ក្រុម​អ្នក​ជំនាញ​អចលន​ទ្រព្យ​កម្ពុជា បាន​សាទរ និង​ចាត់​ទុក​ការ​សម្រេច​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​បន្ត និង​បន្ថែម​ការ​លើក​ទឹកចិត្ត​ពន្ធដារ ចំពោះ​សកម្ម​ភាព​ទិញ-​លក់ និង​សេវាកម្ម​មួយ​ចំនួន​ក្នុង​វិស័យ​អចលនទ្រព្យ​ ថា​ជា​យន្តការ​ដ៏ល្អ និង​សំខាន់​ក្នុង​ជួយ​គាំទ្រ​ឱ្យ​វិស័យ​នេះ​បន្ត​និរន្តរ​ភាព និង​ភាព​រីក​ចម្រើន​របស់​ខ្លួន​ឡើង​វិញ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​តាំង​ពី​ដើម​ឆ្នាំ ២០២០ ដោយ​សារ​វត្តមាន​ជំងឺ​កូវីត១៩។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃ​ទី​ ៩ ខែ​តុលា​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ស្តីពី​ ការ​បន្ត និង​បន្ថែម​ការ​លើក​ទឹកចិត្ត​ពន្ធដារ​ចំពោះ​វិស័យ​អចលនទ្រព្យ។

សេចក្តី​ជូន​ដំណឹង​បាន​ឱ្យ​ដឹង​ថា អនុលោម​តាម​ការ​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ពិសេស​ស្តីពី “សមិទ្ធផល ១ ឆ្នាំ​របស់​រាជ​រដ្ឋាភិបាល នីតិកាល​ទី៧ នៃ​រដ្ឋសភា” នា​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ ២០២៤ និង​ចំណារ​ឯកភាព​របស់​លោក​នាយក​រដ្ឋមន្តី ហ៊ុន ម៉ាណែត ដើម្បី​កាត់​បន្ថយ​បន្ទុក​ចំណាយ​បង់​ពន្ធ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន និង​ប្រជាពលរដ្ឋ ជា​ម្ចាស់​អចលន​ទ្រព្យ។

បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ប្រាក់​ពន្ធ​មួយ​ចំនួន​នឹង​ត្រូវ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត ដែល​មាន​ដូចជា ពន្ធ​ប្រថាប់​ត្រា​លើ​ការ​ផ្ទេរកម្ម​សិទ្ធិ ឬ​កាន់​កាប់​អចលនទ្រព្យ​ (លើក​លែង​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរកម្ម​សិទ្ធិ ឬ​សិទ្ធិ​កាន់​កាប់​លំនៅឋាន​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ជា​បុរី ដែល​មាន​តម្លៃ​ក្រោម ឬ​ស្មើ ៧០ ០០០​ដុល្លារ​អាមេរិក), ពន្ធ​លើ​ចំណេញ​មូលធន, ពន្ធ​លើ​ចំណាយ​មូលធន, ពន្ធ​លើ​អចលន​ទ្រព្យ និង​ពន្ធលើ​ដីធ្លី​មិន​ទាន់​ប្រើ​ប្រាស់ ​ជាដើម​។​ សម្រាប់​រយៈ​ពេល​នៃ​ការ​អនុគ្រោះ​ខាង​លើ គឺ​មាន​ការ​ប្រែប្រួល​ទៅ​តាម​ប្រភេទ​នីមួយ​ៗ​ដោយ​ខ្លះ​ត្រឹម​ចុង​ឆ្នាំ​២០២៤ និង​ខ្លះ​រហូត​ដល់​ចុង​ឆ្នាំ​២០២៥។

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក សន សៀប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​១០ ខែ​តុលា ថា នេះ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បន្ត​ជួយ​គាំទ្រ​ដល់​ផ្នែក​ឯកជន ជា​ពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​នៅ​តែ​បន្ត​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​វិបត្តិ​សកល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

លោក​​បញ្ជាក់​ថា៖​«ការ​បន្ត​លើក​លែង​ពន្ធ​ នឹង​ជួយ​សម្រាល​បន្ទុក​ដល់​ក្រុមហ៊ុន អ្នក​អភិវឌ្ឍន៍ និង​ម្ចាស់​អចលនទ្រព្យ ​ព្រម​ទាំង​អ្នក​ទិញ​អចលនទ្រព្យ​ដែល​ត្រូវ​បង់​ពន្ធផងដែរ។​ ការ​លើកលែង​ពន្ធ​អចលនទ្រព្យ​មួយ​ចំនួន​នេះ នឹង​ជួយ​ជំរុញ​សម្ទុះ​នៃ​ការ​ទិញ-លក់​កាន់​តែ​ល្អ ចំណែក​តម្លៃ​អចលនទ្រព្យ​ក៏​អាច​ល្អ​ជាង​ពេល​មុន​ផងដែរ»។

