ដើម្បី​ចូល​រួម​ចំណែក​ជំរុញ​វិស័យ​អចលទ្រព្យ​​ឱ្យ​ឆាប់​មាន​សម្ទុះ​ឡើង​វិញ រាជ​រដ្ឋាភិបាល​កម្ពុជា​​បាន​សម្រេច​បន្ត​អនុគ្រោះ​ឱ្យ​រួច​ពន្ធ​ប្រថាប់​ត្រា​សម្រាប់​អ្នក​ទិញ​លំនៅឋាន​ដែល​មាន​​តម្លៃ​ក្រោម ៧ ម៉ឺន​ដុល្លារ​រហូត​ដល់​ដំណាច់​ឆ្នាំ ២០២៥ បើ​ទោះបី​លំនៅឋាន​​​នោះ​មាន​កិច្ច​សន្យា​ទិញ-លក់ ជា​យូរ​មក​ហើយ​ក៏​ដោយ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ ២០២៥ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ កាល​ពី​រសៀល​ថ្ងៃទី ២៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤។

លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្តល់​គោលការណ៍​ចំនួន ២ ក្នុង​ការ​សង្គ្រោះ និង​លើក​កម្ពស់​វិស័យ​លំនៅឋាន​គ្រប់​ប្រភេទ​ដែល​មាន​លក្ខណៈ​ជា​បុរី ក៏​ដូចជា​ជួយ​ដល់​ប្រជាជន​ដែល​ជា​ម្ចាស់​អចលនទ្រព្យ​ក្នុង​បុរី និង​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​អចលនទ្រព្យ​ថ្មី​ក្នុងបុរី គឺ​ទី​១-ផ្តល់​ការ​លើកលែង​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​លំនៅឋាន​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ជា​បុរី និង​មាន​តម្លៃ​ក្រោម ៧ ម៉ឺន​ដុល្លារ និង២- ផ្តល់​ការ​លើក​លែង​ពន្ធ​ប្រថាប់​ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​លំនៅឋាន​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ជា​បុរី សម្រាប់​ម្ចាស់​អចលនទ្រព្យ​ក្នុង​បុរី​ដែល​ជា​អ្នក​ទិញ​លើក​ដំបូង និង​មាន​តម្លៃ​ក្រោម ២១ ម៉ឺន​ដុល្លារ។

លោក​បាន​ថ្លែង​ថា៖ ​​«អ្នក​ទិញ​មុន​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ ២០២០ (គោលការណ៍​ដាក់​ចេញ​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន) អត់​បាន​ការ​អនុគ្រោះ​ពន្ធ​ប្រថាប់​ត្រា​ទេ។ ឥឡូវ​ខ្ញុំ​ថា កុំ​ពិបាក អ្នក​ទិញ​មុន​ក៏​ទិញ​ចុះ​ឱ្យ​តែ​ក្រោម ៧ ម៉ឺន​ដុល្លារ ហើយ​អនុគ្រោះ​ពន្ធ​ប្រថាប់ត្រា​ឱ្យ​គាត់​រហូត​ដល់​ចុង​ឆ្នាំ ២០២៥ អ្នក​ដែល​មិនទាន់​ទៅ​កាត់​ឈ្មោះ សូម​ទៅ​កាត់​ចុះ អនុគ្រោះ​ពន្ធ​ប្រថាប់ត្រា​ឱ្យ​គាត់»។

លោក​​បន្ថែម​ថា៖«ឥឡូវខ្ញុំ​កំពុង​ឱ្យ​រៀបចំ​គោលការណ៍​មួយ​ទៀត គឺ​សម្រាប់​អ្នក​ទិញ​ផ្ទះ​លើក​ទី១ ក្នុង​បុរី ឬ​ខុនដូ ដើម្បី​ជួយ​ឱ្យ​អ្នក​ទិញ​​ដែល​មាន​តម្លៃ​លើស​ពី ៧ ម៉ឺនដុល្លារ តែ​ក្រោម ២១ ម៉ឺន​ដុល្លារ គឺ​ឱ្យ​រួច​ពន្ធ​ប្រថាប់ត្រា​ដែរ​អនុវត្ត​រហូត​ដល់​ឆ្នាំ ២០២៥»។

លោក​អះអាង​ថា វិស័យ​អចលនទ្រព្យ ​គឺ​ត្រូវ​តែ​ថែរក្សា​កុំ​ឱ្យ​ដួល​រលំ ព្រោះ​បើ​ដួល​រលំវា​នឹង​បង្ក​ផល​ប៉ះ​ពាល់​ច្រើន​ទៅ​ដល់​សេដ្ឋកិច្ច និង​សង្គម​ទាំង​មូល។

លោក​ថ្លែង​ថា៖​«បើ​វិស័យ​អចលនទ្រព្យ​មាន​បញ្ហា ​វានឹង​​ជះឥទ្ធិពល​ដល់​វិស័យ​ធនាគារ និង​អ្វី​ៗ​ផ្សេង​ទៀត​ទាំង​អស់​ អ៊ីចឹង​នេះ​ហើយ​ជា​គោល​ដៅ​ធំ​បំផុត​របស់​យើង​ ២ មុខ​ព្រួញ​ដែល​ត្រូវ​ធ្វើ គឺ​ទី​១ ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​វិវាទ ទី២ ត្រូវ​ធ្វើ​ម៉េច​ធានាការ​រស់​រានមាន​ជីវិត​មិន​ឱ្យ​ស្លាប់​នៃ​វិស័យ​អចលនទ្រព្យ​។ នេះ​គឺ​ជា​គោល​ដៅ​ធំ​ដែល​ត្រូវ​ធ្វើ​»។​

