ខេត្ដព្រះសីហនុ៖ នៅក្នុងការប្រែក្លាយទៅជាគោលដៅវិនិយោគសំខាន់មួយក្នុងតំបន់អាស៊ាន ខេត្តព្រះសីហនុកំពុងអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សទៅជាមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់។
ការផ្លាស់ប្តូរដ៏មានមហិច្ឆតានេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលវិនិយោគនាពេលថ្មីៗនេះ ដែលធ្វើឡើងនៅសណ្ឋាគារសុខា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដែលបានប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាល អ្នកដឹកនាំធុរកិច្ច និងអ្នកវិនិយោគអន្តរជាតិ ដើម្បីពិភាក្សាអំពីអនាគតនៃតំបន់ឆ្នេររបស់កម្ពុជា។
ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងរដ្ឋាភិបាលមូលដ្ឋាន វេទិកាវិនិយោគខេត្ដព្រះសីហនុ ជាមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង និងនិរន្តរភាព។
លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំកំពូលដោយសង្កត់ធ្ងន់លើសក្តានុពលដ៏ធំធេងរបស់ខេត្ត។
ថ្លែងក្នុងពិធីបើកកម្មវិធី «វេទិកាវិនិយោគនៅខេត្តព្រះសីហនុ» ថ្ងៃទី ១៧ ខែ ធ្នូ សាហ៊ីប បានឱ្យដឹងថា៖ «ខេត្តព្រះសីហនុ ជាខេត្តមានសក្កដានុពលធំធេង ហើយនាពេលនេះ គឺជាឱកាសដ៏មានតម្លៃ សម្រាប់ស្វែងយល់ពីសក្ដានុពលវិនិយោគក្នុងខេត្តព្រះសីហនុ និង ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ទៅជាមជ្ឈមណ្ឌលវិនិយោគ និង អភិវឌ្ឍដ៏រស់រវើកមួយក្នុងក្របខ័ណ្ឌអាស៊ាន»។
លោកបន្ដថា៖ «ជាមួយនេះ ខេត្តព្រះសីហនុមានការរីកចម្រើនយ៉ាងឆាប់រហ័ស លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និង បច្ចេកវិទ្យាជឿនលឿន ព្រមទាំងមានការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើតបរិយាកាសអំណោយផល សម្រាប់ការធ្វើអាជីវកម្ម និងការវិនិយោគ»។
របៀបវារៈនៃវេទិកាវិនិយោគនៅខេត្តព្រះសីហនុ ផ្តោតលើវិស័យសំខាន់ៗចំនួន៥ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគិន។វិស័យអាទិភាពទាំងនេះ រួមមាន ផលិតកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច ភស្តុភារ និងដឹកជញ្ជូន ហិរញ្ញវត្ថុ និងអចលនទ្រព្យ ក៏ដូចជាកសិកម្ម និងកែច្នៃម្ហូបអាហារ។
ទីតាំងយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
ខេត្តព្រះសីហនុ ដែលមានទីតាំងនៅភាគនិរតីនៃប្រទេសកម្ពុជា មិនមែនគ្រាន់តែជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនោះទេ វាផ្ដល់អត្ថប្រយោជន៍ភូមិសាស្ត្រសម្រាប់អាជីវកម្មដែលស្វែងរកការចូលទៅក្នុងទីផ្សារអាស៊ានដ៏ទូលំទូលាយ។
ជាមួយនឹងធនធានធម្មជាតិដ៏សម្បូរបែប ឆ្នេរសមុទ្រដ៏ធំទូលាយ និងនៅជិតទីផ្សារសំខាន់ៗក្នុងតំបន់ វាបានក្លាយជាសញ្ញានៃការរីកចម្រើន និងការអភិវឌ្ឍន៍នៅក្នុងតំបន់។
លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា៖ «ខេត្ដព្រះសីហនុមានកោះតូច-ធំចំនួន៣២ ថ្មដុះចំនួន១ និងថ្មប៉ប្រះទឹកចំនួន៥ ឆ្នេរសមុទ្រប្រវែង១៧៥៨១គីឡូម៉ែត្រ ទឹកសមុទ្រ ខៀវស្រងាត់ ឧទ្យានជាតិសមុទ្ររាម ឧទ្យានសមុទ្រកោះរ៉ុង កោះរ៉ុងសំឡឹម ស្មៅសមុទ្រ ផ្កាថ្ម ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ជម្រាលភ្នំ ទឹកជ្រោះ គម្របព្រៃឈើធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ។
លោកបានបន្ដថា នៅឆ្នាំ២០២៣ ព្រះសីហនុសម្រេចបាននូវទិន្នផលសេដ្ឋកិច្ចសរុបចំនួន ១,៦១ ពាន់លានដុល្លារ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ចំនួន ៤.៦០២ ដុល្លារ និងអត្រាកំណើនសេដ្ឋកិច្ច ៤ភាគរយ ជាមួយនឹងអត្រាភាពក្រីក្របានកាត់បន្ថយមកត្រឹម ១,២២ភាគរយ។កត្តាដ៏សំខាន់បំផុតមួយដែលជំរុញការផ្លាស់ប្តូរនេះគឺហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោករបស់ខេត្ត។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានធ្វើការវិនិយោគយ៉ាងច្រើនក្នុងការដឹកជញ្ជូន និងភស្តុភារ ដោយបានទទួលស្គាល់សារៈសំខាន់នៃការតភ្ជាប់ដើម្បីទាក់ទាញអាជីវកម្មអន្តរជាតិ។
លោក ស៊ីណេត បានបន្ដថា៖ «ខេត្តនេះមានកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ និងផ្លូវជាតិដែលតភ្ជាប់ដោយផ្ទាល់ទៅកាន់រាជធានីនៃប្រទេសកម្ពុជារួចហើយ»។
ជាងនេះទៅទៀត ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាគម្រោងដ៏សំខាន់មួយដែលបានបង្កើនប្រសិទ្ធភាពនៃការធ្វើដំណើរ និងការចូលទៅកាន់តំបន់ផ្សេងទៀតនៃប្រទេសនេះ ត្រូវបានគេរំពឹងថានឹងជំរុញសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀតនៅក្នុងតំបន់។
ខេត្តនេះមានអាកាសយានដ្ឋានអន្តរជាតិ ផ្លូវជាតិ ផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែក កំពង់ផែសមុទ្រទឹកជ្រៅ ដែលរាជរដ្ឋាភិបាលបាននិងកំពុងសាង់សង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ និងគ្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ និង ជំហានទី៣ បន្ថែមទៀត ដែលអនុញ្ញាតឱ្យកំពង់ផែរបស់កម្ពុជាយើង មានសមត្ថភាពទទួលការចូលចតរបស់នាវាដឹកទំនិញលើពិភពលោក
ខេត្តព្រះសីហនុក៏មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៦ ដែលក្នុងនោះមាន ៥ កំពុងដំណើរការ មានរោងចក្រចំនួន ២៧០ ដែលមានទុនវិនិយោគសរុបចំនួន ២.៦៥ ពាន់លានដុល្លារ និងកម្លាំងពលកម្មចំនួន ៩៤៦៦២ នាក់។
លោក ស៊ីណេត បាននិយាយថា មានសហគ្រាសធុនតូច មធ្យម និងសិប្បកម្មចំនួន ១២៣២ ដែលមានទុនវិនិយោគសរុបចំនួន ៣០,៣ លានដុល្លារ និងកម្លាំងពលកម្មចំនួន ៦១៧២នាក់។
