កាលពី ៥០ ឆ្នាំមុននៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ១៩៧២ តំណាងរដ្ឋាភិបាលជាង ១០០ រូប បានជួបប្រជុំគ្នានៅក្នុងទីក្រុងស្តុកខុម (ប្រទេសស៊ុយអែត) ដើម្បីចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីបរិស្ថានមនុស្ស ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាកិច្ចប្រជុំអន្តរជាតិលើកដំបូងបង្អស់ផ្តោតលើបញ្ហាបរិស្ថាន។
ក្រោយសង្គ្រាមលោកលើកទី២ ការពិភាក្សាអំពីកិច្ចអភិវឌ្ឍន៍នៅក្នុងសកលលោក ភាគច្រើនផ្តោតលើរបៀបវារៈកំណើនសេដ្ឋកិច្ច ហើយបន្ទាប់មកត្រូវបានពង្រីកវិសាលភាពរបៀបវារៈរបស់ខ្លួន ដើម្បីបញ្ចូលបញ្ហាសង្គមនានា ដូចជាបញ្ហាវិសមភាពជាដើម។ ក្តីបារម្ភទៅលើរឿងបរិស្ថានក៏ទើបតែបានចាប់ផ្តើមលេចចេញជារូបរាងនៅទសវត្សរ៍ទី៧០ ប៉ុណ្ណោះ។ ភ័ស្តុតាងជាលក្ខណៈវិទ្យាសាស្ត្រកាន់តែច្រើនឡើងត្រូវបានប្រមូលចងក្រង និងបង្ហាញឱ្យឃើញពីផលប៉ះពាល់ដ៏ធំមហិមាដែលមាគ៌ានៃការអភិវឌ្ឍក្នុងសកលលោកបានបង្កឡើងលើបរិស្ថាន។
ក្នុងសន្និសីទទីក្រុងស្តុកខុមនេះ ប្រតិភូបានទទួលស្គាល់ថា យើងមាន«ផែនដីមានតែ ១» ហើយគោលដៅកាត់បន្ថយភាពក្រីក្រ និងការពារបរិស្ថានមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ។ នេះគឺជាសម្រង់ខ្លឹមសារខ្លះនៃសេចក្តីប្រកាសរបស់សន្និសីទនេះ ដែលបានក្លាយជាគោលការណ៍ស្នូលដ៏សំខាន់សម្រាប់របៀបវារៈដែលត្រូវដាក់ចេញក្រោយៗមកទៀត រួមទាំងគោលដៅអភិវឌ្ឍន៍ដោយចីរភាពផងដែរ៖ «មនុស្សមានសិទ្ធិជាមូលដ្ឋាន ដើម្បីទទួលបានសេរីភាព សមភាព និងលក្ខខណ្ឌនៃការរស់នៅដែលសមរម្យ ក្នុងបរិស្ថានមួយប្រកបដោយគុណភាពដែលអនុញ្ញាតឱ្យពួកគេទទួលបានជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខុមាលភាព ហើយមនុស្សមានការទទួលខុសត្រូវដ៏ឱឡារិកក្នុងកិច្ចការពារបរិស្ថាន និងធ្វើឱ្យបរិស្ថានកាន់តែមានភាពប្រសើរសម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយ»។
៥០ ឆ្នាំក្រោយមក ពាក្យពេចន៍ទាំងនេះរឹតតែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ វាមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលឡើយ ដែលឃ្លា «ផែនដីមានតែ ១» ត្រូវបានជ្រើសរើសធ្វើជាពាក្យស្លោកនិមិត្តរូបសម្រាប់ទិវាបរិស្ថានពិភពលោក ឆ្នាំ ២០២២។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សហគមន៍អន្តរជាតិបានជួបប្រជុំគ្នានៅក្នុងប្រទេសស៊ុយអែត ក្នុងសន្និសីទស្តុកខុម+៥០ ក្រោមប្រធានបទ «ភពផែនដីដែលមានសុខភាពមាំមួន ដើម្បីវិបុលភាពទាំងអស់គ្នា៖ ការទទួលខុសត្រូវរបស់យើងឱកាសរបស់យើង» ដើម្បីពិភាក្សាពីសកម្មភាពបន្ទាន់ប្រកបដោយមហិច្ឆតា ដើម្បីធានាឱ្យបាននូវអនាគតដែលកាន់តែប្រកបដោយនិរន្តរភាព។
