រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តគោលការណ៍លើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទព្យ ខណៈអ្នកជំនាញក្នុងវិស័យនេះសម្តែងការគាំទ្រដោយចាត់ទុកថាគឺជាយន្តការអាចសម្រួលដល់ការលំបាករបស់អ្នកវិនិយោគ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងទៀតថា ការបន្តគោលការណ៍លើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ ត្រូវអនុវត្តលើពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ,ពន្ធលើចំណេញមូលធន,ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដែលនឹងត្រូវអនុវត្តចាប់ពីពេលនេះទៅ រហូតដល់ដំណាច់ឆ្នាំ២០២៤។
សម្រាប់ការអនុគ្រោះនោះរួមមាន ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ត្រូវបន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈ ជាបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារ។អនុគ្រោះពន្ធប្រថាប់ត្រាបន្ថែមទៀតលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមាន លក្ខណៈជាបុរី និងមានតម្លៃលើស ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារអាមេរិក ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារអាមេរិក ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋាន ជាបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្ម អចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ។
ចំណែកពន្ធលើចំណេញមូលធន រាជរដ្ឋាភិបាលសម្រេចបន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនទាំង ៦ ប្រភេទទ្រព្យរួមមាន អចលនទ្រព្យ, ភតិសន្យា, ទ្រព្យ វិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស។ ដោយឡែកសម្រាប់ពន្ធលើអចលនទ្រព្យវិញ ចំពោះអចលនទ្រព្យដែលបានចុះបញ្ជី និងប្រកាសបង់ពន្ធលើអចលនទ្រព្យកន្លងមក ខុសតម្លៃដីឬសំណង់ ទំហំដីឬសំណង់ ប្រភេទសំណង់ ឬ/និងអាយុកាលសំណង់ ត្រូវបានលើកលែងការកំណត់ពន្ធឡើងវិញ ដែលមានប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចាប់ពីឆ្នាំដាក់ឱ្យអនុវត្តពន្ធរហូតដល់ឆ្នាំ២០២៣។ ចំពោះអចលនទ្រព្យ (មានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ) ដែលពុំធ្លាប់បានចុះបញ្ជី និងប្រកាសបង់ពន្ធ លើអចលនទ្រព្យកន្លងមក អនុញ្ញាតឱ្យចុះបញ្ជី និងបង់ប្រាក់ពន្ធ ចាប់ពីឆ្នាំកាន់កាប់ ឬទទួលប្រយោជន៍ចុងក្រោយ។ ពន្យារការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលនឹងត្រូវផុតកំណត់ត្រឹមដំណាច់ឆ្នាំ ២០២៣ បន្តរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤វិញ។
ក្រសួងបានបញ្ជាក់ទៀតថា ចំពោះពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានព្យួរការអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ មានន័យថាកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ ពុំមានកាតព្វកិច្ចប្រកាសបង់ពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៤។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងចេញលិខិតបទដ្ឋានគតិយុត្ដស្ដីពីពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដោយបន្ធូរបន្ថយនូវលក្ខខណ្ឌ លើកលែងពន្ធនេះ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៤ ដូចជា១- ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ,២-ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ ៥ ហិកតា ក្នុងដីមួយកន្លែង និង៣-ចំពោះដីដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់។
ចំពោះការអនុគ្រោះពន្ធនេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងទីភ្នាក់ងារអចលនវត្ថុ បានយល់ឃើញថា នេះ គឺជាយន្តការដ៏ល្អ ក្នុងការជួយសម្រាលដល់ការលំបាករបស់វិនិយោគិន ក្នុងវិស័យអចលនទ្រព្យ ដែលបានរងវិបត្តិដោយសារតែបញ្ហាជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមនានាផងដែរ។
បែបនេះក្តី លោកប្រធានសមាគមអ្នកវាយតម្លៃ និងទីភ្នាក់ងារអចលនវត្ថុ នៅតែចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការជ្រោមជ្រែងច្រើនជាងនេះទៀត។
លោកបានបញ្ជាក់ដូច្នេះថា៖«បើសិនជារាជរដ្ឋាភិបាល អាចផ្តល់នូវកញ្ចប់ថវិកាណាមួយ តាមរយៈការខ្ចីពីបរទេស ឬក៏យន្តការរូបមន្តទឹកប្រាក់ដែលមានស្រាប់ អាចចាក់ចូលនៅក្នុងវិស័យអចលនទ្រព្យឱ្យបានច្រើន នោះវិស័យអចលនទ្រព្យ នឹងមានភាពរឹងមាំដែលជាសសរស្តម្ភ សម្រាប់ទ្រទ្រង់នូវខឿនសេដ្ឋកិច្ចនាពេលអនាគត»៕