អត្ថបទនេះមានគោលបំណងពិភាក្សាអំពីអ្វីទៅដែលគួរតែជាពហុភាគីនិយម និងអ្វីដែលមិនគួរជាពហុភាគីនិយម ហើយលើកពីសារៈសំខាន់នៃពហុភាគីនិយមសម្រាប់មនុស្សជាតិ។
នៅពេលយើងពិភាក្សាអំពីពហុភាគីនិយមយើងត្រូវត្រឡប់ទៅរកព្រឹត្តិការណ៍ពិភពលោក និងតំបន់ជាប្រវត្តិសាស្ត្រឡើងវិញ ហើយសួរថា ហេតុអ្វីបានជាអង្គការសហប្រជាជាតិត្រូវបានបង្កើត? ហេតុអ្វីបានជាអាស៊ានត្រូវបានបង្កើតឡើង? ហេតុអ្វីអាស៊ានមានសមាជិក ១០?
ប្រសិនបើយើងមិនបិទខ្ទប់ខ្លួនឯងទៅនឹងគំនិតមនោគមន៍វិជ្ជា ឬភូមិសាស្ត្រនយោបាយទេយើងអាចទទួលបានចម្លើយសាមញ្ញសម្រាប់មនុស្សគ្រប់គ្នា។ នោះគឺថា ស្ថាប័នពហុភាគីត្រូវបានបង្កើតឡើង ពីព្រោះយើងចង់បានសន្តិភាពភាពសុខដុមការអភិវឌ្ឍសេរីភាពចេញពីភាពវេទនា និងភាពក្រីក្រ និងការចង់បានអនាគតភ្លឺស្វាងសម្រាប់មនុស្សជំនាន់ក្រោយ។
គោលការណ៍ និងគោលបំណងរបស់អង្គការពហុភាគីទាំងអស់តែងតែមានគោលដៅរួមទាំងនេះសម្រាប់មនុស្សជាតិដោយមិនទុកនរណាម្នាក់ចោលឡើយ។ បន្ទាប់ពីឆ្លងកាត់សង្គ្រាមលោកមហាបំផ្លិចបំផ្លាញចំនួន ២ លើក ពិភពលោកយើងបានសម្រេចចិត្តអង្គុយតុចរចា ខិតខំត្រិះរិះពិចារណារកវិធីបង្កើតយន្តការនានា ដែលយើងអាចគ្រប់គ្រងអស្ថិរភាព ភាពមិនទៀងទាត់ហានិភ័យនៃជម្លោះ និងការមិនទុកចិត្តគ្នា និងកាត់បន្ថយ ឬលុបបំបាត់នូវភាពវេទនាទាំងឡាយ ដែលមនុស្សលោកអាចជួបប្រទះ។
ទោះបីជាមានឧត្តមគតិរួមក៏ដោយ ប៉ុន្តែពិភពលោកនៅតែមានគម្លាតលើវិធីសាស្ត្រអនុវត្ត។
សង្គមខ្លះកំពុងតែខិតខំស្វែងរកភាពល្អឥតខ្ចោះ។ សង្គមខ្លះទៀតកំពុងតែត្រដរខ្យល់នៅឡើយ សូម្បីតែបំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ពលរដ្ឋ។
នៅពេលដែលសង្គមទាំងនេះមានទំនាក់ទំនងគ្នាទៅវិញទៅមក ពួកគេត្រូវបានបែងចែកដោយគម្លាតអំណាចមនោគមន៍វិជ្ជាឧទាហរណ៍ដូចក្នុងសម័យសង្គ្រាមត្រជាក់ និងអភិក្រមនានាដែលរដ្ឋនីមួយៗប្រកាន់យកនៅក្នុងអភិបាលកិច្ច និងមាគ៌ាអភិវឌ្ឍន៍របស់ពួកគេ។
អន្តរកម្មទាំងនេះបានបង្កើតជាការតតាំងដាក់គ្នាទៅវិញទៅមកនៅក្នុងចំណោមរដ្ឋ ក៏ដូចជានៅក្នុងយន្តការពហុភាគីនិយម។
ពេលខ្លះពហុភាគីនិយមអាចរំឭកយើងឡើងវិញអំពីអ្វីដែលមនុស្សជាតិត្រូវការ ប៉ុន្តែពេលខ្លះពហុភាគីនិយមក៏ត្រូវបានគេប្រើដើម្បីជំរុញដល់ការតស៊ូ និងតតាំងរវាងរដ្ឋដោយផ្អែកលើការបែងចែកភូមិសាស្ត្រនយោបាយ និងមនោគមន៍វិជ្ជា។
យោងតាមបទពិសោធដ៏ជូរចត់របស់កម្ពុជា ពហុភាគីនិយមមិនគួរផ្តល់អាសនៈនៅអង្គការសហប្រជាជាតិដល់របបប្រល័យពូជសាសន៍ប៉ុលពតដែលបានសម្លាប់មនុស្សជាង ២ លាននាក់ឡើយ។ ពហុភាគីនិយមមិនគួរដាក់ទណ្ឌកម្មការទូត និងសេដ្ឋកិច្ចរយៈពេល ១២ ឆ្នាំទៅលើអ្នករស់រានមានជីវិតពីរបបប៉ុលពតឡើយ។
ពហុភាគីនិយមមិនគួរជាក្បាលម៉ាស៊ីន ដើម្បីគាំទ្រ ពង្រីក និងអូសបន្លាយសង្គ្រាមដោយតួអង្គតំណាង ហើយគាំទ្រដល់ភាគីណាមួយនៅក្នុងជម្លោះនយោបាយ ឬជម្លោះទឹកដីឡើយ។
ពហុភាគីនិយមមិនគួរដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះទេ នៅពេលដែលប្រជាជនកំពុងតែរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩។ ពហុភាគីនិយមគួរតែដាក់សន្តិភាព និងស្ថិរភាពខ្ពស់ជាងអ្វីៗទាំងអស់ហើយមិនគួរត្រូវបានកំណត់ដោយការដាក់ឆន្ទៈខាងមនោគមន៍វិជ្ជា ឬភូមិសាស្ត្រនយោបាយទៅលើអ្នកដទៃឡើយ។
ប្រសិនជាមានសង្គ្រាមលទ្ធិប្រជាធិបតេយ្យកុម្មុយនីស្តសង្គមនិយមសិទ្ធិមនុស្ស គឺគ្មានន័យអ្វីទាំងអស់។ ប្រសិនជាមានសង្គ្រាមវាមិនមានក្តីសុបិនសម្រាប់មនុស្សជាតិទេ ពីព្រោះមនុស្សអាចសុបិនបានតែម្យ៉ាងគត់គឺថា តើពួកគេអាចរស់បាន ១ ថ្ងៃទៀតឬអត់?
ជាសីលធម៌ និងគុណធម៌របស់មនុស្សជាតិ គេមិនអាចនិយាយថា ភាគីម្ខាងគួរតែស្លាប់ដោយសារតែពួកគេប្រកាន់លទ្ធិកុម្មុយនីស្ត ឬប្រជាធិបតេយ្យ ហើយពួកយើងគួរតែមានសុវត្ថិភាព និងទទួលបានការការពារដោយសារតែពួកយើងប្រកាន់លទ្ធិកុម្មុយនីស្ត ឬប្រជាធិបតេយ្យនោះទេ។ នេះមិនមែនជាអ្វីដែលគេហៅថាគុណធម៌មនុស្សជាតិទេ។ នេះមិនមែនជាពហុភាគីនិយមដើម្បីជាប្រយោជន៍ដល់មនុស្សជាតិទេ។ “ការគោរពពហុភាគីនិយម” គួរតែមានប្រៀបទៅលើ “ការយកពហុភាគីនិយម មកគ្រប់គ្រងអ្នកដទៃ។
ពហុភាគីនិយមក្នុងទម្រង់ជាវិធានការដាក់ទណ្ឌកម្មក្រៅប្រព័ន្ធច្បាប់ក្រៅដែនសមត្ថកិច្ចរបស់ប្រទេស និងជាឯកតោភាគីដោយផ្អែកលើរបៀបវារៈភូមិសាស្ត្រនយោបាយ ការគាំពារនិយម និងស្តង់ដាទ្វេមិនមែនជាពហុភាគីនិយមដែលយើងទាំងអស់គ្នាចង់បាននោះទេ។
ពហុភាគីនិយមមិនគួរដាក់ចំណាត់ថ្នាក់ ឬបែងចែកប្រភេទនៃរដ្ឋ យោងតាមស្ថានភាពនៃការអភិវឌ្ឍរបស់ពួកគេ ដើម្បីបម្រើឱ្យគោលដៅដាក់ទណ្ឌកម្ម និងការបង្កើតសម្ព័ន្ធមិត្តនោះឡើយ។ នៅពេលដែលមានការទាមទារស្វែងរកភាពឥតខ្ចោះចេញពីសេចក្តីខ្វះចន្លោះរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសក្រីក្រនឹងគ្មានជម្រើសអ្វីឡើយ ព្រោះគេដឹងថា ពួកគេមិនអាចឆ្លងកាត់ការវាយតម្លៃពីប្រទេសអ្នកមានបានទេ ឧទាហរណ៍ នៅពេលដែលពួកគេចង់ជ្រៀតចូលទីផ្សាររបស់ប្រទេសអ្នកមាន។
នេះគឺគ្មានអ្វីក្រៅពីការគាំពារនិយមដោយប្រើប្រាស់ពហុភាគីនិយមនោះទេ។ វិធីសាស្ត្របែបនេះបានបង្កើតនូវការមិនទុកចិត្តគ្នាទៅវិញទៅមក ហើយមិនបានផ្តល់នូវដំណោះស្រាយអភិវឌ្ឍន៍នៅក្នុងប្រទេសក្រីក្រទាំងនោះឡើយ។
បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការសមត្ថភាពក្នុងការផ្តល់សេវាសាធារណៈ ដែលជាតម្រូវការមូលដ្ឋានបំផុតរបស់ប្រជាជនហើយពួកគេពុំមានធនធាន និងសមត្ថភាពដើម្បីឆ្លើយតបទៅនឹងការស្វែងរកភាពឥតខ្ចោះដែលជាលក្ខខណ្ឌរបស់ប្រទេសអ្នកមាននោះទេ។ នេះមិនមែនជាស្តង់ដា ដើម្បីអភិវឌ្ឍមនុស្សជាតិនោះទេ។ អន្តរកម្មបែបនេះគ្រាន់តែបង្កើតជាជញ្ជាំងនៃការបែងចែកជាដរាបរវាង “ប្រទេសអ្នកមាន” និង “ប្រទេសអ្នកក្រ” ប៉ុណ្ណោះ។
ពហុភាគីនិយមមិនគួរត្រូវបានកាត់បន្ថយមកនៅត្រឹមតែជាសំឡេងរបស់ប្រទេសមួយចំនួនតូចហើយអះអាងថា ជាតំណាងឱ្យផលប្រយោជន៍របស់ទាំងអស់គ្នានោះទេ។ នៅពេលដែលអាស៊ានត្រូវបានបង្កើតឡើងដោយប្រទេសចំនួន ៥ មានគេចោទសួរថា តើអាស៊ានអាចនៅស្ថិតស្ថេរយូរប៉ុនណា បើប្រទេសនីមួយៗមានប្រព័ន្ធនយោបាយ និងស្ថានភាពអភិវឌ្ឍន៍ខុសគ្នានោះ។ ក្រោយមកទៀតទោះបីអង្គការសម្ព័ន្ធមិត្តយោធាអាស៊ី-អាគ្នេយ៍ (SEATO) ដែលបង្កប់ផ្នត់គំនិតសង្គ្រាមត្រជាក់យ៉ាងជ្រាលជ្រៅត្រូវបានរលំរលាយហើយក្តី ក៏អាស៊ានមិនបានរលំរលាយដែរ តែផ្ទុយទៅវិញ អាស៊ានបានវិវឌ្ឍខ្លួនប្រកបដោយមោទនភាពអស់រយៈពេលជាង ៥០ ឆ្នាំហើយថែមទាំងបញ្ចូលសមាជិកបានគ្រប់ ១០ ប្រទេសទៀតផង។
នៅពេលអាស៊ានមានសមាជិក ១០ ប្រទេសក៏មានសំណួរសួរជារឿយៗថា តើអាស៊ានអាចរក្សាសាមគ្គីភាពបានដែរឬអត់? ប៉ុន្តែពហុភាគីនិយមរបស់អាស៊ានបានបង្ហាញឱ្យឃើញជាក់ស្តែងថា អាស៊ានអាចដើរជាមួយគ្នាបាន ដោយរក្សានូវ “សាមគ្គីភាពក្នុងភាពចម្រុះ” ដោយផ្អែកលើ “មាគ៌ាអាស៊ាន”។ សហគមន៍អាស៊ានដែលមានសមាហរណកម្មកាន់តែខ្លាំងឡើង បាននិងកំពុងក្លាយជា “មជ្ឈមណ្ឌលនៃកំណើន” ដែលបានទាក់ទាញឱ្យតំបន់ជាច្រើនចង់មានភាពជាដៃគូល្អជាមួយអាស៊ាន។ “ជំងឺតួឯក” មិនអាចមានវត្តមាននៅក្នុងពហុភាគីនិយមបានឡើយ ហើយមិនបានជួយសម្របសម្រួលឱ្យមាន “សាមគ្គីភាពក្នុងភាពចម្រុះ” បានដែរ។ “សាមគ្គីភាពក្នុងភាពចម្រុះ” នេះហើយដែលជាគោលការណ៍ដែលបានគាំទ្រវត្តមានអាស៊ានបានជាង ៥ ទសវត្សរ៍កន្លងមកនេះ។ ដូច្នេះ ពហុភាគីនិយមត្រូវផ្អែកលើការរួបរួម និងការខិតខំកសាងការមូលមតិគ្នាជាឯកច្ឆន្ទ ដូចអ្វីដែលអាស៊ានតែងតែខិតខំធ្វើកន្លងមក។
នៅពេលដែលយើងចង់ដឹងពីតួនាទីរបស់ពហុភាគីនិយម យើងត្រូវត្រឡប់ថយក្រោយ ដើម្បីស្វែងយល់នូវអ្វីដែលជាឧត្តមគតិ គោលការណ៍ និងគោលបំណង ដែលបានបង្រួបបង្រួមប្រទេសជាច្រើន ចាប់តាំងពីការចាប់កំណើតនៃស្ថាប័នពហុភាគីសំខាន់។ យើងត្រូវសម្លឹងមើលឱ្យឆ្ងាយ ហួសពីការបែងចែកភូមិសាស្ត្រនយោបាយ និងមនោគមន៍វិជ្ជា។ យើងត្រូវសញ្ជឹងគិតដល់មនុស្សជាតិជារួម។
ពហុភាគីនិយមដើម្បីមនុស្សជាតិគួរតែជាគោលដៅរួម ដែលប្រជាជាតិ និងស្ថាប័នអន្តរជាតិខិតខំកសាង៕
ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)