«ភាព​ជា​ដៃគូ​ក្នុង​នាម​ជា​បងប្អូន​» របស់​លោក Lee Korngvong និង​លោក Lee Kongsren បាន​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ដល់​តំបន់​ផាប់ស្ទ្រីត​នៅ​សៀមរាប​យ៉ាង​ខ្លាំង និង​បាន​ជួយ​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​មួយ​នៅ​ក្នុង​ក្រុង​សៀមរាប​។

នៅ​ក្រោម​ការ​ដឹកនាំ​របស់​បងប្អូន​កម្ពុជា ​២ រូប​នេះ ក្រុមហ៊ុន Temple Group បាន​រីក​ចម្រើន ​និង​ក្លាយ​ជា​ម៉ាក​យីហោ​មួយ ដែល​ប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច កម្សាន្ត ម្ហូប​អាហារ ​និង​ភេសជ្ជៈ (F&B) នៅ​ក្នុង​វិស័យ​ទេសចរណ៍​ដ៏​រស់រវើក​នៃ​ខេត្ត​សៀមរាប​។

១៧ ​ឆ្នាំ​មុន លោក Lee Korngvong អគ្គនាយក និង​លោក Lee Kongsren បាន​ធ្វើ​ខិត្តប័ណ្ណ​តូចៗ ដើម្បី​ជួយ​ភ្ញៀវ​ទេសចរ​ឲ្យ​ស្គាល់​ទីតាំង​ហាង​ផាប់ (Pub) នៅ​តាម​បណ្តាយ​ផ្លូវ​ក្បែរ​ផ្សារ​ចាស់​ក្នុង​ក្រុង​សៀមរាប​។ នៅ​ពេល​នោះ ​គឺ​ជា​ពេល​ដែល​ពាក្យ “​ផាប់ស្ទ្រីត​“ ត្រូវ​បាន​ប្រើ​លើក​ដំបូង​ដើម្បី​ពិព័រណ៍​នា​អំពី​ទីតាំង​ដែល​កំពុង​ល្បីល្បាញ​នាពេល​​បច្ចុប្បន្ន​។

បងប្អូនត្រកូល Lee ដែលបង្កើតផាប់ស្ទ្រីតដ៏ល្បីល្បាញនៅខេត្តសៀមរាប។

នៅ​ពេល​នោះ តំបន់​ផាប់ស្ទ្រីត​មាន​តែ​អាជីវកម្ម​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ការ​បើក​ហាង Temple Pub ដែល​ក្រោយ​មក​ប្តូរ​ឈ្មោះ​មក​ជា Temple Club បាន​ផ្លាស់ប្តូរ​តំបន់​ផាប់​ស្ទ្រីត​ឲ្យ​ក្លាយ​ជា​តំបន់​ដ៏​រស់រវើក ​និង​មាន​ភាព​ទាក់ទាញ​បំផុត​។

ពី​មុន​បងប្អូន​ប្រុស​ត្រកូល Lee ធ្វើ​ការ​ជា​អ្នក​បើកបរ បន្ទាប់​មក​ពួក​គាត់​មាន​ឱកាស​បើក​ផ្ទះ​សំណាក់​តូច​មួយ​ឈ្មោះ​ផ្ទះ​សំណាក់ Get Lucky Guesthouse។ ចាប់​តាំង​ពី​ពេល​នោះ​មក ពួក​គាត់​បាន​កសាង​ស្លាក​យីហោ Temple បន្តិច​ម្តងៗ​។

គិត​ត្រឹម​ខែ​មេសា​ឆ្នាំ​នេះ ក្រុមហ៊ុន Temple Group មាន​បុគ្គលិក​ជាង ១ ២០០ នាក់ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នេះ​ក្លាយ​ជា​ក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​ច្រើន​ជាង​គេ​បំផុត​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប និង​ជា​សមាជិក​ដ៏​សំខាន់​មួយ​នៃ​ទិដ្ឋភាព​អាជីវកម្ម​របស់​ទីក្រុង​មួយ​នេះ​។

ផាប់ស្រ្ទីតផ្តល់ជូននូវជម្រើសដ៏សម្បួរបែបសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ក្នុងនោះមានដូចជាភោជនីយដ្ឋាន ផាប់ ក៏ដូចជាហាងលក់វត្ថុអនុស្សាវរីយ ៍និងកន្លែងកម្សាន្តជាច្រើនទៀត ។

ក្នុង​នាម​ជា​បុគ្គល​ដែល​តែងតែ​ចងចាំ​អំពី​អតីតកាល​របស់​ខ្លួន ពួក​គាត់​បាន​គាំទ្រ​ដល់​សហគមន៍​មូលដ្ឋាន​យ៉ាង​សកម្ម​។ ពួក​គាត់​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សហគ្រិន​ខ្មែរ និង​តែងតែ​ជួយ​សហគ្រិន​ក្នុង​ស្រុក​ដើម្បី​ចាប់​ផ្តើម​អាជីវកម្ម​របស់​ពួក​គេ​។ ពួក​គាត់​ក៏​ធ្វើ​ការ​ជាមួយ​អ្នក​ផ្គត់ផ្គង់​ក្នុង​ស្រុក​ដើម្បី​លើក​កម្ពស់​អាជីវកម្ម​ខ្មែរ និង​ជួយ​ឱ្យ​អាជីវកម្ម​ខ្នាត​តូច​រីកចម្រើន​ផង​ដែរ​។

បងប្អូន​ប្រុស​ទាំង ២ បាន​បើក​អាជីវកម្ម​ម៉ាក​យីហោ Temple ដំបូង​បង្អស់​មាន​ឈ្មោះ Temple Bar (​ក្រោយ​មក​ប្តូរ​ទៅ​ជា Temple Club) នៅ​ក្នុង​ឆ្នាំ ​២០០២ ដោយ​បន្ថែម​ការ​កម្សាន្ត និង​ភាព​សប្បាយ​រីករាយ​នៅ​តំបន់​ផាប់​ស្ទ្រីត​។​

នៅ​ក្នុង​ឆ្នាំ​នេះ ពួក​គាត់​បាន​បន្ថែម​ភោជនីយដ្ឋាន Kitchen 2002 ចូល​ទៅ​ក្នុង​ខ្សែ​ចង្វាក់​ភោជនីយដ្ឋាន​របស់​ក្រុមហ៊ុន Temple Group ហើយ​មួយ​ទៀត​ដែល​នឹង​ចូល​មក ​គឺ​ភោជនីយដ្ឋាន The One by T ដែល​ក្រុមហ៊ុន​អះអាង​ថា ​វា​នឹង​ក្លាយជា​ភោជនីយដ្ឋាន​ដ៏​ធំ​បំផុត​នៅ​ក្នុង​ទីក្រុង ដែល​មាន​កន្លែង​អង្គុយ​រហូត​ដល់​ចំនួន ៣០០ នាក់​។ វា​ជា​កន្លែង​ដែល​ផ្តោត​លើ​ការ​ផ្តល់​ជូន​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់ គុណភាព​ខ្ពស់​ជាមួយ​ ការ​រចនា​ដ៏​ប្រណីត​អម​ដោយ​សេវាកម្ម​ល្អ​ឥត​ខ្ចោះ​។

កាល​ពី​ឆ្នាំ​មុន​ភោជនីយដ្ឋាន The Chef 1950 Steak House បាន​បើក​ដំណើរការ​នៅ​ចុង​ផ្លូវ​នៃ​តំបន់​ផាប់ស្ទ្រីត​។ វា​ជា​ហាង​លក់​សាច់​អាំង​ដ៏​ឈ្ងុយឆ្ងាញ់​បែប (Brazilian Samba grill) លើក​ដំបូង​នៅ​ក្នុង​ខេត្ត​សៀមរាប​។ ហាង​នេះ​ពេញ​និយម​ក្នុង​ចំណោម​អ្នក​ចូលចិត្ត​ភាព​ទាន់​សម័យ ដែល​ការ​រចនា​មាន​លក្ខណៈ​ដូច​ទសវត្សរ៍​ឆ្នាំ ​១៩៥០​។

ចំណែក​ឯ​ភោជនីយដ្ឋាន V Design គឺ​ជា​កន្លែង​ដ៏​ពេញ​និយម​បំផុត​មួយ​ផ្សេង​ទៀត​នៅ​ផ្លូវ​កាច់​ជ្រុង​ទល់​មុខ​ភោជនីយដ្ឋាន Temple F&B and Red Piano ។ វា​មាន​បម្រើរ​អាហារ​បែប​អាស៊ី​ និង​ជប៉ុន និង​មាន​ការ​ប្រគំ​តន្ត្រី​បំពេ​អារម្មណ៍​ចាប់​ពី​ម៉ោង ​៧: ៣០ ​នាទី​យប់​តទៅ​។

ចំពោះ​បទពិសោធ​នៃ​ការ​ទទួល​ទាន​អាហារ​បែប​ខ្មែរ​ពិត​ប្រាកដ អតិថិជន​អាច​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន Khmer Family ហើយ​ពួក​គាត់​ក៏​អាច​ចូលរួម​រៀន​ធ្វើ​ម្ហូប​ខ្មែរ​ដែល​បង្រៀន​ដោយ​ចុងភៅ​ខ្មែរ​របស់​ភោជនីយដ្ឋាន​ផង​ដែរ​។

ជម្រើស​មួយ​ទៀត​សម្រាប់​អាហារ​ខ្មែរ​គឺ​ភោជនីយដ្ឋាន Traditional Khmer Food គឺ​ជា​ភោជនីយដ្ឋាន​តូច​ជាង​គេ​នៃ​សមាជិក F&B របស់​ក្រុមហ៊ុន Temple Group ដែល​ស្ថិត​នៅ​តាម​ផ្លូវ​តូច​មួយ​ខាង​ក្រោយ​ផាប់ស្ទ្រីត​។

ម្យ៉ាង​វិញ​ទៀត ​សណ្ឋា​គារ​មួយ​ចំនួន​ដូចជា Golden Temple Retreat, Golden Temple Hotel, Golden Temple Villa, Golden Temple Residence និង Golden Temple Boutique ដែល​ជា​សមាជិក​សណ្ឋាគារ​​របស់​ក្រុមហ៊ុន Temple Group សុទ្ធ​តែ​បាន​ឈ្នះ​ពាន​រង្វាន់​ពី​គេហទំព័រ TripAdvisor៕