The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អំពី​ម៉ូតូ​ធំ​នៅ​កម្ពុជា​

អំពី​ម៉ូតូ​ធំ​នៅ​កម្ពុជា​

Content image - Phnom Penh Post
ម៉ូតូ​ធំ​ជាច្រើន​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ទុក​ពី​ថ្ងៃ​ទី​ ៨ តុលា។ រូបថត ហ្វេសប៊ុក

អំពី​ម៉ូតូ​ធំ​នៅ​កម្ពុជា​

ជាទូទៅ​នៅ​ប្រទេស​កម្ពុជា ម៉ូតូ​ដែល​មាន​ទំហំ​ស៊ីឡាំង​ចាប់ពី​ 150cc ឡើង​ទៅ ត្រូវបាន​គេ​ចាត់ទុក​ថា​ ជាប្រភេទ​ម៉ូតូ​ធំ ដែល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តម្រូវ​ឱ្យអ្នក​ជិះ​ត្រូវ​មាន​បណ្ណបើកបរ​ផងដែរ។ ម៉ូតូ​ធំ​ត្រូវបាន​កត់​សម្គាល់​ឃើញ​មាន​កំណើន​កើន​ឡើង​ច្រើន​ក្នុង​រយ:ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ខណ:ពេល​ដែល​ប្រទេសជាតិ​មាន​សន្តិភាព ស្ថិរភាព ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​អំពី​សុខុមាលភាព យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​បញ្ហា​សុខភាព​ផ្លូវកាយ​ និង​សុខភាព​ផ្លូវចិត្ត​ក៏​ដូចជា​ចូលរួម​លើកស្ទួយ​វិស័យ​​កីឡា​យានយន្ត។ ម៉ូតូ​ធំ​ត្រូវបាន​អ្នក​និយម​ជិះ​ធ្វើ​ចំណាត់​ថ្នាក់​ជាក្រុម តាម​ប្រភេទ​ ដូចជា៖

១. ប្រភេទ​ Scooter 150cc ដូច Honda PCX និង​ប្រភេទ​ផ្សេងៗ​ទៀត​ ដែល​គេ​និយម​ចូលចិត្ត​ប្រើប្រាស់​ជា​មធ្យោបាយ​ធ្វើដំណើរ​ប្រកប​មុខរបរ​ប្រចាំ​ថ្ងៃ​ផង និង​សម្រាប់​ជិះកម្សាន្ត​ទូទៅ​ផងដែរ ​ព្រោះ​ពួកវា​មាន​រូបរាង​ស្រស់ស្អាត ងាយស្រួល​ជិះ និង​ងាយស្រួល​រក្សា​ទុក​ក្នុង​ចំណត​។

២. ប្រភេទ​ម៉ូតូ​ត្រៃ 150 ទៅ 500cc មាន​លក្ខណៈ​ជា​ម៉ូតូ​សម្រាប់​កីឡា​ប្រណាំង​ជិះ​ហោះ​ក្នុង​ទីលាន​ (Motorcross) ឬ​ជិះ​​ឆ្លងកាត់​ផ្លូវ​មាន​ឧបសគ្គ​ក្នុង​ព្រៃ​ជា​លក្ខណៈ ​Enduro ឡើង​ភ្នំ​ជាដើម ឬ​ប្រភេទ Dual Sport នៅលើ​ផ្លូវ​ On road ឬ​ក្នុង​ទឹក​ល្បាប់​ភក់​ Off road​ជាដើម​ដែល​ម៉ូតូ​ធម្មតា ឬ​ប្រភេទ​ម៉ូតូ​ធំ​ផ្សេង​ទៀត​មិន​អាច​ធ្វើ​ដូច​បាន​ទេ។ ម៉ូតូ​ប្រភេទ​ Motorcross ​គឺ មិនមែន​សម្រាប់​ជិះ​លើ​ផ្លូវជាតិ​ទេ វា​សម្រាប់​តែ​ជិះ​ក្នុង​ទីលាន​ប្រណាំង​តែ​ប៉ុណ្ណោះ ហេតុនេះ​គេច្រើន​តែ​ដឹក​លើ​វា​​លើ​​រថយន្ត ឬ​រ៉ឺម៉ក​សណ្តោង​ទៅកាន់​ទីលាន​ប្រណាំង​តែម្តង។

៣. ប្រភេទ​ម៉ូតូ Super Sports ដែល​មាន​ទំហំ​ស៊ីឡាំង​ចាប់ពី 150cc ទៅ​ដល់ 1,100cc ឬ​ធំជាង​នេះ ដែល​គេ​និយម​ជិះ ឬ​ប្រណាំង​លើ​ផ្លូវរាប ដែល​អាច​ប្រើ​ល្បឿន​លឿន​លើសពី​ 250Km/h ប៉ុន្តែ​វា​មិន​សូវមាន​ផាសុកភាព ឬ​ងាយស្រួល​សម្រាប់​ជិះ​ក្នុង​ទីក្រុង​ចរាចរណ៍​ចង្អៀត​ទេ​ព្រោះ​សីតុណ្ហភាព​ម៉ាស៊ីន​អាច​នឹង​ឡើង​កម្ដៅ​ខ្ពស់​បង្ក​ឱ្យ​ងាយ​ខូច​ម៉ាស៊ីន​ហើយ​ក៏​មិន​ស្រួល​ក្នុងការ​ធ្វើ​ដំណើរ​កម្សាន្ត​រយ:ចម្ងាយ​ឆ្ងាយ​ពេក​ដែរ​ព្រោះ​អ្នក​ជិះ​ត្រូវ​ឱន​បន្ទាប​តាម​ទម្រេត​មុខ​ខ្យល់ និង​ទប់​ចង្កូត​បត់បែន​។

៤. ប្រភេទ​ម៉ូតូ​ទេសចរណ៍ (Touring) ដែល​មាន​ទំហំ​ស៊ីឡាំង ចាប់ពី 400cc ទៅ 1,800​cc ខ្លះ​មាន​រចនា​លក្ខណ​:ជា Semi-cruiser ដែល​អាច​ទុក​ដាក់​សម្ភារ​ផ្ទាល់ខ្លួន​បាន​ច្រើន​សម្រាប់​ធ្វើដំណើរ​ទេសចរណ៍​រយ:ចម្ងាយ​មធ្យម​ឆ្លង​ពីក្រុង ​១ ​ទៅ​ក្រុង​ ១ ឬ​ខេត្ត​ ១ ​ទៅ​ខេត្ត​ ១ ​ឬ​ឆ្លង​ប្រទេស​។ អ្នក​ជិះម៉ូតូ​ប្រភេទ​នេះ​គេ​ជិះ​ដោយ​មិនសូវ​ប្រើ​ល្បឿន​ពេក​ទេ​គឺ​គេ​ជិះ​ល្បឿន​បែប​លម្ហែ​ក្នុង​ល្បឿន​ ចន្លោះ​ពី 60 ទៅ 100Km/h តែ​ប៉ុណ្ណោះ​រៀងរាល់​ចន្លោះ​ផ្លូវ 50 ឬ​ 100Km គេ​ឈប់​សម្រាក​ម្តង​ព្រោះ​ភាគច្រើន​វា​មាន​ទំហំធំ​ និង​ទម្ងន់​ធ្ងន់ ហើយ​ម៉ូតូ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ដូចជា​ពពួក Harley Davidson ឬ Honda Shadow ជាដើម​ហើយ​ក៏មាន​ការ​តាក់តែង​ជា​លក្ខណៈ​បែប​ម៉ូតូ​កាហ្វេ​ផងដែរ។

៥. ប្រភេទ​ម៉ូតូ​សម្រាប់​ធ្វើដំណើរ​ផ្សង​ព្រេង (Adventure) រយ​:ចម្ងាយ​ឆ្ងាយ​ ដែល​មាន​ទំហំ​ស៊ីឡាំង​ ចាប់​ 700cc ទៅ 1,400cc អាច​ប្រើ​ល្បឿន​លឿន​លើ​ផ្លូវរាប​ឆ្លង​ប្រទេស​ និ​ង​ល្បឿន​មធ្យម​លើ​ផ្លូវ​ឧបសគ្គ​ខ្លះៗ​ ឬ​ផ្លូវដី ដែល​សម្គាល់​ភាគច្រើន​មាន​ពពួក​ម៉ូតូ BMW, Africa Twin ជាដើម​។​ ម៉ូតូ​ប្រភេទ Adventure គឺ​មាន​ធុង​ផ្ទុក​ប្រេង​ធំ ជា​ប្រភេទ​ម៉ូតូធន់ និង​ងាយស្រួល​បញ្ជា បើទោះជា មាន​ទំហំ​ធំ​ និង​ទម្ងន់​ធ្ងន់​ក៏ដោយ​។

ម៉ូតូ​ធំ​ភាគច្រើន​ត្រូវបាន​គេ​យក​​ទៅ​ប្រើ​ក្នុង​វិស័យ​កីឡា​យានយន្ត បើទោះជា​កីឡា​ប្រភេទ​នេះ​មិន​ត្រូវបាន​ចាត់​បញ្ចូល​ជា​វិញ្ញាសា​កីឡា​អូឡាំពិក​ក៏ដោយ ប៉ុន្តែ​ក៏ជា​ប្រភេទ​កីឡា​ដែល​ពេញនិយម​នៅ​ទូទាំង​សកលលោក និង​ប្រទេស​នានា​ក្នុង​តំបន់។ ជាក់ស្តែង​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការដឹកនាំ​ការ​បង្កើត​ឱ្យ​មាន​ទីលាន​ប្រកួត​កីឡា​ប្រណាំង​ម៉ូតូ​ច្រើន​ប្រភេទ​ខុសៗ​គ្នា ទាំង​ក្នុង​ស្រុក ទាំង​បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ជិតខាង​ទៅ​លើ​វិញ្ញាសា​ Super Cross,​វិញ្ញាសា​ Enuro Cross country វិញ្ញាសា Super Sport លើ​ផ្លូវរាប​ជាដើម​ ហើយ​ទទួលបាន​ការ​គាំទ្រ និង​ចូលរួម​ពី​កីឡាករ កីឡាការិនី​ជាច្រើន​រយ​នាក់។​

ក្រៅពីនេះ​ក្លឹប និង​ក្រុម​ម៉ូតូ​មួយ​ចំនួន​បាន​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍​ និង​ក្រសួង​បរិស្ថាន​បង្កើត​ការ​ជិះ​ម៉ូតូ​ចូលព្រៃ​ស្វែងរក​តំបន់​ទេសចរណ៍​ធម្មជាតិ​តាម​តំបន់​ដាច់​ស្រយាល ​និង​ធ្វើជា​មគ្គុទ្ទេសក៍​នាំភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ទៅ​កម្សាន្ត និង​ផ្សព្វផ្សាយ​តំបន់​ទាំង​នោះ​ទៀតផង។

ជាង​នេះ​ទៅ​ទៀត ក្រុម​ម៉ូតូ Adventure ជា​ពិសេស​ក្រុម ​BMW Cambodia​បាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង​ដោយ​បាន​នាំភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ជិតខាង​ក្នុង​តំបន់​ និង​បាន​នំាភ្ញៀវ​ទេសចរ​បរទេស​ក្នុង​តំបន់​ជិះ​ម៉ូតូ​ចូលមក​ទស្សនា​ទឹកដី​អង្គរ​ដ៏​បវរ​នៃ​យើង​ផងដែរ។​

តាមរយ:​សកម្មភាព​ទាំង​នេះ ក្រុម​ម៉ូតូ​ធំ​ពិតជា​បាន​ដើរ​តួនាទី​មួយ​ចំណែក​​ក្នុងការ​បង្ហាញ​ពីភាព​រីកចម្រើន​ជឿនលឿន​លើ​គ្រប់​វិស័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ព្រម​ទាំង​បាន​ផ្សព្វផ្សាយ​ឱ្យ​អន្តរជាតិ​បាន​ដឹង​ថា៖ ក្រោម​ម្លប់​សន្តិភាព​ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន ប្រទេស​កម្ពុជា​មាន​អ្វីៗ​គ្រប់​យ៉ាង​ មិន​ចាញ់​ប្រទេស​ជឿនលឿន​ដទៃ​ទៀត​ឡើយ​។

