
លោក Martin Griffiths អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះក្នុងស្ថានភាពអាសន្ននៃអង្គការសហប្រជាជាតិ។ រូបថត UN
នៅពេលដែលនាវាដឹកទំនិញឈ្មោះ Razoni ធ្វើដំណើរចាកចេញពីកំពង់ផែសមុទ្រខ្មៅអូដេសារបស់ប្រទេសអ៊ុយក្រែនកាលពីដើមខែនេះជាមួយនឹងពោតជាង ២៦ 000 តោនសម្រាប់ទីផ្សារ សកលលោក នាវានេះបានក្លាយជាប្រធានបទដែលទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំង។
ការធ្វើដំណើររបស់នាវានេះ គឺជាលទ្ធផលនៃការចរចារាប់ខែរវាងប្រទេសរុស្ស៊ី តួកគី អ៊ុយក្រែន និងអង្គការសហប្រជាជាតិដែលមានការចូលរួមពីបុគ្គលិកមនុស្សធម៌ អ្នកជំនាញខាងភ័ស្តុភារកម្ម និងអ្នកជំនាញផ្នែកច្បាប់របស់អង្គការសហប្រជាជាតិ។ ជាលើកទី ១ ចាប់តាំងពីពេលដែលសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្តើមកាលពី ៥ ខែមុនដែលការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមផ្លូវសមុទ្រអាចដំណើរការឡើងវិញ ដោយបានផ្តល់នូវក្តីសង្ឃឹមដ៏ចាំបាច់បំផុតដល់មនុស្សរាប់លាននាក់ ដែលកំពុងរងផលប៉ះពាល់ ដោយសារការឡើងថ្លៃស្បៀង និងការថយចុះបរិមាណផ្គត់ផ្គង់ដែលជាកត្តារុញច្រានមនុស្សជាច្រើននាក់ឱ្យធ្លាក់ចូលក្នុងគ្រោះអត់ឃ្លាន និងថែមទាំងក្នុងគ្រោះទុរភិក្សទៀតផង។
ក្តីសង្ឃឹម គឺជាអ្វីដែលកម្រមាននាពេលបច្ចុប្បន្ននេះ។
ជម្លោះ គ្រោះអត់ឃ្លាន វិបត្តិអាកាសធាតុ គ្រោះរាំងស្ងួត ភាពក្រីក្រ ការរាតត្បាតជាសកលនៃជំងឺឆ្លងក្នុងការងារផ្តល់ជំនួយជាង ៤០ ឆ្នាំ កន្លងទៅនេះ ខ្ញុំមិនចាំបានពីពេលដែលពិភពលោកធ្លាប់ជួបប្រទះផ្ទួនៗនូវបញ្ហាដ៏ច្រើន និងមានតម្រូវការបន្ទាន់ក្នុងការដោះស្រាយដូចពេលបច្ចុប្បន្ននេះឡើយ។ សព្វថ្ងែមានមនុស្ស ៣០៣ លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ហើយនេះជាតួលេខដែលមិនធ្លាប់មានពីមុនមក។
ប៉ុន្តែបើទោះជាស្ថានភាពអាក្រក់បែបនេះក៏ដោយ យើងនៅតែមានក្តីសង្ឃឹម។ ហេតុអ្វី? ព្រោះថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានមើលឃើញថា ខណៈពេលដែលជម្លោះ និងវិបត្តិដទៃទៀតបង្កឱ្យមានស្ថានភាពដ៏សែនអាក្រក់បំផុត ស្ថានភាពទាំងនេះក៏ជំរុញឱ្យមានអ្វីដែលល្អបំផុត សម្រាប់មនុស្សជាតិផងដែរ។
ទោះជាក្តីអស់សង្ឃឹម និងការបែកបាក់មានជម្រៅដ៏សែនជ្រៅក៏ដោយ ក៏គេនៅតែមើលឃើញពន្លឺនៃក្តីសង្ឃឹមចាប់ពីដំណោះស្រាយថ្មីៗចំពោះបញ្ហាដែលហាក់បីដូចជាពិបាកដោះស្រាយរហូតដល់ទង្វើសប្បុរសធម៌ និងសន្តានចិត្តដែលនាំមកនូវភាពធូរស្បើយចំពោះការឈឺចាប់។
ការផ្តល់នូវក្តីសង្ឃឹម និងការក្រោកឈរដោយស្មារតី សាមគ្គីភាព គឺជា បេះដូងនៃសកម្មភាពមនុស្សធម៌។ នៅថ្ងៃនេះ ក្នុងទិវាមនុស្សធម៌ពិភពលោក យើងចង់អបអរសាទរ ស្មារតីនេះ ព្រោះថានៅក្នុងស្ថានភាពមួយចំនួនដែលងងឹតបំផុត ស្មារតីបែបនេះអាចជាអ្វីដែលមនុស្សនៅតែមាន។
មានឃ្លាមួយដែលលើកឡើងថា «គេត្រូវការមនុស្សមួយភូមិដើម្បីចិញ្ចឹមបីបាច់កុមារម្នាក់។» ដូចគ្នានេះដែរ គេត្រូវការកម្លាំងមួយភូមិដែរដើម្បីជួយដល់សហគមន៍មួយដែលកំពុងជួបនឹងវិបត្តិ។ ភូមិនេះមានសមាសភាពជាសហគមន៍ ដែលរងផលប៉ះពាល់ ដែលតែងជាអ្នកឆ្លើយតបដំបូងគេនៅពេលដែលវិបត្តិកើតមានឡើង ដោយមានការជួយពីប្រព័ន្ធគាំទ្រផ្តល់សេវាសង្គ្រោះនាពេលអាសន្ននៅក្នុងប្រទេស សហគ្រាសក្នុងមូលដ្ឋាន សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល (NGOs) ទីភ្នាក់ងារសហប្រជាជាតិ និង គ្រួសារកាកបាទក្រហម អឌ្ឍចន្ទក្រហម។ ពួកគេជាច្រើននាក់ គឺជាបុគ្គលិកផ្តល់ជំនួយអន្តរជាតិ ប៉ុន្តែសកម្មភាពមនុស្សធម៌ភាគច្រើនលើសលប់មានប្រភពចេញពីប្រទេសដែលរងផលប៉ះពាល់ ដោយសារវិបត្តិខ្លួនឯង។
រៀងរាល់ម៉ោង រៀងរាល់ថ្ងៃ «ភូមិ» មនុស្សធម៌នេះបានខិតខំរៀបចំផ្តល់ជំនួយសង្គ្រោះ ចែកសាច់ប្រាក់ បង្កើត គ្លីនិកសុខភាព និងសាលារៀនចល័ត សាងសង់អណ្តូងស្នប់ ចែកអាហារូបត្ថម្ភ ដោយទម្លាក់ពីអាកាស ផ្តល់សេវា ប្រឹក្សា និងការគាំទ្រដទៃទៀត ដើម្បីឱ្យមនុស្សរាប់លាននាក់នៅតែរក្សាលំនឹង ដើម្បីបន្តការរស់រានរបស់ពួកគេ។
ភូមិនេះមានបុគ្គលិកផ្តល់ជំនួយដូចជា Zuhra Wardak ដែលជាបុគ្គលឆ្នើមក្នុងការដោះស្រាយបញ្ហាអប់រំ និងយេនឌ័ររបស់ក្មេងស្រី និងជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងៗ ដែលវិលត្រឡប់ទៅធ្វើការក្នុងប្រទេសអាហ្វហ្គានីស្ថានវិញ បន្ទាប់ពីក្រុមតាលីបង់ចូលកាន់កាប់អំណាច។
Andrii អ្នកបើកបរឱ្យអង្គការក្រៅរដ្ឋាភិបាលរបស់អ៊ុយក្រែនមួយឈ្មោះថា Proliska ដែលប្រថុយប្រថានជីវិតរបស់គាត់ ដើម្បីជម្លៀសមនុស្សចេញពីតំបន់ដែលកំពុងទទួលរងការទម្លាក់គ្រាប់បែក និង Amina Haji Elmi បុគ្គលឆ្នើមខាងសិទ្ធិស្ត្រីនៅប្រទេសសូម៉ាលី ដែលដឹងថា ការជួយស្ត្រី គឺជាបេសកកម្មរបស់គាត់ ក្រោយពេលដែលគាត់ និង គ្រួសារបានបាត់បង់លំនៅ ដោយសារតែជម្លោះដែលកើតមាននៅក្នុងប្រទេសនេះ។
លើសពីនេះ ក្តីសង្ឃឹមក៏នៅមានកម្រិតទូលំទូលាយជាងនេះផងដែរ។
ឧទាហរណ៍ ចំពេលដែលអំពើហិង្សាកើតមានឥតឈប់ឈរក្នុងប្រទេសអ៊ុយក្រែន យើងបានឃើញអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់បានជួយដល់មនុស្សដែលជាប់គាំងក្នុងតំបន់សង្គ្រាម និងទឹកចិត្ត សប្បុរសធម៌របស់សហគមន៍ដែលបានទទួលស្វាគមន៍ជនភៀសខ្លួន អ៊ុយក្រែន ដែលជាការបង្ហាញយ៉ាងជាក់ច្បាស់ពីប្រពៃណីដ៏យូរលង់នៃការជួយដល់អ្នកជិតខាងចាប់ពីប្រទេសបង់ក្លាដែសរហូតដល់កូឡុំប៊ី ពីហ្ស៊កដានីរហូតដល់ប្រទេសអ៊ូហ្គង់ដា។
យើងក៏អាចទទួលបាននូវការលើកទឹកចិត្តពីវឌ្ឍនភាពផ្នែកនយោបាយ ដែលសម្រេចបានក្នុងវិបត្តិបង្ហូរឈាមដ៏សែនឃោរឃៅ ដូចជានៅក្នុងប្រទេស យេម៉ែន ដែលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានអនុវត្តហើយធ្វើឱ្យការភ័យខ្លាចអំពើហិង្សាដែលជាប់ដិតដាមជាប្រចាំកន្លងមកត្រូវរលាយបាត់បន្តិចម្តងៗ។
ចាប់ពីការកែលម្អផ្លូវសម្រាប់ចូលទៅដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតក្នុងតំបន់ Tigray នៃប្រទេសអេត្យូពី ដែលកើតឡើងដោយសារការចរចាជាបន្តបន្ទាប់ ហើយធ្វើឱ្យក្បួនរថយន្តដឹកជំនួយបានទៅដល់អ្នកដែលកំពុងត្រូវការស្បៀងជាចាំបាច់។
ចាប់ពីការអនុម័តលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២ ៦៤២ ដែលអនុញ្ញាតឱ្យមានការដឹកជំនួយឆ្លងដែនទៅកាន់ភាគពាយព្យនៃប្រទេសស៊ីរី ហើយផ្តល់នូវជំនួយសង្គ្រោះជីវិតដល់មនុស្សរាប់លាននាក់ យ៉ាងហោចណាស់បានថែម ២-៣ ខែទៅមុខទៀត។
និងចាប់ពីនាវា Navi Star, Polarnet, Razoni, Rojen និងនាវាដទៃទៀត ដែលដឹកគ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែនទៅប្រទេសដទៃទៀតក្នុងពិភពលោកផ្តល់នូវក្តីសង្ឃឹមដល់មនុស្សប្រមាណ ៣៤៥ លាននាក់ដែលកំពុងរងគ្រោះដោយសារបញ្ហាខ្វះស្បៀង។
ក្នុងទិវាមនុស្សធម៌ពិភពលោកយើងទាំងអស់គ្នាប្រើប្រាស់ពេលវេលានេះ ដើម្បីផ្តល់កិត្តិយសដល់អ្នកដែលធ្វើការងារមិនខ្លាចនឿយហត់ទាំងយប់- ទាំងថ្ងៃ ដើម្បីស្មារតីសាមគ្គីភាព ហើយជារឿយៗពួកគេត្រូវលះបង់ផ្ទាល់ខ្លួនជាច្រើន។ ពួកគេសង្គ្រោះជីវិតដែលជារឿយៗពិភពលោកតែងបំភ្លេចចោល ហើយពួកគេប្រឈមនឹងហានិភ័យយ៉ាងជាក់ស្តែង៖ បុគ្គលិកមនុស្សធម៌ចំនួន ៤៦១ នាក់បានទទួលរងការវាយប្រហារកាលពីឆ្នាំមុននេះ ពេលដែលពួកគេកំពុងឆ្លើយតបចំពោះវិបត្តិមនុស្សធម៌ ដែលក្នុងនោះ ១៤១ នាក់ត្រូវបានសម្លាប់ដែលស្ទើរតែទាំងអស់លើកលែងតែមួយចំនួនតូចជាបុគ្គលិកជាតិ។
សេចក្តីក្លាហាន និងជំនឿរបស់បុគ្គលិកមនុស្សធម៌ទាំងនេះ ដែលជានិច្ចកាលតែងរិះរកវិធី ដើម្បីបានទៅដល់មនុស្សដែលកំពុងត្រូវការជំនួយ សូម្បីតែនៅក្នុងស្ថានភាពដែលអាក្រក់បំផុតជាកត្តាជំរុញចិត្តឱ្យយើងមិនត្រូវអស់សង្ឃឹមនោះឡើយ។
ខណៈពេលដែលយើងអបអរសាទរទិវាមនុស្សធម៌ពិភពលោកនៅឆ្នាំនេះ យើងសូមចងចាំអ្នកដែលបានបាត់បង់ជីវិត ហើយយើងអបអរសាទរបុគ្គលិកមនុស្សធម៌ទាំងអស់ ដែលបានបន្តអនុវត្តបេសកកម្មដ៏ថ្លៃថ្នូរនេះជាមួយយើងទាំងអស់គ្នា។
ចុងក្រោយកិច្ចការទាំងអស់នេះត្រូវការមនុស្ស ១ ភូមិដើម្បីឱ្យសម្រេចបាន៕
Martin Griffiths អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះក្នុងស្ថានភាពអាសន្ននៃអង្គការសហប្រជាជាតិ