ព្រលឹមឡើងម៉ោងមិនទាន់ ៧ ព្រឹកស្រួលបួលផង ស្រាប់តែឮសំឡេងស៊ីប្លេរថយន្ដដឹកសំរាមបន្លឺឡើង ដែលជាសញ្ញាប្រាប់ថា សកម្មភាពប្រមូលតាមផ្ទះបានមកដល់ហើយ។ ការប្រមូលសំរាមដែលមានលក្ខណៈទៀងទាត់គឺ ២ ថ្ងៃម្តង ឬម្តងម្កាល ៣ ថ្ងៃម្តងនេះ ក៏បានមកពីការកែសម្រួលប្រព័ន្ធប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រីតែមួយដែលមានលក្ខណៈតែឯង (monopoly) តាំងពីឆ្នាំ ១៩៩៧ មកដល់ដើមឆ្នាំ ២០២១។
លុះបន្ទាប់មក សាលារាជធានីបានបើកឱ្យមានការដេញថ្លៃថែមបានក្រុមហ៊ុន ២ ទៀតគឺក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd ដើម្បីរួមចំណែកប្រមូលសំរាមដោយយកតម្លៃ ១ ដុល្លារ ក្នុង ១ ផ្ទះដដែល។ តែតម្លៃផ្ទះភូមិគ្រឹះ ឬក៏ក្រុមហ៊ុនយកតម្លៃច្រើនជាងទៅតាមការវាយតម្លៃជាលក្ខណៈជាក់ស្តែង។
កាលពីថ្ងៃទី ១៦ ខែកញ្ញាឆ្នាំនេះ សាលារាជធានីបានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង ដោយឱ្យបែងចែកតាមតំបន់គ្រប់គ្រងសំណល់រឹងរបស់ក្រុមហ៊ុនខាងលើ ហើយបញ្ជាក់ថា ខណ្ឌដែលនៅកណ្តាលរាជធានីគឺប្រមូលពេលយប់រៀងរាល់ថ្ងៃ និងបានតម្រូវឱ្យពលរដ្ឋដាក់សំរាមជា ២ ផ្នែកគឺសំណល់សើម និងស្ងួតឱ្យដាច់ពីគ្នាពីម៉ោង ៦ ដល់ម៉ោង ៩ យប់។
តែខណ្ឌដែលនៅជាយក្រុងគឺអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករប្រមូលសំរាមជាអ្នកកំណត់ម៉ោងពេលជាក់ស្តែងតែ ២ ដងក្នុង ១ សប្តាហ៍។ ក្នុងករណីមិនអនុវត្តតាមសេចក្តីណែនាំខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងផាកពិន័យទៅតាមច្បាប់ ដូចជា ការបិទអាជីវកម្មជាបណ្តោះអាសន្នជាដើម។
ប៉ុន្តែតម្លៃសេវាប្រមូលសំរាមមិនមានការប្រែប្រួលទេគឺ ១ ដុល្លារក្នុង ១ ខ្នងផ្ទះ រីឯការបង់លុយថ្លៃសំរាមប្រចាំខែ ឬក៏ប្រចាំឆមាស ឬក៏ឆ្នាំមុនរយៈពេល ១៥ ថ្ងៃនៃខែនីមួយៗតាមរយៈឌីជីថល តាមប្រព័ន្ធធនាគារ ឬក៏ប្រព័ន្ធផ្ទេរលុយដោយយកតាមលេខកូដ ID សម្គាល់វិក្កយបត្រអគ្គិសនីមកប្រើ។
នេះបើតាមរដ្ឋាករស្វយ័តគ្រប់គ្រង សំរាម និងសំណល់រឹងរាជធានី-ភ្នំពេញ។ កាលពីដើមខែនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសារព្រមានដូចរាល់ដងចំពោះអ្នកមិនបង់ថ្លៃសំរាម និងសំណល់រឹងតាមការកំណត់ដោយបញ្ជាក់ថា នឹងអនុវត្តវិធានការមួយចំនួនដូចជា៖ បញ្ចេញឈ្មោះជាសាធារណៈតាមបណ្តាញសង្គម ឬក៏តាមប្រព័ន្ធផ្សព្វផ្សាយនានា កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាលដោយបិទអាជីវកម្មជាបណ្តោះអាសន្ន និងអនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។
