កាសែត ភ្នំពេញ ប៉ុស្តិ៍ បាន​និង​កំពុង​បោះពុម្ពផ្សាយជា​បន្តបន្ទាប់​អស់​រយៈពេល ៣១ ឆ្នាំ​មក​ហើយគិត​ចាប់​តាំង​ពីបើក​​ដំណើរ​ការ​នៅ​ឆ្នាំ ​១៩៩២។ វាជា​កាសែត​ដែល​​មាន​​អាយុកាល​យូរជាងគេរបស់ព្រះរាជាណាចក្រកម្ពុជា ដែល​បាន​បោះ​ពុម្ពផ្សាយ​ព័ត៌មាន​ដំបូង​ជាភាសាអង់គ្លេស ហើយ​ក្រោយ​មក​ក៏មាន​បោះពុម្ពផ្សាយជាភាសាខ្មែរផងដែរ។ បច្ចុប្បន្ន​នេះ ភ្នំពេញ ប៉ុស្តិ៍​ ក៏មានការ​ចុះ​ផ្សាយ​ព្រឹត្តិការណ៍ព័ត៌មាន​សំខាន់ៗ​ថ្មីៗ​តាម​អនឡាញ​ ៧​​ ថ្ងៃ​ក្នុង​១សប្តាហ៍ បន្ថែម​ទៅ​​លើ​ការ​បោះពុម្ព​ផ្សាយ​របស់​ខ្លួន។

ប៉ុន្តែ​ថ្មីៗនេះ យើងមានការភ្ញាក់ផ្អើលយ៉ាង​​ខ្លាំង​ និងស្រងាក់ចិត្តចំពោះអត្ថបទមួយរបស់អ្នកយកព័ត៌មាន BBC លោក George Wright ដែលបានដកស្រង់សម្តីលោក ម៉ិច ដារ៉ា អតីតអ្នកយកព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ដោយ​គាត់​អះអាង​ថា គាត់​បានចាកចេញពីអង្គភាពព័ត៌មានរបស់យើង ដោយសារតែកាសែតនេះត្រូវបាន “បំបិទសំឡេង” ហើយថា លោក“មិន​អាចទទួលយកការបិទសំឡេងនេះ​បាន​តទៅ​ទៀតទេ”។

នៅ​ក្នុងអត្ថបទរបស់ BBC ដែល​ចុះ​ផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ដែលមានចំណងជើងថា «កម្ពុជា៖ រាល់​បន្ទប់​ព័ត៌មាន​ដែល​ខ្ញុំធ្វើការត្រូវបានបិទសំឡេង»កាសែត​ភ្នំពេញប៉ុស្តិ៍​ត្រូវ​បានចោទប្រកាន់​ដោយ​មិន​បាន​ផ្តល់​ឱកាសក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាង​​​ខុស របស់​​លោក ម៉ិច ដារ៉ា។

ជា​គោលការណ៍ សិទ្ធិក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់ណាមួយ គឺជាគោលការណ៍យុត្តិធម៌ និង​ជាមូលដ្ឋាន​គ្រឹះ​នៃសារព័ត៌មានវិជ្ជាជីវៈដែលត្រូវបានបង្រៀននៅសាលា និងកន្លែងធ្វើការទាំងអស់។ ប៉ុន្តែ​គោលការណ៍​គ្រឹះ​នេះ​មិន​ត្រូវ​បាន​គោរព​នៅ​​ក្នុង​អត្ថបទ​ព័ត៌មាន​ខាង​លើ​នេះ​ទេ។

លោក​ Wright គឺ​ជាអតីតអ្នកយកព័ត៌មាន ខេមបូឌា ដេលី ដែលឈប់ដំណើរការបោះពុម្ពផ្សាយតាំងពីយូរមកហើយ។ លោក​​បានជ្រើសរើស លោកម៉ិច ដារ៉ា ដែល​ជា​អតីត​សហការី មក​ធ្វើ​ជាតួឯក​ក្នុង​រឿងរបស់គាត់ ដើម្បី​រំលេច​ព្រឹត្តិការណ៍​ជុំវិញ​ការ​ដក​ហូត​អាជ្ញាបណ្ណ​វិទ្យុ​សំឡេងប្រជាធិបតេយ្យ (VOD) ដែល​​ស្ថិត​​ក្រោម​​ការ​គ្រប់​​គ្រង​​របស់​​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។

លោក Wright មាន​សិទ្ធិជ្រើសរើសមុំណាមួយដែលគាត់ចង់បានសម្រាប់សរសេរ​រឿងរបស់គាត់ និង​ប្រើ​ប្រាស់​ប្រភព​ណា​ដែល​លោក​យល់​ថា​គួរ​ឱ្យ​ជឿ​ជាក់ ដែល​ការណ៍​​នេះ​​ត្រូវ​​បាន​ធានា​ដោយ​គោលការណ៍​សេរីភាព​សារព័ត៌មាន។ ប៉ុន្តែ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​លោក​ខាង​លើ មាន​កំហុស​ដ៏​ធ្ងន់​ធ្ងរ​ដែលកាសែតភ្នំពេញប៉ុស្តិ៍ចាំ​បាច់​ត្រូវបំភ្លឺ និង​ការពារ​កិត្តិយស​របស់​ខ្លួន​ដែល​ត្រូវ​បាន​រង​​ការ​ចោទប្រកាន់។

យោង​តាមអត្ថបទរបស់លោក​ Wright លោក​ ម៉ិច ដារ៉ា ត្រូវបានអ្នកកាសែតលោកខាងលិចមួយចំនួនចាត់ទុកជា «អ្នកសារព័ត៌​មាន​ដ៏គួរ​ឱ្យគោរព​បំផុត​ម្នាក់​របស់​ប្រទេស​កម្ពុជា»។

​អត្ថបទ​របស់​ លោក Wright បាន​សរសេរ​ថា​ ម៉ិច ដារ៉ា ចូល​បម្រើ​ការ​​នៅ​ភ្នំពេញ​ប៉ុស្តិ៍​ដំបូង​នៅ​ឆ្នាំ ២០១៦។

តាមការ​ពិត ម៉ិច ដារ៉ា ​បាន​ប្ដូរ​ការងារ​​ពីកាសែត ខេមបូឌា ដេលី មក​កាសែត​ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី ២០ ខែធ្នូ ឆ្នាំ ២០១៥។

បន្ទាប់​ពី​បាន​ចូល​បម្រើ​ការ​នៅ​ភ្នំពេញ​ប៉ុស្តិ៍​មួយ​ឆ្នាំកន្លះ​នៅ​ដើមខែកញ្ញា ឆ្នាំ ២០១៧ កាសែត ខេមបូឌា ដេលី ដែល​ជា​អតីត​កន្លែង​ការងារ​របស់​លោក​បានប្រកាសថា​ខ្លួនឈប់ដំណើរ​ការ​តទៅ​ទៀត​ហើយ ដោយសារ​ការចោទប្រកាន់ថា មិនបានបង់ពន្ធលើវិក្កយបត្រជាង ៦ លានដុល្លារ។

ត្រឹម​តែ​កាល​បរិច្ឆេទ​តែមួយ​នេះ អាច​បញ្ជាក់​បាន​ថា ​ការ​អះអាង​របស់​ម៉ិច​ដារ៉ា គឺ​ខុសពី​អ្វី​ដែល​គាត់​លើក​ឡើង​ថា គាត់​ត្រូវ​ផ្លាស់​ពី​ស្ថាប័ន​ព័ត៌មាន​មួយ​ទៅ​ស្ថាប័នព័ត៌មាន​មួយ​ផ្សេង​ទៀត ក៏​ព្រោះ​​តែ​ស្ថាប័នទាំងនោះ​​«ត្រូវបាន​​បិទ» តែ​តាម​ការពិត គឺ​គាត់​ឈប់​មុន​ពេល​ស្ថាប័ន​នោះ​បានប្រកាស​បិទ។

នៅដើមខែឧសភា ឆ្នាំ ២០១៨កាសែតភ្នំពេញប៉ុស្តិ៍បានផ្លាស់ប្តូរកម្មសិទ្ធិ និងការគ្រប់គ្រង ដែល​ការណ៍​នេះ​ធ្វើ​​ឱ្យ​បុគ្គលិក​មួយ​​ចំនួនដែលមិនសប្បាយចិត្តនឹងការផ្លាស់ប្តូរនោះ បានចាកចេញ។

ទោះជាយ៉ាងនេះក្តី លោក ម៉ិច ដារ៉ា បាន​បន្តធ្វើការនៅកាសែតភ្នំពេញប៉ុស្តិ៍រយៈពេលប្រហែល៣ខែ​ទៀត រហូត​ដល់​លោក​​លាលែង​នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៨ ដោយ​យក​​ «ការបន្តការសិក្សា»ជា​មូល​ហេតុ​នៃ​ការ​លា​ឈប់​។ ប៉ុន្តែ លោក ម៉ិច ដារ៉ា​ត្រូវ​បាន​ដក​ស្រង់​សម្ដី​ក្នុង​អត្ថបទ​​របស់​លោក Wright ​ថា​ លោក​បាន​ចាកចេញ​​ពី​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​សារ​លោក«មិន​​អាច​​ទទួល​យក​វា​បាន​ត​ទៅ​ទៀត​»។

តើ​ពិត​ទេ​ដែលលោក​មិន​អាច​យក​វា​បាន​​ត​ទៅទៀត?

នៅថ្ងៃទី៥ខែកញ្ញា ឆ្នាំ ២០១៨ គឺ​ត្រឹម​តែប្រមាណ​១ខែប៉ុណ្ណោះ​បន្ទាប់​ពី​បាន​លា​ឈប់ លោក ម៉ិច ដារ៉ា បាន​ទាក់​ទង​ផ្នែក​ធនធានមនុស្ស(HR) របស់កាសែតភ្នំពេញប៉ុស្តិ៍ ដើម្បីស្នើសុំ​មក​បម្រើការ​នៅ​ភ្នំពេញ​ប៉ុស្តិ៍​ម្ដង​ទៀត។

លោក​សរសេរ​ទៅ​កាន់​ផ្នែក​ធនធាន​មនុស្ស​ថា៖ “សួស្តីបង ខ្ញុំចង់ត្រឡប់ទៅធ្វើការនៅភ្នំពេញប៉ុស្តិ៍វិញចាប់ពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ [២០១៨]” តទៅ។

សំណើរបស់លោកត្រូវបានយល់​ព្រម ក្រោយ​មាន​ការ​ពិភាក្សា​គ្នា ដោយសារតែលោក​ធ្លាប់​រួម​ចំណែក​ពី​មុន​​ចំពោះ​ក្រុមហ៊ុន ដែល​ការ​ផ្ដល់​ការងារ​ជូន​វិញ​នេះ ក៏​ដូចទៅ​នឹង​បុគ្គលិកផ្សេងទៀតដែលត្រូវបានផ្ដល់​ការងារ​ឡើង​វិញ​បន្ទាប់​ពី​ចាក​ចេញ​​មួយ​រយៈ ដោយ​មាន​​ហេតុ​ផលសមរម្យ​​ ​និងក្នុង​​​រយៈ​ពេល​​សមរម្យ​មួយ។

ការ​បំពេញ​ការងារ​របស់​លោក​ ម៉ិច ដារ៉ា ជា​លើកទី២នៅកាសែតភ្នំពេញប៉ុស្តិ៍ គឺ​រហូតដល់ថ្ងៃទី ២៩ខែកុម្ភៈឆ្នាំ ២០២០ បើ​រាប់​ជា​ថ្ងៃ​​គឺ​មាន​រយៈពេល៥៣០ថ្ងៃ។ ប្រសិនបើលោក ម៉ិច ដារ៉ា ពិត​ជា «មិន​អាច​ទទួល​​យក​វា​បាន​ត​ទៅ​ទៀតទេ» ដូចដែលលោកបាននិយាយនៅក្នុង​អត្ថបទ​របស់​លោក​Wright តើ​ហេតុអ្វីបានជាលោកត្រឡប់​មកភ្នំពេញ​ប៉ុស្តិ៍វិញ ហើយ​​ធ្វើ​ការ​បាន​រយៈ​ពេល​រហូត​ដល់​ទៅ ៥៣០ថ្ងៃទៀត?

នៅចុងបញ្ចប់នៃអត្ថបទរបស់លោក Wright លោកម៉ិច ដារ៉ាត្រូវបានដកស្រង់សម្ដី​ផ្ទាល់​ដោយនិយាយថា «កន្លែងធ្វើ​ការ​៣​ កន្លែង​ត្រូវបានបិទ។ ពេលខ្លះអ្នកឈានដល់ចំណុច​មួយ​ដែល​អាច​និយាយ​បាន​ថា វា​គ្រប់​គ្រាន់​ហើយ»។

តើ​ ម៉ិច ដារ៉ា មាន​បញ្ហា​អ្វី? តាមការពិត ភ្នំពេញប៉ុស្តិ៍ មិនដែល​ត្រូវបាន “បិទទ្វារ”ឬ “បិទសំឡេង” ម្ដងណា​ទេហើយ​កាសែត​​នេះ​​បាន​ និងកំពុង​បន្តបោះពុម្ព​ផ្សាយ ទោះ​បី​ជាមាន ឬគ្មានការចូលរួមចំណែក​​ពីលោក​ ម៉ិច ដារ៉ា ក៏ដោយ។

យើងគួរតែរំពឹងថា “អ្នករាយការណ៍ដ៏គួរឱ្យគោរពបំផុតម្នាក់របស់កម្ពុជា”ដូច​ដែល​ជន​បរទេសមួយ​ចំនួន​​ហៅ​លោក​នោះ គួរ​តែ​អាច​រាយការណ៍ព័ត៌មានទាំងអស់ដោយមិនលំអៀង និងផ្អែកលើការពិត និង​អាចចង​ចាំ​​​ប្រវត្តិការងាររបស់ខ្លួន​បាន​ច្បាស់។ បើ​សូម្បី​តែ​ព័ត៌មាន​អំពី​ខ្លួន​ឯង​មិន​អាច​ចងចាំ​​បាន​ផង តើ​គាត់​រាយការណ៍​ព័ត៌មានផ្អែក​លើ​ការ​ពិត​បាន​យ៉ាង​ដូចម្ដេច?

អំពីបុគ្គលិកលក្ខណៈរបស់លោក ម៉ិច ដារ៉ា

អ្នកដែលបានធ្វើការជាមួយលោក ម៉ិច ដារ៉ា នៅក្នុងបន្ទប់ព័ត៌មានអាចចាំ​បាន​យ៉ាងងាយ ពោល​គឺ​លោក​ធ្លាប់​ទទួល​រង​ការ​ធ្វើបាបក្នុងវ័យកុមារភាពរបស់លោកពីសំណាក់ឪពុកហិង្សារបស់លោក ដែល​ធ្វើ​ឱ្យលោក ម៉ិច ដារ៉ាបានរង​ការ​ប៉ះទង្គិច​ផ្នែកផ្លូវចិត្ត។ លោក ម៉ិច ដារ៉ា មិនអាចលាក់បាំងបញ្ហាកុមារភាពរបស់លោកបានឡើយ ហើយ​លោក​បាន​បង្ហោះ​បញ្ហា​ទាំង​នោះ​ជា​បន្តបន្ទាប់នៅលើ Twitter ដោយ​​បង្ហាញ​ថាឪពុក​របស់​លោក​មាន​ភាព​ហិង្សាប៉ុនណាចំពោះលោក។ លោក​តែង​​តែ​អះអាង​ថា​ខ្លួន​ជាជនរងគ្រោះ។

លោកមានបញ្ហាធ្ងន់ធ្ងរជាមួយផ្លូវច្បាប់និងអាជ្ញាធរ និង​បាន​ក្លាយជាមនុស្សកំសាក និងដកថយ ​មិន​ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះសកម្មភាពរបស់លោក។

នៅក្នុង​បន្ទប់ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ យើងទទួលស្គាល់នូវចំណង់ចំណូលចិត្តរបស់លោកម៉ិច ដារ៉ាដែល​តែង​តែ​កាន់ជើង​អ្នក​ដែល​ខ្លួន​យល់​ថា​ជា​ជនរងគ្រោះ។ ​ទោះបីអ្នកណាក៏ដោយ​ក៏​លោក​បានកំណត់​​ថា​​ជា​ជន​រងគ្រោះដែរ។

ប៉ុន្តែយើង​តែង​មាន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង​ចំពោះ​ទំនោរ​របស់​គាត់​ទៅ​នឹង​ការ​លាប​ពណ៌​ភាគីខ្លះ​ថា​ជាជន​រងគ្រោះ​លើស​ពី​អ្វី​ដែល​​ជា​ការ​ពិតដែល​​យើង​ដឹង និងមានការ​បញ្ជាក់​ត្រឹម​ត្រូវ។

នៅ​ក្នុង​បន្ទប់ព័ត៌មាន យើង​បានឃើញកំហុសរបស់លោក ម៉ិច ដារ៉ាច្រើនជាងភាពត្រឹមត្រូវរបស់គាត់។​ កំហុសនោះគឺ សមត្ថភាព​មាន​កម្រិត​​របស់​គាត់​ក្នុង​ការ​រៀប​ចំ​សរសេរ​ជា​ព័ត៌មាន​ដែល​ផ្អែកលើអង្គហេតុ​ពិតដើម្បី​ឱ្យ​​អ្នក​អាន​​អាច​យល់​បាន និងសមត្ថភាព​មាន​​កម្រិតផ្នែក​ភាសាអង់គ្លេស។ លើស​ពី​នេះទៀត គាត់​មាន​ការស្ទាក់ស្ទើរភ័យខ្លាចក្នុង​ការ​ទៅស៊ើបអង្កេត​រក​ភាព​ត្រឹមត្រូវ​តាម​ការអះអាង និងការចោទប្រកាន់របស់គាត់​។ ទាំងនេះកើតចេញ​ពីគុណវិបត្តិបុគ្គលិកលក្ខណៈ​ច្បាស់​ក្រឡែត​ ដែល​សហការីអ្នកកាសែតនៅ​តែ​ចង​ចាំ។

លោក Wright ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយលោកដារ៉ា​នៅ ខេមបូឌា ដេលី ​មិន​គួរ​មើល​រំលង​ចំណុច​​ទាំង​អស់​​នេះ​ទេ នៅ​ពេល​​លោក​សរសេរ​អត្ថបទ​​ឱ្យ​ BBC ដោយ​យកលោក ម៉ិច ដារ៉ា ជា​តួឯក៕

វិចារណកថា