ឥទ្ធិពលនៃរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក
លោក ជា កុកហុង នាយកលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់ការអភិវឌ្ឍ និងការអនុវត្តផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណងគំរូ (SEZ) បានលើកឡើងពីឥទ្ធិពលនៃការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក រួមទាំង ឥទ្ធិពលរបស់ប្រធានាធិបតីអាមេរិកថ្មី លើការផ្ទេរឧស្សាហកម្ម។
ចំពោះការផ្ទេរនេះ សម្រាប់កម្ពុជាដែលមានទីតាំងដ៏ធំក្នុងពិភពលោក នឹងផ្ដល់នូវមូលដ្ឋានសម្រាប់ផលិតកម្ម និងវិនិយោគ។ ការវិនិយោគ និងការនាំចេញមានការកើនឡើង ដែលធ្វើឱ្យមានការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយបែរទៅកាន់វិស័យឧស្សាហកម្ម និងសេវាកម្ម។
លោក កុកហុង បានថ្លែងថា៖ «វិស័យទាំងនេះបានពាំនាំនូវឱកាសថ្មីៗជាពិសេសក្នុងវិស័យការផលិត និងតម្លើងយានយន្ដ វិស័យ EV (យានយន្ដអគ្គិសនី) ការកែច្នៃកសិកម្មសម្រាប់ការនាំចេញ ជាពិសេស ទេសចរណ៍»។
លោកបន្ដថា៖ «ចំពោះផែនការមេដើម្បីប្រែក្លាយខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង យើងឃើញពីសក្ដានុពល និងទីតាំងយុទ្ធសាស្ដ្រ រួមផ្សំទាំងកិច្ចសន្យារពាណិជ្ជកម្ម ដែលកម្ពុជាមានទំនុកចិត្ដខ្ពស់ក្នុងការទាក់ទាញអ្នកវិនិយោគលើវិស័យ Logistics និងទេសចរណ៍កម្រិតអន្ដរជាតិ»។ រយៈពេល ១៥ឆ្នាំខាងមុខ គម្រោងនេះនឹងប្រែក្លាយខេត្ដព្រះសីហនុទៅជាតំបន់ Logistics និងតំបន់ទេសចរណ៍ធំ និងល្បីល្បាញក្នុងអាស៊ាន។
បញ្ហាប្រឈម និងឱកាស
ខណៈដែលទស្សនវិស័យកំណើនរបស់ខេត្តព្រះសីហនុមានភាពរឹងមាំ មានបញ្ហាប្រឈមដែលត្រូវដោះស្រាយ។
លោក គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ចំពោះការផ្លាស់ប្ដូរមេដឹកនាំអាមេរិក គឺជាការផ្លាស់ប្ដូរភូមិសាស្ដ្រនយោបាយ ដែលផ្ដល់ទាំងផលល្អ និងផលអាក្រក់សម្រាប់ប្រទេសកម្ពុជា។
លោកបានលើកឡើងថា៖ «ចំពោះផលប៉ះពាល់មួយចំនួន ដូចជា ការដាក់ទណ្ឌកម្មប្រទេសចិន ដែលវាអាចប៉ះពាល់ការផលិតរបស់សហគ្រាសចិននៅក្នុងប្រទេសចិន»។
យ៉ាងណាមិញ លោក សេរីវឌ្ឍ បានលើកឡើងថា៖ «បើយើងចេះច្នៃស្ថានការណ៍នេះទៅជាឱកាស យើងអាចទាញយកលម្ហូរនៃរោងចក្រដែលចេញពីប្រទេសចិនមកកាន់កម្ពុជាយើងវិញ ជាការរួមចំណែកបង្កើតឧស្សាហកម្ម»។
ព្រះសីហនុ ជាខេត្ដមួយរួមចំណែកទទួលយកនូវឧស្សាហកម្មនេះចូលមកកម្ពុជាដោយសារវាជាប់កំពង់ផែ។ មួយវិញទៀត ឧស្សាហកម្មដែលមកពីប្រទេសចិនមិនមែនជាឧស្សាហកម្ម ផលិតសម្រាប់ប្រើប្រាស់ក្នុងស្រុកនោះទេ គឺសម្រាប់ការនាំចេញ។
ដូច្នេះ ការវិនិយោគនៅជិតតំបន់កំពង់ផែជាឱកាសក្នុងការកាត់បន្ថយចំណាយថ្លៃដើមរបស់សហគ្រាសផលិតកម្មទាំងអស់នោះ។ លោក សេរីវឌ្ឍ បានថ្លែងថា៖ «ក្រុមការងារជំរុញការវិនិយោគនេះបានសម្រួលនូវលក្ខខណ្ឌ និងឯកសារ ព្រមទាំងលើកទឹកចិត្ដអ្នកវិនិយោគចូលមក រួមទាំងការសុំអាជ្ញាប័ណ្ណ ការអនុគ្រោះពន្ធ រហូតដល់ ១៨ឆ្នាំ»។