ជាការពិត បើទោះជាមានការសម្រេចវឌ្ឍនភាពជាវិជ្ជមានផ្នែកគោលនយោបាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក៏ដោយ កណ្តឹងប្រកាសអាសន្នពីសុខភាពរបស់ភពផែនដីរបស់យើងកំពុងរោទ៍ឮយ៉ាងខ្លាំងដើម្បីប្រកាសឱ្យយើងទាំងអស់គ្នាបានដឹងថា យើងបានឈានចូលទៅក្នុងស្ថានភាពអាសន្ន ព្រោះតែវិបត្តិជាច្រើនដែលកំពុងកើតមាននៅលើភពផែនដី ហើយដែលវិបត្តិទាំងនេះចាក់ស្រែះប្រទាក់ក្រឡាគ្នាចាប់ពីការប្រែប្រួលអាកាសធាតុ រហូតដល់ការបាត់បង់ជីវចម្រុះ ការបំពុលបរិស្ថាន ហើយវិបត្តិទាំងនេះបាននិងកំពុងធ្វើឱ្យមានវិសមភាព ហានិភ័យសុខភាព និងបញ្ហាអសន្តិសុខជាសកលកាន់តែខ្លាំងឡើងៗ។
មានការប៉ាន់ប្រមាណថា យើងកំពុងប្រើប្រាស់ធនធានកកើតឡើងវិញ សមមូលនឹងអ្វីដែលត្រូវបានផលិតដោយភពផែនដីស្ទើរតែ ២ ភព (១,៦ ភពផែនដី) ទើបយើងអាចបន្តរក្សារបៀបរស់នៅដូចបច្ចុប្បន្ននេះបាន ហើយការរេចរឹលនៃប្រព័ន្ធអេកូឡូស៊ីកំពុងបង្កផលប៉ះពាល់ដល់ប្រជាជនប្រមាណ ៤០% នៃប្រជាជនសរុបក្នុងពិភពលោក។
ដូច្នេះហើយ យើងមិនអាចខ្ជះខ្ជាយពេលវេលាថែមទៀតទេ ប្រសិនបើយើងចង់ស្តារក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយ។ ធម្មជាតិត្រូវតែស្ថិតនៅចំណុចស្នូលនៃការអភិវឌ្ឍ ហើយយើងទាំងអស់គ្នា ក្នុងនាមជាសង្គម ក្រុមហ៊ុន និងបុគ្គលម្នាក់ៗគួរខិតខំប្រឹងប្រែងឱ្យបានកាន់តែច្រើនជាងមុន ដើម្បីរស់នៅក្នុងភាពសុខដុមរមនាជាមួយនឹងធម្មជាតិ។ កណ្តឹងអាសន្ននេះក៏កំពុងរោទ៍សម្រាប់កម្ពុជាផងដែរ។ ប្រទេសនេះសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាមួយដ៏អស្ចារ្យក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែទន្ទឹមគ្នានេះ សម្ពាធមកលើធនធានធម្មជាតិ និងផលប៉ះពាល់មកលើបរិស្ថាន ក៏មានកាន់តែច្រើនផងដែរ។
ឧទាហរណ៍គម្របព្រៃឈើសរុបថយចុះពី ៥៧% មក ៤៧% ចន្លោះពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៨ ដែលមិនត្រឹមតែនាំឱ្យមានការបាត់បង់ជីវចម្រុះប៉ុណ្ណោះទេ ថែមទាំងនាំឱ្យមានការបាត់បង់មុខរបរចិញ្ចឹមជីវិតរបស់ប្រជាជននៅតាមជនបទផងដែរ។ ការថយចុះបែបនេះក៏បណ្តាលឱ្យចំនួនអាងស្តុកកាបូនមានការថយចុះ ដែលនាំឱ្យមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើន និងរួមចំណែកធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ។ បើទោះបីជាកម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នតិចតួចក៏ដោយ ក៏ព្រះរាជាណាចក្រមួយនេះ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះជាងគេដោយសារការគំរាមកំហែងបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ ដូច្នេះការដាក់ចេញនូវសកម្មភាពអាកាសធាតុ និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ គឺជាវិធានការដ៏ចាំបាច់បំផុត។ ជាការពិតប្រជាជន ១ ភាគធំ ពឹងអាស្រ័យលើរបរកសិកម្ម និងរស់នៅក្នុងតំបន់ដែលងាយរងគ្រោះនឹងហានិភ័យទឹកជំនន់។
លើសពីនេះ កំណើនប្រជាជន ការអភិវឌ្ឍទីប្រជុំជន និងបំផ្លាស់ប្តូរនិន្នាការនៃការប្រើប្រាស់ ក៏នាំឱ្យបរិមាណសំណល់កាន់តែមានការកើនឡើងយ៉ាងច្រើន ដែលក្លាយជាបញ្ហាប្រឈមដ៏ធំសម្បើម ជាពិសេសការកើនឡើងនូវសំណល់នៅតាមទីក្រុងធំៗ។ ភាពខ្វះខាតនៃការគ្រប់គ្រងសំណល់ឱ្យបានសមស្របនាំឱ្យមានការបំពុលខ្យល់ និងការកកស្ទះប្រព័ន្ធលូ និងផ្លូវទឹកដែលនាំឱ្យមានការកើនឡើងនូវហានិភ័យជំនន់ទឹកភ្លៀង និងការបំពុលតំបន់ឆ្នេរ ផ្លូវទឹក និងទឹកក្រោមដី។
ទោះបីជាបញ្ហាប្រឈមមានស្ថានភាពមិនសមប្រកបក៏ដោយ យើងក៏ត្រូវពិនិត្យទៅលើសញ្ញា និងនិន្នាការវិជ្ជមាននានាជាមុនសិន ហើយប្រសិនបើយើងរក្សាឱ្យមាននិរន្តរភាព និងពង្រឹងបន្ថែមនូវដំណោះស្រាយជាបន្តបន្ទាប់ នោះនឹងផ្តល់ឱ្យប្រទេសកម្ពុជានូវឱកាសសម្រាប់ធ្វើការផ្លាស់ប្តូរស្ថានភាពឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិទាំងមូល។
ចំណុចទី១ គឺមានការទទួលស្គាល់កាន់តែច្រើនឡើងថា បញ្ហាប្រឈមផ្នែកបរិស្ថានមានទំនាក់ទំនងទៅវិញទៅមកជាមួយនឹងទិដ្ឋភាពសេដ្ឋកិច្ច និងសង្គមដទៃទៀត។ ដូច្នេះគេចាំបាច់ត្រូវឆ្លើយតបចំពោះបញ្ហាប្រឈមទាំងនោះក្នុងលក្ខណៈជាប្រព័ន្ធ។ វាជារឿងវិជ្ជមានដែលត្រូវកត់សម្គាល់ថា ធម្មជាតិ និងការប្រែប្រួលអាកាសធាតុរឹតតែត្រូវបានបញ្ជ្រាបទៅក្នុងគោលនយោបាយ និងផែនការតាមវិស័យនានាជាបណ្តើរៗ។
ជាឧទាហរណ៍ ក្នុងវិស័យថាមពលការប្រកាសមួយចំនួននាពេលថ្មីៗនេះ គឺជាសញ្ញាវិជ្ជមាន ដែលក្នុងនោះរួមមានការប្រកាសមិនអនុញ្ញាតឱ្យមានការសាងសង់បន្ថែមទៀតនូវរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនៅកម្ពុជាលើកលែងតែគម្រោងណាដែលបានទទួលការអនុម័តត្រឹមឆ្នាំ ២០១៩ ការប្រកាសពីការចាំបាច់ឱ្យមានការវិនិយោគបន្ថែមទៀតលើថាមពលកកើតឡើងវិញ និងការប្រកាសថា នឹងលែងមានការសាងសង់ទំនប់វារីអគ្គិសនីធំៗបន្ថែមទៀតនៅតាមដងទន្លេមេគង្គ។
