“សេដ្ឋកិច្ច ១០ នាទី និង សេដ្ឋកិច្ច ១០ ឆ្នាំ” គឺជាពាក្យសម្តីរបស់លោក ម៉ូរីតា អាគីអូ ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុនសូនី (Sony)។ នៅពេលដែលជប៉ុនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ២ គាត់បានប្រើពាក្យនេះ ដើម្បីរិះគន់អាមេរិកថាឈ្លក់វង្វេងនឹងសេដ្ឋកិច្ច ១០ នាទីហើយភ្លេចសេដ្ឋកិច្ច ១០ ឆ្នាំ។
គាត់ចង់និយាយថា អាមេរិកគិតតែពីសេដ្ឋកិច្ចអរូបីដូចជា ការជួញដូរហិរញ្ញវត្ថុ ទីផ្សារភាគហ៊ុនជាដើម ដែលអាចរកចំណេញបានភ្លាមៗហើយលែងយកចិត្តទុកដាក់លើការស្រាវជ្រាវ និងនវានុវត្តន៍ និងឧស្សាហកម្មកម្មន្តសាល (manufacturing) ដែលជាឧស្សាហកម្មរូបី និងទ្រទ្រង់កម្លាំងសេដ្ឋកិច្ចយូរអង្វែង។
ជប៉ុនភាគច្រើនគិតថា សេដ្ឋកិច្ចជប៉ុនអាចរឹងមាំបានគឺពឹងផ្អែកលើឧស្សាហកម្មកម្មន្តសាលនេះឯង។ សូម្បីតែចិនបច្ចុប្បន្នដែលឈានក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ២ ក៏ដោយសារតែភាពរឹងមាំនៃឧស្សាហកម្មកម្មន្តសាលនេះដែរ ហើយយើងពិបាកនឹងរកផលិតផលនៅលើពិភពលោក ដែលគ្មានពាក់ស្លាក Made in China ណាស់ឥឡូវនេះ។
សម្រាប់ប្រទេសកម្ពុជា ប្រហែលជាយើងត្រូវការទាំង ២ ដែលត្រូវបំពេញគ្នាទៅវិញទៅមក ព្រោះកម្ពុជានៅខ្សោយនៅឡើយ មិនថា “សេដ្ឋកិច្ច ១០ នាទី” ឬ “សេដ្ឋកិច្ច ១០ ឆ្នាំ”។
ថ្វីដ្បិតតែកម្ពុជាកំពុងតែជំរុញឧស្សាហកម្មកម្មន្តសាល តាមរយៈគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ប៉ុន្តែមូលដ្ឋានឧស្សាហកម្មកម្មន្តសាលរបស់កម្ពុជានៅខ្សោយនៅឡើយ ហើយឧស្សាហកម្មនេះទៀតសោតគឺពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើការវិនិយោគបរទេសទាំងផ្នែកបច្ចេកទេស និងដើមទុន។
ជាការសង្កេតជាទូទៅ ធុរជនកម្ពុជាក៏ចង់មានឆាប់តាមរយៈ “សេដ្ឋកិច្ច ១០ នាទី” ដែរ ជាពិសេសតាមរយៈអចលនទ្រព្យដែលមិនទាមទារការវិនិយោគលើការកសាងរោងចក្រ បច្ចេកវិទ្យា និង ការគ្រប់គ្រងធនធានមនុស្ស។
