ក្នុង​ឆ្នាំ​ ២០២៣ ​នេះ តួអង្គ​ជាច្រើន​នៅលើ​ពិភពលោក ដែល​ធ្វើការ​លើ​ប្រធានបទ​សិទ្ធិមនុស្ស បាននិងកំពុង​ត្រៀម និង​រៀបចំ​យុទ្ធនាការ​នានា ក្នុង​គោលដៅ​ដាស់​រំឭកស្មារតី​ប្ដេជ្ញា និង​រិះរក​មធ្យោបាយ​ ដើម្បី​បង្កើន​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិមនុស្ស​ឱ្យបាន​កាន់តែ​ប្រសើរ ខ្ជាប់ខ្ជួន ខណៈ​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​ឈានដល់​វ័យ ៧៥ ​ឆ្នាំ​។​

​ក៏ប៉ុន្តែ ជាការ​កត់សម្គាល់ ចាប់តាំងពី​ឆ្នាំ ​១៩៤៨ ដែល​សេចក្ដីប្រកាស​ខាងដើម​បានអនុម័ត​មក ក្នុងប្រទេស​នីមួយៗ​លើ​ពិភពលោក​យើង​នេះ តើ​មាន​ពលរដ្ឋ​ប៉ុន្មាន​ភាគរយ​បាន​យល់ច្បាស់​អំពី​វិសាលភាព និង​ព្រំដែន​នៃ​សិទ្ធិមនុស្ស​របស់ខ្លួន និង​អ្នកដទៃ​? តួយ៉ាង មាន​ប៉ុន្មាន​នាក់ ជាពិសេស សកម្មជន​សិទ្ធិមនុស្ស ដែល​អាចបែងចែក​បាន​ច្បាស់​ថា​៖ អ្វី​ជា​ជា​សេរីភាព​បញ្ចេញមតិ ឬ​ជាការ​ប្រើស​ម្ដី​ញុះញង់ ការបរិហារកេរ្តិ៍ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​?

​មាន​ប៉ុន្មាន​រូប​ដែល​យល់បាន​យ៉ាងច្បាស់​ថា ទង្វើ​អ្វីខ្លះ​ដែលជា​សេរីភាព​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ឬ​ទង្វើ​ដែល​ចាត់​ចូល​ជាការ​បង្ក​អ​សណ្ដាប់ធ្នាប់​សាធារណៈ អស្ថិរភាព​សង្គម ឬ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ ឬ​សន្តិសុខ​ជាតិ​ល​?

​នៅមាន​ឧទាហរណ៍​ជាច្រើន​ទៀត ដែល​ឆ្លុះបញ្ចាំង​អំពី​ការយល់​ខុស​នានា​របស់​ពលរដ្ឋ​លើ​ពិភពលោក រវាង “​ភាពសេរី​” និង “​សេរីភាព​” ក្នុង​សិទ្ធិមនុស្ស​។ ហើយ​ពិតណាស់ អ្នកប្រព្រឹត្ត​ខុស​ពុំ​អាច​ឆ្លើយ “​ខ្ញុំ​ពុំ​ដឹងថា​វា​បង្កបញ្ហា​ដូច្នេះ​!” ដើម្បី​រួចផុត​ពី​វិធានការ​ច្បាប់​បានឡើយ​។

​ក្នុង​បរិបទ​នេះ ខ្ញុំ​យល់ថា វត្ថុបំណង​ការពារ​សិទ្ធិមនុស្ស និង​បញ្ហា​ខាងលើ​នៅ​គ្រប់ទិសទី​ទាំងអស់​នឹង​អាច​សម្រេច ហើយនឹង​ដោះស្រាយ​ទៅបាន​តាមរយៈ​ការបន្ថែម​ការយកចិត្ត​ទុកដាក់​លើ “​ការអប់រំ​អំពី​សិទ្ធិមនុស្ស​” ពី​សំណាក់​គ្រប់​តួអង្គ រួមមាន​ពលរដ្ឋ​ខ្លួនឯង​ផ្ទាល់ តួអង្គ​រដ្ឋ សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​នានា ដោយ​គេ​ត្រូវ​ធានា​ភាពត្រឹមត្រូវ​សមស្រប និង​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ ក្នុងការ​អប់រំ និង​បញ្ជ្រាប​ការយល់ដឹង​លើ​ប្រធានបទ​នេះ​។​

​ជា​គោលដៅ​មួយ​នៃ​របៀបវារៈ​ឆ្នាំ​ ២០៣០ ស្ដីពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​“​ការអប់រំ​អំពី​សិទ្ធិមនុស្ស​” រួមមាន ការអប់រំ បណ្ដុះបណ្ដាល បញ្ជ្រាប​ការយល់ដឹង ការចែករំលែក​ព័ត៌មាន ការបំពាក់​បំប៉ន​ជំនាញ ស្ដីពី​សិទ្ធិមនុស្ស​ដល់​ពលរដ្ឋ​។ ការលើកកម្ពស់​ការអប់រំ​អំពី​សិទ្ធិមនុស្ស​អាច​ចាប់ផ្ដើម​ពី​ការបញ្ជ្រាប​ទៅក្នុង​កម្មវិធី​អប់រំ​នៅ​ថ្នាក់បឋមសិក្សា មធ្យមសិក្សា​និង​បន្តទៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ផ្ដល់​ការបណ្ដុះបណ្ដាល​ដល់​មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​អនុវត្ត​ច្បាប់​កងកម្លាំង​យោធា បុគ្គលិក​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នកសារព័ត៌មាន និង​ជាពិសេស យុវជន​។ ឧ​ត្ត​មា​នុ​វត្ត​ន៍​ជាច្រើន​ទៀត​នៃ​ការអប់រំ​អំពី​សិទ្ធិមនុស្ស​អាច​រកបាន​ក្នុង​កម្មវិធី​ពិភពលោក​សម្រាប់​ការអប់រំ​ស្ដីពី​សិទ្ធិមនុស្ស ផែនការ​សកម្មភាព និង​របាយការណ៍​ស្ដីពី​ការអនុវត្ត​កម្មវិធី​របស់​អង្គការសហប្រជាជាតិ​។​

​លក្ខខណ្ឌ​ចាំបាច់ ដើម្បី​អនុវត្ត​កម្មវិធី​លើកកម្ពស់​ការអប់រំ​អំពី​សិទ្ធិមនុស្ស​ទទួលបាន​ល​ទ្ធ​ផល​វិជ្ជមាន​ដែល​តួអង្គ​ទាំងអស់ ជាពិសេស សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​នានា ធ្វើការ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស ត្រូវបំពេញ​ជាដាច់ខាត មាន ៣​ចំណុច​។​ទី​១៖ ត្រូវ​យល់ដឹង​ឱ្យបាន​ច្បាស់​អំពី​បរិបទ​ប្រទេស រួមមាន​៖ កម្រិតយល់ដឹង ការ​ត្រិះរិះ​ពិចារណា ឬ​ឥរិយាបថ​អំពី​សិទ្ធិសេរីភាព និង​កម្រិតជីវភាពរ​បស់​ប្រជាជន​។​

​តួអង្គ​ទាំងអស់​ខាងលើ​គួរ​បង្កើតឱ្យមាន​យន្ត​ការវាស់ស្ទង់​កម្រិត​យល់ដឹង​និង​វិភាគ​វាយតម្លៃ​ឥរិយាបថ​របស់​ប្រជាជន​អំពី​សិទ្ធិមនុស្ស​ឱ្យបាន​ទូលំទូលាយ​ញឹកញាប់ និង​ជាប្រចាំ​។ ការធ្វើ​ដូច្នេះ​គឺ​ប្រៀបដូចជា​ការធ្វើ​រោគវិនិច្ឆ័យ​ជា​ទៀងទាត់ ដើម្បី​ដាក់​ថ្នាំ​ព្យាបាល​ឱ្យចំ​រោគសញ្ញា ឬ​ដាក់​ថ្នាំ​បំប៉ន​ឱ្យចំ​តម្រូវការ និង​អាច​អនុញ្ញាតឱ្យ​ខ្លួន​អាចធ្វើ​ការរួម​គ្នា​កាន់តែ​ប្រសើរ​និង​មាន​ប្រសិទ្ធភាព​ជាមួយ​តួអង្គ​រដ្ឋ​។

​ទី​២៖ ត្រូវ​ធានា​ភាពមិន​អាច​បំបែកចេញ​ពីគ្នា ការពឹងផ្អែក​គ្នា ការជាប់​ទាក់ទង​គ្នា និង​សកល​ភាព​នៃ​សិទ្ធិមនុស្ស​ទាំងអស់ រួមមាន​សិទ្ធិ​ពលរដ្ឋ នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌ និង​សិទ្ធិ​អភិវឌ្ឍន៍ ព្រមទាំង​ផ្ដល់​សារៈសំខាន់​ដល់​សិទ្ធិ​ទាំងនោះ​ស្មើៗ​គ្នា ឈរលើ​គោលជំហរ​ដូចៗ​គ្នា​។ សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​នានា ពុំគួរ​ឡើយ​លើកកម្ពស់​តែ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ តាម​ការចង់បាន​រប​ស់​ម្ចាស់ជំនួយ ហើយ​បែរជា​បំភ្លេចចោល​នូវ​សារៈសំខាន់​នៃ​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​សេដ្ឋកិច្ច និង​សិទ្ធិ​អភិវឌ្ឍន៍​។​ល​។ ដែលជា​សិទ្ធិ​មូលដ្ឋាន​សំខាន់​ដូចគ្នា​។​

​ជា​ឧទាហរណ៍​ជាក់ស្ដែង ប្រសិនបើ​សិទ្ធិ​រស់រាន ឬ​ការកាត់បន្ថយ​ភាពក្រីក្រ ពុំ​ត្រូវបាន​ខិតខំ​ការពារ​ទេនោះ​ (​មានន័យថា បើ​ពុំមាន​អាយុជីវិត​សម្រាប់​រស់ ឬ​អាហារ​សម្រាប់​ហូប​)​ ថា​តើ​ពលរដ្ឋ​នឹងមាន​ឱកាស​គិតពី​ឬ​ទទួលបាន​សិទ្ធិ​ទទួលបាន​ការអប់រំ សិទ្ធិ​បញ្ចេញមតិ ឬ​សិទ្ធិ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​ទេ​? ចម្លើយ​គឺ “​មិនអាច​ទេ​!​។​ពួកគេ​ត្រូវ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ប្រកបដោយ​ស្មារតី​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ និង​ស្ថាបនា និង​ចៀសវាង​ការបន្ទោស​បង្អាប់ ក្នុងការ​កាត់បន្ថយ​ការរើសអើង​គ្រប់​ទម្រង់ និង​ពង្រឹង​ការធានា​សមភាព និង​សមធម៌ សម្រាប់​បុគ្គល​គ្រប់រូប ជាពិសេស​ជន​ងាយ​រងគ្រោះ រួមមាន កុមារ ស្ត្រី ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា មនុស្ស​ចាស់ ជន​មាន​ពិការភាព ជនជាតិភាគតិច​។​ល​។​

​ទី​៣ ៖​ត្រូវ​សង្កត់ធ្ងន់ថា សិទ្ធិមនុស្ស​និង​សេរីភាព គឺមាន​ដែន​កំណត់ និង​ត្រូវអនុវត្ត​ដោយ​ការទទួលខុសត្រូវ រួមមាន​“​ការគោរព​សិទ្ធិ ឬ​កេរ្តិ៍ឈ្មោះ​របស់​អ្នកដទៃ សណ្ដាប់ធ្នាប់​សាធារណៈ កិច្ចការពារ​សន្តិសុខ​ជាតិ ឬ​សណ្ដាប់ធ្នាប់ ឬ​សុខភាព​សាធារណៈ​ល​"​ដូច​មានចែង​ក្នុង​មាត្រា ​២៩ នៃ​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​មាត្រា​ ១៩, ២១, និង​២២ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​។​

ជាមួយគ្នានេះដែរ ក្នុង​កម្រិត​សមស្រប ការអប់រំ​អំពី​សិទ្ធិមនុស្ស​ត្រូវ​ផ្សារភ្ជាប់​ជានិច្ច​ជាមួយ​ការបញ្ជ្រាប​អំ​ពីបទ​ប្បញ្ញត្តិ​ច្បាប់ និង​វិបាក​នៃ​ការអនុវត្ត​សិទ្ធិមនុស្ស​ហួស​ព្រំដែន ដែលមាន​ជា​ធរមាន​ក្នុងប្រទេស​នីមួយៗ​។​មិន​ខុសពី​គ្នា​ឡើយ​ប្រទេស​ទាំងអស់​លើ​សកលលោក​យើង​នេះ គឺ ប្រជាពលរដ្ឋ​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់​។ មិន​ថា​ក្នុងឋានៈ​ជា​អ្វី ជា​អ្នកនយោបាយ ឬ​ជា​សកម្មជន​សិទ្ធិមនុស្ស​។​ល​។ ការប្រើ​សិទ្ធិសេរីភាព ត្រូវ​ប្រព្រឹត្ត​តាម​លក្ខខណ្ឌ​កំណត់​ក្នុង​ច្បាប់​។​

​ប្រសិនបើ​ពុំបាន​បំពេញ​លក្ខខណ្ឌ​ទាំង​ ៣ ខាងលើ​ទេ ការលើកកម្ពស់​ការអប់រំ​អំពី​សិទ្ធិមនុស្ស​គឺមាន​ភាពលម្អៀង និង​មិនអាច​សម្រេច​នូវ​អ្វី​ដែលជា​គុណ​តម្លៃ​និង​គោលដៅ​នៃ​ការអប់រំ និង​សិទ្ធិមនុស្ស​បានឡើយ​។ ផ្ទុយទៅវិញ​បុគ្គល​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល បំពាក់បំប៉ន​លម្អៀង​ដូច្នេះ អាច​នឹង​ក្លាយជា​ជន​ជ្រុលនិយម​យល់​ខុស​អំពី “​សេរីភាព​” ទៅជា “​ភាពសេរី​”​ប្រព្រឹត្ត​ហួស​ព្រំដែន ផ្ទុយ​នឹង​ច្បាប់ បង្ក​ភាពអនាធិបតេយ្យ​ក្នុងសង្គម ដែល​មិន​ត្រឹមតែ​ពុំបាន​រួមចំណែក​អ្វី​ដល់​ការអភិវឌ្ឍ ប៉ុន្តែ​បែរជា​បង្កើត​ឧបសគ្គ​នានា​ដល់​ការរីកចម្រើន​របស់​ស​ង្គ​ម​ជាតិ​។​

ប្រការនេះ​ពុំគួរ​កើតមាន​ឡើយ ដូច​សុភាសិត​អ្រា​ហ្វិ​កបាន​ពោលថា “​ការអប់រំ​លើ​តែ ​១ ​ជ្រុង គឺ​គ្រោះថ្នាក់​ជាង​គ្មាន​ការអប់រំ​។ ហេតុដូច្នេះ ការអប់រំ​អំពី​សិទ្ធិមនុស្ស​ត្រូវធ្វើឡើង​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ត្រឹមត្រូវ និង​សមស្រប​៕

​ដោយ វ៉ា វាសនា អ្នកឃ្លាំមើល​សិទ្ធិមនុស្ស ប្រចាំ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស​