ការបំពុលដោយប្លាស្ទិក គឺជាវិបត្តិសុខភាពសាធារណៈ
មីក្រូប្លាស្ទិក ដែលជាកម្ទេចកម្ទីប្លាស្ទិកតូចល្អិតមានទំហំតិចជាង ៥ មិល្លីម៉ែត្រ ស្ថិតនៅគ្រប់ទិសទីរួមទាំងក្នុងសារពាង្គកាយរបស់យើង។ កាលពីឆ្នាំ ២០១៨ វាជាលើកទី ១ ដែលគេបានរកឃើញមីក្រូប្លាស្ទិកនៅក្នុងលាមកមនុស្ស។ ក្នុងខែមីនា ឆ្នាំ ២០២២ គេបានរកឃើញមីក្រូប្លាស្ទិកនៅក្នុងសួត និងឈាមរបស់មនុស្ស។ មីក្រូប្លាស្ទិកចូលទៅក្នុងសារពាង្គកាយរបស់យើងតាមរយៈអាហារដែលយើងបរិភោគ ទឹកដែលយើងផឹក និងសូម្បីតែខ្យល់ដែលយើងដកដង្ហើមចូល។ ដោយសារតែមីក្រូប្លាស្ទិកអាចកើនចំនួនបន្តិចម្តងៗមានមូលហេតុជាច្រើនដែលយើងគួរបារម្ភពីផលវិបាកដែលអាចកើតមានឡើងមកលើសុខភាពរបស់យើង។
ហេតុអ្វីបានជាមីក្រូប្លាស្ទិកមានវត្តមាននៅគ្រប់ទិសទីបែបនេះ?
ចន្លោះពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ២០២០ ផលិតកម្មប្លាស្ទិកមានការកើនឡើងយ៉ាងគំហុកជារៀងរាល់ឆ្នាំពី ១,៥ លានតោន រហូតដល់ ៣៦៧ លានតោន។ ផលិតកម្មសរុបនៅក្នុងសកលលោកមានលើសពី ៨ ពាន់លានតោនកន្លងមក។ នេះរាប់បញ្ចូលប្លាស្ទិកដែលប្រើប្រាស់សម្រាប់វេចខ្ចប់ (៣៦% នៃផលិតកម្មសរុប) សំណង់ (១៦%) និងការផលិតវាយនភណ្ឌ (១៤%)។
ប្លាស្ទិកផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់មានច្រើនប្រភេទ និងមានតម្លៃថោក ប៉ុន្តែបរិមាណដ៏ច្រើនមហិមានៃផលិតកម្មនេះ គឺលើសពីសមត្ថភាពរបស់យើងក្នុងការធ្វើប្រព្រឹត្តិកម្មសំណល់ប្លាស្ទិកប្រកបដោយសុវត្ថិភាពជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដោយសារការចាក់ចោលសំរាមមិនស្របច្បាប់ និងកង្វះប្រព័ន្ធគ្រប់គ្រងសំណល់។
នាពេលបច្ចុប្បន្ននេះ មានប្លាស្ទិកដែលប្រើហើយត្រឹមតែ ៩% ប៉ុណ្ណោះដែលត្រូវបានកែច្នៃ ដើម្បីយកមកប្រើប្រាស់ឡើងវិញដោយសារតែមិនមែនគ្រប់ប្លាស្ទិកទាំងអស់ សុទ្ធតែគេអាចយកមកកែច្នៃបានឡើយ។ ប្លាស្ទិកប្រហែល ២០% ត្រូវបានដុតចោលដែលបណ្តាលឱ្យមានបញ្ហាសុខភាពជាច្រើន អាស្រ័យទៅតាមរបៀប និងកម្រិតសុវត្ថិភាពនៃការដុត រាប់ចាប់ពីការដុតធម្មតារហូតដល់ការប្រើឡដុតសំណល់ប្លាស្ទិក។ ប្លាស្ទិកដែលនៅសល់ចំនួន ៧០% ទៀតត្រូវបានចាក់ចោលក្នុងទីលានចាក់សំរាម ឬត្រូវបានចាក់ចោលនៅតាមចិញ្ចើមផ្លូវក្នុងទន្លេ ក្នុងព្រៃ និងក្នុងសមុទ្រ។
