«មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត» «មិត្តល្អជួយគ្នាក្នុងគ្រាក្រ» «មិត្តភាពដែក» «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និង «សហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា» ជាឃ្លោងឃ្លាមួយចំនួនក្នុងចំណោមឃ្លោងឃ្លាដទៃទៀត ដែលតែងតែត្រូវបានប្រើដើម្បីបរិយាយអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
ផ្អែកតាមប្រវត្តិសាស្ត្រ ទំនាក់ទំនងចិន-កម្ពុជាមានអាយុកាលតាំងពីសតវត្សរ៍ទី ១៣ មកម្ល៉េះ។ ក្នុងសម័យទំនើប ទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៥៨ ។ ចាប់ពីពេលនោះមក ក្នុងនាមជាប្រទេសជិតខាងនិងដៃគូដ៏ជិតស្និទ្ធ កម្ពុជានិងចិនបានបង្កើត និងបីបាច់ថែរក្សាចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបានដោយបានឆ្លងកាត់ការសាកល្បង និងការលំបាកជាប្រវត្តិសាស្ត្រជាច្រើន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងបញ្ជាក់ជាសាធារណៈជាបន្តបន្ទាប់ថា ចិនជា «មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត» របស់ប្រទេសកម្ពុជា។ ចំណងមិត្តភាពរវាងប្រទេសទាំងពីរត្រូវបានចាក់ឫសជ្រៅដោយផ្អែកលើគោលការណ៍បច្ចសីលាសន្តិសហវិជ្ជមាន គោលការណ៍ស្មើភាព និងស្មើសិទ្ធិ ការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក។ ថ្វីបើមិនមានព្រំដែនជាប់គ្នា តែប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយទន្លេមេគង្គ និងទន្លេឡានឆាង - យើងមានទឹករួមគ្នា, យើងមានទន្លេរួមគ្នា។
ក្នុងទិដ្ឋភាពនយោបាយ កម្ពុជាគឺជាសម្ព័ន្ធមិត្តដ៏ចំណាស់ និងជិតស្និទ្ធបំផុតរបស់ចិន។ ប្រទេសទាំងពីរផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការកម្រិតខ្ពស់ជាញឹកញាប់ និងទៀងទាត់។ កម្ពុជាតែងតែជាអ្នកគាំទ្រដ៏មុតមាំបំផុតនៃគោលនយោបាយចិនតែមួយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា «កម្ពុជានឹងមិនផ្លាស់ប្តូរគោលនយោបាយចិនតែមួយរបស់ខ្លួននោះទេ»។
ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ប្រទេសចិនគឺជាអ្នកវិនិយោគបរទេសដ៏ធំជាងគេរបស់កម្ពុជា ជាម្ចាស់ជំនួយដ៏សំខាន់ និងជាដៃគូពាណិជ្ជកម្មកាន់តែសំខាន់ខ្លាំងឡើងរបស់កម្ពុជា។ ចក្ខុវិស័យរបស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍសកល និងទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់ខ្លួនជាមួយកម្ពុជា ត្រូវបានគេមើលឃើញតាមរយៈកំណត់ត្រានៃការវិនិយោគរបស់ចិននៅកម្ពុជា។ យោងតាមស្ថិតិដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានអនុម័តក្នុងអំឡុងឆ្នាំ ១៩៩៤-២០១៩ ភាគរយធំបំផុតគឺមកពីប្រទេសចិន (២១,៨១%) ។ នៅបណ្តាឆ្នាំដំបូងៗ ប្រទេសចិនបានធ្វើការវិនិយោគយ៉ាងសម្បើម សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងធនធានធម្មជាតិ។ ក្នុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់ពីបរទេសពីប្រទេសចិនបានជាប់ចំណាត់ថ្នាក់កំពូលជាមួយនឹងការវិនិយោគសរុបចំនួន ២ ៣២៦ លានដុល្លារអាមេរិក កើនឡើង ៦៧% បើធៀបនឹងឆ្នាំ ២០២០ ។ នៅឆ្នាំ ២០១៧ កម្ពុជាទទួលជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ប្រមាណជា ៤,២ ពាន់លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណង និងកម្ចីសម្បទានពីប្រទេសចិន។
ក្នុងទិដ្ឋភាពវប្បធម៌ គុណតម្លៃរបស់ប្រទេសចិនត្រូវបានបង្កប់យ៉ាងជ្រៅនៅក្នុងទិដ្ឋភាពជាច្រើននៃសង្គមកម្ពុជា។ ទំនាក់ទំនងរឹងមាំរវាងប្រជាជន និងប្រជាជន និងទំនាក់ទំនងសង្គម បង្កើតបានជាមូលដ្ឋានរឹងមាំសម្រាប់ការរីកចម្រើនជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងកម្ពុជា និងចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ជំរុញឱ្យទំនាក់ទំនងកម្ពុជា-ចិនកាន់តែអភិវឌ្ឍទៅដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
ក្នុងឆ្នាំ ២០០៦ ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ» ហើយនៅឆ្នាំ ២០១០ បានដំឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលគាំទ្រនិងទទួលយកគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលបង្កើតឡើងដោយប្រទេសចិននាឆ្នាំ ២០១៣ ដោយទទួលស្គាល់ថា ឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចសំខាន់ៗនឹងត្រូវបានបង្កើតឡើង។
ក្នុងឆ្នាំ ២០១៦ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតផែនការសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ។ មួយឆ្នាំក្រោយមក «គ្រោងនៃផែនការសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១» ត្រូវបានចុះហត្ថលេខា។ វិស័យចំនួន ៧ ត្រូវបានផ្តល់អាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាងសមត្ថភាព ឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍ ហិរញ្ញវត្ថុ និងការការពារបរិស្ថាន។
នាខែមេសា ឆ្នាំ ២០១៩ កម្ពុជា និងចិនបានចុះហត្ថលេខាលើ «ផែនការសកម្មភាព ឆ្នាំ ២០១៩-២០២៣ ស្តីពីការកសាងសហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា»។ នៅក្រោមផែនការសកម្មភាពនេះ ប្រទេសទាំងពីរបានប្តេជ្ញាអនុវត្តវិធានការចំនួន ៣១ ក្នុងវិស័យទាំង ៥ រួមមាន នយោបាយ សន្តិសុខ សេដ្ឋកិច្ច ទំនាក់ទំនងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការពហុភាគី។
ថ្មីៗបំផុត កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CCFTA) នាខែតុលា ឆ្នាំ ២០២០ ដែលជាការកត់សម្គាល់ការចាប់ផ្តើមនៃយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ តួនាទីដ៏សំខាន់របស់កម្ពុជានៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងភាពជាដៃគូដ៏រឹងមាំជាមួយប្រទេសចិនលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ត្រូវបានបង្ហាញនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) និងសហគមន៍ដែលមានអនាគតរួមគ្នា។
ការផ្ទុះឡើងនៃរោគរាតត្បាតកូវីដ ១៩ បានសាកល្បងសាមគ្គីភាពសកល និងភាពធន់នៃការឆ្លើយតបរបស់ប្រទេសនានាចំពោះជំងឺរាតត្បាតនេះ។ នៅពេលដែលកម្ពុជាជួបប្រទះនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនៃកូវីដ ១៩ ប្រទេសចិនបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន នាខែកុម្ភៈ ឆ្នាំ ២០២០ ខណៈស្ថានភាពរោគរាតត្បាតកូវីដ ១៩ នៅប្រទេសចិននៅតែធ្ងន់ធ្ងរនៅឡើយនោះ បានបង្ហាញពីការគាំទ្រដ៏រឹងមាំរបស់កម្ពុជាចំពោះប្រទេសចិន។
ការគាំទ្ររបស់ប្រទេសចិនចំពោះកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតតាមរយៈការផ្តល់ដល់កម្ពុជានូវវ៉ាក់សាំងរាប់លានដូស បានបង្ហាញឱ្យឃើញថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសប្រទេសចិនជាប្រភពវ៉ាក់សាំងដ៏សំខាន់របស់ប្រទេស និងជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងជាយុទ្ធសាស្ត្រ។ ប្រទេសចិនក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយកូវីដ១៩។
ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាតែងតែអំពាវនាវដល់ភាគីទាំងអស់ឱ្យអនុម័តដំណោះស្រាយប្រកបដោយសន្តិវិធី និងបន្តប្រើប្រាស់យន្តការអាស៊ាន-ចិន សម្រាប់ការអនុវត្តដោយពេញលេញនូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) និងជំរុញឱ្យអាស៊ាន និងចិនធ្វើការរួមគ្នាបន្ថែមទៀត ដើម្បីសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ។ សំខាន់ជាងនេះទៀត ជំហរអព្យាក្រឹត និងយុត្តិធម៌របស់កម្ពុជាលើបញ្ហាសមុទ្រចិនខាងត្បូងនេះបានរួមចំណែកដល់ការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ទន្ទឹមនឹងការលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកដែលកើតចេញពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងអាស៊ាន និងចិន។
កម្ពុជាក៏រក្សាទំនាក់ទំនងល្អជាមួយប្រទេសចិនក្នុងកម្រិតពហុភាគីក្នុងក្របខ័ណ្ឌអាស៊ានផងដែរ ដូចជា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន+១ អាស៊ាន+៣ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាដើម។ ប្រទេសទាំងពីរប្រកាន់ខ្ជាប់យ៉ាងពេញលេញនូវគោលការណ៍ពហុភាគីនិយម ជាពិសេសប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺជាកម្លាំងចលករស្នូល សម្រាប់ជំរុញទំនាក់ទំនងអន្តរជាតិ ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក សមធម៌ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ចំណងមិត្តភាពដែកថែបរបស់កម្ពុជាជាមួយចិន បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ព្រមទាំងធានាសិទ្ធិ និងផលប្រយោជន៍នៃប្រទេសកំពុងអភិវឌ្ឍន៍ បង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ទោះបីជាមានជំងឺរាតត្បាតកូវីដ ១៩ ក្តី ក៏អាស៊ាន និងចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់គ្នាទៅវិញទៅមក និងរក្សាបាននូវសន្ទុះនៃកំណើន។
ទាំងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌពហុភាគី ទំនាក់ទំនងកម្ពុជា-ចិន បន្តធ្វើពិពិធកម្ម និងពង្រឹងលើគ្រប់វិស័យដែលមានផលប្រយោជន៍រួម។ សាមគ្គីភាពក្នុងការដោះស្រាយបញ្ហាប្រឈមជាអន្តរជាតិ បទពិសោធរឹងមាំក្នុងកិច្ចសន្ទនាទ្វេភាគី ការពន្លឿនទំនាក់ទំនងគ្រប់កម្រិតលើវេទិកាផ្សេងៗ ការយោគយល់គ្នាទៅវិញទៅមក ដែលចាក់ឫសយ៉ាងស៊ីជម្រៅ និងវិធីសាស្ត្រប្រកបដោយការគោរពគ្នា ពិតជាធានាឱ្យប្រទេសទាំងពីរអាចសម្រេចបាននូវសមិទ្ធផលធំៗថែមទៀត ទាំងកម្រិតជាតិ និងពិភពលោក។ ដូច្នេះទំនាក់ទំនងចិន-អាស៊ាន ក៏បានឈានចូលទំព័រថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីរួមគ្នាកសាងសហគមន៍ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ៕
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជា