
ទង់អាស៊ាន និងទង់ជាតិបណ្តាប្រទេសសមាជិកអាស៊ាន។ ហេង ជីវ័ន
ខណៈដែលកម្ពុជាទទួលស្វាគមន៍ប្រមុខរដ្ឋអាស៊ានមកកាន់ទីក្រុងភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ យើងអាចរំពឹងថា តម្រូវការថាមពល សម្រាប់ភ្លើងបំភ្លឺ និងម៉ាស៊ីនត្រជាក់នឹងកើនឡើងខ្ពស់នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ កើតឡើងចំពេលដ៏សំខាន់បំផុតមួយនៅពេលដែលសកលលោកកំពុងតែវឹកវរជាមួយនឹងវិបត្តិថាមពល ដែលមិនធ្លាប់មានពីមុនមក និងបានធ្វើឱ្យជាប់គាំងដល់វឌ្ឍនភាពលើថាមពលកាត់បន្ថយកាបូននៅពេលដែលកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP) បានព្យាករកំណើនសីតុណ្ហភាពចំនួន ២,៨ អង្សាសេនៅចុងសតវត្សរ៍ ដែលនេះជាកម្រិតមួយខ្ពស់ខ្លាំងជាងកម្រិត ដែលបានកំណត់នៅក្នុងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ពោលគឺ ១,៥ អង្សាសេ ទៅ ២ សង្សាសេ (របាយការណ៍គម្លាតការបំភាយរបស់ UNEP ឆ្នាំ ២០២២) ។
ទោះជាយ៉ាងណាក្តី អាស៊ានមានបច្ចេកវិទ្យា ធនធានមនុស្ស និងធនធានធម្មជាតិ ដើម្បីធ្វើឱ្យមានអន្តរកាលថាមពលឈានមុខគេមួយលើពិភពលោកហើយ ក្នុងអំឡុងកិច្ចប្រជុំកំពូលនេះ យើងសង្ឃឹមថា ប្រទេសជាសមាជិកនឹងកសាងបន្តលើវឌ្ឍនភាពដែលមានរួចហើយ និងកំណត់បន្ថែមទៀតអំពីវិធីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃអន្តរកាលថាមពល។ ផ្អែកតាមគោលការណ៍នៃកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ទៅវិញទៅមករបស់ខ្លួន អាស៊ានអាចក្លាយជាតួអង្គដឹកនាំពិភពលោកមួយ ដោយជំរុញអន្តរកាលថាមពលប្រកបដោយយុត្តិធម៌ ដែលមិនធ្វើឱ្យមានផលប៉ះពាល់បន្ថែមទៀតទៅលើវិសមភាពដែលមានស្រាប់ និងមិនទុកនរណាម្នាក់ចោលឡើយ។
ផ្អែកលើការពិគ្រោះយោបល់ថ្នាក់តំបន់ជាមួយដៃគូដែលជាអង្គការសង្គមស៊ីវិល និងអ្នកជំនាញនានាមកពីទូទាំងអាស៊ីអាគ្នេយ៍ អង្គការអុកស្វាមជឿជាក់ថា រដ្ឋជាសមាជិកអាស៊ានមានឱកាសដើម្បី “ជំរុញ” អន្តរកាលថាមពលមួយដែលផ្តល់សន្តិសុខថាមពល មានបរិយាប័ន្ន និងយុត្តិធម៌។ យើងទទួលស្គាល់បញ្ហាប្រឈមធំៗទាក់ទងនឹងកំណើនប្រជាជនយ៉ាងរហ័សនៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងបំផុតក្នុងពិភពលោក និងមានតម្រូវការថាមពលដ៏រហ័សបំផុត និងបង្កឱ្យមានវិសមភាពកាន់តែខ្លាំងថែមទៀតរវាងប្រជាជន និងរវាងរដ្ឋ។ ក្នុងតំបន់អាស៊ាន ប្រជាជនប្រមាណ ២៩ លាននាក់នៅតែខ្វះខាតអគ្គិសនីប្រើប្រាស់ ហើយប្រជាជនចំនួន ២១៩ លាននាក់ចម្អិនអាហារដោយជីវឥន្ធនៈរឹង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានបច្ចុប្បន្នបានបង្ហាញពីភាពបន្ទាន់នៃតម្រូវការចាំបាច់ឱ្យមានអន្តរកាលថាមពលមួយដែល "ជំរុញការចូលរួម ពង្រឹងសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់ចំពោះអន្តរកាលថាមពល" និងបានបន្តកត់សម្គាល់ថា នេះរួមបញ្ចូលទាំង“...គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិទាក់ទងនឹងថាមពលស្អាតកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានថាមពល...” ទស្សនវិស័យថាមពលអាស៊ានលើកទី ៧ (AEO7) បានកំណត់មាគ៌ាជាសក្តានុពល ដើម្បីសម្រេចបានសន្តិសុខថាមពលរយៈពេលវែង និងរបៀបវារៈអន្តរកាលថាមពល រួមទាំងផលប៉ះពាល់លើសង្គមផងដែរ។
អង្គការអុកស្វាមដឹងថាកង្វះខាតថាមពលដែលមានស្ថិរភាពធ្វើឱ្យសហគមន៍កាន់តែងាយរងគ្រោះផ្នែកសង្គមសេដ្ឋកិច្ចបន្ថែមទៀតហើយបញ្ហានេះរឹតតែធ្ងន់ធ្ងរថែមទៀត ចំពោះសហគមន៍ដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ជនជាតិភាគតិច ស្ត្រី និងជនមានពិការភាព។ កន្លងមកយើងតែងឃើញគម្រោងឥន្ធនៈហ្វូស៊ីល និងថាមពលវារីអគ្គិសនីធ្វើឱ្យភាពក្រីក្រតជំនាន់កាន់តែកើនឡើង ដោយក្នុងនោះអ្នកដែលទទួលបានអត្ថប្រយោជន៍តិចបំផុតពីគម្រោង ជាអ្នករងការខាតបង់ច្រើនជាងគេបំផុតតាមរយៈការផ្លាស់ប្តូរលំនៅថ្មី ការបាត់បង់លទ្ធភាពប្រើប្រាស់ដីធ្លី ទទួលរងការបំពុលខ្យល់ និងទឹក ក៏ដូចជាមិនមានលទ្ធភាពប្រើប្រាស់ថាមពលផងដែរ។
សហគមន៍ដែលរងផលប៉ះពាល់ដោយអន្តរកាលថាមពល មានសិទ្ធិបញ្ចេញមតិនៅក្នុងការសម្រេចចិត្តណាដែលប៉ះពាល់ដល់ពួកគេ ហើយភាពអយុត្តិធម៌ និង ក្តីបារម្ភរបស់អ្នកដែលប៉ះពាល់ចាំបាច់ត្រូវតែទទួលបានការទទួលស្គាល់ និងដោះស្រាយតាមរយៈការបែងចែកដោយស្មើភាពនូវទំនួលខុសត្រូវការចំណាយ និងអត្ថប្រយោជន៍រួមទាំងការផ្តល់សំណងសម្រាប់អ្នកដែលរងផលប៉ះពាល់អវិជ្ជមានផងដែរ។
យើងគិតស្រមៃដល់អន្តរកាលថាមពលដ៏យុត្តិធម៌មួយដែលមាននិរន្តរភាពចំពោះសង្គម បរិស្ថាន និងសេដ្ឋកិច្ច ដោយធានាតុល្យភាពនៃការចំណាយ និងអត្ថប្រយោជន៍ពីការអភិវឌ្ឍវិស័យថាមពលដោយមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសង្គមនាពេលបច្ចុប្បន្ន និងសម្រាប់មនុស្សជំនាន់ក្រោយ។ នេះមានន័យថា ការដាក់បញ្ចូល “យើង” (“US”) នៅក្នុងយុត្តិធម៌ (just) និងធានាការបែងចែកប្រកបដោយសមធម៌នូវការចំណាយ និងអត្ថប្រយោជន៍រវាងរដ្ឋជាសមាជិក និងរវាងសហគមន៍មិនត្រឹមតែរវាងពិភពលោកខាងជើង និងខាងត្បូងប៉ុណ្ណោះទេ ដូចដែលគេតែងលើកឡើងជាញឹកញាប់នៅក្នុងការជជែកពិភាក្សាអំពីអាកាសធាតុ។
អាស៊ានអាចធ្វើការប្តេជ្ញាចិត្តក្នុងពេលនេះ ដើម្បីធានាថា អន្តរកាលថាមពលគឺផ្តោតលើមនុស្ស និងមានសមធម៌ និងមិនបង្កើនចំនួនមនុស្សដែលត្រូវបានគេទុកចោល និងត្រូវបានគេផាត់ចេញពីអត្ថប្រយោជន៍នៃថាមពលកកើតឡើងវិញឡើយ។ អង្គការអុកស្វាមជំរុញឱ្យអាស៊ានអនុវត្តគោលនយោបាយថាមពលកកើតឡើងវិញដែលឆ្លើយតបនឹងយេនឌ័ររបស់ខ្លួន (ផែនទីបង្ហាញផ្លូវយេនឌ័រអាស៊ាន) (ASEAN RE-Gender Road-map) ដើម្បីទាញយកកាលានុវត្តភាពនៃការបង្កើនថវិកា សម្រាប់គម្រោងថាមពល និងធានាថាយេនឌ័រ និងក្តីបារម្ភរបស់ស្ត្រីគឺជាចំណុចស្នូលនៃការតាក់តែង និងការអនុវត្តថាមពលកកើតឡើងវិញ។
តាមរយៈការកសាងបន្តលើបណ្តុំថាមពលកកើតឡើងវិញចម្រុះ និងសេដ្ឋកិច្ចដែលមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន រួមទាំងរដ្ឋាភិបាល វិស័យឯកជនសហគមន៍អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ អាស៊ានអាចធ្វើដំណើរហួសពីតារាងតុល្យការរូបិយវត្ថុ ដើម្បីពិចារណាផលប៉ះពាល់លើសង្គម និងសហគមន៍រួមជាមួយតម្រូវការថាមពល។ នេះនឹងរួមបញ្ចូលវិមជ្ឈការប្រព័ន្ធថាមពល និងការផ្តល់លទ្ធភាពទទួលបានប្រព័ន្ធដែលគ្រប់គ្រងដោយសហគមន៍ផ្ទាល់ក្រៅបណ្តាញ (ថាមពលកកើតឡើងវិញសហគមន៍អាស៊ាន៖ CORE) ការកសាងភាពធន់ទ្រាំរបស់សហគមន៍ និងការផ្តល់ដល់សហគមន៍នូវលទ្ធភាពទទួលបាននវានុវត្តន៍ និងជម្រើស ដើម្បីធ្វើអាជីវកម្មតាមវិធីខុសពីមុនដែលមានប្រសិទ្ធភាពថាមពលកាន់តែច្រើនថែមទៀត។
ការឆ្លើយតបទៅនឹងកត្តាប្រឈមនៃវិបត្តិសេដ្ឋកិច្ចសកលលោក និងបម្រែបម្រួលអាកាសធាតុ ក្នុងខណៈពេលធានាឱ្យមានអន្តរកាលថាមពលប្រកបដោយសមធម៌ដែលក្នុងនោះ គ្មាននរណាម្នាក់ត្រូវបានទុកចោលគឺជាបញ្ហាប្រឈម ១ ។ការជំរុញអន្តរកាលថាមពលប្រកបដោយយុត្តិធម៌ មានន័យថាមិនត្រឹមតែការផ្លាស់ប្តូរនៅក្នុងបច្ចេកវិទ្យា និងជម្រើសហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រមូលផ្តុំថាមពលឡើងវិញផងដែរ ជាមូលដ្ឋានសម្រាប់វិបុលសុខរបស់មនុស្ស មិនត្រឹមតែកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ។ យើងសង្ឃឹម និងជឿជាក់ថាថ្នាក់ដឹកនាំអាស៊ាននឹងទទួលស្គាល់បញ្ហាប្រឈមនេះដោយចំហ ព្រមទាំងជំរុញការចូលរួមពីសំណាក់ប្រជាជនរបស់ខ្លួន ដើម្បីធ្វើការឆ្ពោះទៅរកថាមពលស្អាត និងនិរន្តរភាព៕
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម