
អ្នកកាសែតកំពុងថតការិយាល័យធ្វើការរបស់បុគ្គលិកវិទ្យុ VoD បន្ទាប់ពីក្រសួងព័ត៌មានសម្រេចដកអាជ្ញាប័ណ្ណ។ ហុង មិនា
ការលុបលិខិតអនុញ្ញាតឱ្យមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលគ្រប់គ្រងការផ្សាយវិទ្យុសំឡេងប្រជាធិបតេយ្យ (VoD)នឹងមិនជួយឱ្យវិជ្ជាជីវៈសារព័ត៌មានកាន់តែរឹងមាំហើយក៏វាមិនធ្វើឱ្យសេរីភាពសារព័ត៌មានស្លាប់ដែរប៉ុន្តែវាបានបង្ហាញពីសេចក្តីត្រូវការនូវយន្តការដោះស្រាយវិវាទក្នុងវិស័យសារព័ត៌មានមួយដែលឯករាជ្យតម្លាភាព និងយុត្តិធម៌។
ភាពចម្រូងចម្រាសនៃសេចក្តីសម្រេច
កាលពីថ្ងៃទី ១៣ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចេញប្រកាសលុបចោលលិខិតអនុញ្ញាតរបស់ CCIM។ ប្រកាសនេះត្រូវបានចេញ ១ ថ្ងៃបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទាមទារឱ្យវិទ្យុ VoD សុំទោសជាសាធារណៈក្នុងរយៈពេល ២៤ ម៉ោង ចំពោះការផ្សាយដែលលោកយល់ថា ជាការមួលបង្កាច់ខុសពីការពិតដោយចេតនាអំពីជំនួយរបស់រដ្ឋាភិបាលដល់ការរញ្ជួយដីនៅប្រទេសតួកគី និងក្រោយពីឯកឧត្តមហ៊ុន ម៉ាណែត បានស្នើឱ្យបង្ហាញឯកសារបញ្ជាក់ថារូបគាត់បានចុះហត្ថលេខាលើការផ្តល់ជំនួយនោះជំនួសឪពុក។
សេចក្តីសម្រេចរបស់ក្រសួងទទួលបានទាំងការគាំទ្រ និងមតិរិះគន់។ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ អ្នកសារព័ត៌មានជើងចាស់ មន្ត្រីនិងបញ្ញវន្តមួយចំនួនបានសម្តែងការគាំទ្រ ដោយគេយល់ថា វានឹងជួយពង្រឹងការ អនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌នៃអ្នកសារព័ត៌មាន។ ផ្ទុយទៅវិញក៏មានសាធារណជន អង្គការសង្គមស៊ីវិល និងស្ថានទូតបរទេសមួយចំនួនមានមតិរិះគន់ហើយបានបង្ហាញពីការខកចិត្ត និងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរឹតត្បិតសេរីភាពនិងឯករាជ្យរបស់សារព័ត៌មានក្នុងបុព្វហេតុនយោបាយ។
ក្រុមទាំង ២ ហាក់យល់ស្របគ្នាលើតម្រូវការការពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌ឱ្យបានតឹងរ៉ឹងដើម្បីលើកកម្ពស់សីលធម៌ និងការពារសេរីភាពសារព័ត៌មាន។ ក៏ប៉ុន្តែពួកគេខ្វែងគំនិតគ្នា នៅពេលដែលគេពិចារណាលើការសម្រេចរបស់ក្រសួងក្នុងបរិបទនិងហេតុផលនយោបាយ។ ខ្ញុំសូមមិនអត្ថាធិប្បាយអំពីទស្សនៈនយោបាយនៅទីនេះទេ។
ប្រកាសរបស់រដ្ឋមន្ត្រីព័ត៌មានបញ្ជាក់ថា អង្គភាព CCIM បាន៖ រំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិតិ្តយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មានបន្ទាប់ពីវិទ្យុ VoD បានផ្សាយបទយកការណ៍ ១ កាលពីថ្ងៃទី ៩ កុម្ភៈ ឆ្នាំ ២០២៣ តាមការសម្ភាសអ្នកនាំពាក្យរាជរដ្ឋាភិបាល។ អ្នកដែលបានស្តាប់ហើយអាចចោទសួរថា តើ VoD បានប្រព្រឹត្តកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរមែនដែរឬទេ? បើមានកំហុសធ្ងន់ធ្ងរ តើវាបានប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រដ្ឋាភិបាលកម្ពុជាធ្ងន់ធ្ងរកម្រិតណាដែរ?
ស្ថាប័នណាមានសមត្ថកិច្ចកំណត់អំពីកំហុស និងផលប៉ះពាល់ថាវាធ្ងន់ធ្ងរយ៉ាងណា? កំហុសធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈ និងទោសទណ្ឌតាមច្បាប់ស្តីពីរបបសារព័ត៌មានមាត្រា ៤១ នៃ រដ្ឋធម្មនុញ ឆ្នាំ ១៩៩៣ ចែងថា “របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់”។ ច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ ១៩៩៥ មាត្រា ៧ កថាខណ្ឌទី ១១ ចែងថា៖ ត្រូវចាត់ទុកជាការរំលោភដ៏ធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននូវអំពើ“...បន្លំឱ្យគេយល់ខុស ដូចជាការសរសេរបញ្ឆិតបញ្ឆៀងដើម្បីឱ្យអ្នកអានមានការសង្ស័យដោយអយុត្តិធម៌លើបុគ្គលណាម្នាក់ ក្រុមបក្សណាមួយ ការមួលបង្កាច់ បរិហារកេរ្តិ៍ និងការជេរប្រមាថ...”។ ករណីដែលកំហុសខាងលើបានធ្វើឱ្យខូចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលណាមួយ បុគ្គលនោះមានសិទ្ធិ៖ “...ទាមទារឱ្យសារព័ត៌មាននោះធ្វើការកែតម្រូវ មានសិទ្ធិឆ្លើយតបឬធ្វើបណ្តឹងពីបទបរិហារកេរ្តិ៍ ពីបទមួលបង្កាច់...”។
តាមច្បាប់ តុលាការមានសមត្ថកិច្ចសម្រេចអំពីកំហុសព្យសនកម្មដែលកើតមាន និងទោសទណ្ឌឬសំណងនៃការខូចខាត។បើតុលាការរកឃើញថា មានកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរតាមបណ្តឹងរបស់ដើមបណ្តឹង តុលាការអាចបង្គាប់ឱ្យសារព័ត៌មាននោះចុះផ្សាយនូវការកែតម្រូវ និងឬ សងជំងឺចិត្ត ផ្តន្ទាទោសពិន័យជាប្រាក់ពី ១ លានរៀលទៅ ៥ លានរៀល និងអាចបញ្ជាឱ្យបិទផ្សាយសេចក្តីសម្រេចរបស់ខ្លួននៅទីកន្លែងទាំងឡាយដែលតុលាការនឹងបញ្ជាក់។ច្បាប់ពុំបានចែងតម្រូវឱ្យអ្នកសារព័ត៌មានត្រូវសុំទោសជាសាធារណៈចំពោះបុគ្គលរងគ្រោះ ឬអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានដកលិខិតអនុញ្ញាតឱ្យផ្សាយព័ត៌មាននោះទេ។
ការអនុវត្តបុព្ធសិទ្ធិ ឬអំណាចរដ្ឋបាលមិនសមហេតុផល
ការលុបលិខិតអនុញ្ញាតដោយរដ្ឋមន្ត្រីព័ត៌មានអាចជាការអនុវត្តអំណាចរដ្ឋបាលរបស់ក្រសួង ស្របតាមលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ប៉ុន្តែការអនុវត្តនេះក៏ត្រូវតែមានហេតុផលត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ដែរ។ ជាពិសេសការដាក់ទណ្ឌកម្មលើអង្គភាពសារព័ត៌មានត្រូវសមាមាត្រទៅនឹងកំហុសរបស់ស្ថាប័ននោះ និងស្របតាមនីតិវិធីយុត្តិធម៌មួយ ដែលកំណត់ដោយច្បាប់។ ម្យ៉ាងទៀត លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ណាមួយដែលមានអានុភាពរឹតត្បិតសិទ្ធិសេរីភាពដែលការពារដោយរដ្ឋធម្មនុញ្ញអាចមានបញ្ហាអធម្មនុញ្ញភាពផងដែរ។
ការអនុវត្តច្បាប់មានយុត្តិធម៌ទៅបាន ល្គឹកណាតែការសម្រេចនោះបានបំពេញលក្ខខណ្ឌត្រឹមត្រូវទាំងផ្នែកនីតិវិធី និងមានយុត្តិធម៌ក្នុងខ្លឹមសារ។ បុគ្គលគ្រប់រូបត្រូវមានសិទ្ធិការពារខ្លួនស្មើគ្នាចំពោះមុខច្បាប់ បុគ្គលដែលអះអាងថា បានរងគ្រោះ ខូចកិត្តិយស និងកិត្យានុភាពអាចធ្វើបណ្តឹងទៅតុលាការដែលជាស្ថាប័នជម្រះក្តីឯករាជ្យ សុំការសម្រេចអំពីកំហុស ទាមទារសំណងនិងឬដាក់ទណ្ឌកម្ម ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ផ្សេងទៀតជាធរមាន។ បើទោះអ្នកសារព័ត៌មាន ឬនិពន្ធនាយករបស់វិទ្យុ VOD ក៏គួរត្រូវបានផ្តល់សិទ្ធិពួកគេការពារនូវបទយកការណ៍របស់ខ្លួន ថា តើមានកំហុសវិជ្ជាជីវៈដែរឬទេ?ការធ្វើបែបនេះទើបជាវិធីដោះស្រាយមួយស្របតាមនីតិវិធីយុត្តិធម៌។
