អ្នកជំនាញក្នុងវិស័យអចលនទ្រព្យមានសុទិដ្ឋិនិយមថា សេវាកម្មវាយតម្លៃអចលនទ្រព្យនៅកម្ពុជានឹងកាន់តែមានសង្គតិភាព ព្រមទាំងផ្តល់ទំនុកចិត្តកាន់តែខ្លាំងដល់អ្នកវិនិយោគដែលចង់មកបណ្តាក់ទុននៅកម្ពុជា ខណៈអាជ្ញាធរអនុញ្ញាតឱ្យផ្នែកឯកជនអាចទាញយកព័ត៌មាន និងទិន្នន័យមួយចំនួនពីការចុះបញ្ជីដីធ្លី មកធ្វើជាមូលដ្ឋានសម្រាប់ការវាយតម្លៃអចលនទ្រព្យនៅទូទាំងប្រទេស។
នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា(CVEA) កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានយល់ព្រមឱ្យ CVEA អាចចូលមើលព័ត៌មាន និងទាញយកទិន្នន័យមួយចំនួនស្តីពីប្លង់ក្បាលដីដែលបានចុះបញ្ជីក្នុងប្រព័ន្ធរួចហើយមកធ្វើជាមូលដ្ឋាននៃការវាយតម្លៃអចលនទ្រព្យ ឬពិនិត្យមើលសកម្មភាពនៃការទិញ លក់មួយចំនួនដែលបានកត់ត្រានៅក្នុងប្រព័ន្ធរបស់ខ្លួន។
CVEA បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា ការវាយតម្លៃអចលនទ្រព្យដែលមានភាពច្បាស់លាស់ នឹងជួយឱ្យមានសង្គតិភាព ដើម្បីជាឧត្តមប្រយោជន៍របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក សន សៀប (The Cambodian Valuers and Real Estate Agents Association, President Mr. Sorn Seap) បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១០ ខែមករា ថា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានស្នើសុំឱ្យក្រសួងជួយសម្របសម្រួលលើបញ្ហាចម្បងចំនួន ២ គឺការស្នើសុំប្រើប្រាស់ទិន្នន័យដែលក្រសួងកំពុងរៀបចំ ជាពិសេសទិន្នន័យស្តីពីការចុះបញ្ជីក្បាលដីដើម្បីធ្វើជាជំនួយដល់ការវាយតម្លៃអចលនវត្ថុរបស់បណ្តាក្រុមហ៊ុនដែលមានអាជ្ញាបណ្ឌវាយតម្លៃអចលនទ្រព្យជាសមាជិក CVEA និងទី២ ស្នើសុំទិន្នន័យរួមនៃការទិញ លក់អចលនទ្រព្យជាក់លាក់ចេញពីអគ្គនាយកដ្ឋានពន្ធដារ ឬក្រសួងរៀបចំដែនដី បានចងក្រង។
លោកបន្តថា ការមានមូលដ្ឋានព័ត៌មាន និងទិន្នន័យទាំងអស់ខាងលើ នឹងជួយឱ្យការធ្វើការវិភាគ និងការវាយតម្លៃអចលនវត្ថុ កាន់តែមានភាពល្អប្រសើរ និងផ្តល់ទំនុកចិត្តកាន់តែខ្លាំងទៅដល់អតិថិជិន ព្រមទាំងអាចជួយទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ អ្នកវិនិយោគតែងត្រូវការទីតាំង(អចលនទ្រព្យ)សម្រាប់ធ្វើការិយាល័យ ឬទីតាំងសម្រាប់សាងសង់រោងចក្រ។
លោកបានថ្លែងថា៖«នៅពេលភ្នាក់ងារ/ក្រុមហ៊ុនវាយតម្លៃ មានព័ត៌មានពិតប្រាកដពីអចលនទ្រព្យកាន់តែច្រើន វានឹងធ្វើឱ្យការវាយតម្លៃកាន់តែមានភាពសុក្រិត ឆាប់រហ័ស និងបង្កើនទំនុកចិត្តកាន់តែច្រើនទៅដល់អតិថិជន និងអ្នកវិនិយោគ។ ការវាយតម្លៃបានលឿន និងត្រឹមត្រូវក៏ជួយដល់ផ្នែកហិរញ្ញវត្ថុផងដែរ»។
លោកបានលើកឧទាហរណ៍ថា នៅពេលបុគ្គលម្នាក់ត្រូវការស្នើសុំឥណទានពីធនាគារ គឺធនាគារតែងទាមទាររបាយការណ៍វាយតម្លៃទៅលើទ្រព្យបញ្ចាំដូចជាប្លង់អចលនទ្រព្យជាដើម ដូច្នេះបើរបាយការណ៍មានភាពច្បាស់លាស់ គាត់ក៏ឆាប់ទទួលបានឥណទានដែរ។ ការទទួលបានឥណទានលឿន ក៏អាចជួយឱ្យអាជីវកម្មឆាប់មានលំនឹងល្អផងដែរ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Chailin Sear Realty Co., Ltd លោក ស៊ា ឆៃលីន (Sear Chailin, CEO of Sear Realty Co., Ltd) បាននិយាយថា ការអនុញ្ញាតឱ្យសមាគម CVEA អាចចូលមើលព័ត៌មាន ឬប្រើប្រាស់ទិន្នន័យស្តីពីប្លង់ក្បាលដី គឺផ្នែកដ៏សំខាន់ជាមូលដ្ឋានសម្រាប់ភ្នាក់ងារអចលនទ្រព្យក្នុងការវាយតម្លៃ ឬពិនិត្យមើលអំពីចរន្តទីផ្សារទិញលក់អចលនទ្រព្យ។
លោកបានបញ្ជាក់ថា៖«យើងពិតជារីករាយដែលអាជ្ញាធរអនុញ្ញាតឱ្យសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចូលទៅប្រើប្រាស់ និងទាញយកទិន្នន័យក្បាលដីមួយចំនួន។ ចំណុចនេះនឹងជួយឱ្យការងារក្នុងវិស័យអចលនទ្រព្យកាន់តែមានភាពឆាប់រហ័សជាងមុន ហើយតាមរយៈទិន្នន័យនេះ យើងក៏អាចយកទៅផ្ទៀងផ្ទាត់ជាមួយឯកសារដែលអតិថិជនបានឱ្យមកយើងផងដែរ»។
លោកបានបន្តថា៖«នេះជាការជំហានឆ្ពោះទៅភាពវិជ្ជមានដ៏ល្អ ដែលនឹងធ្វើឱ្យការវាយតម្លៃអចលនទ្រព្យពីសំណាក់អ្នកជំនាញ/ក្រុមហ៊ុននៅកម្ពុជាស្តង់ដាររួម ឬក៏កម្រិតលម្អៀងមានតិចតួចបំផុត។
ការណ៍នេះក៏ជាការចូលរួមជួយការពារ និងផ្តល់នូវទំនុកចិត្តសម្រាប់គ្រប់គ្នា ជាពិសេសនឹងធ្វើឱ្យអ្នកវិនិយោគចូលមកបណ្តាក់ទុនឱ្យមិនមានក្តីបារម្ភពីការលក់បំបោងថ្លៃ ឬមិនមានអចលនទ្រព្យ(អចលនទ្រព្យខ្យល់)នោះឡើយ។
បើតាមលោក ឆៃលីន នៅពេលឆាប់ៗខាងមុខនេះ ថ្នាក់ដឹកនាំនៃសមាគម CVEA ក៏គ្រោងនឹងធ្វើដំណើរទៅប្រទេសមួយចំនួនដើម្បីធ្វើការផ្សព្វផ្សាយពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅកម្ពុជាផងដែរ៕