យ៉ាងណាក្តី លំហូរចូលយ៉ាងខ្លាំងនៃដើមទុនបរទេសកើតឡើងតែម្តងម្កាលប៉ុណ្ណោះ ហើយវាក៏មិនកើតឡើងយូរដែរ។ ដូច្នេះនៅពេលលំហូរគំហុកបែបនេះកើតឡើង និងពាក់ព័ន្ធនឹងការអភិវឌ្ឍអចលនទ្រព្យ និងសំណង់ យើងក៏ពិបាកបន្ទោសដល់ធុរជនកម្ពុជាដែលចង់បានចំណេញភ្លាមៗជាមួយនឹងការទិញលក់ដីធ្លី ជាជាងការខិតខំប្រឹងប្រែងបង្កើតឧស្សាហកម្មរូបីដូចជាឧស្សាហកម្មកម្មន្តសាលដែរ។
យើងធ្លាប់ពឹងទុនមូលធនពីថៃ និងវៀតណាមក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ប៉ុន្តែគឺជាសេដ្ឋកិច្ចត្រដរខ្យល់ ហើយបរិយាកាសសង្គមពោរពេញដោយអស្ថិរភាពនៃប្រទេសដែលងើបពីសង្គ្រាម។
យើងមានលំហូរទុនវិនិយោគខ្លាំងពីកូរ៉េខាងត្បូងក្នុងដើមទសវត្សរ៍ឆ្នាំ ២០០០ តែក៏មិនបានយូរអង្វែង ដោយសារវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ ២០០៧ ដែលធ្វើឱ្យការវិនិយោគអចលនទ្រព្យស្ទើរតែក្ស័យធន ហើយបាត់វត្តមានវិនិយោគិនកូរ៉េពីកម្ពុជាស្ទើរតែទាំងស្រុង។ អគារហ្គោលថៅវើ ៤២ ជាន់ដែលឈប់កណ្តាលទីគឺជានិមិត្តរូបនៃការវិនិយោគដែលមិនចប់ចុងចប់ដើមរបស់កូរ៉េ ដែលត្រូវបានផ្ទេរបន្តទៅវិនិយោគចិននៅចុងទសវត្សរ៍ឆ្នាំ ២០១០។
ឥឡូវយើងមានលំហូរគំហុកម្តងទៀត។ លើកនេះគឺមកពីចិន ដែលទើបតែកើតឡើងថ្មីៗជាពិសេសក្រោយឆ្នាំ ២០១៦ ដែលយើងគ្រប់គ្នាអាចមើលឃើញ តាមរយៈចំនួនអគារខ្ពស់ស្កឹមស្កៃដែលកើនឡើងដូចផ្សិត ដូចជប់ នៅរាជធានី-ភ្នំពេញ និងក្រុងព្រះសីហនុ។ ម្ចាស់ដីធ្លីយ៉ាងហោចណាស់រាប់ពាន់នាក់នៅក្រុងព្រះសីហនុបានក្លាយជាសេដ្ឋីប្រាក់លាន (millionaires) ដោយសារតែការលក់ដូរដីធ្លី និងលំហូរយ៉ាងគំហុកនូវទុនមូលធនពីចិនក្រោយឆ្នាំ ២០១៦។
ប៉ុន្តែយើងក៏ត្រូវចងចាំដែរថា លំហូរគំហុកបែបនេះមិនមែនមានរហូតនោះទេ ហើយឱកាសបែបនេះអាចថា យ៉ាងយូរ ១០ ឆ្នាំកើតឡើងម្តង ហើយបើហូរមកលឿន ហូរចេញទៅវិញក៏លឿនដែរ ដូចវិបត្តិហិរញ្ញវត្ថុឆ្នាំ ១៩៩៧ និងឆ្នាំ ២០០៧។
នៅពេលដែល “សេដ្ឋកិច្ច ១០ នាទី” ដកថយគឺត្រូវមាន “សេដ្ឋកិច្ច ១០ ឆ្នាំ” ចូលមកបំពេញតួនាទីរក្សាលំនឹងសេដ្ឋកិច្ច។ កម្ពុជាឥឡូវមានអ្នកមានថ្មី (nouveau riche) ច្រើន ប៉ុន្តែភាគច្រើនពុំដឹងថា តើត្រូវវិនិយោគលើ “សេដ្ឋកិច្ច ១០ ឆ្នាំ” ដោយរបៀបណា? ករណីការយកប្រាក់រាប់លានទៅដាក់នៅក្រុមហ៊ុន GFX នាពេលថ្មីៗនេះគឺបានបង្ហាញឱ្យឃើញថា យើងមានអ្នកមានថ្មីច្រើន ប៉ុន្តែយើងនៅតែចង់បាន “សេដ្ឋកិច្ច ១០ នាទី” ដែលចំណេញលឿន ហើយចំណាយពលកម្មតិច មិនហត់ មិនឈឺក្បាល។
ការបង្កើត “សេដ្ឋកិច្ច ១០ ឆ្នាំ” គឺមិនមែនជាការងាយនោះទេ ហើយយោងលើបទពិសោធប្រទេសភាគច្រើនគឺត្រូវមានការដឹកមុខតាមរយៈ “ឧស្សាហភាវូបនីយកម្មដឹកនាំដោយរដ្ឋ” ដែលគាំទ្រដោយក្រុមហ៊ុនយក្សក្នុងស្រុក”។ ខ្ញុំប្រើពាក្យថា ក្រុមហ៊ុនយក្ស ដើម្បីឱ្យងាយយល់ គឺចង់សំដៅទៅលើក្រុមហ៊ុនឧស្សាហកម្មធំៗដែលអង់គ្លេសហៅថា conglomerate ដែលមានកូនក្រុមហ៊ុនរាប់រយហើយមានវិសាលភាពផលិត និងវិនិយោគទូទាំងប្រទេសលើវិស័យចម្រុះ ជាពិសេសឧស្សាហកម្មធុនធ្ងន់ និងមានបច្ចេកទេសជឿនលឿន។
នៅជប៉ុន ពីមុនគេហៅថា Zaibatsu ឬឥឡូវហៅថា Sogo Shosha ដូចជាក្រុមហ៊ុន Mitsubishi, Mitsui, Marubeni, Sumitomo និង Itochu។ នៅកូរ៉េខាងត្បូងគេហៅថា Chaebol មានដូចជាក្រុមហ៊ុន Samsung, LG, Hyundai។ នៅវៀតណាមមានដូចជាក្រុមហ៊ុន Vingroup ដែលមានទុនរាប់ប៊ីលានដុល្លារ និងហ៊ានវិនិយោគលើរថយន្តអគ្គិសនី ហើយថែមទាំងមានបង្កើតមហាវិទ្យាល័យបច្ចេកវិទ្យាខ្លួនឯងថែមទៀត។
សម្រាប់ប្រទេសចិន តួនាទីទាំងនេះអាចមាននៅក្រុមហ៊ុនឯកជនរបស់រដ្ឋ (State Owned Enterprise, SOE) ប៉ុន្តែ ទោះបីជាមានឈ្មោះថា ក្រុមហ៊ុនរដ្ឋក្តី ពួកគេមិនមែនក្រុមហ៊ុនដែលខាតរាល់ឆ្នាំ ហើយយកថវិការដ្ឋមកប៉ះប៉ូវប្រាក់ខែនោះទេគឺពួកគេជាក្រុមហ៊ុនយក្សដែលមានសមត្ថភាពផលិត និងរកចំណូលបានយ៉ាងមហិមា។
ក្រុមហ៊ុនយក្សបរទេសទាំងនោះមិនមែនជាក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណពីរដ្ឋ បានទទួលសម្បទានពីរដ្ឋ ប៉ុន្តែគ្មានបានវិនិយោគ ឬផលិតអ្វី អង្គុយចាំតែដេញថ្លៃលក់អាជ្ញាប័ណ្ណបន្តពីដៃមួយទៅដៃមួយ ហើយចុងក្រោយប្រកាសខាតរាល់ខែរាល់ឆ្នាំ គ្មានទាំងការបង់ពន្ធ គ្មានបង្កើតការងារនោះទេ។
ក្រុមហ៊ុនទាំងនេះ គឺជាអ្នកដឹកមុខសេដ្ឋកិច្ច និងសហការជិតស្និទ្ធជាមួយរដ្ឋាភិបាល ក្នុងការជំរុញការកសាងសមត្ថភាពផលិតផ្នែកឧស្សាហកម្ម បង្កើតឧស្សាហកម្មថ្មីៗ និងជំរុញភាពប្រកួតប្រជែងរបស់ប្រទេសនៅលើឆាកអន្តរជាតិ។
រដ្ឋាភិបាលក៏ពឹងក្រុមហ៊ុនយក្សទាំងនោះ ហើយក្រុមហ៊ុនយក្សទាំងនោះក៏ត្រូវពឹងគោលនយោបាយអនុគ្រោះ និងការលើកទឹកចិត្តរបស់រដ្ឋាភិបាលដូចគ្នា។ ឧទាហរណ៍ថ្មីៗបំផុតនោះគឺនៅប្រទេសជិតខាងវៀតណាម ដែលក្រុមហ៊ុន Vingroup អាចផលិតរថយន្តអគ្គិសនីបាន ដោយសារតែមានការគាំទ្រគោលនយោបាយយ៉ាងពេញទំហឹងពីរដ្ឋាភិបាលវៀតណាម។
ពន្លកឧស្សាហកម្មរបស់កម្ពុជា ទើបតែដុះត្រួយនៅឡើយ ព្រោះយើងទើបតែមានសន្តិភាពឥតដាច់រយៈពេលម្ភៃឆ្នាំ ហើយទើបតែផ្លាស់ប្តូរមុខមាត់បន្តិចម្តងៗ ចេញពីប្រទេសដែលមានប្រវត្តិខ្មៅងងឹត និងមានគ្រោះថ្នាក់ដែលសូម្បីតែអ្នកទេសចរក៏ខ្លាចរអា កុំថាឡើយដល់អ្នកវិនិយោគដែលចង់មកបោះទុនវិនិយោគរាប់សិបលានដុល្លារ។
គ្មាននរណាហ៊ានមកខ្មែរយើងទេ បើឮតែព័ត៌មានគ្រោះថ្នាក់ ឮតែព័ត៌មានអាក្រក់ អស្ថិរភាព និងកេរិ៍្តឈ្មោះអវិជ្ជមានគ្រប់ទិដ្ឋភាព ហើយយើងជាខ្មែរក៏ត្រូវដឹងខ្លួនឯងដែរថា បើខ្មែរមិនជួយខ្មែរ បើខ្មែរគ្មានមោទនភាពជាខ្មែរផង យើងកុំរំពឹងថា បរទេសគេនឹងមកស្រោចស្រង់យើងនោះ។
យ៉ាងណាក្តី យើងក៏មានសុទិដ្ឋិនិយមផងដែរ នៅពេលដែលថ្មីៗនេះយើងសង្កេតឃើញក្រុមហ៊ុនក្នុងស្រុកមួយចំនួនដែលហ៊ានចំណាយទុនវិនិយោគលើឧស្សាហកម្ម “សេដ្ឋកិច្ច ១០ ឆ្នាំ”។ ពួកគេហ៊ានជួល CEO បរទេសមកដឹកនាំក្រុមហ៊ុន និងផ្តល់ប្រឹក្សាជំនាញហ៊ានទិញបច្ចេកវិទ្យាពីបរទេស ហើយក៏ហ៊ានផ្តល់ប្រាក់ខែខ្ពស់ៗដល់កូនខ្មែរដែលមានសមត្ថភាពបច្ចេកទេសទទួលស្គាល់ជាអន្តរជាតិ ដើម្បីឱ្យចូលមកបម្រើឱ្យក្រុមហ៊ុនរបស់គេ។
កម្ពុជាត្រូវការភាពក្លាហានបែបនេះច្រើនទៀតនៅក្នុងការវិនិយោគមូលធនក្នុងស្រុកធំៗយើងត្រូវការការប្តេជ្ញាចិត្តនយោបាយកម្រិតខ្ពស់ និងការធានានិរន្តរភាព និងស្ថិរភាព ដើម្បីកៀរគរសម្ទុះអភិវឌ្ឍជាតិ កំណត់ទិសដៅជាតិ និងបង្កើតបរិយាកាស និងប្រព័ន្ធអំណោយផលសម្រាប់ក្រុមហ៊ុនក្នុងស្រុកឱ្យកាន់តែមានសេចក្តីក្លាហានក្នុងការវិនិយោគលើឧស្សាហកម្មកម្មន្តសាល៕
ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)