ការអភិវឌ្ឍនេះ មានតំបន់ជាច្រើន ដូចជា ផលិតកម្ម ទេសចរណ៍ តំបន់រួចពន្ធ និងសួនឧស្សាហកម្ម ដែលមានសេវាកម្មច្រកចេញចូលតែមួយ។
អ្នកវិភាគសេដ្ឋកិច្ចរូបនេះ បានបង្ហាញជំនឿចិត្ដថា តាមរយៈ «វេទិកាវិនិយោគនៅខេត្តព្រះសីហនុ» ថ្ងៃទី ១៧ ខែធ្នូ វិនិយោគជិនអាចនឹងមកកម្ពុជាកាន់តែច្រើន ដោយសារគណកម្មការធិការជំរុញការវិនិយោគនេះដែលបានធ្វើការងាររយៈពេលមួយឆ្នាំហើយ ចាប់ផ្ដើមបើកជាផ្លូវការ ដែលចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានទៅដល់អ្នកវិនិយោគ។
កន្លងមក អ្នកវិនិយោគព្រួយបារម្ភថា តើពួកគេត្រូវសុំច្បាប់នៅឯណា រៀបចំឯកសារអាជ្ញាប័ណ្ណនៅឯណា ប្រកាសសុំប៉ាតង់យ៉ាងដូចម្ដេច ដែលធ្វើឱ្យពួកគេនៅមានការរារែក។ ប៉ុន្ដែសិក្ខាសលានេះ បានបង្ហាញឱ្យដឹងថា មានគណកម្មាធិការតែមួយ ដែលផ្ដល់ភាពងាយស្រួលអ្នកវិនិយោគ។ យ៉ាងណាមិញ លោក សេរីវឌ្ឍ មើលឃើញថា ខេត្ដព្រះសីហនុនៅជួបបញ្ហាប្រឈមមួយចំនួន ដូចជា អភិបាលរកិច្ច និងការអនុវត្ដច្បាប់របស់មន្ដ្រីនៅក្នុងខេត្ដនៅមានកម្រិត។
លោកបានលើកឡើងថា៖ «ឧទាហរណ៍ នៅពេលឃើញជនជាតិចិនបើកបរ មន្ដ្រីប៉ូលិសតែងតែហៅឈប់ជាញឹកញាប់។ ត្រង់នេះ យើងត្រូវដាក់សញ្ញាសួរថា តើយើងត្រូវតែដោះបញ្ហានេះចេញឱ្យអស់។
នេះមានន័យថា ការសម្រួលសេវាសាធារណៈ សណ្ដាប់ធ្នាប់ សន្ដិសុខ ត្រូវតែធ្វើឡើងឱ្យប្រសើរ គួបផ្សំការជំរុញអ្នកវិនិយោគ និងសម្រួលការងារអំណោយផលដល់ពួកគេ។
លោក សេរីវឌ្ឍ បានឱ្យដឹងថា កង្វល់របស់អ្នកវិនិយោគជនជាតិចិន គឺការសុំអាជ្ញាប័ណ្ណ ដោយមិនដឹងថា តើពួកគេត្រូវប្រើពេលវេលាប៉ុន្មានថ្ងៃ និងអស់លុយប៉ុន្មាន។
លោកបានបញ្ជាក់ថា៖ «ភាពមិនច្បាស់លាស់នេះបានធ្វើឱ្យមន្ដ្រីបង្កើតបញ្ហាអូសបន្លាយពេល អស់លុយកាក់តិចច្រើនតាមការជំរឹតទារបានស្រេចតែចិត្ដ។ ទាំងអស់នេះហើយ ដែលធ្វើឱ្យគេដកថយទៅវិញ។ ដូច្នេះ យើងកំណត់ទៅថាតើយកលុយប៉ុន្មាន និងប្រើពេលវេលាប៉ុន្មានថ្ងៃ។ សូម្បីតែប្រជាជនខ្មែរក៏ជួបបញ្ហាបែបនេះដែរ»។
ការដាក់ខេត្ដព្រះសីហនុជាតំបន់សេដ្ឋកិច្ចពហុបំណង ដោយសារវាមានទីតាំងភូមិសាស្ដ្រល្អប្រសើរ ដូចជា វិស័យទេសចរណ៍ កំពង់ផែ នៅសល់ដីកសិកម្មមួយចំនួន និងអគារដែលបានជាប់គាំងទាំងនេះ ជាធនធានដែលមិនទានកែច្នៃ។
លោក សេរីវឌ្ឍ បានឱ្យដឹងថា៖ «ការដាក់ខេត្ដព្រះសីហនុជាតំបន់សេដ្ឋកិច្ចពហុបំណងមានទាំងអចលនទ្រព្យ មានទាំងហិរញ្ញវត្ថុ កសិកម្ម និងឧស្សាហកម្ម ពោលគឺគ្រប់ចំណុចទាំងអស់ក្នុងការចូលរួមឱ្យមានកំណើន។ វាក៏ជាមជ្ឈមណ្ឌលអភិវឌ្ឍមួយ ដែលការអភិវឌ្ឍនៅកម្ពុជាយកគំរូចេញពីខេត្ដព្រះសីហនុ ដោយសារវាមានផែនការមេច្បាស់លាស់»៕