ភ្នំពេញៈ នៅថ្ងៃទី ៤ កក្កដា ឆ្នាំ ២០២២ នេះ ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ចូលរួមជាមួយប្រជាជនអាមេរិក នៅទូទាំងសកលលោក ដើម្បីអបអរខួបលើកទី ២៤៦ នៃការប្រកាសឯករាជ្យរបស់យើង។
ឯកសារដើមពីសតវត្សរ៍ទី ១៨ នៅតែមានសំឡេងខ្ទរខ្ទាររហូតដល់សព្វថ្ងៃនេះ ដែលជាការរំឭកយើងឱ្យដឹងថា មនុស្សទាំងអស់កើតមកមានសមភាព ហើយមិនអាចត្រូវបានគេបដិសេធក្នុងការទទួលបានសិទ្ធិជាមូលដ្ឋាន ក្នុងការមាន “ជីវិត សេរីភាព និងសិទ្ធិក្នុងការស្វែងរកសុភមង្គល” ទេ។
ក្នុងប្រវត្តិសាស្ត្រទាំងមូលរបស់យើង យើងបានខិតខំបំពេញតាមឧត្តមគតិ ដែលបង្កើតប្រជាជាតិរបស់យើង និងដែលធានាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនូវសេរីភាព និងសិទ្ធិជាមូលដ្ឋាន ដោយមានរដ្ឋាភិបាលដែលមានការទទួលខុសត្រូវចំពោះមុខពលរដ្ឋរបស់ខ្លួន។ គុណតម្លៃទាំងនេះបន្តមានភាពរស់រវើក ហើយរំឭកយើងពីអ្វី ដែលកំណត់ខ្លួនយើងជាប្រជាជាតិមួយ ហើយជំរុញការខិតខំជាបន្ត ដើម្បី “បង្កើតជាប្រជាជាតិមួយដែលមានភាពកាន់តែល្អឡើងៗ”។
ក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំបានដឹងថា ប្រជាជនកម្ពុជាក៏មានសេចក្តីប៉ងប្រាថ្នាជាសកលទាំងនេះដូចយើងដែរ។ ដូចមិត្តជាជនជាតិអាមេរិករបស់គេដែរ ប្រជាជនកម្ពុជាតស៊ូ ដើម្បីសេចក្តីថ្លៃថ្នូរ សមភាព សេរីភាព និងសិទ្ធិក្នុងការជ្រើសរើសរដ្ឋាភិបាលមួយ ដែលមានការទទួលខុសត្រូវចំពោះពលរដ្ឋរបស់ខ្លួន។
ខ្ញុំមើលឃើញការពិតនេះត្រូវបានឆ្លុះបញ្ចាំងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ ខ្ញុំមើលឃើញចំណុចនេះក្នុងក្តីសង្ឃឹម និងសេចក្តីប៉ងប្រាថ្នាចង់បានលទ្ធិប្រជាធិបតេយ្យពហុបក្ស ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ខ្ញុំបានឮវា ក្នុងសំឡេងរបស់អ្នកដែលឡើងនិយាយគាំទ្រសិទ្ធិការងារ និងសិទ្ធិបរិស្ថាន សេរីភាពសារព័ត៌មាន និងការការពារឯករាជភាពរបស់ប្រទេសកម្ពុជា។
ការប្តេជ្ញាចិត្តរបស់យើងចំពោះគុណតម្លៃប្រជាធិបតេយ្យ ដែលត្រូវបានចែងក្នុងសេចក្តីប្រកាសឯករាជ្យ និងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ថែមទាំងដឹកនាំគោលនយោបាយការបរទេសរបស់យើង ដែលមានបំណងធ្វើឱ្យពិភពលោកមានសន្តិសុខ វិបុលភាព និងសន្តិភាពកាន់តែច្រើន។
ការណ៍នេះស្តែងចេញក្នុងការគាំទ្ររបស់យើង ចំពោះប្រទេសអ៊ុយក្រែន នៅពេលដែលប្រទេសនេះ ការពារបូរណភាព និងអធិបតេយ្យភាពជាតិរបស់ខ្លួន។ យើងចូលរួមជាមួយប្រទេសកម្ពុជា និងប្រទេសដទៃជាច្រើនទៀតក្នុងការសហការគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដោយថ្កោលទោសការឈ្លានពានរបស់ប្រទេសរុស្ស៊ី ហើយទាមទារឱ្យបញ្ឈប់សង្គ្រាមដែលគ្មានការបង្កហេតុនេះ។ យើងក៏ធ្វើការផងដែរជាមួយប្រទេសកម្ពុជា ដែលពេលនេះ ជាប្រធានអាស៊ាន ដើម្បីដោះស្រាយរឿងរដ្ឋប្រហារយោធាប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតនៅប្រទេសភូមា ហិង្សា ដែលមានជាបន្តមក ហើយនិងវិបត្តិមនុស្សធម៌។
យើងបានដឹកនាំភារកិច្ចក្នុងការបង្កើត និងចែកចាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ដែលជួយជីវិតមនុស្សនៅទូទាំងសកលលោក។ ចាប់តាំងពីមានមេរោគរាតត្បាតនេះមក សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងចំនួន ៣ លានដូសដល់ប្រជាជនកម្ពុជា ហើយយើងគ្រោងនឹងផ្តល់បន្ថែមទៀតនៅឆ្នាំនេះ ជាការបន្ថែមលើថវិកាចំនួន ១៦ លានដុល្លារ ជាការគាំទ្របន្ថែម ដែលយើងបានរួមចំណែក ក្នុងការដោះស្រាយផលប៉ះពាល់ ដោយសារជំងឺកូវីដ ១៩។
ក្នុងកាលៈទេសៈដ៏លំបាកនេះ សហរដ្ឋអាមេរិកឈរនៅជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ដែលរួមមានទាំងប្រជាជនកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមទាំងអស់ជាមួយនឹងគោលបំណង និងការប្តេជ្ញាចិត្តច្បាស់លាស់៕
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា