អ្នកវិភាគ​យល់ឃើញ​ថា កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​គួរ​រក្សា​ឱ្យបាន​នូវ​ជំហ​អព្យាក្រឹត្យភាព​ក្នុង​ជម្លោះ​ដែនសមុទ្រ​ចិន​ខាង​ត្បូង​ ដែលជា​ទំនាស់​រ៉ាំរ៉ៃ​រាប់​ទសវត្សរ៍​គ្មាន​ច្រកចេញ និង​បន្ត​ជំរុញ​ឱ្យ​បណ្តា​រដ្ឋ​ក្នុង​តំបន់​អាស៊ាន​ ដែល​មាន​ជម្លោះ​ និង​ប្រទេស​ចិន គួរប្រើ​យន្តការ​ទ្វេភាគី ជា​ជាង​យក​វេទិការ​អាស៊ាន​ជា​តុលាការ​កាត់ក្តី​។

សម្រាប់​លោក​ វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព (CICP) យល់​ថា​មូលហេតុ​ដែល​នាំឱ្យ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្លាយ​ជា​ផ្លូវទឹក​យុទ្ធសាស្ត្រ​ដ៏សំខាន់ និង​ដ៏​ចម្រូង​ចម្រាស​បំផុត​មួយ​នៅក្នុង​សតវត្សរ៍​ទី ​២១ នេះ ព្រោះ​ភាគី​ជម្លោះ​មាន​ចិន និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ ៤ រួមមាន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និង​ហ្វីលីពីន មិន​លែងដៃ និង​មិន​យល់​ពី​យន្តការ​ដំណោះស្រាយ​កន្លង​មក​រហូត​ក្លាយ​ជា​វិបត្តិ​ជម្លោះ​ដែន​អធិបតេយ្យភាព​រ៉ាំរ៉ៃ រក​ច្រក​ចេញ​មិនឃើញ​។

ស្រដៀង​គ្នា​នេះដែរ លោក​ ថុង ម៉េងដាវិត អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI) បញ្ជាក់ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ វា​ពាក់ព័ន្ធ​ច្រើន​ទៅលើ​បញ្ហា​ច្បាប់ បញ្ហា​ប្រវត្តិសាស្ត្រ បញ្ហា​សេដ្ឋកិច្ច​ និង​ប្រយោជន៏​ប្រទេស និង​ចុងក្រោយ​បញ្ហា​ទីតាំង​យុទ្ធសាស្ត្រ​។ ទីតាំង​យុទ្ធសាស្ត្រ ដែល​ជា​ច្រក​ដង្ហើម​សេដ្ឋកិច្ចពិភពលោក​ និង​ដែល​គ្រប់គ្រង​ចរាចរណ៍​ពាណិជ្ជកម្ម​សកល​រហូត​ផលិតផល​ពិភពលោក​ជាង ៥០% ឆ្លងកាត់​ដែនទឹក​មួយ​នេះ ព្រម​ទាំង​ធនធាន​ធម្មជាតិ​រាប់ពាន់​លាន​ដុល្លារ​នៅ​ក្រោម​សមុទ្រ​។ មិនតែ​ប៉ុណ្ណោះ វា​ក៏​ជា​ច្រក​ភ្ជាប់​រវាង​លោកខាងលិច​ និង​លោក​ខាងកើត​ផង​។

វិល​ទៅ​កាលពី​ឆ្នាំ​ ២០០២ គ្រា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ាន​ដំបូង បន្ទាប់ពី​បាន​ក្លាយ​ជា​សមាជិក​អង្គការ​តំបន់​នេះ​បាន ៣ ​ឆ្នាំ កម្ពុជា​បាន​សម្រេច​ធ្វើ​សេចក្តី​ប្រកាស​រួម​ស្តីពី​ការប្រតិបតិ្ត​របស់​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ DOC (Declaration on the Conduct of Parties in the South China Sea) ដែលជា​កិច្ចព្រមព្រៀង​មិនមែន​ផ្លូវច្បាប់ សម្រាប់​យកទៅ​ជជែក​ចរចា ​ដើម្បី​សម្រេច​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ COC (Code of Conduct for the South China Sea)​។

ដោយឡែក ១០ ​ឆ្នាំ​ក្រោយ​មក ក្នុង​ឆ្នាំ​ ២០១២ នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ម្តងទៀត កម្ពុជា​មិនអាច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​ពោលគឺ COC ឡើយ ដោយ​ហេតុ​ភាគី​នីមួយៗ​មិន​ទទួល​យក​ការសម្រប​សម្រួល ហើយ​មានការរិះគន់​ថា កម្ពុជា​ជា​ម្ចាស់ផ្ទះ​លំអៀង​ទៅរក​ចិន​។

ជុំវិញ​បញ្ហា​ចម្រូង​ចម្រាស​ដែល​រារាំង​មិនឱ្យ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មាន​ច្រកចេញ​នោះ លោក ថុង ម៉េងដាវិត អះអាង​ថា ដោយសារ​ផលប្រយោជន៍​ និង​យុទ្ធសាស្ត្រ​នៃ​បណ្តា​ប្រទេស​ពាក់ព័ន្ធ ហើយ​គេ​មិនបាន​គោរព​តាមច្បាប់​អន្តរជាតិ​។ ជារឿយៗ គេ​សង្កេតឃើញ​មាន​ការប៉ះទង្គិច​ទាំង​យោធា​ និង​សង្គ្រាម​ពាក្យ​សម្ដី​រវាង​សមាជិក​អាស៊ាន​ពាក់ព័ន្ធ​នឹង​ចិន​ផង ដែល​វា​ថែម​ទាំង​នាំឱ្យ​ជាប់គាំង​នៃ​ការ​ពង្រាង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ (COC)​។

បន្ថែម​ពីនេះ លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថា​មិន​ត្រឹមតែ​ភាគី​នីមួយៗ​ក្នុង​ជម្លោះ​យល់​ថា យន្តការ​ដោះស្រាយ​នានា​កន្លងមក​មាន​ភាព​អយុត្តិធម៌​ ដែល​មិន​អាច​ទទួល​យក​បាន​នោះទេ ថែម​ទាំង​មាន​ការ​ជ្រៀត​ជ្រែង​កិច្ចការ​ផ្ទៃក្នុង​ពី​បណ្តា​ប្រទេស​ខាង​ក្រៅ​ពី​ដែន​អធិបតេយ្យភាព​សមុទ្រ​ចិន​ខាងត្បូង​ផង រួមមាន សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ ជាដើម​។ ជាពិសេស សហរដ្ឋអាមេរិក​ផ្ទាល់​ដែល​នៅ​ប្រកាន់​ជំហរ​អនុត្តរភាព​របស់​ខ្លួន​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។

លោក គិន ភា ពន្យល់​ដូច្នេះ​ថា​៖ «​សហរដ្ឋអាមេរិក​នៅតែ​ប្រកាន់​ខ្ជាប់​នូវ​អនុត្តរភាព​របស់ខ្លួន គាត់​អត់​ចង់​ឱ្យ​មាន​ដំណោះស្រាយ​មួយ​ដែល​មាន​ការបែងចែក​ដែន​អធិបតេយ្យភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ ព្រោះ​គាត់​ចង់ឱ្យ​សមុទ្រ​ចិន​ខាងត្បូង ជា​ដែនសមុទ្រ​អន្តរជាតិ​ ដែល​មាន​សេរីភាព​នាវាចរ​ និង​ការហោះហើរ ព្រោះ​វា​ជា​ច្រក​អន្តរជាតិ​ដ៏សំខាន់ បើ​មាន​ការ​បែងចែក​អធិបតេយ្យភាព នោះ​នឹង​ធ្វើឱ្យ​លម្ហ​នាវាចរ​ និង​ការហោះហើរ​រួម​តូច ប៉ះពាល់​ប្រយោជន៍​សហរដ្ឋអាមេរិក និង​មហាអំណាច​ផ្សេងទៀត​»​។

ពី​អនុត្តរភាព​ចិន​វិញ លោក វណ្ណ ប៊ុនណាលើក​ឡើង​ពី​ទ្រឹស្តី​ប្រាកដ​និយម​នូវ​មហិច្ឆតា​ក្លាយ​ជា​មហាអំណាច​កំពូល​ពិភពលោក​របស់​ចិន ដែល​ទាមទារ​ឱ្យ​ចិន​ក្លាយជា​មហាអំណាច​តំបន់​ជាមុនសិន ជា​កត្តា​គេ​មើល​ឃើញ​ពី​ការចង់​បាន​របស់​ចិន​ក្នុង​ការ​កាន់កាប់​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ជា​ច្រក​ពាណិជ្ជកម្ម​សំខាន់​របស់​ពិភពលោក និង​ធនធាន​ក្រោម​ទឹក​ដ៏សម្បូរបែប ហើយ​អាច​បន្ថែម​ទម្ងន់​នយោបាយ​ខ្លួន​លើ​ឆាក​អន្តរជាតិ​ផង​។

លោក​ វណ្ណ ប៊ុនណា បន្ថែម​ថា ជម្លោះ​កម្មសិទ្ធិ​ដែនសមុទ្រ​ដ៏រ៉ាំរ៉ៃ​នេះ បាន​យាយី​រំខាន​មិន​ត្រឹមតែ​រវាង​ចិន​ និង​បណ្តា​រដ្ឋ​អាស៊ាន​ដែល​គេ​ពិបាក​ដោះស្រាយ​នោះទេ វា​ថែមទាំង​ជា​ជម្លោះ​ដ៏ស្មុគស្មាញ​ក្នុង​ផ្ទៃក្នុង​អាស៊ាន​ផង​។ សមាជិក​អង្គការ​តំបន់​មួយ​នេះ​រួមមាន ប្រទេស​វៀតណាម ម៉ាឡេស៊ី ព្រុយណេ និង​ហ្វីលីពីន មាន​ភាពចម្រូង​ចម្រាស​នឹង​គ្នា សឹង​បែកបាក់​អាស៊ាន ហើយ​ដែល​តុលាការ​អន្តរជាតិ​ក៏​មិនអាច​រក​ច្រកចេញ​បាន​ដែរ ខណៈ​ភាគី​នីមួយៗ​មិន​ទទួលយក​។

នាពេល​ថ្មីៗ​នេះ ខណៈ​កម្ពុជា​កំពុង​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន នៅតែ​សម្តែង​ការចង់​រក​ច្រកចេញ​ សម្រាប់​វិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុង​ថ្ងៃទី​ ២៧ ខែកញ្ញា ឆ្នាំ​ ២០២២ នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រាប់​ទៅ​លោក Charles Michel ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ថា កម្ពុជា​ចង់ឃើញ​ការបន្ត​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ DOC ហើយ​កម្ពុជា​នឹង​ខិតខំ​ជំរុញ​ការចរចា​ឱ្យ​ចេញ​បាន​នូវ COC នៅពេល​ខាងមុខ​។

ជុំវិញ​បញ្ហា​នេះដែរ លោក វណ្ណ ប៊ុនណាគូសបញ្ជាក់​ថា DOC ដែល​សម្រេច​បាន​កាលពី​ឆ្នាំ ​២០០២ ជា​យន្ត​ការឱ្យ​ភាគី​ជម្លោះ​នីមួយៗ​ទុកចិត្ត​គ្នា និង​ដោះស្រាយ​វិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​នេះ ដោយ​សន្តិវិធី និង​ជា​មូលដ្ឋាន​សម្រាប់​យកទៅ​ជជែក​រក​យន្តការ​ណាមួយ​ សម្រាប់​ដោះស្រាយ​ដែល​ភាគី​នីមួយៗ​ទទួល​យកបាន ដែល​ចេញ​ជា COC​។ ចំណែក COC គឺជា​យន្តការ​ផ្លូវច្បាប់ ឬ​នីតិវិធី​ក្នុងការ​ដោះស្រាយ​បញ្ហា​តាមរយៈ​ការបង្កើត ឬ​ប្រើប្រាស់​តុលាការ​អន្តរជាតិ​ដែល​មាន​ស្រាប់​ជាដើម និង​វា​មាន​កម្រិត​សមាសភាព​ជម្លោះ​ ដែល​មាន​តែ​ចិន​និ ង​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន​ ៤ ប៉ុណ្ណោះ គ្មាន​ភាគី​ណាមួយ​ទៀតឡើយ​។

