លោក Francis Fukuyama បានសរសេរក្នុងអត្ថបទដ៏ល្បីល្បាញរបស់គាត់ក្រោមចំណងជើងថា “ទីបញ្ចប់នៃប្រវត្តិសាស្ត្រ” (The End of History) កាលពីឆ្នាំ ១៩៨៩ ដោយផ្តោតលើរបត់នៃប្រវត្តិសាស្ត្រមនុស្សជាតិ នៅពេល ដែលសហភាពសូវៀត និងលទ្ធិកុម្មុយនីស្តជិតដួលរលំ ហើយលទ្ធិប្រជាធិបតេយ្យសេរីទទួលបានជោគជ័យក្នុងនាមជាមនោគមន៍វិជ្ជាដែលគ្មានគូប្រៀប។
អ្នកជំរុញទ្រឹស្តីប្រជាធិបតេយ្យដូចជាលោក Jake Donnelly មិនរារែកសោះឡើយក្នុងការអះអាងថា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍគឺត្រូវតែដើរទន្ទឹមគ្នា។ យ៉ាងណាក្តី គាត់ទទួលស្គាល់ថា ប្រជាធិបតេយ្យ និងទីផ្សារសេរីសុទ្ធសាធនោះគឺផ្តោតលើផលប្រយោជន៍សាធារណៈ និងប្រយោជន៍មតិភាគច្រើន ហើយមិនផ្តោតលើសិទ្ធិដោយឡែក ឬសមធម៌សង្គមនោះទេ។ ដូច្នេះហើយគាត់បានលើកទស្សនៈថា រដ្ឋសង្គមកិច្ច (welfare state) ពោលគឺរដ្ឋដែលផ្តោតថវិកាធនធានច្រើនទៅលើវិស័យសង្គមកិច្ច គឺជាវិធីសាស្ត្រមួយដ៏សំខាន់ក្នុងការធានាថា ក្រុមភាគតិច ឬអ្នកដែលរងផលប៉ះពាល់ដោយសារសេដ្ឋកិច្ចទីផ្សារ អាចទទួលបានការប៉ះប៉ូវ និងការគោរពសិទ្ធិរបស់ពួកគេ។
ជាការពិត ប្រទេសជាច្រើនសុទ្ធតែប្រាថ្នាចង់អភិវឌ្ឍក្លាយជារដ្ឋសង្គមកិច្ច ប៉ុន្តែរដ្ឋភាគច្រើនជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសក្រោយអាណានិគម និងប្រទេសក្រោយសង្គ្រាមមានលទ្ធភាពតិចតួចណាស់ក្នុងការផ្តល់ការគាំពារផ្នែកសង្គមកិច្ច។
នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ២០១០ លោក Francis Fukuyama បានយល់ស្របជាមួយនឹងលោក Larry Diamond ទាក់ទងនឹង “ការថយចុះនៃលទ្ធិប្រជាធិបតេយ្យ” (democratic recession) ហើយបានទទួលស្គាល់ថា សមត្ថភាពរបស់រដ្ឋនៅក្នុងប្រទេសប្រជាធិបតេយ្យថ្មីៗ និងប្រទេសដែលមានប្រជាធិបតេយ្យរួចហើយ មិនបានដើរទាន់ល្បឿននៃការទាមទាររបស់ប្រជាជនស្តីពីគណនេយ្យភាពប្រជាធិបតេយ្យនោះឡើយ។
ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងទ្រឹស្តីរបស់គាត់គឺនៅត្រង់ការទទួលស្គាល់ពីសារៈសំខាន់នៃសមត្ថភាពរបស់ស្ថាប័នរដ្ឋ (state capacity) និងការកសាងរដ្ឋ (state building) ទំនើបនៅក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។
