អរិយធម៌មានគោលដៅបម្រើដល់សុខុមាលភាពរបស់មនុស្សជាតិ ធ្វើឱ្យមនុស្សជាតិអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងវិបុលភាព។ អរិយធម៌របស់មនុស្សគឺធ្វើឱ្យមនុស្សខិតខំស្រាវជ្រាវអភិវឌ្ឍវិទ្យាសាស្ត្រ ខិតខំស្វែងរកឱសថ ដើម្បីព្យាបាលជំងឺខិតខំបង្កើតអ្វីថ្មី ដើម្បីសម្រួលដល់ជីវភាពរស់នៅ ខិតខំបង្កើតស្ថាប័ននានាដែលគាំទ្រដល់សន្តិភាព និងភាពសុខដុមរមនារបស់មនុស្សគ្រប់រូប។ នេះគួរតែជាអត្ថន័យ និងគោលដៅរបស់អរិយធម៌។
ប៉ុន្តែនៅក្នុងតថភាពជាក់ស្តែង អ្វីដែលយើងហៅថា អរិយធម៌នៅពេលនេះគឺនៅតែមានគម្លាតយ៉ាងធំធេងរវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។ ប្រទេសអ្នកមានខិតខំទាមទារសិទ្ធិ រីឯប្រទេសអ្នកក្រវិញ រកតែអង្ករច្រកឆ្នាំងគ្មាន។ សិទ្ធិ និងសេរីភាពនៅក្នុងប្រទេសអ្នកក្រ គឺសេរីភាពចេញពីភាពអត់ឃ្លានសេរីភាពចេញពីសេចក្តីស្លាប់ ដោយសារតែគ្មានពេទ្យព្យាបាលត្រឹមត្រូវ សេរីភាពចេញពីការភ័យខ្លាច ដោយមិនអាចចិញ្ចឹមកូនចៅជំនាន់ក្រោយបាន ដោយទុកឱ្យពួកគេដើរអនាថាតាមដងផ្លូវ ឬរស់នៅលើគំនរសំរាម។
សេរីភាពនៃការទាមទារតាមអ្វីដែលមនុស្សចង់បាន គឺជាតណ្ហាធម្មជាតិរបស់មនុស្សទូទៅ។ ប៉ុន្តែ ថាតើស្ថាប័នរដ្ឋ និងសង្គមដែលគេរស់នៅអាចផ្តល់ឱ្យពួកគេបានប៉ុនណាគឺជាបញ្ហាខុសគ្នាសុទ្ធសាធ។
នេះគឺជាចំណុចស្នូលនៃបញ្ហាដែលពិភពលោកគួរតែផ្តោតលើ នោះគឺសមត្ថភាពរបស់ស្ថាប័នរដ្ឋនៅក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋរបស់ខ្លួន។
នៅក្នុងប្រទេសក្រីក្រសិទ្ធិ និងសេរីភាពមិនមែនជាបញ្ហានោះទេ។ នៅក្នុងប្រទេសក្រីក្រគឺសមត្ថភាពផ្តល់សេវាសាធារណៈឱ្យបានតាមតម្រូវការ និងការទាមទាររបស់ពលរដ្ឋទៅវិញទេ ដែលជាបញ្ហា។ បើយើងចំណាយថវិការាប់រយលានដុល្លារគ្រាន់តែ ដើម្បីបង្កើតរបាយការណ៍ និងដាក់ចំណាត់ថ្នាក់ពិភពលោក ដើម្បីបរិយាយថា ប្រទេសមួយនោះក្រ ឬប្រទេសមួយនេះទន់ខ្សោយដុនដាបនោះ វាមិនបានជួយអ្វីសោះទេ ព្រោះថានៅក្នុងប្រទេសក្រីក្របញ្ហាមានច្រើនរាប់មិនអស់ គេចង់ចុចលើចំណុចណាក៏បានដែរ ចង់ត្អូញត្អែរពីព្រឹកដល់ល្ងាចក៏មិនអស់ដែរ។
វាគ្រាន់តែជារបាយការណ៍ដើម្បីធ្វើឱ្យប្រទេសអ្នកមានកាន់តែមានមោទនភាពលើខ្លួនឯងប៉ុណ្ណោះ ហើយគោលបំណងដើមដែលថា ចង់ជួយ វាអាចប្រែក្លាយទៅជាការដាក់ទណ្ឌកម្ម ដោយសារតែការយោងលើរបាយការណ៍អាក្រក់ទាំងនោះ ឬក្លាយទៅជាការបំបាក់ទឹកចិត្ត ការបន្ទច់បង្អាក់ និងរំខានដល់ការអភិវឌ្ឍទៅវិញ។
ប្រទេសក្រីក្រ និងទន់ខ្សោយមិនចាំបាច់មានប្រទេសដទៃមកប្រាប់ពួកគេថា ពួកគេក្រ និងទន់ខ្សោយនោះទេ។ ពួកគេត្រូវការការជួយគាំទ្រ ដើម្បីដោះស្រាយបញ្ហា និងពង្រឹងស្ថាប័នផ្តល់សេវាសាធារណៈរបស់ពួកគេ។ ពួកគេដឹងឆ្អែតឆ្អន់ហើយថា ពួកគេក្រ និងខ្សត់ខ្សោយ។ ពួកគេកំពុងតែខិតខំដោះស្រាយបញ្ហាភាពក្រីក្រ និងជំរុញការអភិវឌ្ឍ ហើយពួកគេមិនចង់ទទួលបញ្ហាបន្ថែមដោយត្រូវទៅតតាំងនឹងការបន្ទច់បង្អាក់ និងការរំខានទាំងនោះទេ។
ដូចជាមនុស្សទូទៅគ្រប់រូបដែរ ប្រទេសជាតិនីមួយៗត្រូវការកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ ចំពោះមនុស្សទូទៅគ្រប់រូប តើយើងនឹងមានអារម្មណ៍បែបណាបើគ្រប់គ្នាមកប្រាប់យើងថា អ្នកឯងជាមនុស្សបាតសង្គមដែលគេមិនត្រូវការ។ វាមិនបានលើកទឹកចិត្តនោះទេ វាបានតែបង្កើតជាកំហឹង និងការបាក់ទឹកចិត្តប៉ុណ្ណោះ។
ប្រសិនបើគ្រាន់តែអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសអ្នកមានមួយ មានធនធានមនុស្ស និងធនធានហិរញ្ញវត្ថុច្រើនជាងក្រសួងស្ថាប័នមួយរបស់ប្រទេសក្រីក្រទៅហើយ ថាតើការរិះគន់ថា ប្រទេសនោះទន់ខ្សោយ និងគ្មានសមត្ថភាពវាមានន័យអ្វីទៅ?
ប្រទេសក្រីក្រមិនត្រូវការរបាយការណ៍ដែលមានតម្លៃរាប់លានដុល្លារ ដើម្បីបញ្ជាក់ប្រាប់ពួកគេពីចំណុចខ្សោយរបស់ពួកគេនោះទេ។ ពួកគេត្រូវការលុយរាប់លានដុល្លារទាំងនោះក្នុងទម្រង់ជាអាហារូបករណ៍ និងការសិក្សាអប់រំ ដែលអាចផ្តល់ជំនាញពិតប្រាកដដល់ពលរដ្ឋ ដើម្បីទទួលបានការងារធ្វើសមរម្យ។ ពួកគេត្រូវការលុយរាប់លានដុល្លារទាំងនោះក្នុងទម្រង់ជាផ្លូវ ជាស្ពាន មន្ទីរពេទ្យ សម្ភារ និងបរិក្ខារពេទ្យ រោងចក្រផលិតអគ្គិសនី ជាផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ជាការវិនិយោគ ជារោងចក្រ និងជាទីផ្សារដែលទទួលទិញផលិតផលរបស់ពួកគេ។ ពោលគឺពួកគេត្រូវការអ្វីៗទាំងឡាយដែលប្រទេសទាំងអស់ត្រូវការចាំបាច់ដើម្បីដំណើរការសេដ្ឋកិច្ច និងគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន។
អរិយធម៌មនុស្សជាតិមិនគួរបង្កើតជាវប្បធម៌ ដែលធ្វើឱ្យប្រទេសអ្នកមានមានមោទនភាព នៅពេលដែលពួកគេដាក់ទោសប្រទេសក្រីក្រ និងទន់ខ្សោយដោយសារតែប្រទេសទាំងនោះក្រ និងទន់ខ្សោយនោះទេ។
អរិយធម៌មនុស្សជាតិគួរតែបង្កើតវប្បធម៌ដែលប្រទេសនានាមានមោទនភាពក្នុងការជួយគ្នាទៅវិញទៅមក ហើយមិនមែនមកជួយចាប់កំហុសនោះទេ គឺមកជួយដោយសកម្មភាពជាក់ស្តែង និងសមិទ្ធផលជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ ដែលជាបញ្ហាស្នូលតាំងពីបុរាណកាលរៀងមកនៅក្នុងអរិយធម៌មនុស្សជាតិ៕
លោក ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី AVI