
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ។ រូបថត ហ្វេសប៊ុក
ផ្ដួចផ្ដើមបង្កើតឡើងនៅឆ្នាំ ២០០៥ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឬហៅកាត់ដោយខ្លីថា LDP បានបំពេញបែបបទចុះបញ្ជីជាផ្លូវការ ស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ ហើយត្រូវបានក្រសួងមហាផ្ទៃ ទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០០៦។
ចាប់តាំងពីបង្កើតឡើង គណបក្សមួយនេះ គ្មានដាក់ចេញនូវគោលនយោបាយអ្វីច្បាស់លាស់ ដូចគណបក្សដទៃទៀតទេ តែការគាំទ្រទាំងឡាយពីសំណាក់ប្រជាពលរដ្ឋមួយចំនួនចំពោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានតាមរយៈយន្តការ ៨ ចំណុច ដែលលោក ខឹម វាសនា ប្រធានគណបក្ស តែងតែថ្លែងពន្យល់នៅគ្រប់ទីកន្លែង គ្រប់វេទិកា គ្រប់ការពិភាក្សាទាំងអស់ មិនថាវេទិកានោះ ធ្វើឡើងជាសាធារណៈ ឬធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយឡើយ។
ការថ្លែងពន្យល់របស់លោក ខឹម វាសនា ជាទូទៅ ធ្វើឡើងដោយប្រើយុទ្ធសាស្ត្រ «ជេរ» ។ ប្រមុខបក្ស LDP ធ្លាប់ថ្លែងប្រាប់អ្នកសារព័ត៌មានដោយប្រកាន់ជំហររឹងមាំថា លោកជេរគេ មិនខុសទេ ព្រោះលោកជេរមនុស្សដែលគួរជេរ ហើយវាមានដើមហេតុដែលនាំឱ្យក្រុមរបស់លោកជេរផងដែរ។ លើសពីនេះ ប្រធានបក្សជួង បានឱ្យដឹងថា ការជេររបស់លោក ធ្វើឱ្យអ្នកគាំទ្រពេញចិត្ត និងចូលរួមថវិកាទ្រទ្រង់បក្ស ប្រហែលពី ៧ ទៅ ៨ ម៉ឺនដុល្លារជារៀងរាល់ខែទៀតផង។ ច្រើនជាងនេះ អ្នកគាំទ្រ LDP ផ្សេងទៀត បានទិញឡានម៉ាក Mazda ២០១៦ ថ្មី ជូនលោកថែមទៀត។ បើតាមលោក ខឹម វាសនា ទាំងនេះគឺជាកាដូនៃការជេររបស់លោក។
ក្រោយការបោះឆ្នោតឆ្នាំ ២០១៣ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាត់មុខមួយរយៈធំ។ គឺទាល់តែចុងខែមុន ពោលគឺទើបតែនៅចុងខែសីហា ឆ្នាំ ២០២២ ទេ ទើបគេឃើញគណបក្សនេះមានសកម្មភាពឡើងវិញ តាមរយៈព្រឹត្តិការណ៍ ប្រមូលផ្ដុំមនុស្សនៅចម្ការរបស់លោក ខឹម វាសនា នៅជើងភ្នំគូលែន។ ជាព្រឹត្តិការណ៍កើតឡើងដោយសារតែមនុស្សមួយចំនួនជឿលើវោហារស័ព្ទរបស់លោក ខឹម វាសនា ដែលថា ពិភពលោកទាំងមូល នឹងលិចទឹក ហើយមានតែនៅដីចម្ការរបស់លោក តែមួយគត់ ដែលមានសុវត្ថិភាព គេចផុតពីហេតុការណ៍នេះ។ នៅពេលដែលមនុស្សជឿលើសម្ដីរបស់លោក ខឹម វាសនា នៅក្នុងរឿងអបិយជំនឿដោយគ្មានមូលដ្ឋាន និងគ្មានពាក់ព័ន្ធនឹងបញ្ហានយោបាយដូច្នេះ តើគេអាចនិយាយបានទេថា «សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ» កំពុងប្រែក្លាយខ្លួនពី «គណបក្សនយោបាយ» ទៅជា «លទ្ធិ» ទៅហើយ?
មុននឹងឈានទៅឆ្លើយនឹងសំណួរនេះ គេត្រូវយល់អំពី «លទ្ធិ» សិន ដែលក្នុងភាសាអង់គ្លេសហៅថា «Cult» ។ «លទ្ធិ» ជាជំនឿ ១ ប្រភេទ។ ប៉ុន្តែខុសពី «សាសនា» លទ្ធិដែលមានរាប់រយរាប់ពាន់លទ្ធិនៅលើពិភពលោកយើងសព្វថ្ងៃនេះអាចកំណត់អត្តសញ្ញាណបានតាមរយៈចំណុច៣ សំខាន់៖ ទី១ លទ្ធិដឹកនាំដោយមនុស្សម្នាក់ដែលមានបុគ្គលិកលក្ខណសម្បត្តិទាក់ទាញ និងចាត់ទុកខ្លួនឯងជាអង្គទេព ១ រូប ហើយអ្វីដែលចេញពីមាត់របស់បុគ្គលនោះ គឺជាសាររបស់ព្រះនៅក្នុងសាសនាណាមួយ។ ទី២ លទ្ធិមានទំនោរចង់គ្រប់គ្រងចិត្តរបស់មនុស្សឱ្យលង់ជឿទៅលើពាក្យសម្ដីរបស់មេដឹកនាំលទ្ធិ និងទី៣ នៅពេលមនុស្សជឿហើយ លទ្ធិនោះ នឹងស្វែងរកផលចំណេញពីអ្នកទាំងនោះនៅក្នុងផ្នែកណាមួយជាពិសេសផ្នែកសេដ្ឋកិច្ច។
តើគេអាចហៅករណីលោក ខឹម វាសនា ដែលប្រើវោហារស័ព្ទរបស់ខ្លួន ទាក់ទាញអ្នកគាំទ្រឱ្យទៅប្រមូលផ្ដុំគ្នាជាង ១ ម៉ឺននាក់ នៅផ្ទះចម្ការរបស់ខ្លួន ដោយសំអាងលើហេតុផលថា ពិភពលោកនឹងត្រូវទឹកលិចថា ជាលទ្ធិដែរឬទេ? គេនៅមិនទាន់អាចឆ្លើយនឹងសំណួរនេះបាននៅឡើយទេ ដរាបណាគេមិនទាន់រកឃើញភ័ស្តុតាងច្បាស់លាស់ថា តើលោក ខឹម វាសនា បានបង្កើតព្រឹត្តិការណ៍នេះដើម្បីទាញប្រយោជន៍ប្រមូលប្រាក់ពីអ្នកគាំទ្ររបស់ខ្លួន?
ប្រសិនបើអ្វីដែលលោក ខឹម វាសនា កំពុងធ្វើជា «លទ្ធិ» តើវាបង្កគ្រោះថ្នាក់ដែរឬទេសម្រាប់ស្រុកខ្មែរ? កន្លងមកប្រមុខរដ្ឋាភិបាលកម្ពុជាធ្លាប់គូសបញ្ជាក់ហើយថា ការប្រមូលផ្ដុំនេះ កើតឡើងដោយសារតែជំនឿរបស់ពលរដ្ឋតែប៉ុណ្ណោះ។ វាបង្កភាពចលាចល និងប៉ះពាល់ដល់មុខមាត់ប្រទេសជាតិដែរ នៅពេលដែលមានពលករខ្មែរនៅក្រៅប្រទេសជឿលើវោហារស័ព្ទរបស់លោក ខឹម វាសនា ហើយវេចបង្វេចត្រឡប់មកស្រុកតម្រង់ទៅជើងភ្នំគូលែនចោលការងារទាំងមិនទាន់ចប់កុងត្រា។
យ៉ាងណាក៏ដោយ អាជ្ញាធរពាក់ព័ន្ធទាំងឡាយ ត្រូវតែបន្តតាមដានសកម្មភាពរបស់លោក ខឹម វាសនា និងការប្រមូលផ្ដុំនៅចម្ការរបស់លោក និងគួរមានផែនការដោះស្រាយឱ្យរួចជាស្រេច ប្រសិនបើស្រាវជ្រាវរកឃើញថា លោក ខឹម វាសនា បង្កើតព្រឹត្តិការណ៍ ដើម្បីទាញប្រយោជន៍ពីអ្នកគាំទ្ររបស់ខ្លួន។
ពិសេសជាងនេះ គឺត្រូវប្រយ័ត្នឱ្យមែនទែនចំពោះរាល់សកម្មភាពរបស់លោក ខឹម វាសនា ដើម្បីធានាថា លោកនឹងមិនប្រើប្រាស់វោហារស័ព្ទរបស់លោក បង្គាប់បញ្ជាអ្នកគាំទ្រខ្លួនឱ្យប្រព្រឹត្តអំពើគ្រោះថ្នាក់ផ្សេងៗ ដូច «លទ្ធិគ្រោះថ្នាក់» នៅបរទេស ដូចជាករណីនៅអាមេរិក Heaven''s Gate, Angel''s Landing, Charles Manson, Synanon, និងករណី Aum Shinrikyo នៅប្រទេស-ជប៉ុនជាដើមនោះឡើយ៕
វីដេអូ៖