បើ​ទោះបី​មួយ​រយៈ​ចុង​ក្រោយ​នេះ​រាជ​រដ្ឋាភិបាល​បាន​ខិតខំ​ពង្រីក​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ ព្រលាន​យន្តហោះ និង​អាកាសយាន​ដ្ឋាន ជា​បន្ត​បន្ទាប់​ក៏​ដោយ ក៏​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ នៅ​ក្នុង​រយៈ​ពេល ៩​ខែ​ដើម​ឆ្នាំ​ ២០២៤ នេះ​ហាក់​មិន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ។ នេះ​បើ​តាម​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN Group លោក សំ សុខនឿន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​ ៩ ខែ​តុលា ​ថា ទោះ​បី​ស្ថានភាព​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺកូវីដ​១៩ បាន​បិទ​បញ្ចប់​ ប៉ុន្តែ​បញ្ហា​ជម្លោះ​ភូមិ​សាស្រ្ត​នយោបាយ និង​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ប្រទេស​មួយ​ចំនួន គឺ​បាន​បន្ត​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដដែល​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​សកល។

លោក​បន្ត​ថា ដោយ​សារ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​តែង​ពឹង​ផ្អែក​លើ​វិនិយោគ​អន្តរ​ជាតិ ដូច្នេះ​បើ​សេដ្ឋកិច្ច​សកល​មិន​សូវ​ល្អ ផល​អវិជ្ជមាន​ប្រាកដ​ជា​ជះ​ឥទ្ធិពល​ដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា​។

លោក​ថ្លែង​ថា៖​«សម្រាប់​សកម្មភាព​ទិញ-លក់-​ជួល និង​តម្លៃ​​អចលនទ្រព្យ​នៅ​កម្ពុជា​នា​រយៈ​ពេល ៩ ខែ​ដើម​ឆ្នាំ ​២០២៤ នេះ គឺ​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​ឡើយ​បើ​ធៀប​នឹង​ចុង​ឆ្នាំ​២០២៣»។

ទោះយ៉ាង​ណា ក្នុង​នាម​ជា​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ជាង ១ទសវត្ស លោក សុខនឿន បាន​ប្រាប់​ថា អំឡុង​ពេល​នេះ​គឺ​ជា​ឱកាស​សម្រាប់​អ្នក​ដែល​មាន​ប្រាក់​នៅ​សល់ និង​មាន​ទស្សនវិស័យ​ច្រើន​ឆ្នាំ​ទៅ​មុខ ក្នុង​ការ​ស្វែង​រក​អចលនទ្រព្យ​ដែល​ស្ថិត​ក្នុង​ទីតាំង​ល្អ និង​មាន​តម្លៃ​សមរម្យ។ នៅ​ពេល​សេដ្ឋកិច្ច​សកល និង​កម្ពុជា​ល្អ​ប្រសើរ​ឡើង​វិញ ហើយ​ការ​រៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​កម្ពុជា​រួច​រាល់ គឺ​នឹង​មាន​ក្រមហ៊ុន/​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ជាច្រើន​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា។ កិច្ចការ​ទាំង​អស់​នេះ​សុទ្ធ​តែ​ត្រូវ​ការ​អចលនទ្រព្យ​សម្រាប់​ធ្វើ​ជា​ទីតាំង។​

លោក​លើក​ឡើង​ថា៖ ​«​បច្ចុប្បន្ន​នេះ​ខ្ញុំ​ឃើញ​មាន​ទីតាំង​សក្តានុពល​មួយ​ចំនួន​សម្រាប់​វិនិយោគ​លើ​អចលនទ្រព្យ ​(តំបន់​ភ្នំពេញ) ​ដែល​មាន​ដូច​ជា តំបន់​ព្រលាន​យន្តហោះថ្មី តំបន់​ក្បែរ​គម្រោង​ព្រែក​ជីកតេជោ ... និង​តំបន់​អរិយក្សត្រ។ ទាំង​អស់នេះ​សុទ្ធ​តែ​ជា​ទីតាំង​វិនិយោគ​ដែល​មាន​លក្ខណៈ​យូរ​អង្វែង។ អចលន​ទ្រព្យ​នៅ​តំបន់​ទាំង​អស់​នេះ​នឹង​មាន​ការ​វិវឌ្ឍ​កាន់​តែ​ខ្លាំង​នៅ​ពេល​សេដ្ឋកិច្ច​សកលល្អ​ប្រសើរ​»។

ចំណែក​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា លោក សន សៀប ថ្មីៗ​នេះ​បាន​និយាយ​ថា ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា ដែល​មិន​សូវ​ល្អ​នា​ពេល​នេះ គឺ​ដោយ​សារ​មាន​កត្តា​រួម​ផ្សំ​ជា​ច្រើន​ដូច​ជា ការ​វិនិយោគ​របស់​រដ្ឋ​មិន​សូវ​មាន​សកម្មភាព​ដែល​បណ្តាល​មក​ពី​ផល​ប៉ះ​ពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ឥទ្ធិពល​វិបត្តិ​សង្គ្រាម​នៅ​ប្រទេស​មួយ​ចំនួន និងភាព​តាន​តឹង​ផ្នែក​នយោបាយ​នៅ​តំបន់​ផ្សេងៗ​ទៀត។

លោក​បន្ត​ថា បញ្ហា​នេះ​មាន​ផល​លំបាក​ខ្លាំង​រហូត​ដល់​អចលន​ទ្រព្យ​នៅ​តំបន់​ខ្លះ​ធ្លាក់​ដល់​ក្រោម​តម្លៃ​ទីផ្សារ ៥០ ភាគរយ និង​មិន​មាន​អ្នក​ទិញ​ទៀត​ផង​។

លោក​និយាយ​ថា៖​«នៅ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​រកលុយ​មិនបាន តម្រូវការ​អ្វី​គ្រប់​យ៉ាង​នឹង​ថយចុះ។ វា​ថយ​ដូច​ខ្ញុំ​និយាយអ៊ី​ចឹង គឺ​វា​ថយ​តម្រូវការ ខណៈ​ការ​ផ្គត់​ផ្គង់​ឡើង​ខ្ពស់​រួច​ទៅ​ហើយ»។

អ្នក​ជំនាញ​អចលន​ទ្រព្យ​រូបនេះ​ឱ្យ​ដឹង​ថា តាម​បទ​ពិសោធ​បញ្ហា​ទីផ្សារ​អចលនទ្រព្យ​ត្រូវការ​ពេល​សមស្រប​ដើម្បី​ងើប​ឡើងវិញ​បន្ទាប់​ពី​ប៉ះ​ទង្គិច​មក ដូចជា នៅ​កម្ពុជា​បញ្ហា​អចលនទ្រព្យ​នៅឆ្នាំ ២០០៨ អូស​បន្លាយ​ដល់​ឆ្នាំ ២០១២ ទើប​ប្រសើរ​ឡើង​វិញ។

តាម​ការ​យល់​ឃើញ​របស់​លោក សន សៀប គឺ​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ នឹង​អាច​ប្រសើរ​ឡើង​វិញ​នៅ​ឆ្នាំ២០២៨​៕