នៅសល់រយៈពេលមិនដល់ ៨ ឆ្នាំនោះទេ ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ ដោយវឌ្ឍនភាពនៃការអនុវត្តគោលដៅទាំងនេះនៅទូទាំងពិភពលោកមានការយឺតជាងការគ្រោងទុក បណ្តាអ្នកដឹកនាំនៅលើពិភពលោកបានជួបប្រជុំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពី ២ ឆ្នាំមុន និងបានស្នើសុំឱ្យមាន “ទសវត្សរ៍នៃសកម្មភាព” ដោយមានគោលដៅកៀរគរហិរញ្ញប្បទាន ពង្រឹងការអនុវត្តថ្នាក់ជាតិនិងពង្រឹងស្ថាប័នដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពត្រឹមឆ្នាំ ២០៣០ ទៅតាមការគ្រោងទុក។
ការទទួលបានថាមពល គឺជាកិច្ចការដ៏ងាយស្រួលមួយ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយភាពក្រីក្រ ពង្រីកកាលានុវត្តភាពនិងពង្រឹងសុខុមាលភាព ផលិតភាព និងស្តង់ដានៃការរស់នៅ។ នេះគឺជាមូលហេតុដែល គោលដៅអភិវឌ្ឍន៍ទី៧ ធានាឱ្យមានការទទួលបានថាមពលទំនើប មានតម្លៃសមរម្យ អាចទុកចិត្តបាន និងមាននិរន្តរភាព សម្រាប់គ្រប់គ្នា និងនៅគ្រប់ទីកន្លែង។ កាលពីឆ្នាំមុន អ្នកដឹកនាំជាង ១៣០ នាក់នៅលើពិភពលោក រួមទាំង ប្រមុខរដ្ឋ និងរដ្ឋាភិបាល រដ្ឋមន្ត្រី នាយកប្រតិបត្តិនៃបណ្តាអង្គភាពនានារបស់អង្គការសហប្រជាជាតិ (UN) និងអង្គការអន្តរជាតិ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនឯកជន និងតំណាងភាគីពាក់ព័ន្ធដទៃទៀតបានចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីថាមពល នៅមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីពិភាក្សារដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍មួយនេះជាពិសេស។ នៅពេលបញ្ចប់កិច្ចប្រជុំនេះ គណៈប្រតិភូបានបង្ហាញផែនទីបង្ហាញផ្លូវជាសកលមួយ ដើម្បីពន្លឿនសកម្មភាពគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ និងបានប្រកាសអំពីគោលដៅថ្មីៗប្រកបដោយមហិច្ឆតា រួមជាមួយទឹកប្រាក់ជាង ៤០០ ពាន់លានដុល្លារអាមេរិកនៅក្នុងផ្នែកហិរញ្ញវត្ថុ និងការវិនិយោគថ្មីៗ ដែលមានគោលដៅសម្រេចឱ្យបាននូវការទទួលបានថាមពលជាសកល និងការមិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
ផែនទីបង្ហាញផ្លូវនេះក៏ទាមទារឱ្យមានកិច្ចសហការជាអន្តរជាតិដើម្បីផ្តល់អាទិភាព និងកៀរគរហិរញ្ញវត្ថុនៅក្នុងវិស័យសាធារណៈនិងឯកជនដើម្បីពន្លឿនការផ្លាស់ប្តូរប្រភពថាមពល។ ពួកគេបានទទួលស្គាល់ថា ការតភ្ជាប់បណ្តាញអគ្គិសនីដល់ភូមិដាច់ស្រយាលមានការពិបាកប៉ុន្តែ អាចសម្រេចបានតាមរយៈការវិនិយោគនៅក្នុងវិស័យសាធារណៈ និងតាមរយៈការងាកចេញពីការឧបត្ថម្ភធនដល់វិស័យហ្វូស៊ីលឥន្ធនៈ។ ពួកគេបានរំពឹងទុកថា ការគាំទ្រជាសាធារណៈកាន់តែខ្លាំងក្លានឹងអាចជំរុញដល់ការវិនិយោគរបស់វិស័យឯកជនដោយពុំមានហានិភ័យ។
ប្រទេសកម្ពុជា បានដឹងយ៉ាងច្បាស់អំពីគុណតម្លៃនៃការទទួលបានថាមពលនិងមានវឌ្ឍនភាពយ៉ាងខ្លាំងក្លានៅក្នុងរយៈពេល ២ ទសវត្សរ៍កន្លងទៅនេះ ដោយធនាគារពិភពលោក (World Bank) បានចាត់ទុកកម្ពុជាជាប្រទេសមួយក្នុងចំណោម “ប្រទេសផ្គត់ផ្គង់អគ្គិសនីលឿនបំផុតនៅលើពិភពលោក”។ នេះជាលទ្ធផលបន្ទាប់ពីកម្ពុជា បានពង្រីកការទទួលបានថាមពលរបស់ខ្លួនពី ៦,៦% នៅឆ្នាំ ២០០០ ទៅ ៩៧,៥% ត្រឹមចុងឆ្នាំ ២០២១។ យោងតាមអាជ្ញាធរអគ្គិសនីកម្ពុជានៅសល់ភូមិចំនួន ៣៥០ ដែលគ្មានអគ្គិសនីប្រើប្រាស់នៅដើមឆ្នាំ ២០២២។ ដើម្បីផ្តល់ពន្លឺអគ្គិសនីដល់ភូមិដាច់ស្រយាល (សំដៅលើដំណាក់កាលចុងក្រោយនៃដំណើរការពង្រីកបណ្តាញអគ្គិសនី) រាជរដ្ឋាភិបាលមានផែនការបន្ទាន់ ក្នុងការតភ្ជាប់ខ្សែបណ្តាញអគ្គិសនីជាតិទៅកាន់ភូមិចំនួន ១៧០ ក្នុងរយៈពេល ៥ ទៅ ៧ ឆ្នាំក្រោយ។ ប៉ុន្តែនៅមានភូមិចំនួន ១៨០ ទៀត គ្មានអគ្គិសនីប្រើប្រាស់ ដែលភាគច្រើនជាលំនៅឋានរបស់ជនងាយរងគ្រោះបំផុតដូចជាជនជាតិដើមភាគតិចមនុស្សវ័យចំណាស់ និងប្រជាជនដែលត្រូវបានបំផ្លាស់ទី។
ការទំនាក់ទំនងទៅកាន់ពួកគេមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះសហគមន៍ទាំងនេះស្ថិតនៅរាយប៉ាយ និងនៅដាច់ស្រយាលដោយមិនអាចទៅដល់តាមផ្លូវគោកបាននោះទេ ដោយភាគច្រើននៅក្នុងតំបន់បណ្តែតទឹក។ លើសពីនេះទៀតការតភ្ជាប់សហគមន៍ទៅនឹងបណ្តាញអគ្គិសនីជាតិតាមធម្មតា គឺមិនទាន់គ្រប់គ្រាន់នោះទេ ពីព្រោះការទទួលបានអគ្គិសនីដែលទុកចិត្តបាន និងមានតម្លៃសមរម្យ នៅតែជាបញ្ហាប្រឈម។ ជិត ២ ភាគ ៣ នៃគ្រួសារដែលបានតភ្ជាប់ខ្សែបណ្តាញអគ្គិសនីហើយ បានជួបប្រទះនឹងកង្វះខាតអគ្គិសនីជាញឹកញាប់។ ដូច្នេះនៅក្នុងគោលនយោបាយផ្គត់ផ្គង់អគ្គិសនីនៅតាមជនបទ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំជំនួយសម្រាប់ការផ្គត់ផ្គង់អគ្គិសនីទៅកាន់ភូមិដែលនៅសល់ និងបង្កើនការទុកចិត្តបាននៃអគ្គិសនីសម្រាប់ភូមិដែលបានតភ្ជាប់ខ្សែបណ្តាញអគ្គិសនីរួចរាល់ហើយ។
ធាតុសំខាន់ៗនៃដំណោះស្រាយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កំពុងឆ្លើយតបនឹងការស្នើសុំនេះ។ ផែនការយុទ្ធសាស្ត្រ ឆ្នាំ ២០២២-២៥ របស់ UNDP បានរួមបញ្ចូលការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រប្រជាជន ៥០០ លាននាក់នៅទូទាំងពិភពលោកឱ្យទទួលបានថាមពលស្អាត ត្រឹមឆ្នាំ ២០២៥ “ការមិនទុកនរណាម្នាក់ចោល។ យើងត្រូវការម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីគាំទ្រដល់កម្លាំងជំរុញនេះ និងលើកកម្ពស់អភិក្រមដែលធានាចំពោះការទទួលបានថាមពលដែលមានតម្លៃសមរម្យ និងអាចទុកចិត្តបាន ការផ្ទេរដំណោះស្រាយថ្មីៗ និងអាចសម្រេចបាន សម្រាប់ការទទួលបានថាមពលដែលបំពេញតាមតម្រូវការខុសៗគ្នា និងតម្រូវការអគ្គិសនី។ អគ្គិសនីកម្ពុជា (EDC) តាមរយៈមូលនិធិផ្គត់ផ្គង់អគ្គិសនីតាមទីជនបទរបស់ខ្លួន បានជួយដល់ប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅតាមផ្ទះ ដើម្បីទទួលបានថាមពលនៅតាមសហគមន៍ដែលគ្មានអគ្គិសនីប្រើប្រាស់។