ជាក់ស្តែងកន្លងមក អាជ្ញាធរបានអនុវត្តមួយចំនួនតូចហើយ ដូចការបង្ហោះឈ្មោះអ្នកមិនបង់សេវា រីឯការចាប់អប់រំ និងផាកពិន័យករណីចោលសំរាមក្បែរប្រឡាយលូក៏មានដែរ ដូចជាកន្លងមកអ៊ំប្រុសម្នាក់ត្រូវបានយុវជនប្រមូលសំរាមនៅប្រឡាយបឹងត្របែកឃាត់ខ្លួនគាត់អប់រំនៅពេលគាត់យកសំរាមមកចោល។ វិធានការទាំងនេះមានយូរមកហើយ តែប្រសិទ្ធភាពហាក់បីដូចជាមិនទាន់បានពេញលេញនៅឡើយទេ ចំណែកឯអ្នកដាក់សំរាមកន្លែងគរចោលនៅលើដីឡូត៍ ដែលមិនមានអ្នករស់នៅក៏នៅតែជាបញ្ហាដែរ។
ម្យ៉ាងទៀតទិន្នន័យថា តើការប្រមូលថ្លៃសំរាមបានប៉ុន្មានភាគរយនៃខ្នងផ្ទះដែលមាន មិនត្រូវបានបង្ហាញនោះទេ។
តាមរយៈវេបសាយគណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប www.ncdd.gov.kh) បង្ហាញពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (D&D) នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅនេះក្រសួងបរិស្ថានបានផ្ទេរមុខងារការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនគឺជាការប្រគល់មុខងារទៅឱ្យរដ្ឋបាលរាជធានី-ក្រុង និងស្រុក។ រាជរដ្ឋាភិបាលបានផ្តល់នូវកញ្ចប់ថវិកាដែលមានភ្ជាប់នូវលក្ខខណ្ឌនៃសេវាអនាម័យបរិស្ថានចំនួនទឹកប្រាក់ ៥ ពាន់លានរៀល និងបានផ្ទេរនាចុងត្រីមាសទី ៣ ឆ្នាំ ២០១៥។
ជាមួយគ្នានេះដែរ សាលារាជធានីភ្នំពេញក៏បានធ្វើប្រតិភូកម្មការងារគ្រប់គ្រងសំរាមនេះមកសាលាខណ្ឌទាំង ១៤ រួចហើយតែនៅតែមានគណនេយ្យភាពជាមួយសាលារាជធានីក្នុងការអនុវត្តកិច្ចការនេះដដែល។
តាមរយៈរបាយការណ៍កម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិស្តីពីរដ្ឋនៃការគ្រប់គ្រងសំរាមនៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១៨ បានបញ្ជាក់ថា «ក្រុមហ៊ុនប្រមូលសំរាមបន្តជួបប្រទះបញ្ហាជាមួយនឹងការស្តារថ្លៃដើមពីការប្រមូលសំរាម ព្រោះប្រជាពលរដ្ឋខ្លះមិនមានឆន្ទៈក្នុងការបង់ប្រាក់សម្រាប់សេវាប្រមូលសំរាមនេះទេ។ ជាលទ្ធផលនាំឱ្យមានបញ្ហាបរិស្ថានរួមទាំងបញ្ហាមួយចំនួនដូចជា កាកសំណល់ដែលត្រូវដុត ឬបោះចោលនៅទីសាធារណៈ តំបន់លំនៅឋាន ឬនៅលើដីឯកជន»។
ម្យ៉ាងវិញទៀត កាលណាមិនមានអ្នកបង់លុយថ្លៃសំរាមកាន់តែច្រើនធ្វើឱ្យប៉ះពាល់ដល់ការដំឡើងប្រាក់ខែដល់កម្មករប្រមូលសំរាម អ៊ីចឹងធ្វើឱ្យមានការធ្វើបាតុកម្មសុំដំឡើងប្រាក់ខែកើតមានឡើងជារឿយៗ។
ពេលដំឡើងប្រាក់ខែបាន តែមិនជាប្រចាំដូចកម្មកររោងចក្រនេះ គឺជាបញ្ហាទី ១ មានអ្នកមិនបង់ថ្លៃសំរាម ទី ២ តម្លៃសំរាមនៅតែ ១ ដុល្លារក្នុង ១ ខែដដែលក្នុង ១ ខ្នងផ្ទះចាប់ពីឆ្នាំ ១៩៩៧ មក។ រីឯការពិន័យតាមរយៈយកឈ្មោះបង្ហោះលើហ្វេសប៊ុកជាសាធារណៈហាក់បីដូចជាមិនមានប្រសិទ្ធភាពនោះទេ ព្រោះគ្មាននរណាទៅឈឺក្បាលវិលមុខទៅអង្គុយមើលឈ្មោះអ្នកមិនបង់ថ្លៃភ្លើងនោះទេ។
ចំពោះបញ្ហាបំណុលថ្លៃសំរាម ក៏មិនមានរបាយការណ៍ណាមួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនោះដែរ ដោយឃើញបង្ហាញតែពីការកើនឡើងសំណល់រឹង និងប្លាស្ទិក នៅរាជធានីភ្នំពេញដែលការផលិតសំរាមជាមធ្យមមាន ២ ២១៦ តោនជារៀងរាល់ថ្ងៃ ប៉ុន្តែមានតែសំរាមជាង ២០ ភាគរយប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញយោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានឆ្នាំ ២០១៨។
បើតាមបទពិសោធ ការគ្រប់គ្រងសំរាមនៅទីក្រុងបាងកកប្រទេសថៃ ក្រុមប្រឹក្សាក្រុងនេះបានអនុម័តសេចក្តីព្រាងច្បាប់មួយនៃការដំឡើងថ្លៃសេវាប្រមូលសំរាមថ្មីដោយរដ្ឋបាលក្រុងបាងកកតាំងពីខែតុលាឆ្នាំ ២០២០ គឺយកពី ២០ បាតពីឆ្នាំ ២០០៥ មក ៨០ បាត (១ ម៉ឺនរៀល) ឆ្នាំ ២០២០ ក្នុង ១ ខ្នងផ្ទះក្នុងរយៈពេល ១ ខែ ហើយការប្រមូលគឺធ្វើប្រចាំថ្ងៃទៀត (Bangkok Post, 2020)។
បើប្រៀបធៀបជាមួយតម្លៃសេវានៅតែ ១ ដុល្លារក្នុង ១ ខ្នងផ្ទះតាំងពីឆ្នាំ ១៩៩៧ មកដល់បច្ចុប្បន្ន នៅតែ ៤ ០០០ រៀលដដែល ហើយនៅមានអ្នកអត់បង់ទៀត។ ហេតុនេះបានជារដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញមិនសិក្សាវាយតម្លៃទៅលើតម្លៃសេវាប្រមូលសំរាមប្រចាំថ្ងៃដោយធៀបជាមួយនឹងតម្លៃទីផ្សារជាក់ស្តែង និងប្រទេសជិតខាង?
ដើម្បីធ្វើជាមូលដ្ឋានក្នុងការព្យាករតម្លៃសេវាប្រមូលសំរាមឱ្យបានសមរម្យ និងមានលទ្ធភាពដំឡើងប្រាក់ខែដល់កម្មករប្រមូលសំរាមដែលជាការលើកទឹកចិត្តដល់ពួកគេឱ្យខិតខំធ្វើការដែលប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាពរាល់ថ្ងៃ។ នេះមកពីការមិនឱ្យតម្លៃទៅលើសេវាប្រមូលសំរាម តែនៅពេលទឹកលិចដោយសារសំរាមបាននាំគ្នាផ្អើល និងត្អូញត្អែរ។
ហេតុដូចនេះ ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនកម្មករប្រមូលសំរាមដែលប្រឈមនឹងបញ្ហាសុខភាពរាល់ថ្ងៃ រដ្ឋបាលរាជធានីគួរតែសិក្សាពីតម្លៃ និងដំឡើងថ្លៃសេវាសំរាមយ៉ាងតិច ២ ដុល្លារក្នុង ១ ខ្នងផ្ទះ និងគួរបង្ហាញពីទិន្នន័យប្រមូលថ្លៃសំរាម ដើម្បីបង្ហាញគណនេយ្យភាពយកមកដាក់លើតុឱ្យឃើញទាំងអស់គ្នា ខណៈដែលសេវាប្រមូលសំរាមកំពុងតែមានដំណើរការល្អដូចរាល់ថ្ងៃនេះ។
រីឯពលរដ្ឋវិញគួរតែមានការភ្ញាក់រឭកក្នុងការរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមានតម្លាភាពក្នុងការចូលរួមចំណែកក្នុងការបង់ថ្លៃសំរាមឱ្យបានទៀងទាត់ផងដែរ ដើម្បីចូលរួមអភិវឌ្ឍទីក្រុងស្អាត និងជាការលើកទឹកចិត្តដល់បងប្អូនកម្មករដែលធ្វើការហាលថ្ងៃហាលភ្លៀងប្រឈមនឹងបញ្ហាសុខភាពខ្លាំង និងគ្រោះថ្នាក់ផ្សេងៗ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com