ការណ៍ដែលអាមេរិកដកខ្លួនពីអាហ្វហ្គានីស្ថានក៏បានបង្ហាញពីបរាជ័យថ្មីមួយទៀតទាក់ទងនឹងការប៉ុនប៉ងដាក់បន្តុបរបបប្រជាធិបតេយ្យ ដោយគ្មានផែនការកសាងរដ្ឋច្បាស់លាស់ ដែលការណ៍នេះត្រូវបានមជ្ឈដ្ឋានអន្តរជាតិមួយចំនួនប្រដូចទៅនឹងការណ៍ដែលអាមេរិកបានបោះបង់ចោលកម្ពុជា (របប លន់ នល់) ហើយបណ្តោយឱ្យធ្លាក់ទៅក្នុងដៃពេជ្ឈឃាត ប៉ុល ពត។
បើគិតតាមក្រសែភ្នែកនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍លោក Adrian Leftwich បានផ្តល់នូវទ្រឹស្តីបែបប្រាកដប្រជា និងជាក់ស្តែងជាង ទាក់ទងនឹងដំណើរការនៃប្រជាធិបតេយ្យវូបនីយកម្ម និងការអភិវឌ្ឍ។ គាត់បានអះអាងថានយោបាយប្រជាធិបតេយ្យគឺកម្រជានយោបាយនៃការផ្លាស់ប្តូរជ្រុលនិយមណាស់ ហើយជាទូទៅច្រើនតែជានយោបាយដែលមានលក្ខណៈសម្របសម្រួល និងនិយមកណ្តាល។
គាត់ក៏បានលើកពីសារៈសំខាន់នៃសមត្ថភាពនៃស្ថាប័នរដ្ឋនៅក្នុងការផ្តល់សេវាសាធារណៈក្នុងនាមជារដ្ឋសម័យទំនើប ដែលនេះគឺជាប្រការចាំបាច់ព្រោះថា នេះគឺជាតួនាទីស្នូលរបស់រដ្ឋ ដែលជាកត្តាធានាភាពស្របច្បាប់របស់ខ្លួនផង ហើយក៏ជាការធានានិរន្តរភាពនៃលទ្ធិប្រជាធិបតេយ្យផង នៅពេលដែលការទាមទាររបស់ប្រជាជនកាន់តែមានភាពសម្បូរបែប ហើយពេលខ្លះមានលក្ខណៈបន្ទុចបង្អាក់ចំពោះគោលនយោបាយមួយចំនួនថែមទៀត។
ដោយសារតែនៅក្នុងសង្គមនីមួយៗតែងតែមានប៉ូលនៃផលប្រយោជន៍ច្រើន លទ្ធិប្រជាធិបតេយ្យពិបាកនឹងលូតលាស់នៅក្នុងសង្គមណាដែលមានការបែកបាក់ខ្លាំង ឬបែងចែកខ្លាំងដោយសារកម្រិតចំណូល វណ្ណៈ ជាតិសាសន៍ សាសនាវប្បធម៌ ឬអត្តសញ្ញាណ។
ដូច្នេះហើយ នយោបាយប្រជាធិបតេយ្យមិនត្រូវជំរុញនយោបាយដែលទាមទារការផ្លាស់ប្តូរជ្រុលនិយម (radical change) នៅក្នុងការគ្រប់គ្រង ការប្រមូលផ្តុំ ការប្រើប្រាស់ និងការបែងចែកធនធាននោះឡើយ។
ផ្ទុយទៅវិញ ការជំរុញនយោបាយប្រជាធិបតេយ្យគឺត្រូវផ្អែកទៅលើការព្រមព្រៀងទៅវិញ-ទៅមក ការអភិរក្សផង និងការវិវឌ្ឍផ្លាស់ប្តូរជាជំហាន។
អ្នកជំរុញទ្រឹស្តីប្រជាធិបតេយ្យភាគច្រើនតែងប្រកាន់គោលនយោបាយដាក់បន្តុបទាំងឆន្ទៈ និងរចនាសម្ព័ន្ធសង្គម។ ពួកគេមិនបានខ្វល់ពីផលប៉ះពាល់ទៅលើសន្តិភាព និងស្ថិរភាព ដោយសារតែការដួលរលំនៃសង្គមមួយក្រោយពេលយកប្រទេសនោះទៅធ្វើពិសោធន៍មនោគមន៍វិជ្ជានោះទេ។
សន្តិភាព និងស្ថិរភាពមិនត្រូវបានយកមកពិចារណាឡើយនៅក្នុងទ្រឹស្តីរបស់ពួកគេ ឬក៏ពិចារណាដែរតែមានតម្លៃទាបជាងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង បើប្រទេសមួយកើតសង្គ្រាមហើយគឺពួកគេគ្មានអ្វីទាំងអស់ គ្មានលទ្ធិប្រជាធិបតេយ្យ គ្មានសិទ្ធិមនុស្ស គ្មានការអភិវឌ្ឍ។
សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ សន្តិភាព និងស្ថិរភាពគឺជាប្រធានបទ និងគោលដៅដំបូងបំផុតដើម្បីធានាឱ្យមានការអភិវឌ្ឍ ប៉ុន្តែសម្រាប់អ្នកប្រកាន់ទ្រឹស្តីដាក់បន្តុបលទ្ធិប្រជាធិបតេយ្យ ពួកគេគិតថា ការមានសង្គ្រាមតិចតួចគឺជារឿងចៀសមិនផុតសំខាន់ឱ្យតែមានបញ្ចូលប្រព័ន្ធប្រជាធិបតេយ្យ។
អ្នកជំរុញទ្រឹស្តីដាក់បន្តុបលទ្ធិប្រជាធិបតេយ្យមិនដែលសួរទេថា តើអ្នកណាគឺជាអ្នកទទួលខុសត្រូវចំពោះការបាត់បង់សន្តិភាពហើយគេក៏មិនដែលសួរដែរថា តើអ្នកណាគឺជាអ្នកទទួលខុសត្រូវក្នុងការបញ្ចប់សង្គ្រាម ដែលបង្កឡើងដោយសារការដាក់បន្តុបលទ្ធិប្រជាធិបតេយ្យនោះ។
នៅក្នុងទ្រឹស្តីរបស់ពួកគេ ពួកគេមិនដែលបង្ហាញពីការចាប់ទោសទណ្ឌចំពោះអ្នកដែលយកសង្គមមួយទៅធ្វើការពិសោធមនោគមន៍វិជ្ជាប្រជាធិបតេយ្យ ហើយធ្លាក់ចូលសង្គ្រាមស៊ីវិលនោះទេ។ ពួកគេមិនដែលចាប់កំហុសចំពោះការបរាជ័យនៃការដាក់បន្តុប ឬស្វែងរកការទទួលខុសត្រូវផ្នែកសតិសម្បជញ្ញៈនោះទេ។ ពួកគេគិតថា ការដួលរលំនៃសង្គម ឬប្រទេសមួយ ដោយសារតែការជំរុញប្រជាធិបតេយ្យវាមិនសំខាន់ដូចជាការណ៍ដែលមិនបានជំរុញលទ្ធិប្រជាធិបតេយ្យនោះទេ។
ទ្រឹស្តីរបស់ពួកគេមិនបានពិចារណាចំពោះការកើតឡើងនៃអំពើហិង្សា ដោយសារតែការផ្លាស់ប្តូរយ៉ាងលឿន ឬក៏ពិចារណាទៅលើសមត្ថភាពសង្គមមួយថាតើសង្គមនោះមានភាពអត់អោនចំពោះទស្សនៈខុសគ្នា ឬនយោបាយចម្រុះពណ៌ប៉ុនណា។
ពួកគេមិនបានពិចារណាលើកម្រិតអប់រំ និងការយល់ដឹងទូទៅរបស់ប្រជាជនអំពីលទ្ធិប្រជាធិបតេយ្យ ឬក៏សមត្ថភាពរបស់ប្រជាជនទូទៅនៅក្នុងការបែងចែករវាងអ្វីដែលហៅថា សិទ្ធិ សេរីភាព ឬកាតព្វកិច្ចពលរដ្ឋនោះទេ។
អ្នកជំរុញទ្រឹស្តីដាក់បន្តុបលទ្ធិប្រជាធិបតេយ្យ តែងតែឈរលើសម្មតិកម្មថា ប្រជាជនទូទៅសុទ្ធតែធ្វើការសម្រេចចិត្តដោយសមហេតុផល មិនអាត្មានិយម នៅក្នុងការជ្រើសរើសគោលនយោបាយណាមួយដែលមានប្រយោជន៍ចំពោះជាតិ។ ប៉ុន្តែសម្មតិកម្មនេះមិនត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះថាជាធម្មជាតិ មនុស្សគឺមានទំនោរអាត្មានិយម ហើយគោលនយោបាយដែលគ្មានប្រជាប្រិយភាព អាចរុញច្រានរដ្ឋាភិបាលឱ្យធ្លាក់ចេញពីអំណាចបាន។