UNDP កំពុងបំពេញបន្ថែមលើកិច្ចប្រឹងប្រែងទាំងនេះ តាមរយៈការដំឡើងបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលផ្តល់ដំណោះស្រាយដែលអាចសម្រេចបានដល់ការបង្កើនលទ្ធភាពក្នុងការទទួលបានអគ្គិសនី និងកាត់បន្ថយបញ្ហាប្រឈមផ្នែកបច្ចេកទេសនៃប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅតាមផ្ទះដែលមានបន្ទុកថាមពល (អាគុយ)មានអាយុខ្លី នៅខណៈពេលនៃការបំពេញតាមតម្រូវការអគ្គិសនីខុសៗគ្នាជាច្រើនដូចជា អគ្គិសនីសម្រាប់ចម្អិនម្ហូប កម្តៅ កិន។ល។ បណ្តាញអគ្គិសនីខ្នាតតូចក៏មានភាពងាយស្រួលក្នុងការថែទាំ និងថែរក្សាផងដែរ ដោយសារភាពជឿនលឿននៃបច្ចេកវិទ្យា និងសេដ្ឋកិច្ចមាត្រដ្ឋាន។
ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គការមិនមែនរដ្ឋាភិបាល (NGOs) និងស្ថាប័ននៅតាមមូលដ្ឋានដែលយល់ច្បាស់អំពីសហគមន៍ដែលគ្មានអគ្គិសនីប្រើប្រាស់ដើម្បីកសាងទំនុកចិត្តរបស់សហគមន៍ និងស្វែងយល់អំពីទិដ្ឋភាពនៃសេដ្ឋកិច្ចសង្គម។ NGOs និងស្ថាប័ននៅតាមមូលដ្ឋាន មានតួនាទីយ៉ាងសំខាន់នៅក្នុងការប្រើប្រាស់ថាមពលដើម្បីផលិតភាព និងធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើង។ UNDP បានធ្វើជាដៃគូជាមួយអង្គការសហការអន្តជាតិកម្ពុជា (ICC) ដែលជាអង្គការក្នុងមូលដ្ឋានមួយ នៅខេត្តរតនគិរី ដែលបានជួយកសាងទំនុកចិត្តរបស់សហគមន៍និងបានពន្លឿនការអនុវត្តគម្រោង។
ធ្វើការជាមួយសហគមន៍តាំងដំណាក់កាលដំបូង ដើម្បីពង្រឹងសមត្ថ-ភាពរបស់ពួកគេក្នុងការធ្វើប្រតិបត្តិការ និងថែទាំប្រព័ន្ធមិនតភ្ជាប់បណ្តាញអគ្គិសនីរដ្ឋ ពីព្រោះវាមិនងាយស្រួលនោះទេ ក្នុងការទំនាក់ទំនងទៅកាន់សហគមន៍មួយចំនួនក្នុងចំណោមសហគមន៍ដែលគ្មានអគ្គិសនីប្រើប្រាស់ទាំងនេះ ក្នុងករណីមានបញ្ហាបច្ចេកទេស។ ដោយការទទួលបានថាមពលមានផលប៉ះពាល់វិជ្ជមានដោយផ្ទាល់ចំពោះសុខភាព សុខុមាលភាព និងកាលានុវត្តភាពរបស់ស្ត្រី ដូច្នេះត្រូវការការចូលរួមរបស់ស្ត្រីនៅគ្រប់ដំណាក់កាល និងនៅក្នុងការសម្រេចចិត្តនានា។
រួមមានដូចជាការសម្រេចចិត្តលើការកំណត់យន្តការគ្រប់គ្រង និងការកំណត់តម្លៃអគ្គិសនីសមរម្យ ដែលគ្របដណ្តប់លើថ្លៃថែទាំ និងធានាចំពោះការតភ្ជាប់ការផ្គត់ផ្គង់អគ្គិសនីទៅកាន់គ្រួសារទាំងអស់នៅក្នុងភូមិដោយផ្អែកលើគោលការណ៍បរិយាប័ន្ន និងមិនទុកនរណាម្នាក់ចោល។