ទោះយ៉ាង​ណា​លោក​អះអាង​ថា ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ គឺ​នៅ​តែ​មាន​ឧបសគ្គ​ជា​ច្រើន ហើយ​វិស័យ​នេះ​នឹង​រីក​ចម្រើន​ឡើង​វិញ បន្ទាប់​ពី​វិស័​យ​ទេសចរណ៍ កសិកម្ម និង​ការ​នាំ​ទំនិញ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។ នៅ​ពេល​វិស័យ​ទាំង ៣ មាន​ដំណើរ​ការ​ល្អ គឺ​វិស័យ​អចលនទ្រព្យ​នឹង​មាន​សម្ទុះ​ឡើង​វិញ។

អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ Advance Real Estate លោក ប៉ូ អ៊ាវគង់ បាន​និយាយ​ថា នេះ​ជា​យន្តការ​ថ្មី​មួយ​ទៀត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ជួយ​គាំទ្រ និង​ជំរុញ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ឱ្យ​មាន​ដំណើរ​ការ​ឡើង​វិញ។ នៅ​ពេល​វិស័យ​អចលនទ្រព្យ​ងើប​ឡើង វា​ក៏​នឹង​ជួយ​ឱ្យ​វិស័យ​ផ្សេង​ទៀត​ដំណើរ​ការ​ល្អ​ផង​ដែរ។​ លោក​បន្ត​ទៀត​ថា ការ​បន្ត និង​បន្ថែម​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ​ចំពោះ​វិស័យ​អចលនទ្រព្យ គឺពិត​ជា​មាន​ភាព​ចាំបាច់​ណាស់។

លោក​បាន​ថ្លែង​ថា៖​«ការ​លើក​លែង​ពន្ធ​មួយ​ចំនួន​នេះ គឺ​ជា​យុទ្ធសាស្រ្ត​ក្នុង​ការ​ជំរុញ​វិស័យ​សំណង់ និង​អចលន​ទ្រព្យ​កម្ពុជា​ឱ្យ​ឆាប់​ផ្តើម​មាន​សម្ទុះ​ឡើងវិញ»។

សេដ្ឋវិទូ​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​លោក គី សេរីវឌ្ឍន៍ បាន​និយាយ​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​លែង​ពន្ធ​នេះ មាន​ន័យ​ថា​រដ្ឋាភិបាល​ចូល​រួម​ចំណែក​ជួយ​ផ្តល់​នូវ​ថាមពល​មួយ ​ដើម្បី​ធ្វើ​ឱ្យ​សកម្មភាព​ទិញ លក់​អចលនទ្រព្យ​កម្រើក​ឡើង​វិញ​។ នៅ​ពេល​មាន​សកម្ម​ភាព​ទិញ លក់ ចរន្ត​សេដ្ឋកិច្ច​ក៏​មាន​ដំណើរ​ការ​ទៅ​តាម​ហ្នឹងដែរ​។​ លោក​បន្ត​ថា ជា​ទូទៅ​ការ​មិន​យក​ពន្ធ វា​នឹង​ធ្វើ​ឱ្យ​រដ្ឋ​បាត់​ចំណូល​ ១ ​ផ្នែក​ ប៉ុន្តែ​វា​នឹង​មាន​បញ្ហា​នោះ​ទេ​ក្នុង​ដំណាក់​កាល​នេះ។

លោក​​អះអាង​ថា៖​«ការ​មិន​យកពន្ធ​នេះ វា​មិន​ប៉ះពាល់​ដល់​ចំណូលរ​ដ្ឋ​ទេ ព្រោះ​ឥឡូវ​គ្មាន​ប្រតិ​ប​ត្តិ​ការទិញ-លក់​អចលន​ទ្រព្យ ​ដូច្នេះ​ប្រសិនជា​រដ្ឋ​មិន​យកពន្ធ​ ក៏​គ្មាន​ចំណូល ហើយ​ប្រសិនជា​រដ្ឋ​យកពន្ធ ក៏​គ្មាន​ចំណូល​ដូចគ្នា​ដែរ៕

ចាប់​តាំង​ពី​សេដ្ឋកិច្ច​ពិភពលោក​ជួប​នឹង​វិបត្តិ​ជា​បន្ត​បន្ទាប់ ​ដែល​បណ្តាល​មក​ពី​ជំងឺ​កូវីដ១៩ និង​ការ​ផ្ទុះ​សង្គ្រាម​នៅ​ប្រទេស​មួយ​ចំនួន​ គេ​សង្កេត​ឃើញ​រដ្ឋាភិបាល​បាន​ដាក់​​ចេញ​នូវ​វិធានការ​ថ្មី​ៗ​ជា​ច្រើន​ដើម្បី​ជួយ​គាំទ្រ​ដល់​ផ្នែក​ឯកជន​ស្ទើ​រគ្រប់​វិស័យ ​ពិសេស​វិស័យ​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ដូច​ជា ទេសចរណ៍ សេវាកម្ម និង​អចលនទ្រព្យ និង​សំណង់ ជា​ដើម៕