ស្រដៀង​គ្នា​នេះ​ដែរ​លោក គិន ភា បញ្ជាក់​បន្ថែម​ថា មកដល់​ពេលនេះ​គេ​មិនទាន់​បាន​កំណត់​រូបរាង COC នោះ​ច្បាស់​ជា​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ ប៉ុន្តែ​គេ​អាច​ដឹងបាន​ថា វា​ជា​ចំណង​ដំណោះស្រាយ​ផ្លូវច្បាប់​ សម្រាប់​ភាគី​ជម្លោះ ហើយ​វា​មាន​ភាពទូលំ​ទូលាយ​ជាង DOC​។

ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២២ នេះ លោក វណ្ណ ប៊ុនណា យល់ថា កម្ពុជា​គួរតែ​រក្សា​ជំហរ​អព្យាក្រឹត្យ​ដោយ​មិនត្រូវ​គាំទ្រ​ភាគី​ចិន ឬ​ភាគី​ជា​សមាជិក​អាស៊ាន​ណាមួយ​ឡើយ ដោយ​ជំរុញ​ភាគី​នីមួយៗ​ចូល​តុ​ចរចា​ដោយ​សន្តិវិធី ហើយ​ប្រើប្រាស់​យន្តការ​ដូចជា​ច្បាប់​អន្តរជាតិ​ស្តីពី​ដែនសមុទ្រ​ (UNCLOS) ជាដើម​។

សម្រាប់​លោក គិន ភា វិញ​មិន​ខុសពី​លោក វណ្ណ ប៊ុនណាឡើយ​ដែល​ចង់​ឱ្យ​​កម្ពុជា​បន្ត​រក្សា​អព្យាក្រឹត ហើយ​ភាគី​នីមួយៗ​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម បន្ត​គោរព DOC ឱ្យ​ខ្ជាប់ខ្ជួន​ និង​ពេញលេញ ព្រម​ជំរុញ​ភាគី​នីមួយៗ​ចរចា​ ដើម្បី​សម្រេច COC ឱ្យ​បាន​ឆាប់​។

ចំណែក​លោក​ ថុង ម៉េងដាវិត វិញ​បន្ថែមថា កម្ពុជា​ត្រូវ​បន្ត​ខិតខំ​សម្រប​សម្រួល​ទាំង​រវាង​ចិន​ និង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ឱ្យ​ពិភាក្សា​វិធានការ​ច្បាប់ ដែល​អាច​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ និង​នយោបាយ​គ្នា​ទៅវិញ​ទៅមក ក្នុង​បំណង​រក្សា​ការអត់ធ្មត់​ខ្ពស់ ដើម្បី​ដោះស្រាយ​ដោយ​សន្តិវិធី​តាមរយៈ​ទ្វេភាគី​ក៏ដូចជា​ច្បាប់​អន្តរជាតិ​។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​ទាំងនេះ​បាន​យល់​ស្របគ្នា​ឱ្យ​កម្ពុជា​ជំរុញ​ដល់​ភាគី​ជម្លោះ​រួមមាន​ចិន និង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ៤ ដែល​ជាប់​ពាក់ព័ន្ធ​ជម្លោះ​នោះ ត្រូវ​ដោះស្រាយ​ដោយ​កិច្ចចរចា​ទ្វេភាគី ដែល​ចៀសវាង​យក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជា​បញ្ហា​រួម​របស់​អាស៊ាន​ទល់​ជាមួយ​ចិន​។

គួររំឭក​ថា នា​ពិធី​សម្ពោធ​សណ្ឋាគារ​ហៃយ៉ាត់រីជិនស៊ី កាលពី​ថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំ​ ២០២១ កន្លងទៅ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា លោក​នឹង​ព្យាយាម​ចរចា​រក​ដំណោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ ប៉ុន្តែ​លោក​មិន​ហ៊ាន​ធានាថា​បញ្ហា​នេះ​អាច​សម្រេចបាន​សេចក្តី​ថ្លែងការណ៍​រួម​ឡើយ​។

កាលពី​ឆ្នាំ​ ២០១២ គេ​មិនអាច​សម្រេច​សេចក្តី​ថ្លែងការណ៍​រួម​នោះ លោក​សង្កត់ធ្ងន់​ថា វា​មាន​បញ្ហា​សំខាន់​មួយ​ចំនួន​រួមទាំង​ការអះអាង​ ដែល​អាស៊ាន​មិនមែន​ជា​តុលាការ​កាត់ក្តី​តាម​ការចង់​បាន​របស់​ភាគី​ជម្លោះ​ណាមួយ​ឡើយ​៕