ធ្វើការជាមួយអង្គភាពវិស័យឯកជននានាដូចជា សហគ្រាសអគ្គិសនីជនបទ (REEs) ជាដើម។ REEs ផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់ខ្នងផ្ទះចំនួន ៣៩ ភាគរយទូទាំងប្រទេសកម្ពុជា។ ពួកគេក៏មានតួនាទីដ៏សំខាន់ក្នុងការពង្រីកការចែកចាយអគ្គិសនីទៅកាន់តំបន់ដាច់ស្រយាលផងដែរ។ REEs រួមបញ្ចូលការផ្គត់ផ្គង់អគ្គិសនីទៅកាន់ភូមិដែលគ្មានអគ្គិសនីប្រើប្រាស់ ជាផ្នែកមួយនៃគំរូអាជីវកម្មរបស់ពួកគេ តាមរយៈការប្រើប្រាស់បណ្តាញអគ្គិសនីខ្នាតតូច។ យើងចាំបាច់ពិនិត្យមើលឡើងវិញលើមូលនិធិអគ្គិសនីជនបទ ដើម្បីពង្រីកវិសាលភាពក្នុងការផ្តល់ហិរញ្ញប្បទានដល់ការផ្គត់ផ្គង់អគ្គិសនីដល់តំបន់មិនទាន់តភ្ជាប់ខ្សែបណ្តាញអគ្គិសនីរដ្ឋ ពីព្រោះមូលនិធិនេះត្រូវបានបង្កើតឡើងដើម្បីបង្កើនការផ្គត់ផ្គង់អគ្គិសនី ដែលមានសកម្មភាពមួយភាគធំត្រូវបានសម្រេចហើយ។
ការឆ្លើយតបនឹងការស្នើសុំរាជរដ្ឋាភិបាលជប៉ុនបានឆ្លើយតបនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជារួចរាល់ហើយ ដោយប្រកាសអំពីជំនួយហិរញ្ញវត្ថុសម្រាប់គំនិតផ្តួចផ្តើមថ្មីមួយហៅថា ការទទួលបានថាមពលកកើតឡើងវិញប្រកបដោយបរិយាប័ន្ននៅតំបន់ជនបទដែលរួមបញ្ចូលទាំងការដំឡើងបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ និងការបណ្តុះបណ្តាលសហគមន៍ក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគេអាចថែទាំបណ្តាញអគ្គិសនីរបស់ពួកគេដោយខ្លួនឯង។ គម្រោងនេះនឹងអនុវត្តដោយ UNDP និងក្រសួងរ៉ែ និងថាមពល ដោយផ្តល់អត្ថប្រយោជន៍ដល់ ១ ៣០០ ខ្នងផ្ទះ ពង្រឹងគុណភាពជីវិតរបស់ប្រជាជនប្រហែល ៦ ០០០ នាក់ ដែលទទួលបានថាមពលស្អាតដោយផ្ទាល់មានតម្លៃសមរម្យ និងអាចទុកចិត្តបាន។ វាក៏រួមបញ្ចូលការពង្រីកគំរូអាជីវកម្មដែលមាននិរន្តរភាពនាពេលបច្ចុប្បន្ន រួមទាំងបណ្តាញខ្នាតតូចដែលគ្រប់គ្រងដោយសហគមន៍ និងដំណើរការដោយ REEs ផងដែរ។
ប្រភពអគ្គិសនីដែលអាចទុកចិត្តបាន មាននិរន្តរភាព និងមានតម្លៃសមរម្យ គឺជាកត្តាអនុគ្រោះមួយសម្រាប់វឌ្ឍនភាព និងការកាត់បន្ថយភាពក្រីក្រ។ ប្រព័ន្ធថាមពលផ្តល់ការគាំទ្រដល់គ្រប់វិស័យទាំងអស់ ចាប់ពីវិស័យវេជ្ជសាស្ត្រនិងវិស័យអប់រំ រហូតដល់វិស័យកសិកម្ម ផលិតកម្មហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង និងបច្ចេកវិទ្យាជាដើម។
អាស្រ័យហេតុនេះ សង្គមរស់នៅទំនើបៗពឹងផ្អែកយ៉ាងខ្លាំងក្លាលើសេវាថាមពលដែលមានតម្លៃសមរម្យ និងអាចទុកចិត្តបាន ដើម្បីបំពេញមុខងារបានយ៉ាងរលូន និងអភិវឌ្ឍប្រកបដោយសមធម៌។ ដូច្នេះ UNDP ត្រៀមខ្លួនជាស្រេច និងប្តេជ្ញាចិត្តពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន និងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិដើម្បីពង្រីកភាពជោគជ័យក្នុងការធានាឱ្យទទួលបានថាមពលប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប៕
អត្ថបទដោយ ឯ.ឧ.ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯ.ឧ. Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា និងលោកស្រី AlissarChaker អ្នកតំណាងនៃ UNDP កម្ពុជា