ភ្នំពេញ៖ កម្ពុជាបានផ្ដល់ការលើកទឹកចិត្ដពិសេសសម្រាប់គម្រោងចំនួន ៤២ ជាមួយទុនវិនិយោគ ៥៦៤លានដុល្លារដើម្បីជំរុញការអភិវឌ្ឍន៍ខេត្ដព្រះសីហនុ ខណៈរាជរដ្ឋាភិបាលបន្ដឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» រហូតដល់ចុងឆ្នាំ២០២៥។
ការសម្រេចនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុលើកទី ១៣ ដឹកនាំដោយលោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារ កាលពីថ្ងៃទី២៣ ខែមករា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
គម្រោងដែលទទួលបានការលើកទឹកចិត្ដពិសេសនោះ ស្ថិតនៅក្រោមក្របខ័ណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ហើយវាជាការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ហើយក៏ជាលើកទី ១ សម្រាប់ឆ្នាំ ២០២៥។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង បានឱ្យដឹងថា៖ «គម្រោងចំនួន ៤២ នោះ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៥ គម្រោងថ្មី ចំនួន ១២ ការពង្រីកគម្រោង ចំនួន ៣ និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២ គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥ លានដុល្លារអាមេរិក»។
សេចក្ដីប្រកាសបានបន្ដថា៖ «ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៧ ៣០៨ កន្លែង មានជាអាទិ៍ គម្រោងភណ្ឌាគារគយមានដែនកំណត់ គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមនីយដ្ឋាន អេកូ កសិទេសចរណ៍ គម្រោងសួនឧស្សាហកម្ម គម្រោងសណ្ឋាគារ និងគម្រោងអគារពហុមុខងារ»។
លោក សាហ៊ីប បានថ្លែងថា៖ «រាជរដ្ឋាភិបាលបានយល់ព្រមឱ្យបន្តអនុវត្ត (កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤) រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល»។
លោកបានបន្ដថា សម្រាប់ទិសដៅការងារក្នុងឆ្នាំ ២០២៥ ក្រុមការងារត្រូវបន្តបំពេញភារកិច្ចស្នូលចំនួន ៣ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។
លោក សាហ៊ីប បានរៀបរាប់ថា ក្រុមការងារបន្តពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ការប្រឹក្សាយោបល់ និង បដិសណ្ឋារកិច្ច និង ធ្វើការផ្សព្វផ្សាយ ដើម្បីទាក់ទាញ និងជំរុញការវិនិយោគ ក្នុងក្របខណ្ឌនៃយន្តការច្រកចេញចូលតែមួយ។
ពួកគេក៏នឹងបន្តពិនិត្យ និងជំរុញការអនុវត្តគម្រោងវិនិយោគ និងធុរកិច្ច រួមទាំងការផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដល់គម្រោងដែលទទួលបានការលើកទឹកចិត្តរួចហើយ ពិសេសការដោះស្រាយគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង និង ដំណើរការអនុវត្តគម្រោង ក្នុងក្របខ័ណ្ឌនៃការផ្តល់សេវាថែទាំវិនិយោគ ក៏ដូចជាការសម្របសម្រួល។
លោកបានថ្លែងថា៖ «ក្រុមការងារបន្តពង្រឹងសមត្ថភាព និងការរៀបចំធនធានមន្ត្រី ដោយប្រកាន់ខ្ជាប់ការគ្រប់គ្រងមន្ត្រីដែលទទួលខុសត្រូវ និង មានគុណវុឌ្ឍិ ក្នុងការគ្រប់គ្រងដឹកនាំអនុវត្តការងារជាប្រចាំ ដើម្បីធានាប្រសិទ្ធភាព និង ភាពម្ចាស់ការ ព្រមទាំងទាក់ទាញការវិនិយោគសក្តានុពលសំខាន់ៗ»។
ធុរជន និង វិនិយោគិនត្រូវបានលើកទឹកចិត្ដដាក់ពាក្យ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» សម្រាប់ឆ្នាំ ២០២៥ នៅទីតាំងដែលមានអាសយដ្ឋាន នៅផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