នៅក្នុង​ប្រទេស​កម្ពុជា ប្រភេទ​ម៉ូតូ​ធំ​ដូច​ដែល​បាន​រៀបរាប់​ខាងលើ ​គឺ​ត្រូវបាន​កត់​សម្គាល់​ឃើញ​ថា​​ គេ​មិន​សូវ​ប្រើប្រាស់​សម្រាប់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រកប​ការងារ​ប្រចាំថ្ងៃ​នោះ​ទេ​ ព្រោះ​វា​មាន​តម្លៃ​ថ្លៃ​ ស៊ីប្រេង​ឥន្ធនៈ​ច្រើន ថ្លៃ​សេវា​ថែទាំ​ខ្ពស់ តម្លៃ​បង់​ពន្ធ​ក៏​ខ្ពស់ ហើយ​ពិបាក​ជិះ​ជាង​ម៉ូតូ​ធម្មតា ​ផ្ទុយ​ទៅវិញ​ម៉ូតូ​ទាំង​នោះ​​​ត្រូវបាន​អ្នក​និយម​ចូលចិត្ត​ជិះ​ជា​ក្រុមៗ​ជា​លក្ខណ​:កីឡាកម្សាន្ត​ កីឡា​អាជីព​ ឬ​ជា​លក្ខណ:​ទេសចរណ៍​តាម​ចំណង់ចំណូល​ចិត្ត​រៀងៗ​ខ្លួន​។ ​ដូច្នេះ អ្នក​ជិះ​ម៉ូតូ​ធំ​ត្រូវ​​មាន​លក្ខខណ្ឌ​សំខាន់ ៤ ​យ៉ាង​៖

១. ​មាន​សុខភាព​ល្អ​កាយសម្បទា​រឹងមាំ​ និង​មាន​បញ្ញា​វៀងវៃ

២.​ មាន​សមត្ថភាព ​និង​ទេពកោសល្យ​ក្នុងការ​ជិះ​ម៉ូតូ​ធំ

៣​.​អាច​លៃលក​​ពេលវេលា​​បាន

៤.​​មាន​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​បំពេញ​ចំណង់ចំណូលចិត្ត​នេះ​បាន

ផ្អែក​ទៅតាម​ចំណង់ចំណូលចិត្ត និង​ស្ថិតក្នុង​ស្មារតី​លើកស្ទួយ​​វិស័យ​កីឡា​យានយន្ត, វិស័យ​ទេសចរណ៍ និង​ជាការ​កម្សាន្ត​សប្បាយ​ផ្លូវចិត្ត អ្នក​និយម​ជិះ​ម៉ូតូ​ធំ​បាន​ចងក្រង​គ្នា​ជា​ក្រុមៗ​ ឬ​ក្លិប​។​ ក្រុម​ ឬ​ក្លិប​មួយ​ចំនួន​បាន​ចុះបញ្ជី​ជា​សមាជិក​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា តាម​ប្រភេទ​ម៉ូតូ​នីមួយៗ​ ឬ​ចម្រុះ​ប្រភេទ ​ហើយ​ចូលរួម​ចំណែក​ជួយ​ការងារ​សង្គម​តាមរយ:​សកម្មភាព​មនុស្សធម៌​នានា​ ទៅតាម​ទស្សនវិស័យ​នៃក្រុម​រៀងៗ​ខ្លួន។

ក្រុម​ម៉ូតូ​ដែល​បាន​ចុះបញ្ជី​ជា​សមាជិក​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ ត្រូវបាន​បំពេញ​លក្ខខណ្ឌ​នានា​ស្របតាម​នីតិវិធី ​ដោយ​ក្រុម ឬ​ក្លិប​នីមួយៗ ​ត្រូវមាន​លក្ខខន្តិក: បទបញ្ជា​ផ្ទៃក្នុង​ និង​របៀប​ណែនាំ​ពី​សុវត្ថិភាព​នៃ​ការជិះ​ម៉ូតូ​ជា​ក្រុម​លើ​ដងផ្លូវ​សាធារណ:​ស្របតាម​បញ្ញត្តិ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

ក្រុម​ ឬ​ក្លិប​ម៉ូតូ​ធំ​មាន​ច្រើន ហើយ​ក្រុម​នីមួយៗ​ចេញ​ដំណើរ​កម្សាន្ត ឬ​បំពេញ​កិច្ចការ​សង្គម​ជា​បន្តបន្ទាប់​តាម​ពេលវេលា​សមស្រប​ជាក្រុម ឬ​ជា​លក្ខណៈ​ឯកជន​ដាច់​ដោយ​ឡែក ឬ​ពេលខ្លះ​លក្ខណ​:សម្ព័ន្ធភាព​ជាមួយ​ក្រុម​ផ្សេង​រួម​គ្នា ទើប​យើង​ឧស្សាហ៍​ឃើញ​ម៉ូតូ​ធំ​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជា​ញឹកញយ ជាពិសេស​នាពេល​ចុង​សប្តាហ៍ ប៉ុន្តែ​មិន​ប្រាកដ​ថា​ជា​ក្រុម​តែមួយ​នោះ​ទេ។

ជារឿយៗ​ការ​កៀរគរ​គ្នា​ចេញ​ដំណើរ​កម្សាន្ត​ម្តងៗ​ក្រុម​នីមួយៗ​​មាន​ការ​លំបាក​ប្រមូល​ជួបជុំ​គ្នា​ណាស់ ព្រោះ​អ្នកជិះ​ម៉ូតូធំ​ភាគច្រើន​ជា​អ្នកជំនួញ បុគ្គលិក​ក្រុមហ៊ុន​ឯកជន ឬ​ជា​មន្រ្តីរាជការ ដែល​ពួកគេ​ទាំងនោះ​មិនសូវ​មាន​​សល់​ពេលវេលា​ច្រើន​ទេ។ ​ក្រុម​ខ្លះ ១ ​ឆ្នាំ​ជិះ​ស្ទើរតែ​មិន​បាន​ ១០ ​​ដង​ផង ដូច្នេះ ម៉ូតូធំ​មិនសូវ​មាន​ឱកាស​ធ្វើ​ចរាចរណ៍​នោះ​ទេ គឺ​ចត​នៅ​ផ្ទះ​ច្រើន​ជាង​។ រីឯ​ការធ្វើ​ដំណើរ​តាម​ដងផ្លូវ​ទៀត​សោត គឺ​ជិះ​ជា​ជួរ​ដោយ​មាន Captain ដឹកនាំ​ផ្លូវ និង​មាន​ឆ្មាំ​កន្ទុយ​មើល​ពី​ខាង​ក្រោយ ​ហើយ​ត្រូវបាន​ធ្វើការ​ណែនាំ​យ៉ាង​ហ្មត់ចត់​រៀងរាល់​មុន​ពេល​ចេញ​ដំណើរ។

ឆ្លងកាត់​បទពិសោធ​ការជិះ​ម៉ូតូ​ធំ​ជាក្រុម គឺ​មាន​ភាព​សប្បាយ​រីករាយ​មាន​អនុស្សាវរីយ៍​ និង​មាន​ហានិភ័យ​ទាប​ជាង​ការជិះ​ម្នាក់ឯង​។ ទោះ​ជាយ៉ាង​ណា ​ក៏​មាន​បុគ្គល​ខ្លះ​ ឬ​ក្រុម​ខ្លះបាន​ប្រព្រឹត្ត​ផ្ទុយពី​ការណែនាំ​ផងដែរ​ ដែល​ករណី​នេះ​ពិតជា​ចៀស​មិន​រួច​ឡើយ​ ទើប​ធ្វើឱ្យ​មាន​មតិ​រិះគន់​ដល់​ក្រុម​ម៉ូ​ធំ​ជារឿយៗ​។

ជាក់ស្តែង​ករណី​ដែល​មន្រ្តី​គយ​ចល័ត​បាន​ត្រួតពិនិត្យ​ពន្ធ​នាំចូល​លើ​ម៉ូតូ​ធំ​នាពេល​ថ្មីៗ​នេះ ក៏មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​លើ​បណ្តាញ​សង្គម​តាម​ទស្សន:​យល់ឃើញ​ខុសៗ​គ្នា។ ជា​ការពិត​ណាស់ ដូច​ដែល​ ឯ.ឧ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មីៗ​ថា "អ្នក​ប្រើប្រាស់​រថយន្ត ឬ​ម៉ូតូ មិន​ទាន់​បាន​បង់​ពន្ធ នឹង​ប្រឈម​ការ​ពិបាក​ទាំង​ផ្នែក​ច្បាប់​រដ្ឋប្បវេណី និង​ច្បាប់​ព្រហ្មទណ្ឌ" ព្រោះ​វា​មិនមែន​ជា​វត្ថុ​ដែល​អាច​លាក់កំបាំង​បាន​ដូចជា​ទូរទស្សន៍ ឬ​វត្ថុ​តូចតាច​ដទៃ​ទៀត​ដែល​ស្ថិត​ក្នុង​ផ្ទះ​នោះ​ឡើយ​។

ចំពោះ​ម៉ូតូ​ធំ​ដែល​មិន​ទាន់​បាន​បង់​ពន្ធ​នោះ​ ដែល​មាន​ចំនួន​​ប្រហែល ៨០% ​ក៏​មិនមែន​ពួកគេ​ជា​មនុស្ស​មិន​ល្អ គេចវេះ​ពី​កាតព្វកិច្ច​ពន្ធគយ​នោះ​ទេ ក៏​ប៉ុន្តែ​ភាព​ឆក​ល្វែង​កន្លង​មក ​និង​តថភាព​ជាក់ស្តែង​ក្នុង​សង្គម​ធ្វើឱ្យ​ពួកគេ​មានឱកាស​ជ្រើសរើស​យក​ផ្លូវ​មិន​ទាន់​បង់​ពន្ធ ​ដោយសារ​កត្តា​មួយ​ចំនួន​ដូច​ខាង​ក្រោម៖​ ១. ម៉ូតូ​អត់​ពន្ធ​មាន​តម្លៃ​ទាប​ជាង​ម៉ូតូ​មាន​ពន្ធ​ច្រើន

២.​ ងាយស្រួល​លក់​ចេញ​វិញ និង​ខាត​តិច​ជាង​ម៉ូតូ​មាន​ពន្ធ ឬ​មាន​ស្លាកលេខ​ហើយ​ ៣​. ជា​សម្ភារ​សម្រាប់​កម្សាន្ត​សប្បាយ​ បំបាត់​ភាព​នឿយណាយ​នឹង​ការងារ​វា​មិនមែន​ជា​មធ្យោបាយ​ចាំបាច់​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​រាល់​ថ្ងៃ (ប្រើប្រាស់​តិចតួច​ណាស់​ធៀប​នឹង​តម្លៃ​) ៤ ពន្យារ​ពេល​បាន​យូរ​ តម្លៃ​បង់​ពន្ធ​កាន់តែ​ថយ​ចុះ​ទៅ​តាម​ឆ្នាំផលិត ៥. រង់ចាំ​ឱកាស​បង់​ពន្ធ នៅ​ពេល​គ្មាន​ជម្រើស​។

នៅក្នុង​នោះ​ដែរ ក៏មាន​ការបញ្ចេញ​មតិ​ជា​ច្រើន​បែប​ចំអក​ឌឺដង​ដល់​អ្នក​ជិះម៉ូតូ​ធំ​ ដែល​មិនទាន់​បាន​បង់​ពន្ធ ព្រោះ​អ្នក​ខ្លះ​គាត់​បាន​បង់​ពន្ធ​ហើយ រី​ឯ​អ្នកខ្លះ​អត់​មាន​ម៉ូតូ​ដែល​ត្រូវ​បង់​ពន្ធ​ទេ តែ​បែរ​ជា​មាន​គំនិត​អវិជ្ជមាន រហូតដល់​មិន​ចង់​ឱ្យ​រដ្ឋាភិបាល​មាន​ការ​លើកលែង​សូម្បី​តែ​ពិន័យ បើទោះ​ជា​កន្លង​មក​រាជរដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ធ្វើការ​បន្ធូរបន្ថយ​ពន្ធ​សម្រួល​ដល់​​ស្ថានការណ៍​ជាក់ស្តែង​ជូន​ប្រជាពលរដ្ឋ​រួច​ហើយ​ក៏​ដោយ។​ ផ្តើម​ចេញ​ការ​បញ្ចេញ​ទស្សន:​ទាំង​វិជ្ជមាន ទាំង​អវិជ្ជមាន​លើ​បញ្ហា ម៉ូតូ​ធំ​នេះ​ធ្វើឱ្យ​យើង អាច​វាយតម្លៃ​ជារួម​លើ​មនុស្ស​ជា ៤​ ជំពូក​ផ្សេង​គ្នា៖ ១ .ជំពូក​អ្នក​ស្រឡាញ់ ចូលចិត្ត​ម៉ូតូធំ និង​អាច​ជិះ​បាន​ ២ ជំពូក​អ្នក​ស្រឡាញ់ ចូលចិត្ត​ម៉ូតូ​ធំ ប៉ុន្តែ​មិន​អាច​ជិះបាន​ គឺបាន​ត្រឹមតែ​លួច​សរសើរ​គេ​អ្នក​ជិះ​បាន ៣ ជំពូក​អ្នក​ច្រណែន​នឹង​អ្នក​ជិះ​ម៉ូតូ​ធំ ដោយសារ​ខ្លួនឯង​ធ្វើ​មិន​បាន​ និង​ ៤.ជំពូក​អ្នក​ស្អប់​អ្នក​ជិះ​ម៉ូតូធំ​។

ទោះជា​យ៉ាងណា ករណី​ម៉ូតូ​ធំ​អត់​បង់​ពន្ធ​វា​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​បទល្មើស​គេច​ពន្ធ​នាំចូល​តែ​ប៉ុណ្ណោះ រីឯ​ទិដ្ឋភាព​ដែល​គយ​ចល័ត​បាន​ចុះ​អនុវត្ត​នីតិវិធី​លើ ម៉ូតូ​ធំ​កាលពី​ថ្ងៃទី​ ៨ ខែ​តុលា ឆ្នាំ​ ២០២២ កន្លង​មក​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​រូបភាព​ ២ គឺ៖ ១. បង្ហាញពី​ជោគជ័យ​របស់​សមត្ថកិច្ច​គយ​ចល័ត​ដែល​បាន​បញ្ចេញ​ស្នាដៃ​បង្រ្កាប​បទល្មើស​គេចពន្ធ​កណ្តាល​ទីក្រុង​បាន​យ៉ាង​សន្ធឹក​សន្ធាប់​។ ២.បង្ហាញ​ភាព​ឆក​ល្វែង ឬ​អសមត្ថភាព​របស់​សមត្ថកិច្ច​គយ​តាម​ច្រក​នានា​ដែល​បណ្តែត​បណ្តោយ​ឱ្យ​ទំនិញ​គេច​ពន្ធ​​ទាំង​នោះ​ អាច​ហោះ​ចូលមក​កណ្តាល​រាជធានី​ភ្នំពេញ​បាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ ដោយ​របៀប​ណា?​ ដែល​ករណីនេះ​ធ្វើឱ្យ​​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​មើល​ឃើញ​ហើយ​អស់​ជំនឿ​ព្រោះ​ការ​បង្រ្កាប​បទល្មើស​ដដែលៗ​បែប​នេះ​វាកើត​មាន​រយ:ពេល​ប្រមាណ​ជាង​ ៣០ ​ឆ្នាំ​មក​ហើយ។

ក្នុង​នាម​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​គ្រប់​រូប​ពិតជា​មាន​សុឆន្ទៈ​ក្នុង​ការបំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ជូន​រដ្ឋ​ និង​គាំទ្រ​នូវ​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​នានា​ព្រមទាំង​ចង់​ឃើញ​រាជរដ្ឋាភិបាល​ធ្វើការ​លុប​បំបាត់​ចោល​ទាំងស្រុង​រាល់​បទល្មើស​គេច​ពន្ធ​ដើម្បី​ឱ្យ​តម្លៃ​ទំនិញ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​​មាន​តម្លាភាព។​ ជាមួយ​គ្នា​នេះ​ដែរ​ក្នុង​កាលៈទេសៈ​ដែល​ស្ថានភាព​ទូទៅ​នៃ​ជំងឺ​កូវីដ ១៩​ ទើបតែ​មាន​ការថយ​ចុះ​ ម្យ៉ាងទៀត ព្រះរាជាណាចក្រ​កម្ពុជា​បាន​ និង​កំពុង​ត្រៀម​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ នាឆ្នាំ​ ២០២៣ ខាងមុខ​នេះ​រាជរដ្ឋាភិបាល​គួរ​ពិចារណា​បន្ធូរបន្ថយ​ពន្ធ​នាំចូល​ចំពោះ​ប្រភេទ​​ម៉ូតូ​កីឡា​ និង​លើក​លែង​ពិន័យ​លើ​ប្រាក់ពន្ធ​ចំពោះ​ម៉ូតូ​ធំ​ ដែល​បាន​ និង​កំពុង​ចរាចរ​ក្នុង​ស្រុក​រួច​ហើយ​​ដើម្បី​ឱ្យ​ពួកគេ​បាន​បង់​ពន្ធ​ និង​បំពេញ​នីតិវិធី​ស្រប​ច្បាប់​វិញ​៕

ដោយ ​លោក លី សូម៉ានេថ

អត្ថបទគួរចាប់អារម្មណ៍