ភ្នំពេញៈ ភាពមិនអំណោយផលនៃកំណើនសេដ្ឋកិច្ចពិភពលោកបានធ្វើឱ្យផ្ទៃក្រឡាទីតាំងលក់រាយ (Retail) ក្នុងរាជធានីភ្នំពេញ ចាប់ពីដើមឆ្នាំ ២០២៣ ដល់ដំណាច់ត្រីមាសទី៣ ស្ថិតនៅទ្រឹង គឺជាង ៦៥ ម៉ឺនម៉ែត្រការ៉េ ខណៈអត្រាប្រើប្រាស់ជាមធ្យមក្នុងត្រីមាសទី ៣ (Average of Occupancy rate) គឺមានប្រមាណ ២/៣ នៃផ្ទៃក្រឡាសរុបនៅលើទីផ្សារ ធ្លាក់ជិត ៣ ភាគរយពីត្រីមាសទី២។ នេះបើយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
ឯកសារស្រាវជ្រាវ Q3 Market Insights for Phnom Penh Real Estate របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ កន្លែងលក់រាយក្នុងរាជធានីភ្នំពេញមានផ្ទៃក្រឡាជាង ៦៥០ ០០០ ម៉ែត្រការ៉េ ដែលទំហំនេះ គឺដូចគ្នានឹងត្រីមាសទី២។
នៅក្នុងត្រីមាសទី៣ គឺមិនមានគម្រោងថ្មីណាបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារឡើយ។ កាលពីដើមឆ្នាំ ២០២៣ CBRECambodia ធ្លាប់ព្យាករថា នៅក្នុងឆ្នាំនេះនឹងមានផ្ទៃទីតាំងលក់រាយទំហំប្រហែល ១១៩ ០០០ ម៉ែត្រការ៉េនឹងត្រូវដាក់ចូលទីផ្សារ ប៉ុន្តែជាក់ស្តែងគម្រោងជាច្រើនត្រូវពន្យារពេល និងពន្យាររហូតដល់ឆ្នាំ ២០២៤ ដែលធ្វើឱ្យផ្ទៃទីតាំងលក់រាយថ្មីមានត្រឹមតែ ៥១ ០០០ ម៉ែត្រការ៉េប៉ុណ្ណោះនឹងត្រូវបានដាក់ចូលទីផ្សារនៅត្រឹមចុងឆ្នាំ ២០២៣ នេះ។
ទោះយ៉ាងណាឯកសារបានបញ្ជាក់ថា៖ «ទីផ្សាររំពឹងថា នឹងមានការបញ្ចប់គម្រោងចំនួន ២ នៅចុងឆ្នាំ ២០២៤ ដែលជំរុញឱ្យផ្ទៃទីតាំងជួលនៅក្នុងរាជធានីភ្នំពេញ កើនឡើងប្រហែល ២ ភាគរយ គឺកើនដល់ប្រមាណ ៦៦០ ០០០ ម៉ែត្រការ៉េ»។
ការស្រាវជ្រាវឱ្យដឹងទៀតថា សម្រាប់តម្លៃជាមធ្យមនៃទីតាំងជួលលក់រាយ គឺបានធ្លាក់ចុះចន្លោះពី ១៧ ភាគរយ ដោយលើកលែងតែទីតាំងដែលស្ថិតនៅតាមផ្លូវធំៗ ដែលកើនឡើង ១៣ ភាគរយ។ និន្នាការនេះគឺបង្ហាញពីការផ្លាស់ប្តូរចំណាប់អារម្មណ៍ពីខាងក្នុងគម្រោងផ្សារលក់រាយ ទៅកាន់ហាងទំនិញតាមផ្លូវធំៗដែលជាការបញ្ច្រាសពីអ្វីដែលគេបានឃើញនៅក្នុងចន្លោះឆ្នាំ ២០១៧-២០១៩។
កញ្ញា ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា៖ «គម្រោងទីតាំងលក់រាយថ្មីដែលស្ថិតក្នុងដំណើរការសាងសង់ គឺកំពុងប្រឈមនឹងការពន្យារពេលថែមទៀត ដែលនេះជាសញ្ញានៃការលំបាកនៅក្នុងទីផ្សារលក់រាយ។ ប្រហែល ៥០ ភាគរយនៃគម្រោងលក់រាយដែលយើងរំពឹងនឹងបញ្ចប់នៅឆ្នាំនេះ ត្រូវពន្យារពេលដល់ឆ្នាំ២០២៤។ ការពន្យារនេះដោយសារបញ្ហាទីផ្សារជាជាងបញ្ហាបច្ចេកទេសការសាងសង់»។
បើតាម CBRE Cambodia ក្នុងត្រីមាសទី៣ ឆ្នាំ ២០២៣ គឺមានម៉ាកយីហោក្នុងស្រុក និងអន្តរជាតិមួយចំនួនត្រូវបានដាក់ចូលទីផ្សារកម្ពុជា ប៉ុន្តែក៏មានការបិទផងដែរ។ ឥទ្ធិពលទាំងនោះបានធ្វើឱ្យអត្រាប្រើប្រាស់ធ្លាក់ចុះពី ៧០ ភាគរយកាលពីត្រីមាសទី ២ មកនៅត្រឹម ៦៨ ភាគរយក្នុងត្រីមាសទី៣ ឆ្នាំ ២០២៣។
បើតាម CBRE Cambodia ក្នុងត្រីមាសទី៣ ឆ្នាំ ២០២៣ កន្លែងជួលលក់រាយប្រភេទ Prime Shopping Mall មានតម្លៃជួលមធ្យម ២៥,៨ ដុល្លារក្នុង ១ ម៉ែត្រការ៉េសម្រាប់រយៈពេល ១ ខែដែលតម្លៃនេះគឺធ្លាក់ចុះ ៦,៦ ភាគរយធៀបត្រីមាសទី៣ ឆ្នាំ ២០២២ ចំណែកប្រភេទ Prime Retail Podium មានតម្លៃ ១៩,២ ដុល្លារធ្លាក់ចុះ ១,៤ ភាគរយ, ប្រភេទ Community Mall តម្លៃ ១៩,១ ដុល្លារ ធ្លាក់ ៤,៥ ភាគរយ, ចំណែកប្រភេទ Prime High Street (ហាងលក់ទំនិញតាមផ្លូវធំៗ) មានតម្លៃជួលមធ្យម ២៥,៥ ដុល្លារ កើនឡើង ១៣,៣ ភាគរយ។
ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី២ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ចន្លោះពីខែមេសា-ខែមិថុនា ឆ្នាំ ២០២៣ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តឱ្យគម្រោងសាងសង់ទូទាំងប្រទេសសរុប ៨២៦ គម្រោង ធ្លាក់ចុះ ១៧៣ គម្រោង។ សម្រាប់ទុនវិនិយោគ គឺមានទឹកប្រាក់សរុប ១ ៤៧៥ លានដុល្លារ កើនឡើង ១៣០,២ ភាគរយបើធៀបនឹងត្រីមាសទី២ ឆ្នាំ ២០២២៕