ភ្នំពេញៈ ទឹកប្រាក់ជាង ២៨០ លានដុល្លារ ត្រូវបានកម្ពុជាប្រើប្រាស់លើការនាំចូលដែក និងដែកថែបពីទីផ្សារអន្តរជាតិក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៣ ដោយកើនឡើងបន្តិចបន្តួចបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈចំនួនទឹកប្រាក់នេះ គឺស្មើនឹងប្រមាណជាង ១ ភាគរយ នៃចំនួនទឹកប្រាក់នៃការនាំចូលសរុបក្នុងរយៈពេលខាងលើ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
តារាងស្ថិតិពាណិជ្ជកម្មនាំចូលរបស់ GDCE ឱ្យដឹងថា ចន្លោះពីខែមករា-ខែកញ្ញា ឆ្នាំ ២០២៣ ប្រទេសកម្ពុជាបាននាំចូលទំនិញស្ថិតក្នុងជំពូក (HS ២ ខ្ទង់) លេខកូដ ៧២ ដែលរួមមានដែក និងដែកថែប ក្នុងទឹកប្រាក់សរុប ២៨០,៥៣ លានដុល្លារ កើន ៣,២ ភាគរយធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមានចំនួន ២៧១,៧៨ លានដុល្លារ។
ចំនួននេះ គឺស្មើ ១,៥៤ ភាគរយនៃការនាំទំនិញចូលសរុបរបស់កម្ពុជាក្នុងរយៈពេល ៩ ខែឆ្នាំ ២០២៣ ដែលមាន ១៨,២២ ពាន់លានដុល្លារ។ GDCE ឱ្យដឹងទៀតថា សម្រាប់ខែកញ្ញា ឆ្នាំ ២០២៣ ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ២៦,១៥ លានដុល្លារ ធ្លាក់ចុះ ៣,២ ភាគរយ បើធៀបខែកញ្ញា ឆ្នាំ ២០២២។
អ្នកគ្រប់គ្រងទូទៅសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា ស្ថានភាពវិស័យសំណង់កម្ពុជាក្នុងពេលនេះល្អប្រសើរជាងឆ្នាំ ២០២២ ខ្លះៗហើយតាមរយៈកំណើននៃចំនួនគម្រោងដែលត្រូវបានក្រសួង និងអាជ្ញាធររាជធានី-ខេត្ត ចេញច្បាប់ឱ្យសាងសង់។ ការងើបឡើងក្នុងល្បឿនយឺតនេះ គឺដោយសារតែភាគច្រើននៃម្ចាស់គម្រោងសាងសង់ធំៗនៅកម្ពុជា គឺមកពីបរទេស ដែលនៅមិនទាន់សម្រេចចិត្តបញ្ចេញទុនទៅក្រៅប្រទេសព្រោះស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសកលមិនទាន់មានភាពច្បាស់លាស។ លោកបន្តថា នៅពេលការសាងសង់ថ្មីៗមិនមានច្រើន ការនាំចូលសម្ភារសំណង់ រួមទាំងដែក និងដែកថែប ក៏មានតិចដែរ។
លោកប្រាប់ទៀតថា បច្ចុប្បន្នកម្ពុជាក៏មានរោងចក្រផលិតដែកមួយចំនួនកំពុងបើកដំណើរការដែរ។ សម្រាប់ដែកនាំចូលមកកម្ពុជា គឺភាគច្រើនមានប្រភពពីប្រទេសវៀតណាម ចិន និងថៃ។
លោកថ្លែងថា៖ «វិស័យសំណង់ តែងត្រូវការពេលយូរជាងវិស័យផ្សេងៗទៀតសម្រាប់ការងើបឡើងវិញ។ វិបត្តិថ្មីៗដែលកើតចេញសង្គ្រាមនៅរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា គឺសុទ្ធតែជះឥទ្ធិពលដល់ដំណើរការសេដ្ឋកិច្ចជាតិ រួមទាំងវិស័យសំណង់»។ លោកបន្តថា៖«សម្រាប់ឆ្នាំ ២០២៤ ខាងមុខខ្ញុំរំពឹងថាអ្វីៗនឹងល្អប្រសើរជាងពេលនេះ»។
អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ហ៊ុយ វណ្ណា ថ្មីៗនេះបាននិយាយថា ចាប់តាំងពីឆ្នាំ ២០២០ មកវិស័យសំណង់នៅកម្ពុជាមិនទាន់មានដំណើរការល្អទេ ពិសេសការដ្ឋានគម្រោងធំៗដែលមានម្ចាស់ជាវិនិយោគិនបរទេស។ ដោយសារមិនសូវមានគម្រោងធំៗ ដូច្នេះតម្រូវការដែកក្នុងវិស័យសំណង់ក៏មានបរិមាណតិចដែរ។ លោកបានបន្តថា អ្វីដែលមាននៅពេលនេះគឺភាគច្រើនជាការដ្ឋានសំណង់លំនៅឋានសម្រាប់បំពេញតម្រូវការប្រជាជនក្នុងស្រុក និងវិនិយោគដោយក្រុមហ៊ុនក្នុងស្រុកតែប៉ុណ្ណោះ។
លោកនិយាយថា៖ «ដោយសារវិស័យសំណង់ផ្សារភ្ជាប់ខ្លាំងនឹងកំណើនសេដ្ឋកិច្ចពិភពលោក ដូច្នេះវានឹងមានភាពល្អប្រសើរឡើងវិញនៅពេលសេដ្ឋកិច្ចពិភពលោកមានកំណើន។ ការនាំចូលដែក និងដែកថែប នឹងមានកំណើនខ្ពស់នៅពេលការដ្ឋានសំណង់ធំៗបើកដំណើរការកាន់តែច្រើន»។
កាលថ្ងៃទី ២០ ខែកញ្ញា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគរោងចក្រផលិតដែករបស់ក្រុមហ៊ុន Huale Steel (Cambodia) Co.,Ltd ដែលមានទុនវិនិយោគ ៤០ លានដុល្លារ ដោយគម្រោងនេះស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ។ កន្លងមកនៅខេត្តបន្ទាយមានជ័យ និងកំពង់ស្ពឺ ក៏មានរោងចក្រផលិតដែក បើកដំណើរការផងដែរ។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចូលដែក និងដែកថែប ក្នុងទឹកប្រាក់សរុប ៣៥៩,៨១៩ លានដុល្លារ កើនឡើង ២៣,១ ភាគរយធៀបឆ្នាំ ២០២១។ ចំនួនទឹកប្រាក់ដែលកម្ពុជាចំណាយលើការនាំចូលដែក និងដែកថែប គឺប្រមាណ ១,២ភាគរយធៀបនឹងចំនួនទឹកប្រាក់នៃការនាំចូលទំនិញក្នុងឆ្នាំ ២០២២ ដែលមានចំនួនសរុប ២៩ ៩៤១,៦០ លានដុល្លារ៕