ភ្នំពេញៈ អគ្គនាយដ្ឋាន​ពន្ធដារ (GDT) បន្ត​ក្រើនរំឭក​ទៅដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែលមាន​អចលនទ្រព្យ​ស្ថិតនៅ​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​ទាំង​អស់ពី​ការបង់ពន្ធ​លើ​អចលនទ្រព្យ និង​ការបង់ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​សម្រាប់​ឆ្នាំ​ ២០២៣ នឹងត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​ ៣០ ខែកញ្ញា​ឆ្នាំ​ ២០២៣ ខាងមុខនេះ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់ GDT រហូតមកទល់​ពេលនេះ​មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ប្រភេទ​ទាំងនេះ​នៅឡើយ​។ ដូច្នេះ​ដើម្បី​ជំរុញ​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​និង​ពន្ធ​លើ​ដីធ្លី​មិនមាន​ប្រើប្រាស់​សម្រាប់​ឆ្នាំ ​២០២៣ បាន​អស់​លទ្ធភាព​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​និង​ចៀសវាង​នូវ​ការកកស្ទះ ការ​ប្រជ្រៀត​គ្នា​មក​ប្រកាស​បង់ប្រាក់​ពន្ធ​នៅ​ថ្ងៃ​ជិត​ផុតកំណត់ ដែល​អាច​នាំឱ្យមាន​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​។​

GDT បាន​គូសបញ្ជាក់ថា​៖ «​អគ្គ​នាយកដ្ឋាន​ពន្ធដារ​សូម​ក្រើនរំឭក​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ប្រាក់​ពន្ធ រួសរាន់​មក​ប្រកាស​បង់ប្រាក់​ពន្ធ​ឱ្យបាន​ទាន់ពេលវេលា​ត្រឹម​ថ្ងៃទី ​៣០ ខែកញ្ញា ​ឆ្នាំ​ ២០២៣ ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​សាខា​ពន្ធដារ​ខេត្ត​ខណ្ឌ​ដែល​អចលនទ្រព្យ​ស្ថិតនៅ​ ឬ​នៅ​គ្រប់​សាខា​ធនាគារ​ជា​ដៃគូ ឬ​តាមរយៈ​កម្មវិធី GDT Taxpayer App»​។

«​ចំពោះ​ការខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​បង់ប្រាក់​ពន្ធ​ទាន់ ពេលវេលា​កំណត់​ខាងលើ ម្ចាស់​អចលនទ្រព្យ​នឹងត្រូវ​រង​នូវ​ទណ្ឌកម្ម​រដ្ឋបាល តាមច្បាប់​ស្តីពី​សារពើពន្ធ​ជា​ធរមាន​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ​សង្ឃឹម​យ៉ាង​មុតមាំ​ថា បន្ទាប់ពី​ទទួលបាន​សេចក្តីជូនដំណឹង​នេះ ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ពិតជា​នឹង​យកចិត្តទុកដាក់ និង​មក​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ឱ្យបាន​ទាន់ ពេលវេលា​កំណត់​»​។ នេះ​បើ​យោង តាម GDT​។

​លោក គឹម ហ៊ាង ប្រធាន KW Cambodia បានឱ្យដឹង​ដែរ​ថា ម្ចាស់​អចលនទ្រព្យ​ទាំងអស់​គួរ​បំពេញ​កាតព្វកិច្ច​ពន្ធ​ឱ្យបាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា ព្រោះ​ការបង់ពន្ធ គឺជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ទាំងអស់គ្នា​។​

​លោក​ក៏បាន​ស្នើឱ្យ​មានការ​ផ្សព្វ​ផ្សាយ​ឱ្យ​ទូលំទូលាយ​បន្ថែមទៀត អំពី​កាតព្វកិច្ច​បង់ពន្ធ ដើម្បីឱ្យ​ប្រជាជន​បាន​យល់ និង​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់ និង​ទាន់ពេលវេលា​។​

​យោងតាម​របាយការណ៍​ពី​អគ្គ​​នាយកដ្ឋាន​ពន្ធដារ បានឱ្យដឹងថា​គិត​ត្រឹម​ថ្ងៃទី ​១៨ ខែកញ្ញា ឆ្នាំ​ ២០២៣ ​លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​លើ​អចលនទ្រព្យ​សម្រេចបាន ៧១,៩៥ ភាគរយ​នៃ​ផែនការ​ដែល​កាលបរិច្ឆេទ​ផុតកំណត់​នៃ​ពន្ធ​នេះ​គឺ​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នា​ ២០២៣ ​នេះ​។

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានអនុម័ត​គម្រោង​វិនិយោគ​សំណង់​សរុប​ចំនួន​ ៤ ២៧៥ ក្នុង​ឆ្នាំ​ ២០២២ ធ្លាក់ចុះ ២៨ ​គម្រោង ឬ​ ០,៦៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០២១ ជាមួយនឹង​ដើមទុន​ចុះបញ្ជី​សរុប​ចំនួន ២ ៩៦៨​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៤៦,៨ ​ភាគរយ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ទិន្នន័យ​របស់​ក្រសួង​បានបង្ហាញ ថា វិស័យ​លំនៅឋាន​តំណាងឱ្យ ៣ ៧៦៨ ​នៃ​គម្រោង កើនឡើង​ពី​ចំនួន ៣៧២០ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ ឬ ៨៨,១៤​ ភាគរយ​នៃ​ចំនួន​សរុប​ដែល​កើនឡើង​ពី ៨៦,៤៥ ភាគរយ​កាលពី​ឆ្នាំ ២០២១​។​

​ក្រសួង​បាន​បែងចែក​តាម​ប្រភេទ​ដែល​បានអនុម័ត​កាលពី​ឆ្នាំ ​២០២២ គឺ​លំនៅឋាន (៣ ៧៦៨)​ ពាណិជ្ជកម្ម (២២៨)​ ឧស្សាហកម្ម (១៨៤) សាធារណៈ (៥៨) ទេសចរណ៍ (៣៦) និង​ផ្សេងទៀត (១)​។ តួលេខ​ឆ្នាំ ​២០២១ គឺ​លំនៅឋាន (៣ ៧២០) ពាណិជ្ជកម្ម (៣០១) ឧស្សាហកម្ម (១៨៤)​ សាធារណៈ (៤៧) ទេសចរណ៍ (៤៩) និង​ផ្សេងទៀត (២)៕