​ភ្នំពេញៈ ស្ថានភាព​នៃ​វិស័យ​សំណង់​កម្ពុជា ពិសេស​គម្រោង​សាងសង់​ធំៗ​បានបង្ហាញ​ពី​ការ​​ងើប​ឡើងវិញ​គួរឱ្យកត់សម្គាល់​នៅក្នុង​ត្រីមាស​ទី​២ កន្លងមក ដោយមាន​គម្រោង​សាងសង់​ចំនួន ៨២៦ ដែលមាន​ទុន​វិ​និ​យោគ ១,៤៧​ ពាន់​លាន​ដុល្លារ ​ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​អនុ​​ម័ត​។ ចំនួន​ទុនវិនិយោគ​ដែល​បានអនុម័ត​ គឺ​កើនឡើង ១៣០​ ភាគរយ ​បើ​ធៀប​ទៅ​ត្រីមាស​ទី​២ ឆ្នាំ ​២០២២​។ នេះ​បើ​យោង​​តាម​របាយការណ៍​ក្រសួង​សេដ្ឋ​​កិច្ច និង​ហិរញ្ញវត្ថុ​។​

​ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រចាំត្រីមាស​ទី​២ នៃ​ក្រសួង​សេដ្ឋកិច្ច​ដែល​ ភ្នំពេញ​ ​ប៉ុស្តិ៍​ ទើប​ទទួលបានបង្ហាញថា ចន្លោះ​ពី​ខែមេសា​-​មិថុនា ឆ្នាំ​ ២០២៣ ក្រសួង​រៀបចំ​ដែនដី បានអនុម័ត​ឱ្យ​គម្រោង​សាង​​សង់​នៅ​ទូទាំងប្រទេស​សរុប ៨២៦​ គម្រោង ធ្លាក់ចុះ ១៧៣ គម្រោង​។ សម្រាប់​ទុនវិនិយោគ គឺ​ចំនួន ១, ៤៧៥ ​ពាន់​លាន​ដុ​ល្លារ កើន ១៣០,២​ ភាគរយ ​បើ​ធៀប​ត្រីមាស​ទី​២ ឆ្នាំ ​២០២២​។

ក្នុងចំណោម​ ​គឺ​សំណង់​លំនៅឋាន​មាន​ទុនវិនិយោគ ៦០៧,៥ ​លាន​ដុល្លារ​, សំណង់​ឧស្សាហកម្ម ៥៦៨,៥​ លាន​ដុ​ល្លារ​, សំណង់​ពាណិជ្ជកម្ម ២៤៩​ លាន​ដុល្លារ​, សំណង់​សាធារណៈ ៨៧,១​ លាន​ដុល្លារ និង​សំណង់​ទេសចរណ៍​ចំនួន ៧៩,៦ ​លាន​ដុល្លារ​។​

​ក្រសួង​បានឱ្យដឹង​ទៀតថា សម្រាប់​ខែមិថុនា ឆ្នាំ​ ២០២៣ គម្រោង​សាងសង់​ដែល​បានអនុម័ត​មាន​ចំនួន ១៨៧ កើនឡើង ២០,៣​ ភាគរយ ​បើ​ធៀប​ខែមិថុនា ឆ្នាំ​ ២០២២ ចំណែក​ទុនវិនិយោគ​មាន​ចំនួន ៤៤០,៣៩​ លាន​ដុល្លារ កើន​​ឡើង ៩២,១ ​ភាគរយ​។​

​ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបានសរសេរថា សេដ្ឋកិច្ចកម្ពុជា ត្រូវប៉ាន់​ស្មានថា ​នឹង​សម្រេចបាន​ក្នុង​អត្រា ៥,៦ ​ភាគរយ នៅ​ឆ្នាំ​ ២០២៣ ដែល​ខ្ពស់ជាង​ឆ្នាំ ​២០២២​។ ការកើនឡើង​នេះ គឺ​គាំទ្រ​ដោយ​ការរក្សាបាន​កំណើន​ល្អ​នៃ​កម្មន្តសាល​មិនមែន​កាត់ដេរ ដែល​បម្រើឱ្យ​ការនាំចេញ និង​ការប្រើប្រាស់​ក្នុងស្រុក​, ការកើនឡើង​នូវ​គម្រោង​វិនិយោគ​ធំៗ​, ការ​ងើប​ឡើងវិញ​នៃ​សំណើ​សាង​​សង់​សំណង់ និង​ការ​ងើប​ឡើងវិញ​គួរឱ្យកត់សម្គាល់​នៃ​វិស័យ​ទេសចរណ៍​។​

​អ្នកគ្រប់គ្រង​ទូទៅ​សមាគម​អ្នក​សាង​​សង់​កម្ពុជា លោក ជីវ ស៊ីវ​ផេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា វិស័យ​សំណង់​នៅ​កម្ពុជា​បាន​ងើប​ឡើងវិញ​បណ្តើរៗ​ចាប់​តាំងពីដើម​ត្រីមាស​ទី​២ មក ដោយមាន​ម្ចាស់​គម្រោង​វិនិយោគ​ថ្មីៗ និង​ធំៗ ជាច្រើន​បានមក​ដាក់ពាក្យ​ស្នើសុំ​ច្បាប់​វិ​និ​​យោគ​ពី​ក្រសួង​រៀបចំ​ដែនដី​។

លោក​បន្តថា ភាពខុសគ្នា​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​ធៀប​ទៅនឹង​ដើមឆ្នាំ គឺ​កំណើន​នៃ​ការវិនិយោគ​របស់​វិនិយោគិន​បរទេស​ដែល​ត្រឡប់មក​បណ្តាក់ទុន​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​វិញ ខុសប្លែក​ខ្លាំង​នឹង​អំឡុងពេល​នៃ​ការរីក​រាល​​ដាល​ខ្លាំង​ជំងឺ​កូ​វីដ ​១៩​។​

​លោក​អះអាងថា​៖ «​ជាមួយនឹង​ភាព​​ល្អប្រសើរ​នៃ​ស្ថានភាព​នយោបាយ និង​ការបោះ​ជំហាន​នៃ​កំណើនសេដ្ឋកិច្ច​ជា​បន្តបន្ទាប់ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​កំណើន​នៃ​ការបណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​សំណង់​កម្ពុជា​នឹង​កាន់តែ​ល្អ​នាពេលខាងមុខ​»​។ លោក​បន្តថា​៖ «​វិស័យ​សំ​​ណង់​នឹង​ដើរតួនាទី​សំខាន់​ឡើងវិញ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​»​។​

​កាលពី​សប្តាហ៍​មុន ក្រុមប្រឹក្សា​អភិ​​វឌ្ឍន៍​កម្ពុជា ​(CDC) បានអនុម័ត​ឱ្យ​គម្រោង​វិនិយោគ​រោងចក្រ​ផលិត​ដែក​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន Huale Steel (Cambodia) Co., Ltd ដែលមាន​ទុនវិនិយោគ ៤០ ​លាន​ដុល្លារ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់ផែ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ បន្ថែម​ពីលើ​នេះ​កាលពី​ខែសីហា CDC ក៏បាន​អនុម័ត​ឱ្យ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ក្រុមហ៊ុន Conch KT Cement (Phnom Penh) Company Limited ដែលមាន​ទុនវិនិយោគ ២៥៨​ លាន​ដុ​ល្លារ នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​

​ឯកសារ​និន្នាការ​សេដ្ឋកិច្ច​-​សង្គម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២២ ចំនួន​គម្រោង​ដែល​បានទទួល​ការអនុញ្ញាតឱ្យ​សាងសង់​មាន​សរុប ៤ ២៧៥​ គម្រោង ធ្លាក់ចុះ ២៨ ​គម្រោង និង​មាន​ទុនវិនិយោគ​សរុប ២ ៩៦៨​ លាន​ដុល្លារ ធ្លាក់ចុះ ៤៦,៨ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ ​២០២១៕