាស​រៀន​សូត្រ​ដើម្បី​យកទៅអនុវត្ត​ក្នុងប្រទេស​របស់​ពួកគេ​»​។​

​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ CPL លោក ចេង ខេង ដែល​បាន​ចូលរួម​សមាជ​ផងដែរ​នោះបាន​និយាយថា សមាជ​នេះ​គឺមាន​សារៈសំខាន់​ណាស់​ដែល​ប្រទេស​ជា​សមាជិក​ទាំងអស់​លើកយក​បញ្ហា​នានា និង​ចែក​​រំលែក​វិធីសាស្ត្រ​ដោះស្រាយ​ពេល​មាន​វិបត្តិ​ណាមួយ​កើត​ឡើង​នាពេលខាងមុខ​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​យល់​ឃើញថា​សម្រាប់​តំបន់​អាស៊ាន​យើង​នេះ គឺមាន​មោទនភាព​ដែល​យើង​មាន AVA ដែលជា​សមាគម​ប្រចាំ​តំបន់​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ភ្ជាប់​ទំនាក់​ទំនង​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​អាស៊ាន​ដើម្បី​ចែករំលែក​បទពិសោធន៍​នៃ​ការវាយតម្លៃ​អចលនវត្ថុ​របស់​ប្រទេស​រៀងៗ​ខ្លួន​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការ​វាយតម្លៃ​របស់​ពួកយើង​មាន​គោលការណ៍​ច្បាស់លាស់ និង​ប្រកបដោយ​វិជ្ជាជីវៈ​ដើម្បី​ធ្វើ​ការរួម​គ្នា​លើ​វិស័យនេះ​»​។

​លោក​បន្ថែមថា​៖ «​យើង​អាច​រៀនសូត្រ​ពី​ចំណុចខ្លាំង​ចំណុចខ្សោយ​ពី​សមាជិក AVA ដើម្បី​យកមក​បណ្តុះបណ្តាល​ធន​​ធាន​មនុស្ស​នៅ​ប្រទេស​យើង​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​វិស័យនេះ​ដំណើរ​ការល្អ និង​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋ​​កិច្ច ជាពិសេស​ការសិក្សា​ពី​ការ​ដោះស្រាយ​វិបត្តិ​តាម​ប្រទេស​នីមួយៗ​»៕​