ដូច្នេះហើយ លទ្ធិប្រជាធិបតេយ្យ និងអាណត្តិនៃការបោះឆ្នោត ពេលខ្លះបានរារាំងរដ្ឋាភិបាលមិនឱ្យមានសេចក្តីក្លាហាននៅក្នុងការសម្រេចចិត្តទៅលើគោលនយោបាយវិនិយោគសេដ្ឋកិច្ច សង្គមដែលមានផលប្រយោជន៍រយៈពេលវែងបាន ដោយសារតែខ្លាចចាញ់ឆ្នោត សូម្បីតែនៅក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យជឿនលឿនក៏ដោយ។
ការទាមទារបែបអាត្មានិយមរបស់ម្ចាស់ឆ្នោតក៏ជាឱកាសសម្រាប់ការជំរុញនយោបាយប្រជាកលនិយមដែរ (populism)។ នយោបាយប្រជាកលនិយមត្រូវបានប្រើប្រាស់មិនមែនតែលើនយោបាយដែលប្រកាន់ពូជសាសន៍ ផលប្រយោជន៍ និងមនោគមន៍វិជ្ជាទេ តែក៏ត្រូវបានប្រើប្រាស់ផងដែរនៅពេលដែលគណបក្សនយោបាយឃោសនាលើគោលនយោបាយដែលគ្មានមូលដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាក់លាក់ ប៉ុន្តែមានប្រយោជន៍ច្រើនចំពោះម្ចាស់ឆ្នោត តួយ៉ាងដូចជា ការឧបត្ថម្ភសាច់ប្រាក់ ការកាត់បន្ថយពន្ធ ការប្រើផ្លូវល្បឿនលឿនដោយមិនបង់ប្រាក់។ល។
បញ្ហាការទូត បញ្ហាព្រំដែន ឬបញ្ហាសន្តិសុខជាតិដែលសុទ្ធតែជាបញ្ហារសើបក៏ងាយនឹងត្រូវបានគណបក្សនយោបាយយកមកប្រើប្រាស់ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយរយៈពេលខ្លីដោយមិនខ្វល់ពីផលប៉ះពាល់រយៈពេលវែងនោះឡើយ។
ជារួម ការជំរុញលទ្ធិប្រជាធិបតេយ្យត្រូវតែមានលក្ខណៈសម្របសម្រួល ហើយមានការវិវឌ្ឍផ្លាស់ប្តូរជាជំហានៗ ហើយការជំរុញនោះទៀតសោតមិនត្រូវប៉ះពាល់ដល់សន្តិភាព និងភាពសុខដុមរមនារបស់សង្គមនោះឡើយ ព្រោះថា សន្តិភាព និងភាពសុខដុមរមនា គឺជាសុបិនដ៏សែនឆ្ងាយនៅឡើយសម្រាប់ប្រទេសជាច្រើនក្នុងលោក។
ការជំរុញលទ្ធិប្រជាធិបតេយ្យក៏ត្រូវពិចារណាឱ្យបានគ្រប់គ្រាន់ទៅលើសមត្ថភាពរបស់ស្ថាប័នរដ្ឋនៅក្នុងការផ្តល់សេវាសាធារណៈ កម្រិតអប់រំ កម្រិតវប្បធម៌របស់ប្រជាពលរដ្ឋទៅលើភាពអត់ឱនក្នុងស្មារតីប្រជាធិបតេយ្យ និងកម្រិតសមត្ថភាពរបស់ពលរដ្ឋទូទៅនៅក្នុងការបែងចែកនូវអ្វីដែលហៅថា សិទ្ធិ សេរីភាព និងកាតព្វកិច្ចពលរដ្ឋ៕
ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)