ច្បាប់ស្តីពីរបបសារព័ត៌មានធានារ៉ាប់រងសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយឱ្យបានស្របតាមរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញទទួលស្គាល់សិទ្ធិពលរដ្ឋក្នុងការបញ្ចេញមតិសេរីភាពសារព័ត៌មាន និងដាក់កម្រិតឱ្យការប្រើប្រាស់សិទ្ធិមិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិនិងកិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ។ តុលាការក៏មិនអាចសម្រេចដាក់ទោសជនណាមួយ ចំពោះកំហុស ឬដាក់ទោសទណ្ឌដែលគ្មានចែងក្នុងច្បាប់នោះដែរ។ ច្បាប់ស្តីពីរបបសារព័ត៌មានពុំមានចែងតម្រូវឱ្យមានការសុំទោសជាសាធារណៈនោះទេ។
យន្តការដោះស្រាយវិវាទក្រៅតុលាការ
តាមពិសោធន៍នៅប្រទេសមួយចំនួន គេបង្កើតឱ្យមានយន្តការដោះស្រាយវិវាទដោយការផ្សះផ្សា ឬមជ្ឈត្តការដូចជា Ombudsman ដើម្បីសម្រេចថាតើគួរលុបលិខិតអនុញ្ញាតឱ្យផ្សាយសារព័ត៌មាន ឬពុំគួរ ជាពិសេស នៅពេលដែលទំនាស់កើតឡើងរវាងអង្គភាពសារព័ត៌មាន និងស្ថាប័នរដ្ឋអំណាច។ ក្នុងករណីដែលមានទំនាស់រវាងអ្នកសារព័ត៌មានជាមួយនឹងមន្ត្រីសាធារណៈ ឬបុគ្គលសាធារណៈ ជាពិសេសជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមិនបានសម្រេចសេចក្តីក្នុងនាមជាស្ថាប័នគ្រប់គ្រងអព្យាក្រឹត ឬជាអាជ្ញាកណ្តាលនោះទេ។
ផលវិបាកពីការដោះស្រាយមិនយុត្តិធម៌
គេអាចគិតថា ក្រសួងព័ត៌មានមិនបានខិតខំជួយស្វែងរកដំណោះស្រាយយុត្តិធម៌សម្រាប់អ្នកសារព័ត៌មាននោះទេ។ ផ្ទុយទៅវិញ ក្រសួងប្រើអំណាចរដ្ឋបាលរឹតត្បិតសេរីភាព និងឯករាជ្យនៃសារព័ត៌មានក្នុងបុព្វហេតុនយោបាយ។
ជាផលវិបាក វិនិយោគិននានា និងប្រជាពលរដ្ឋអាចកាត់បន្ថយជំនឿលើស្ថាប័នរដ្ឋ ពីព្រោះតែគ្មានការធានាសុវត្ថិភាពគតិយុត្ត និងភាពប្រាកដប្រជានៃការប្រើអំណាចរដ្ឋ។ លិខិតរដ្ឋបាលមួយដែលបានចេញឱ្យគេធ្វើអាជីវកម្មអាចត្រូវបានដកហូត ឬលុបចោលវិញដោយពុំបានឆ្លងកាត់នីតិវិធីដោះស្រាយដោយឯករាជ្យ ឬគ្មានការទទួលខុសត្រូវលើផលវិបាកដែលកើតមានពីការលុបនោះ។ វាក៏អាចជាការបំភ័យដល់អ្នកសារព័ត៌មាន និងបុគ្គលផ្សេងទៀតដែលមានបំណងប្រើសិទ្ធិបញ្ចេញមតិ និងសិទ្ធិសារព័ត៌មាន ដែលអាចមិនស្របនឹងគំនិតឬសេចក្តីចង់បានរបស់អ្នកមានអំណាច។
ក្រសួងព័ត៌មានគួរយកករណីវិវាទខាងលើមកដោះស្រាយ តាមយន្តការឯករាជ្យ តម្លាភាពនិងយុត្តិធម៌មួយ។ មុននឹងមានការជម្រះក្តីអំពីចរិតលក្ខណៈនៃកំហុស និងទំហំនៃព្យសនកម្មដល់ជនរងគ្រោះ ក្រសួងពុំគួរសន្មតថា អ្នកសារព័ត៌មានបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរហើយជ្រើសរើសយកការសម្រេចលុបលិខិតអនុញ្ញាតរបស់គេនោះទេ ពីព្រោះទណ្ឌកម្មនេះ អាចមិនសមាមាត្រទៅនឹងកំហុស ឬព្យសនកម្មដែលកើតមានដោយសារកំហុសនោះ។ ការសម្រេចបែបនេះអាចជាយុត្តសាស្ត្រមិនល្អក្នុងការអនុវត្តច្បាប់ ហើយវាបានបង្ហាញពីកង្វះខាតនូវយន្តការដោះស្រាយទំនាស់ឯករាជ្យ តម្លាភាព និងយុត្តិធម៌។ការធ្វើបែបនោះវានឹងមិនជួយឱ្យវិជ្ជាជីវៈសារព័ត៌មានកាន់តែរឹងមាំ ឬអ្នកសារព័ត៌មានកាន់តែមានសីលធម៌ខ្ពស់នោះទេ៕
លោក មាស ភក្តីប្រជាពលរដ្ឋខ្មែរនៅរាជធានីភ្នំពេញ