ប្រធាន​សមាគម​អចលនទ្រព្យ​សកល ​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​ថា គោល​នយោបាយ​បន្ត​ផ្តល់​ភាព​អនុគ្រោះ​ឱ្យ​រួច​ពន្ធ​ប្រថាប់ត្រា​សម្រាប់​អ្នក​ទិញ​ផ្ទះ​ដែល​មាន​តម្លៃ​ក្រោម ៧ ម៉ឺន​ដុល្លារ​រហូត​ដល់​ឆ្នាំ ​២០២៥ គឺ​ជា​មធ្យោបាយដ៏​​ល្អ​​ក្នុង​ការ​ជួយ​គាំទ្រ និង​ជា​កម្លាំង​ចលករ​ដើម្បី​​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ងើប​ឡើង​វិញ​ជា​ជំហានៗ បន្ទាប់​ពី​ធ្លាក់​ចុះ​យ៉ាង​គំហុក​ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩។

លោក​បន្ត​ថា ការ​បន្ត​អនុវត្ត​គោល​នយោបាយ​អនុ​គ្រោះពន្ធ​ប្រថាប់ត្រា​ គឺ​មិន​ត្រឹម​តែ​ជួយ​សម្រាល​បន្ទុក​​ប្រជាពល​រដ្ឋ​ដែល​មាន​តម្រូវ​ការ​ទិញ-​លក់​លំនៅឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​​ជួយ​ទៅ​ដល់​ម្ចាស់គម្រោង​សាងសង់​លំនៅឋាន និង​​បុរី​នានាឱ្យ​ពង្រឹង និង​ពង្រីក​គម្រោង​សាងសង់​របស់​ខ្លួន​ផងដែរ​ ពិសេស​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ​។

លោក​និយាយ​ថា៖​«​គោល​នយោបាយ​អនុគ្រោះ​ពន្ធ​សម្រាប់​លំនៅឋាន​​តម្លៃ​ក្រោម ៧ ​ម៉ឺន​ដុល្លារ​ គឺ​ជា​​ការ​ចូល​រួម​ចំណែក​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​មធ្យម អាច​មានលទ្ធភាព​ទិញ​​លំនៅឋាន​ផ្ទាល់​ខ្លួនបាន​»។

ទាក់​ទង​នឹង​អ្នក​​ទិញ​ផ្ទះ​លើក​ដំបូង​មាន​តម្លៃ​ក្រោម ២១ ម៉ឺន​ដុល្លារ ​នឹង​ទទួល​បាន​ការ​លើក​លែង​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរ​កម្ម​សិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​លំនៅឋាន​នោះ លោក សុខនឿន បាន​អះអាងថា គោល​ការ​ណ៍​នេះគឺ​សម្រាប់​អ្នក​ដែល​ទិញ​ផ្ទះលើក​ដំបូង​ប៉ុណ្ណោះ គឺ​ការ​ទិញ​សម្រាប់​ស្នាក់​នៅ ដោយ​មិន​មែន​ជា​ការ​ទិញ​ទុក​សម្រាប់​វិនិយោគ​បន្ត​ឡើយ។

នៅ​ក្នុងពិធី​ខាង​លើ​ផងដែរ​ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ធ្វើ​ការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ជំនាញ​ត្រូវ​មាន​ផែនការ​រៀបចំ​ផែនការ​អភិវឌ្ឍទីក្រុងថ្មី​ៗ​មាន​​ភាព​ច្បាស់​លាស់ ដោធ្វើ​ការ​កំណត់​ទីតាំង​ឱ្យ​បាន​ច្បាស់​លាស់ (Zooning) ដូច​ជា​ ទីតាំង​សម្រាប់​សាងសង់​លំនៅឋាន កន្លែង​កម្សាន្ត-​អាហារដ្ឋាន កន្លែង​លក់ទំនិញ។

លោក​បាន​ថ្លែង​ថា៖​«​អ៊ីចឹង​​គិត​ឱ្យ​ហើយ(អាជ្ញាធរ)ប្លង់​សំណាង់ គឺ​មាន​ផ្លូវ​សម្រាប់​​មធ្យោបាយ​អស់​ហ្នឹង​ឱ្យហើយ​ ជា​ពិសេស​នៅ​តំបន់​ថ្មី នៅ​តំបន់​ចាស់​យើង​ពិបាក​ពង្រីក​ណាស់​ព្រោះ​ផ្លូវ​ពង្រីក​អស់​ហើយ កន្លែង​ខ្លះ​ខ្ញុំមើល​ពី​ក្មេង​​នៅ​ចិញ្ចើម​ធំ ឥឡូវ​អស់​ចិញ្ចើម​បាត់​ហើយ នៅ​តែ​អត់​គ្រាន់​។ ខាង​ក្រោមដី​យើង​អាច​សិក្សា​យូរ ពិបាក ចឹងដោះស្រាយ​លើដីដែល​មាន​ស្រាប់​»។

របាយការណ៍​បាន​ឱ្យ​ដឹង​ថា ចាប់​ផ្តើម​អនុវត្ត​ក្នុង​ឆ្នាំ ២០០០ ដល់​ខែ​កក្កដា ឆ្នាំ ២០២៤ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​លិខិត​អនុញ្ញាត​សាង​សង់​នៅ​ទូទាំង​ប្រទេស​ចំនួន ៦៦ ៩៧៨ គម្រោង ដែល​ស្មើ​នឹង​ផ្ទៃ​ក្រឡា​កម្រាល​សំណង់​សរុប ១៩៤ ៣១០ ១៩៦ ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៧៧ ៧១៩ ៧៧៩ ៨៩៩ ដុល្លារ៕