ជាសកល ៨១% នៃសំណល់ប្លាស្ទិកហូរចូលក្នុងមហាសមុទ្រមានប្រភពពីទ្វីបអាស៊ី។ ជាឧទាហរណ៍ប្រទេសនៅតំបន់អាស៊ី-អាគ្នេយ៍រួមចំណែកចម្បងក្នុងការបង្ហូរសំណល់ប្លាស្ទិកពីដីគោកចូលទៅក្នុងមហាសមុទ្រពិភពលោកដោយប្រទេសចំនួន ៦ ក្នុងចំណោមសមាជិកអាស៊ានទាំង ១០ប្រទេសបានផលិតសំណល់ប្លាស្ទិកជារួមចំនួន ៣១ លានតោនក្នុង ១ ឆ្នាំ។
នៅពេលដែលប្លាស្ទិកបំពុលបរិស្ថានហើយនោះវាពិតជាពិបាកក្នុងការសម្អាតណាស់។ ប្លាស្ទិកធន់នឹងបរិយាកាសបានយូរ និងអាចជ្រាបចូលក្នុងបរិស្ថានជុំវិញបានយ៉ាងងាយ។ ប្លាស្ទិកអាចមានវត្តមានក្នុងបរិស្ថានរហូតដល់ ៥០០ឆ្នាំបន្ទាប់មកបំបែកខ្លួនបន្តិចម្តងៗទៅជាមីក្រូប្លាស្ទិកដែលអាចរសាត់ដោយសេរីទៅក្នុងទឹក និងខ្យល់។ បន្ទាប់មក ប្លាស្ទិកក៏មានវត្តមានក្នុងខ្សែចង្វាក់អាហាររបស់មនុស្ស ព្រោះវាត្រូវបានស៊ី ឬលេបចូលទៅក្នុងពោះដោយសត្វត្រី អណ្តើក ឬសត្វបក្សី និងពេលខ្លះ សត្វទាំងនោះត្រូវបានរុំជុំវិញខ្លួនដោយប្លាស្ទិក ហើយក៏ត្រូវស្លាប់។
ដូច្នេះ តើយើងត្រូវធ្វើអ្វីខ្លះ?
វិបត្តិប្លាស្ទិកបែបនេះ តម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា រិះរកអ្វីដែលត្រូវធ្វើផ្សេងពីមុន ដើម្បីបង្កើតនូវសេដ្ឋកិច្ចវិលជុំ ដែលបរិមាណសំណល់ស្មើសូន្យ។ ដោយហេតុថា ការផលិតមានច្រើនលើសពីសមត្ថភាពក្នុងការធ្វើប្រព្រឹត្តិកម្មជាកាចាំបាច់ដែលគេត្រូវអនុវត្តវិធានការ ដើម្បីកាត់បន្ថយឱ្យបានច្រើនបំផុតនូវការផលិត និងការប្រើប្រាស់ប្លាស្ទិក។ វិធានការទាំងនេះ គួររៀបចំឱ្យចំគោលដៅ ជាពិសេសលើប្លាស្ទិកដែលគេអាចប្រើប្រាស់បានតែ ១ ដង ដូចជាថង់ បំពង់បឺត និងប្លាស្ទិកប្រើប្រាស់សម្រាប់វេចខ្ចប់ជាដើម ដែលត្រូវបានគេបោះចោលភ្លាមក្រោយពេលគេប្រើប្រាស់រួច។
ភាពឆោតល្ងង់នៃការពឹងអាស្រ័យលើប្លាស្ទិកដែលប្រើបានតែ ១ ដងបែបនេះ ស្តែងចេញឱ្យឃើញយ៉ាងច្បាស់ ព្រោះថា រយៈពេលប្រើប្រាស់ប្លាស្ទិកទាំងនេះត្រឹមតែប៉ុន្មាននាទី ប៉ុន្តែផលវិបាកអវិជ្ជមានរបស់វាវិញ គឺមានរហូតដល់រាប់សិបទសវត្សរ៍ ឬសតវត្សរ៍ឯណោះ។
វិធានការ បទប្បញ្ញត្តិក៏ដូចជាការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងឆន្ទៈមិនគាំទ្រនានាត្រូវបានអនុវត្តដើម្បីកាត់បន្ថយការផលិតប្លាស្ទិកដែលប្រើបានតែ ១ ដងនិងពន្លឿនដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដូចជាការប្តូរពីការប្រើប្រាស់ប្លាស្ទិកប្រើបានតែ ១ ដងទៅកាន់ការប្រើប្រាស់ប្លាស្ទិកដែលប្រើបានច្រើនដង និងជម្រើសផ្សេងៗដែលប្រកបដោយនិរន្តរភាពព្រមទាំងការរចនាផលិតផលដែលអាចកែច្នៃឡើងវិញបានយ៉ាងងាយស្រួល។ នៅពេលបច្ចុប្បន្ននេះ មានប្រទេសជាង ១២៧ ដែលបានដាក់ឱ្យអនុវត្តវិធានការគតិយុត្ត ដូចជា ការដាក់បម្រាម និងការយកពន្ធ និងថ្លៃសេវា ដើម្បីទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិកដែលអាចប្រើបានតែ ១ ដង។
រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងថៃបានអនុម័តយុទ្ធសាស្ត្រសេដ្ឋកិច្ចវិលជុំ ដើម្បីផ្តល់អាទិភាពដល់គោលនយោបាយ និងការវិនិយោគទាក់ទងនឹងប្លាស្ទិក។
ជាការពិតណាស់អភិបាលកិច្ចល្អគឺជាផ្នែកមួយនៃដំណោះស្រាយ ប៉ុន្តែកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីអាជីវកម្ម និងអ្នកប្រើប្រាស់ត្រូវតែចូលរួមអនុវត្តទន្ទឹមគ្នាផងដែរ។ នៅក្នុងសកលលោកទាំងមូលក៏មានយុទ្ធនាការអប់រំផ្សព្វផ្សាយ ដើម្បីឱ្យមានការផ្លាស់ប្តូរឥរិយាបថ ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការជំរុញឱ្យមានការកែច្នៃជាច្រើនប្រភេទផងដែរ។
ការស្ទាបស្ទង់ការយល់ឃើញជុំវិញសំណល់ប្លាស្ទិក (Plastic Waste Perceptions Survey) ពីអ្នកប្រើប្រាស់ចំនួន ២ ០០០ នាក់ និងស្ថាប័ន ឬក្រុមហ៊ុនក្នុងអាជីវកម្មអាហារ និងភេសជ្ជៈចំនួន ៤០០ នៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ីហ្វីលីពីន ថៃ និងវៀតណាមដែលធ្វើឡើងដោយកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) និងឧស្សាហកម្មម្ហូបអាហារអាស៊ី (FIA) ក្នុងឆ្នាំ ២០២០ បានរកឃើញថា ៩១% នៃអ្នកប្រើប្រាស់ «មានការព្រួយបារម្ភយ៉ាងខ្លាំង» អំពីសំណល់ប្លាស្ទិក។ ប៉ុន្តែជាងពាក់កណ្តាលនៃអ្នកប្រើប្រាស់ដែលបានស្ទង់មតិនេះ នៅតែបន្តប្រើប្រាស់វត្ថុប្លាស្ទិកដែលមិនកែច្នៃឡើងវិញ ដោយសារតែបទដ្ឋានវប្បធម៌ និងកង្វះការយល់ដឹងអំពីវត្ថុដែលអាចប្រើឡើងវិញបាន ឬជម្រើសផ្សេងទៀតពីប្លាស្ទិក។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធនាការបែបនេះមិនអាចដោះស្រាយបញ្ហាទាំងស្រុងបានឡើយ។
នេះជាបន្ទុកដ៏ធ្ងន់ និងជាការទទួលខុសត្រូវពីក្រុមហ៊ុនផលិតប្រេង និងក្រុមហ៊ុនផលិតប្លាស្ទិក។ បើតាមមូលនិធិ Minderoo (២០២១) មានក្រុមហ៊ុនតែ ២០ ប៉ុណ្ណោះដូចជា ExxonMobil, Dow និង Sinopec កំពុងផលិតឥន្ធនៈផូស៊ីល ដែលត្រូវបានប្រើប្រាស់សម្រាប់ផលិតប្លាស្ទិកដែលប្រើបានតែ ១ ដង ចំនួន ៥៥% នៃបរិមាណប្លាស្ទិកដែលប្រើបានតែ ១ ដង សរុបនៅក្នុងសកលលោក។ ការធ្វើសវនកម្មដែលដឹកនាំដោយប្រជាពលរដ្ឋនៅក្នុងប្រទេសចំនួន ៤៥ ក្នុងឆ្នាំ ២០២១ លើម៉ាកយីហោប្លាស្ទិកបានរកឃើញថា ក្រុមហ៊ុនយីហោធំៗនៅក្នុងពិភពលោកដូចជា Coca-Cola, PepsiCo, Nestle និង Unilever គឺជាក្រុមហ៊ុនស្ថិតនៅលើគេ បើគិតពីបរិមាណសំណល់ប្លាស្ទិកដែលរកឃើញក្នុងយុទ្ធនាការសម្អាតប្លាស្ទិក។
យុទ្ធសាស្ត្រមួយ ដើម្បីសម្រេចគោលដៅនេះ គឺការដាក់ឱ្យអនុវត្តនូវឧបករណ៍គោលនយោបាយឱ្យអ្នកផលិតទទួលខុសត្រូវ (EPR) ពោល គឺឱ្យក្រុមហ៊ុនទាំងនោះទទួលខុសត្រូវលើការប្រមូល ការកែច្នៃ និងការធ្វើប្រព្រឹត្តិកម្មផលិតផលក្រោយការប្រើប្រាស់។ ប្រទេសជាង ៦០ បានដាក់ឱ្យអនុវត្តនូវគោលនយោបាយបែបនេះរួចទៅហើយ។ ការពិភាក្សាគោលនយោបាយស្តីពីតម្លៃ សក្តានុពល និងលទ្ធភាពនៃបទប្បញ្ញត្តិដែលផ្អែកលើ EPR កំពុងដំណើរការនៅក្នុងប្រទេសមួយចំនួននៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍។
ក្រៅពីប្រទេសចិនថៃ និងឥណ្ឌា ប្រទេសវៀតណាមម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងកម្ពុជាក៏កំពុងពិចារណាលើការដាក់ឱ្យប្រើប្រាស់ EPR ផងដែរ។ ការផ្លាស់ប្តូរឆ្ពោះទៅកាន់សេដ្ឋកិច្ចវិលជុំ និងការលើកកម្ពស់ការច្នៃប្រឌិតអាចត្រូវបានពន្លឿនតាមរយៈការវិនិយោគលើផលប៉ះពាល់ និងការផ្តល់ហិរញ្ញប្បទានបែបច្នៃប្រឌិត។ ដូច្នេះក្រុមហ៊ុនសាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុគឺជាភ្នាក់ងារដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរនេះ។
ឥឡូវនេះដល់ពេលវេលាដើម្បីចាត់វិធានការទាំងនៅក្នុងស្រុក និងកម្រិតសកលសម្រាប់ការផ្លាស់ប្តូរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្លាស្ទិក និងធានាឱ្យបាននូវភពផែនដីដែលមានសុវត្ថិភាព និងនិរន្តរភាពដើម្បីសុខភាពការរស់រានមានជីវិត និងវិបុលភាពរបស់យើង៕
លោកស្រី Alissar Chaker អ្នកតំណាង យូអិនឌីភី ប្រចាំកម្ពុជា និងលោកស្រី Moeko Saito Jensen អ្នកឯកទេសផ្នែកគោលនយោបាយបរិស្ថាននៃយូអិនឌីភី ប្រចាំកម្ពុជា