លើសពីនេះទៅទៀត គេក៏សង្កេតឃើញមានការប្តេជ្ញាចិត្តស្រដៀងគ្នានេះនៅក្នុងវិស័យផ្សេងទៀតផងដែរ។ ក្នុងន័យនេះ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (ហៅថា UNDP) សហភាពអឺរ៉ុប និងរដ្ឋាភិបាលស៊ុយអែត បាននិងកំពុងធ្វើការងារតាមរយៈសម្ព័ន្ធប្រែប្រួលអាកាសធាតុកម្ពុជា ដើម្បីជួយកម្ពុជារៀបចំផែនការពហុវិស័យ ដោយមានការដាក់ចេញនូវការប្តេជ្ញាចិត្តជាក់លាក់ និងប្រកបដោយមហិច្ឆតា ដើម្បីរួមចំណែកក្នុងការសម្រេចរបៀបវារៈអាកាសធាតុសកល។
អ្វីដែលជាគន្លឹះដ៏សំខាន់នាពេលនេះ គឺត្រូវពន្លឿនការអនុវត្តផែន-ការទាំងនេះ។ ខណៈពេលដែលគេរំពឹងថា រដ្ឋាភិបាលត្រូវដឹកនាំដំណើរការនេះ ភាពជោគជ័យនៃដំណើរការនេះ ក៏ពឹងអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជនផងដែរ។
ចំណុចទី២ នោះគឺការកើនឡើងនៃការទទួលស្គាល់ថា សកម្មភាពពាក់ព័ន្ធនឹងធម្មជាតិ និងអាកាសធាតុក៏ផ្តល់នូវឱកាសសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ ដោយលើកយកសក្តានុពលនៃការបង្កើតការងារបៃតងជាឧទាហរណ៍ ការអនុវត្តយុទ្ធសាស្ត្រជាតិរយៈពេលវែងស្តីពីអព្យាក្រឹតកាបូន នឹងបង្កើតការងារចំនួន ៤៤៩ ០០០ កន្លែងត្រឹមឆ្នាំ ២០៥០។
ផ្ទុយទៅវិញ មានការប៉ាន់ប្រមាណថា ការប្រែប្រួលអាកាសធាតុនឹងកាត់បន្ថយកំណើនផលិតផលក្នុងស្រុកសរុប (ឬ GDP) មធ្យមប្រចាំឆ្នាំរបស់ប្រទេសនេះស្មើនឹង ១០% ត្រឹមឆ្នាំ ២០៥០ ប្រសិនបើពុំមានការអនុវត្តវិធានការបន្ស៊ាំបន្ថែមទៀតទេនោះ។
ខណៈដែលកម្ពុជាបន្តដំណើរលើមាគ៌ាឆ្ពោះទៅរកការក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ វិស័យឯកជនកាន់តែមានតួនាទីយ៉ាងសំខាន់ក្នុងការវិនិយោគលើដំណោះស្រាយ ដើម្បីធម្មជាតិ និងវិធានការអាកាសធាតុ។ ក្នុងន័យនេះ UNDP កំពុងគាំទ្រដល់កម្ពុជាក្នុងការធ្វើពិពិធកម្មជម្រើសហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីគាំទ្រដល់របៀបវារៈអភិវឌ្ឍន៍ ដូចជាតាមរយៈហិរញ្ញប្បទានបៃតងដែលមានលក្ខណៈនវានុវត្តន៍ជាដើម។
ជាឧទាហរណ៍នៅក្នុងបរិបទនៃគំនិតផ្តួចផ្តើមហិរញ្ញប្បទានជីវចម្រុះ (ឬ BIO-FIN) និងក្នុងភាពជាដៃគូជាមួយធនាគារពិភពលោក UNDP កំពុងគាំទ្រដល់ការរៀបចំ និងការដាក់ឱ្យអនុវត្តនូវជម្រើសហិរញ្ញប្បទានប្រកបដោយនិរន្តរភាពជាច្រើន (ដូចជាទីផ្សារកាបូន និងទេសចរណ៍ធម្មជាតិ) ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការអភិរក្ស និងការគ្រប់គ្រងជីវចម្រុះក្នុងតំបន់ការពារធម្មជាតិ។
លើសពីនេះ UNDP ក៏បាននិងកំពុងសហការក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រដល់ការបង្កើតយន្តការគោលនយោបាយ ដើម្បីឱ្យវិស័យឯកជនធ្វើការកាត់បន្ថយបរិមាណប្លាស្ទិកផងដែរ។
ចំណុចទី៣ ប្រជាជនកាន់តែមានការយល់ដឹងអំពីភាពចាំបាច់ក្នុងការគិតសាជាថ្មីពីរបៀបដែលយើងរស់នៅ និងប្រើប្រាស់ ក៏ដូចជាតួនាទីដែលយើងម្នាក់ៗអាចធ្វើបាន ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន។ អ្វីដែលជាគន្លឹះសំខាន់នោះគឺ ការបង្កើនកិច្ចខិតខំប្រឹងប្រែងអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ភាពអង់អាច ដើម្បីឱ្យប្រជាជនអាចធ្វើសកម្មភាព និងមានជម្រើសវៃឆ្លាត។ នេះគឺជាអ្វីដែលពាក់ព័ន្ធជាពិសេសចំពោះយុវជន ដែលកាន់តែយកចិត្តទុកដាក់ចំពោះបញ្ហានិរន្តរភាពដោយសារតែកម្រិតអប់រំ និងការយល់ដឹងកាន់តែខ្ពស់របស់ពួកគេ (ដូចជាតាមរយៈបណ្តាញសង្គម)។ ការយល់ដឹងថ្មីបែបនេះ ក៏ជំរុញឱ្យមាននវានុវត្តន៍ និងនាំឱ្យមានផលជាវិជ្ជមានមកលើនិរន្តរភាពផងដែរ តាមរយៈការផ្លាស់ប្តូររបៀបដែលយើងផលិត និងប្រើប្រាស់ និងទំនាក់ទំនងកាន់តែទូលំទូលាយជាមួយនឹងធម្មជាតិ និងធនធានរបស់វា។
ក្នុងន័យនេះ UNDP តាមរយៈកម្មវិធី Accelerator Lab ក៏កំពុងរិះរក និងទាញប្រយោជន៍ពីសក្តានុពលដែលកើតចេញពីនវានុវត្តន៍នេះ តាមរយៈការឈ្វេងយល់ពីបញ្ហាប្រឈម និងឱកាសថ្មីៗព្រមទាំងពិនិត្យមើលវិធីសាស្ត្រដែលប្រជាជនកំពុងអនុវត្ត ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមទាំងនោះក៏ដូចជាការធ្វើតេស្តសាកល្បង និងពង្រីកវិសាលភាពដំណោះស្រាយដែលដែលពិចារណាពីទិដ្ឋភាពយេនឌ័រ និងទិដ្ឋភាពអន្តរជំនាន់ដូចគ្នានឹងកិច្ចខិតខំប្រឹងប្រែងនៅកម្រិតសកលនានា ដូចជាគំនិតផ្តួចផ្តើមមិនយឺតពេលពេកទេ និងវេទិកាលើកកម្ពស់ភាពអង់អាចរបស់យុវជនក្នុងការអនុវត្តសកម្មភាពអាកាសធាតុជាដើម។
ចំណុចចុងក្រោយ នៅក្នុងទិវាបរិស្ថានពិភពលោកឆ្នាំនេះ យើងត្រូវរំឭកប្រាប់ខ្លួនយើងថា យើងមានភពផែនដីតែ ១ គត់ ហើយធម្មជាតិត្រូវតែជាស្នូលនៃការអភិវឌ្ឍ និងត្រូវតែជាកម្លាំងចលករ ដើម្បីជួយសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំងអស់។ ការរស់នៅដោយមានភាពសុខដុមរមនាជាមួយនឹងធម្មជាតិ គឺជាជម្រើសតែ ១ គត់ ដែលយើងមាន! UNDP ប្តេជ្ញាពង្រីកវិសាលភាពនៃកិច្ចខិតខំប្រឹងប្រែង និងភាពជាដៃគូនានា ដើម្បីលើកកម្ពស់ដំណោះស្រាយដោយផ្អែកលើធម្មជាតិ និងវិធានការអាកាសធាតុនានា ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប៕
អត្ថបទដោយ៖ លោកស្រី AlissarChaker, អ្នកតំណាង UNDP ប្រចាំកម្ពុជា
លោក Paolo Dalla Stella, អ្នកឯកទេសផ្នែកគោលនយោបាយបរិស្ថាននៃ UNDP ប្រចាំកម្ពុជា