នៅប្រទេសអង់គ្លេស ការផ្លាស់ប្តូរប្រមុខរដ្ឋាភិបាល បន្ទាប់ពីមានវិបត្តិនយោបាយផ្ទៃក្នុង ព្រមទាំងការចូលទិវង្គតរបស់ម្ចាស់ក្សត្រិយអង់គ្លេសអេលីហ្សាប៊ែតទី ២ (Elizabeth II) អាចនឹងបណ្ដាលឱ្យមានការផ្លាស់ប្តូររបត់នយោបាយអន្តរជាតិតិចតួច តែមិនជះឥទ្ធិពលដល់ទំនាក់ទំនងការបរទេសកម្ពុជា-អង់គ្លេសឡើយ។ មិនជះឥទ្ធិពល ព្រោះប្រទេសអង់គ្លេសមានបន្ទាត់នយោបាយការបរទេសច្បាស់លាស់ មិនស្ថិតលើបុគ្គលនោះទេ។
លោក សេង សារី អ្នកវិភាគនយោបាយ និងសង្គមយល់ឃើញថា៖ «ភូមិសាស្ត្រនយោបាយពិភពលោកនឹងមានការប្រែប្រួលតិចតួចណាស់ ទោះបីជាមានការផ្លាស់ប្តូរប្រមុខដឹកនាំរដ្ឋក្តី ព្រោះអង់គ្លេសមានប្រព័ន្ធនយោបាយត្រឹមត្រូវ។ ចំណែកមេដឹកនាំប្រទេស គ្រាន់តែជាតំណាងប្រព័ន្ធដឹកនាំរដ្ឋប៉ុណ្ណោះ»។
ចំពោះការចូលទិវង្គតរបស់ម្ចាស់ក្សត្រិយអង់គ្លេសអេលីហ្សាប៊ែតទី ២ លោកថា អាចនឹងមានការប្រែប្រួលនយោបាយផ្ទៃក្នុងចំពោះរដ្ឋជាសមាជិកនៃប្រទេសខំមិនវែល ២ មានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសខំមិនវែល និងបណ្តាប្រទេសនានា ទោះបីប្រទេសនោះ មិនប្រកាន់យករបបប្រជាធិបតេយ្យក៏ដោយ»។
គួរបញ្ជាក់ថា ក្រុមប្រទេសខំមិនវែល (Commonwealth) គឺជាអន្តររដ្ឋាភិបាលដែលមានរដ្ឋជាសមាជិកចំនួន ៥៣ ប្រទេសមកពីទ្វីបទាំង ៥ ដែលមានម្ចាស់ក្សត្រិយ Elizabeth II ជាប្រធាន ដែលប្រទេសទាំងនេះ ភាគច្រើនគឺជាអតីតដែនដីអាណានិគមនិយមរបស់ចក្រភពអង់គ្លេស។
ចំពោះទំនាក់ទំនងរវាងកម្ពុជា និងអង់គ្លេសវិញ លោក សេង សារី សង្កេតឃើញថា ជាទំនាក់ទំនងបែបប្រពៃណី ដែលបន្តរាប់ទសវត្សរ៍មកហើយ។ ហើយកន្លងមក ទោះមានការផ្លាស់ប្តូរតួអង្គកាន់អំណាចណាមួយ ក៏គេមិនឃើញមានការផ្លាស់ប្តូររបៀបវារៈនយោបាយ ឬទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ នេះដែរ។ ហើយទំនាក់ទំនងរបៀបនេះ មានលក្ខណៈដូចគ្នាទៅនឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំងដែរ។ កម្ពុជាធ្លាប់ស្ថិតក្រោមអាណាព្យាបាលរបស់បារាំងអស់រយៈពេលជិតមួយរយឆ្នាំ គឺពីឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៩៥៣។
លោក ឥន សុផល អ្នកស្រាវជ្រាវ និងតាមដានភូមិសាស្ត្រនយោបាយ ព្រមទាំងជាអ្នកជំនាញផ្នែកកិច្ចការកម្ពុជា-អង់គ្លេស យល់ឃើញដូចគ្នាដែរ។ លោកសង្កត់ធ្ងន់ថា ទំនាក់ទំនងការទូតកម្ពុជា និងអង់គ្លេសនឹងគ្មានការប្រែប្រួលឡើយ ព្រោះមេដឹកនាំថ្មីលោកស្រី Liz Truss ជាអតីតរដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលចាស់របស់លោក Boris Johnson និងមកពីគណបក្សតែមួយ។
គួររំឭកថា លោកស្រី Liz Truss បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសនៅថ្ងៃទី ០៦ កញ្ញា។ ២ ថ្ងៃបន្ទាប់ពីនោះ ពោលគឺនៅថ្ងៃទី ០៨ ខែកញ្ញា ម្ចាស់ក្សត្រិយចក្រភពអង់គ្លេស អេលីហ្សាប៊ែតទី ២ បានយាងចូលទិវង្គត ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា បន្ទាប់ពីបានគ្រងរាជ្យសម្បត្តិអស់រយៈពេល ៧០ ឆ្នាំ។
នៅក្នុងបញ្ហាការទូត លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថា នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោកស្រី Liz Truss មានជំហរនយោបាយ និងនិន្នាការមិនសូវខុសពីលោក Boris Johnson នោះទេ។
លោក គិន ភា គូសបញ្ជាក់ថា៖ «មើលទៅស្ថានការណ៍នយោបាយអន្តរជាតិ នឹងមិនមានអ្វីប្រែប្រួលច្រើនទេ ព្រោះអង់គ្លេសនៅប្រើគោលជំហរនយោបាយដើមរបស់លោក Boris Johnson ដដែល។ នោះក៏ដោយហេតុកម្ពុជាជាប្រទេសតូច ដែលប្រទេសមហាអំណាចមិនមាននយោបាយការទូតជាក់លាក់ណាមួយឡើយ គ្រាន់តែផ្លាស់ប្តូរឥរិយាបថធ្វើការរវាងមេដឹកនាំ និងមេដឹកនាំប៉ុណ្ណោះ ចំណែកផែនការនយោបាយអង់គ្លេសនឹងមិនប្រែប្រួលឡើយ»។
ដោយឡែក ចំពោះការយាងចូលទិវង្គតរបស់មហាក្សត្រិយអេលីហ្សាប៊ែតទី ២ វិញ លោក គិន ភា យល់ថា ឥទ្ធិពលរបស់ម្ចាស់ក្សត្រិយអេលីហ្សាប៊ែតទី ២ នឹងនៅបន្តក្នុងទំនាក់ទំនងនយោបាយការបទេសអន្តជាតិ ព្រោះម្ចាស់ក្សត្រិយបានគ្រងរាជ្យអស់ជាច្រើនទសវត្សរ៍មកហើយ។ ឥទ្ធិពលរបស់មហាក្សត្រិយអេលីហ្សាប៊ែតទី ២ បានគ្របដណ្តប់លើពិភពលោករួចទៅហើយ។ ដូច្នេះ បើទោះបីព្រះអង្គម្ចាស់ ឆាលស៍ទី ៣ ដែលពេលនេះក្លាយជាព្រះមហាក្សត្រនៃចក្រភពអង់គ្លេស ដោយស្វ័យប្រវត្តិរួចទៅហើយនោះ ទ្រង់ចង់ផ្លាស់ប្តូរគន្លងរបស់ព្រះមាតាខ្លួននោះ ក៏មិនអាចទៅរួចដែរ។ លោកថា ព្រះមហាក្សត្រថ្មីត្រូវប្រើរយៈពេលយូរ ដើម្បីកសាងឥទ្ធិពល។
សម្រាប់លោក ឥន សុផល អ្នកស្រាវជ្រាវ និងតាមដានភូមិសាស្ត្រនយោបាយ ព្រមទាំងជាអ្នកជំនាញផ្នែកកិច្ចការកម្ពុជា-អង់គ្លេសវិញ ក៏យល់ឃើញស្រដៀងគ្នានេះដែរ។ លោកថា អង្គព្រះមហាក្សត្រអង់គ្លេស មិនខុសពីនៅកម្ពុជានោះឡើយ។ ពោលគឺ សោយរាជ្យតែមិនកាន់អំណាច ដូច្នេះការផ្លាស់ប្តូរប្រមុខរាជានិយមអង់គ្លេស មិនប៉ះពាល់ដល់នយោបាយរដ្ឋាភិបាលអង់គ្លេសឡើយ។
ពីជ្រុងរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលថា៖ «ការផ្លាស់ប្តូររបត់នយោបាយនៅអង់គ្លេស បន្ទាប់ពីមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រនេះនឹងមិនមានការជះឥទ្ធិពលអាក្រក់ណាមួយដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអង់គ្លេសឡើយ ដោយលោកបញ្ជាក់ថា ខាងភាគីរដ្ឋាភិបាលកម្ពុជា និងអង់គ្លេស តែងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរជានិច្ច។ ចំណែកទំនាក់ទំនងសែរាជានិយមវិញ លោកថា អង្គព្រះមហាក្សត្រកម្ពុជា និងអង់គ្លេសតែងបង្ហាញភាពស្និទ្ធស្នាលទៅវិញទៅមក មិនធ្លាប់ចោទជាបញ្ហាឡើយ។
លោក ផៃ ស៊ីផាន បានពន្យល់អំពីកិច្ចសហប្រតិបត្តិការរវាងអង់គ្លេស និងកម្ពុជាកន្លងមក ដោយអង់គ្លេសធ្លាប់ជួយកម្ពុជាលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA, ការបោសសម្អាតមីនក្នុងស្រុក, ប្រព័ន្ធអនុគ្រោះពន្ធ GSP ជាដើម ហើយអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ក៏សង្ឃឹមដែរថា ទំនាក់ទំនងរវាងប្រទេសទាំង ២ នឹងនៅតែល្អប្រសើរ ឬកាន់តែប្រសើរឡើងនាពេលខាងមុខ ដោយការខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិបន្តរវាងកម្ពុជា និងអង់គ្លេស។
បច្ចុប្បន្នចក្រភពអង់គ្លេសក៏បានធ្វើការកែទម្រង់ចំណុចមួយចំនួនក្នុងប្រព័ន្ធអនុគ្រោះពន្ធ GSP ដើម្បីផ្តល់ភាពអនុគ្រោះឱ្យកម្ពុជាកាន់តែច្រើនសម្រាប់ការនាំចេញទំនិញទៅចក្រភពអង់គ្លេស ដែល GSP នេះអាចជាផ្នែកមួយនៃការប៉ះប៉ូវពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% របស់សហគមន៍អឺរ៉ុប ដែលផ្តាច់ចេញពីកម្ពុជាកាលពីពេលកន្លងទៅ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស គិតត្រឹមរយៈពេល ៧ ខែ ក្នុងឆ្នាំ ២០២២ នេះ មានទំហំប្រមាណជាង ៥៨១ លានដុល្លារ។ ចំនួននេះកើនឡើងជិតពាក់កណ្តាល ឬស្មើនឹង ៤៥% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២១៕